ព័ត៌មានថ្មី
សុក្រ, ១៥ កញ្ញា ២០២១

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២១ ដែលមានខ្លឹមសារដូចខាងក្រោម៖

បានផ្សាយនៅ ថ្ងៃទី04
ខែមេសា
ឆ្នាំ2021
ដោយ ៖ អាជ្ញាធរជាតិអប្សរា



១ អាជ្ញាធរជាតិអប្សរារៀបចំពិធីប្រុងពលីជួសជុលប្រាសាទផ្ទី

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា រួមមានឯកឧត្តម គឹម សុធិន ឯកឧត្តម ឡុង កុសល អគ្គនាយករង ព្រមទាំងមន្រ្តី-បុគ្គលិក ពលករ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពាលីបែបសាសនា ដើម្បីជួសជុលប្រាសាទផ្ទី ដែលស្ថិតនៅកណ្ដាលបារាយណ៍ប្រាសាទបេងមាលា។

ពិធីសាសនាមួយត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅបរិវេណការដ្ឋានកំណាយប្រាសាទផ្ទី ក្នុងបំណងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីរៀបចំដំណើរការការដ្ឋានជួសជុលប្រាសាទ។ ក្នុងពិធីនេះ ក៏មានការចូលរួមពីមន្រ្តី បុគ្គលិក និងពលករនៃអាជ្ញាធរជាតិអប្សរា ដែលត្រៀមការងារជួសជុល និងលើកតម្លៃប្រាសាទនេះឲ្យល្អប្រសើរឡើងវិញផងដែរ។

គួរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវ សិក្សានៅប្រាសាទផ្ទីឡើងវិញនៅដើមខែ មីនា ដើម្បីលម្អិតពីរចនាសម្ពន្ធប្រាសាទនេះ ក្រោយសប្បុរសជនមួយរូប គឺលោកជំទាវហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែ គឹមយាន បានប្រកាសពីកិច្ចសហការឧបត្ថម្ភដើម្បីជួសជុលប្រាសាទនេះឡើងវិញ។


២​ អាជ្ញាធរជាតិអប្សរាចងរឹតកាបនៅលើរចនាសម្ពន្ធសំណង់ប្រាសាទបាយ័ន មួយចំនួន

ដោយហេតុថា នៅតាមថែវចម្លាក់ខាងក្រៅនៃប្រាសាទបាយ័ន្ត មានចំណុចហានិភ័យភាគច្រើនបណ្តាលមកពីសសរ ធ្នឹម ស៊ុមទ្វារ ជញ្ជាំង ថ្មដំបូល ។ល។ ដែលអាចនឹងរអិលធ្លាក់ បាក់បែក ឬដួលរលំ។ ហេតុនេះទើបក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ធ្វើការទប់ស្កាត់ជាបន្ទាន់ដោយអនុវត្តន៍នីតិវិធីពង្រឹងឱ្យមានលំនឹង តាមរយៈការចងរឹតកាប និងរំកិលថ្មចូលទីតាំងដើមវិញ។

គោលបំណងនៃការចងរឹតកាបនេះ គឺទប់ស្កាត់កុំឱ្យរចនាសម្ព័ន្ធ ប្រាសាទមួយចំនួនត្រូវបានដួលរលំ និងដើម្បីរក្សាទ្រង់ទ្រាយដើមរបស់ប្រាសាទឱ្យនៅគង់វង្សបានយូរអង្វែង ហើយត្រូវរង់ចាំឱកាសសមស្រប ដើម្បីធ្វើការជួសជុលឡើងវិញ។ ការចងរឹតកាបស្ថិតនៅថែវខាងជើង ត្បូង និង       លិច។ ការងារអនុវត្តន៍គម្រោងចងរឹតកាបនេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១ ហើយរហូតមកទល់នឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១  នេះបានសម្រេចលទ្ធផលចំនួន ២០ចំណុចហើយ។


៣ ត្រីមាសទី១ ក្នុងឆ្នាំ២០២១ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៦១៦ករណី

ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំត្រីមាសទី១ក្នុងឆ្នាំ២០២១ បានចុះផ្សព្វផ្សាយអប់រំនិងចុះពិនិត្យការស្នើសុំ អនុញ្ញាតការជួសជុល និងសំណង់តូចតាច តាមគោលដៅទាំង៥ស្រុក/ក្រុង ក្នុងតំបន់ឧទ្យានអង្គរ និងក្រៅតំបន់ឧទ្យានអង្គរបានចំនួន៩៣៤សំណើ ដែលក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន៦១៦សំណើ។

ក្នុងករណីអនុញ្ញាតជូនប្រជាពលរដ្ឋខាងលើ រួមមាននៅស្រុកប្រាសាទបាគងបានចំនួន៧៩ករណី ស្រុកអង្គរធំបានចំនួន១៧៥ករណី ស្រុកពួកបានចំនួន៩៧ករណី ក្រុងសៀមរាបបានចំនួន១២០ករណី និងស្រុកបន្ទាយស្រីបានចំនួន១២៧ករណី រួមទាំងក្រុមការងារក្រៅឧទ្យានអង្គរចំនួន១៨សំណើ សរុបចំនួន៦១៦សំណើ។ ក្រៅពីនោះ ក្រុមការងារសហគមន៍បានចូលរួមក្នុងកិច្ចការមនុស្សធម៌ ឧបត្ថម្ភថវិកាដល់ចាស់ជរា កុមារមានជំងឺ ជនពិការ គ្រួសារខ្វះខាតមួយចំនួន ចូលរួមក្នុងកិច្ចការសាសនា និងកម្មវិធីផ្សេងៗនៅក្នុងសហគមន៍ ថែមទាំងសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដោះស្រាយសំណើតាមភូមិទាំង១១២ភូមិក្នុងតំបន់អង្គរ។


៤​ អាជ្ញាធរជាតិអប្សរានឹងបិទចរាចរណ៍រោងទងជាន់ទី២នៅទីតាំងមុខខាងជើងប៉ែកខាងលិចប្រាសាទបាយ័ន

អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរានឹងបិទចរាចរណ៍រោងទងជាន់ទី២នៃមុខខាងជើងប៉ែកខាងលិចប្រាសាទបាយ័ន្តបណ្តោះអាសន្ន ដើម្បីជួសជុលកម្រាលថ្មនៅជ្រុងនីរតីនៃជាន់ទី៣ និងទល់ទ្រចំណុចមួយចំនួនដែលប្រឈមនឹងគ្រោះថ្នាក់នៅជាន់ទី១និងទី២នៃប្រាសាទបាយ័ន្ត។

ការបិទចរាចរណ៍នេះធ្វើឡើងក្នុងគោលបំណងថែទាំ និងការពារប្រាសាទក៏ដូចជាដើម្បីធានានូវសុខសុវត្ថិភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ។ អាជ្ញាធរជាតិអប្សរាសង្ឃឹមថា ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេ្ទសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងអស់នឹងយោគយល់ ហើយចូលរួមសហការបានយ៉ាងល្អប្រសើរដើម្បីភាពរលូននៃដំណើរការអភិរក្សសម្បត្តិដូនតាទាំងអស់គ្នា។

៥ អាជ្ញាធរជាតិអប្សរាបានចុះពិនិត្យលក្ខណៈ បច្ចេកទេសនៃការសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងតំបន់អង្គរចំនួន ៤៦២គ្រួសារ


នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ក្នុងអំឡុងខែមីនា ឆ្នាំ២០២១ ក្រុមការងារបានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសនៃការសាងសង់លំនៅដ្ឋាននិងសំណង់ឧបសម្ព័ន្ធផ្សេងៗ ដល់ប្រជាពលរដ្ឋក្នុងឧទ្យាន និងក្រៅឧទ្យានអង្គរបានចំនួន ៤៦២      គ្រួសារ។ 


ចំពោះប្រជាពលរដ្ឋក្នុងឧទ្យានអង្គរចំនួន ៤៤៧គ្រួសារ៖ ក្រុងសៀមរាប ១១៨គ្រួសារ  ស្រុកប្រាសាទបាគង ១០០គ្រួសារ ស្រុកបន្ទាយស្រី ១០០គ្រួសារ ស្រុកពួក ៥២គ្រួសារ និងស្រុកអង្គរធំ ៧៧គ្រួសារ។ ចំណែកប្រជាពលរដ្ឋរស់នៅក្រៅឧទ្យានអង្គរចំនួន១៥គ្រួសារ៖ គឺនៅក្រុងសៀមរាប ០៤គ្រួសារ ស្រុកសូទ្រនិគម ០៣គ្រួសារ ស្រុកប្រាសាទបាគង ០១គ្រួសារនិងស្រុកស្វាយលើ ០៧គ្រួសារ។


៦ ស្រះស្រង់អាចនឹងរីងស្ងួតនាចុងរដូវប្រាំងឆ្នាំនេះ


នាចុងរដូវប្រាំងខាងមុខនេះ ស្រះស្រង់អាចនឹងរីងស្ងួត ព្រោះកន្លងមកនេះពុំបានបញ្ចូលទឹក ដោយសារទុកលទ្ធភាព ឲ្យអ្នកជំនាញធ្វើការជួសជុលនិងលើកតម្លៃប្រាសាទកណ្ដាលស្រះស្រង់ឡើងវិញ។ អ្នកជំនាញលើការគ្រប់គ្រងទឹកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមិនបានបង្ហូរទឹកចូលបន្ថែមក្នុងស្រះស្រង់ទេ ខណៈដែលក្រុមអ្នកជួសជុលប្រាសាទ ប្រញាប់រួសរាន់ក្នុងការបង្ហើយការងារជួសជុលប្រាសាទស្រះស្រង់ឲ្យទាន់ពេល         វេលា។ ស្ថានភាពបច្ចុប្បន្ន គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នេះ កម្រិតបរិមាណទឹកក្នុងស្រះស្រង់ ស្ថិតក្នុងកម្រិតទាបបំផុត ហើយកំដៅថ្ងៃនឹងបន្តហួតទឹកដែលនៅសេសសល់បន្ដិចបន្តួចនេះ យ៉ាងឆាប់រហ័យបំផុត បើគិតតាមរយៈអាកាសធាតុសព្វថ្ងៃ។



៧ អាជ្ញាធរជាតិអប្សរាកម្ចាត់សត្វកណ្តៀរ ដើម្បីការពារប្រាង្គប្រាសាទក្នុងឧទ្យានអង្គរ


ក្រៅពីអាកាសធាតុ អាយុកាលសំណង់ និងរុក្ខជាតិ សត្វកណ្តៀរ ក៏ជាផ្នែកមួយដែលបង្កហានិភ័យយ៉ាងខ្លាំងដល់ប្រាង្គប្រាសាទនិងបរិក្ខារធ្វើពីឈើសម្រាប់ប្រើប្រាស់ដូចជាជណ្តើរ បង្គោលរបា ទ្រនល់ទល់ទ្រ និងរោងសម្រាប់បម្រើក្នុងកិច្ចការអភិរក្សនៅក្នុងឧទ្យានអង្គរ។


លោកស្រី នេត ស៊ីមន មន្ត្រីអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបានឱ្យដឹងថា៖ នៅតាមប្រាង្គប្រាសាទ សត្វកណ្តៀរបានពូនដីធ្វើជាដំបូក ដោយពាំដីចេញពីក្នុងគ្រឹះឬបរិវេណជុំវិញប្រាសាទ កត្តានេះយូរៗទៅធ្វើឱ្យមានរន្ធឬប្រហោង។ ពេលរដូវភ្លៀង ទឹកក៏បានហូរចូលក្នុងរន្ធទាំងនោះ ដែលបណ្តាលឱ្យគ្រឹះប្រាសាទស្រុត ហើយថ្មក៏ចាប់ផ្តើមរលុះធ្លាក់និងឈានដល់ការបាក់រលំប្រាសាទតែម្តង។ 


ជាការឆ្លើយតបនឹងបញ្ហានេះ នាយកដ្ឋានជំនាញបានណែនាំការងារដល់ភ្នាក់ងារទេសចរណ៍កំពុងបំពេញការងារតាមប្រាង្គប្រាសាទឱ្យយកចិត្តទុកដាក់ជួយថែទាំជាប្រចាំ តាមរយ:ការសម្អាតសម្ភារបរិក្ខារផ្សេងៗធ្វើពីឈើ ការកម្ចាត់សត្វកណ្តៀរតាមរយ:ការលាបថ្នាំ និងការតាមដានពីដំបូកនិងរន្ធផ្សេងៗទៀតដែលសត្វ      កណ្តៀរកំពុងកពូនដើម្បីកាយចេញដាក់ថ្នាំកម្ចាត់ជាដើម។


៨ អាជ្ញាធរជាតិអប្សរា បន្តដាំដើមឈើបង្កើនគម្របបៃតងដល់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងអភិរក្សប្រាសាទ


ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ក្រុមភ្នាក់ងារសណ្តាប់ធ្នាប់ប្រចាំការតាមប្រាសាទនៃអាជ្ញាធរជាតិអប្សរា ដាំកូនឈើនៅចំណុចខាងលិចផ្លូវត្រពាំងសេស។ កូនឈើទាំងនោះត្រូវបានដាំឡើងវិញបំពេញចន្លោះព្រៃឈើនៅតាមដងផ្លូវ ដើម្បីបង្កើនសោភ័ណភាព និងរក្សាបាននូវសណ្តាប់ធ្នាប់កាន់តែល្អប្រសើរ។ ជាពិសេស បង្កើតគម្របបៃតងដល់បរិស្ថាននៅក្នុងតំបន់អង្គរ និងជួយដល់ការអភិរក្សប្រាសាទ។


អាជ្ញាធរជាតិអប្សរាបន្តបណ្តុះកូនឈើ និងដាំកូនឈើជាច្រើនម៉ឺនដើមរៀងរាល់ឆ្នាំ។ ម្យ៉ាងទៀត        អាជ្ញាធរជាតិអប្សរាចែកជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ រួមទាំងស្ថាប័នផ្សេងៗក្នុងនិងក្រៅខេត្តសៀមរាបដោយឥតគិតថ្លៃសម្រាប់ដាំដើម្បីបង្កើនភាពបៃតងនៃបរិស្ថាន។ សម្រាប់បងប្អូនដែលមានបំណងចង់ដាំកូនឈើឬត្រូវការកូនឈើយកទៅដាំនោះ សូមទំនាក់ទំនងមកអាជ្ញាធរជាតិអប្សរា។


៩ ក្រុមអ្នកជំនាញអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ


ក្រុមអ្នកជំនាញអភិរក្សថ្ម របស់អាជ្ញាធរជាតិអប្សរា កំពុងមមាញឹកជួសជុលបង្កាន់ដៃនាគ នៅប្រាសាទបន្ទាយសំរ៉ែ។  សកម្មភាពទាំងនោះរួមមាន ការស្វានដាក់ស្នួលតភ្ជាប់បំណែក ដងខ្លួននាគ និងដាប់ថ្មថ្មីបំពេញកម្រាស់ជើងទម្របង្កាន់ដៃនាគជាដើម។ កិច្ចការងារងនេះ ធ្វើឡើងដើម្បីលើកតម្លៃឡើងវិញនៅប្រាសាទ បន្ទាយសំរ៉ែ ក៏ដូចជាធ្វើឲ្យមាននិរន្តរភាពសម្រាប់ការអភិរក្សប្រាសាទខ្មែរ។



១០ អាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់លើសំណើសុំសាងសង់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ


ក្នុងខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋបានចំនួន១២៩ គ្រួសាររួមមាន៖ ក្រុងសៀមរាប ៣២គ្រួសារ ស្រុកបន្ទាយស្រី ២២គ្រួសារ ស្រុកអង្គរធំ ១៣គ្រួសារ ស្រុកប្រាសាទបាគង ៣៨ គ្រួសារ ស្រុកពួក ១០គ្រួសារ ស្រុកសូទ្រនិគម ៦គ្រួសារនិងស្រុកស្វាយលើ ៨គ្រួសារ។ 


ដោយឡែក ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាត ក្រុមការងារផ្នែកស្ថាបត្យកម្មបានជួយរៀបចំគំនូសប្លង់បានចំនួន៥០គ្រួសាររួមមាន៖ ស្រុកអង្គរធំ ០៦គ្រួសារ ក្រុងសៀមរាប ១០គ្រួសារ ស្រុកប្រាសាទបាគង៨គ្រួសារ ស្វាយលើ៤គ្រួសារ ស្រុកពួក១១គ្រួសារនិងស្រុកបន្ទាយស្រី១១គ្រួសារ។



១១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ


ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាប្រចាំស្រុកបន្ទាយស្រី សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងភូ​មិបន្ទាយស្រី ឃុំខ្នារសណ្តាយ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៦     សំណើ។ សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ។

 


១២ អាជ្ញាធរជាតិអប្សរាបន្តកិច្ចការជួសជុល និងថែទាំស្លាកសញ្ញាផ្សេងៗក្នុងរមណីយដ្ឋានអង្គរ


ក្នុងគោលបំណងលើកកម្ពស់សេវាកម្មទេសចរណ៍ ក៏ដូចជាការយកចិត្តទុកដាក់ថែទាំសម្ភារបរិក្ខានៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរាតែងយកចិត្តទុកដាក់ថែទាំជួសជុលគ្រប់សម្ភារបរិក្ខារប្រើប្រាស់ទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរកាន់តែមានសោភ័ណភាពនិងរបៀបរៀបរយល្អជានិច្ច។

ជាក់ស្តែងនាពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍(TSC) បានមកសម្អាត លាបថ្នាំកណ្តៀរ និងជួសជុលសម្ភារបរិក្ខារប្រើប្រាស់មួយចំនួនដូចជា ផ្ទាំងប៉ាណូព័ត៌មាន និងរនាំងឈើជាដើម នៅបរិវេណប្រាសាទតានៃ ដើម្បីឱ្យសម្ភារទាំងអស់នោះរឹងមាំគង់វង្សបានយូរ ក៏ដូចជាដើម្បីថែររក្សាសុវត្ថិភាពភ្ញៀវទេសចរដែលមកទស្សនាប្រាសាទផង។


408 Total views

ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

ថ្ងៃទី19
ខែ តុលា
ឆ្នាំ2020

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្ន...

សូមបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក!

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្...

សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំទៅប្រាសាទបាយ័ន

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ទិដ្ឋភាពស្រស់បំព្រងកំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវពីខ្លោងទ្វារទន្លេអុំឆ្ពោះទៅប្រាសាទបាយ័ន ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះ៕@widg...

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ប្រសាសន៍ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា

Angkor Code of Conduct

វីដេអូក្រមប្រតិបត្តិអង្គរ