ព័ត៌មានថ្មី
សុក្រ, ១៥ កញ្ញា ២០២១

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី២ ខែមេសា ឆ្នាំ២០២១ ដែលមានខ្លឹមសារដូចខាងក្រោម៖

បានផ្សាយនៅ ថ្ងៃទី11
ខែមេសា
ឆ្នាំ2021
ដោយ ៖ អាជ្ញាធរជាតិអប្សរា



១ អាជ្ញាធរជាតិអប្សរាធ្វើកំណាយ ដើម្បីសិក្សាពីលទ្ធភាពស្ដារ និងកែលម្អដើម្បីលើកតម្លៃត្រពាំងសេស


បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍ និងកែលម្អត្រពាំងសេស កំពុងដំណើរការ ហើយបុរាណវិទូកំពុងធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាបន្ថែមទៀត លើលទ្ធភាពស្ដារ និងលើកតម្លៃត្រពាំងបុរាណនេះ។

លោក ធឿន សុខុន មន្រ្តីបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ឲ្យដឹងថា ក្រុមការងារកំណាយ បានបើករណ្ដៅកំណាយចំនួន១១ទីតាំង បានឃើញនូវរចនាសម្ព័ន្ធទំនប់ជុំវិញត្រពាំងកាន់តែច្បាស់ ហើយក្នុងការធ្វើកំណាយ ក៏បានប្រទះឃើញកុលាលភាជន៍មួយចំនួនផង។ អាជ្ញាធរជាតិអប្សរា​ គ្រោងនឹងស្ដារត្រពាំងសេសនាពេលឆាប់ៗខាងមុខនេះ ដើម្បីជាប្រយោជន៍ទាំងការងារអភិរក្សប្រាសាទ និងប្រយោជន៍ប្រជាពលរដ្ឋជុំវិញតំបន់។

ដោយឡែក លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បញ្ជាក់ថា ក្រុមការងារកែលម្អ កំពុងមមាញឹករៀបចំដាំស្មៅ និងដើមឈើជា           បណ្ដើរៗជុំវិញត្រពាំងសេសនេះ ដែលតាមគម្រោងគឺរៀបចំលើផ្ទៃដីសរុបជាង៣ម៉ឺនម៉ែត្រការ៉េ ហើយពេលនេះ ការងារបានដំណើរការបានប្រមាណ៤០ភាគរយហើយ។



២ ព្រះសិរព្រះនារាយណ៍ធ្វើពីថ្មភក់មួយបំណែករកឃើញនៅប្រាសាទត្រពាំងផុង


ក្រុមការងារជួសជុលប្រាសាទត្រពាំងផុងប្រទះឃើញ ព្រះសិរព្រះនារាយណ៍មួយបំណែកខាងស្តាំ នៅខាងក្នុងតួប៉មកណ្តាលនៃប្រាសាទនេះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ បំណែកព្រះសិរធ្វើពីថ្មភក់ កម្ពស់៣៨ស.ម ទទឹង២០ស.ម និងកម្រាស់១៨ស.ម. មានព្រះភក្ត្រមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រ មានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ បបូរមាត់បន្តិច និងស្លឹកត្រចៀកមួយចំហៀង។ រីឯនៅផ្នែកខាងលើ មានម្កុដរាងស៊ីឡាំងដែលគ្របត្រឹមថ្ងាសទៅតាមជើងព្រះកេសានៅជុំវិញពីផ្នែកខាងមុខដល់ខាងក្រោយ។ ក្រោយធ្វើកំណត់ហេតុរួច បំណែកព្រះសីសៈព្រះនារាយណ៍ ត្រូវបានយកមករក្សាទុកនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ 

លោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកព្រះសីសៈនេះនៅសល់ផ្នែកខ្លះ ដែលអាចឱ្យយើងធ្វើការកំណត់សម្គាល់បានថាជាព្រះសីសៈ របស់បដិមាព្រះនារាយណ៍ ពោលគឺពុំមែនជាព្រះសិវៈ ឬព្រះហរិហរៈ       ឡើយ។ បើតាមលក្ខណៈបដិមាសាស្ត្រ ព្រះសីសៈនេះ ស្ថិតក្នុងរចនាបថគូលែន។ 


៣ អាជ្ញាធរជាតិអប្សរាបង្កើនសកម្មភាពថែទាំ និងសម្អាតបរិស្ថានតាមទីតាំងប្រាសាទក្នុងរមណីយដ្ឋានអង្គរ


ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ការទស្សនាប្រាសាទក្នុងឧទ្យានអង្គរត្រូវបានបិទក្នុងគោលបំណងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងកំលុងពេលដែលគ្មានភ្ញៀវទេសចរនេះគឺជា       ឱកាសល្អសម្រាប់អាជ្ញាធរជាតិអប្សរាបង្កើនសកម្មភាពថែទាំនិងសម្អាតតាមទីតាំងប្រាសាទផ្សេងៗក្នុងរមណីយដ្ឋានអង្គរ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នេះ មន្ត្រី បុគ្គលិកដែលប្រចាំការនៅតាមប្រាសាទរួមមាន ភ្នាក់ងារទេសចរណ៍ និងភ្នាក់ងារសណ្តាប់ធ្នាប់បានរួមគ្នាសម្អាតតាមទីតាំងផ្សេងៗជាច្រើនក្នុងរមណីយដ្ឋានអង្គរ។ សកម្មភាពការងារនេះនឹងបន្តរហូតក្នុងកំលុងពេល ដែលរមណីយដ្ឋានអង្គរត្រូវបានបិទការទស្សនារហូតដល់ពេលបើកធម្មតាវិញ។


៤ អាជ្ញាធរជាតិអប្សរា នឹងដកហូតដើមឈើមានហានិភ័យខ្ពស់ និងបាំងទេសភាពនៅប្រាសាទសួព្រ័ត្រ និងព្រលានជល់ដំរី


ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងមានហានិភ័យខ្ពស់ នៅប្រាសាទសួព្រ័ត្រ និងព្រះលានជល់ដំរី នាពេលឆាប់ៗខាងមុខនេះ។ ការងារនេះធ្វើឡើងដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្ការកុំឲ្យប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ។ ដើមឈើត្រូវកាត់ក្រីរួមមាន ដើមសង្កែ៣ដើម ស្នាយ៤ដើម ចាមរី៩ដើម ដើមយាង ១៧ដើម ល្វា៤ដើម ត្នោត១ដើម ថ្កូវ១ដើម ដូនកាយ១ដើម និងដើមច្រឹង១ដើម។ ចំណែកឯដើមឈើត្រូវកាត់ដកហូតរួមមាន ដើមស្នាយ១៧ដើម សង្កែ៦ដើម ពុទ្រា៩ដើម ស្លែង៣ដើម ខ្វាវ៣ដើម ឆ្អឹងត្រី១គុម្ព និងគុម្ពឃ្នែង២គុម្ព ។ អាជ្ញាធរជាតិអប្សរា នឹងចាប់ផ្តើមអនុវត្តការងារនេះចាប់ពីថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ រហូតដល់បញ្ចប់ការងារ។



375 Total views

ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

ថ្ងៃទី19
ខែ តុលា
ឆ្នាំ2020

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្ន...

សូមបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក!

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្...

សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំទៅប្រាសាទបាយ័ន

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ទិដ្ឋភាពស្រស់បំព្រងកំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវពីខ្លោងទ្វារទន្លេអុំឆ្ពោះទៅប្រាសាទបាយ័ន ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះ៕@widg...

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ប្រសាសន៍ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា

Angkor Code of Conduct

វីដេអូក្រមប្រតិបត្តិអង្គរ