Monday, December 23, 2024
Latest:

ក្រុមការងារអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារជួសជុលប្រាសាទផ្ទី

 ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅនិងក្នុងឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទផ្ទី ដែលស្ថិតនៅកណ្ដាលបារាយណ៍នៃប្រាសាទបេងមាលា។ គម្រោងជួសជុលនេះ គឺធ្វើឡើងដោយមានការចូលរួមពីវិស័យឯកជន។

ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា គម្រោងជួសជុលប្រាសាទផ្ទីបានសម្រេចរួចរាល់ហើយនៅចុងខែ ឧសភា នេះ បន្ទាប់ពីចាប់ផ្តើមដំណើរការនៅដើមខែ មេសា។ នៅដើមខែ មីនា ការធ្វើកំណាយពិនិត្យរចនាសម្ពន្ធប្រាសាទនេះបានចាប់ផ្តើម និងឈានដល់ការជួសជុលលើកតម្លៃឡើងវិញ ក្រោមការចូលរួមពីវិស័យឯកជន គឺលោកជំទាវហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក្នុងបំណងដើម្បីចូលរួមអភិរក្សមរតកសម្បត្តិបេតិកភណ្ឌជាតិ។

បើតាមការបញ្ជាក់ពីឯកឧត្តម គឹម សុធិន គម្រោងជួសជុលនេះមានការលំបាកបន្ដិចដែរ ព្រោះការដ្ឋានស្ថិតនៅកណ្ដាលបារាយណ៍ ក្នុងព្រៃ ហើយផ្លូវធ្វើដំណើរមានភាពតូចបន្ដិច ដែលពិបាកក្នុងការដឹកជញ្ជូនថ្មតាមរថយន្តធុនធ្ងន់។ យ៉ាងណា ឯកឧត្តម គឹម សុធិន បានបង្ហាញសុទិដ្ឋិនិយម និងអារម្មណ៍រីករាយជាខ្លាំងជាមួយសមិទ្ធផលថ្មីមួយបន្ថែមទៀតនេះ ពិសេសប្រាសាទដែលបានដួលរលំឃើញតែគំនរដុំថ្មហើយបានខិតខំរកផ្គុំឱ្យមានរូបរាងឡើងវិញ។

ប្រាសាទផ្ទីដែលស្ថិតនៅចំកណ្តាលបារាយណ៍ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះមានលក្ខណៈជាសំណង់ថ្មបាយក្រៀម រាងការេ ប្រវែង១៥ម៉ែត្របួនជ្រុង និងមានជញ្ជាំងព័ទ្ធជុំវិញកម្ពស់១ម៉ែត្រ ។ នៅចំកណ្តាល គេតម្កល់រូបព្រះពុទ្ធប្រក់នាគសរុបទាំងខឿនកម្ពស់ ៦,៥ម៉ែត្រ អំពីថ្មភក់ ដែលទំនងជាត្រូវបានសាងសង់ឡើងរវាងពាក់កណ្ដាលសតវត្សទី១២ ទៅចុងសតវត្សទី១២៕

អត្ថបទ៖ នាង សំណាង

រូបភាព៖ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គ