ព័ត៌មានថ្មី
សុក្រ, ១៥ កញ្ញា ២០២១

អាជ្ញាធរជាតិអប្សរាកំពុងធ្វើកំណាយ សិក្សាពីលទ្ធភាពស្ដារនិងលើកតម្លៃត្រពាំងសេសឡើងវិញ

បានផ្សាយនៅ ថ្ងៃទី08
ខែមេសា
ឆ្នាំ2021
ដោយ ៖ អាជ្ញាធរជាតិអប្សរា


ត្រពាំងសេស ដែលស្ថិតនៅបរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមប្រែរូបរាងបន្ដិចៗម្ដង ក្រោយពេលដែលអាជ្ញាធរជាតិអប្សរា សម្របសម្រួលឲ្យមានការផ្លាស់ទីតូបលក់ដូរ ចេញពីបរិវេណត្រពាំងនេះ នៅចុងឆ្នាំ២០២០។ បច្ចុប្បន្ននេះ គម្រោងអភិវឌ្ឍន៍ និងកែលម្អត្រពាំងសេស កំពុងដំណើរការ ហើយអ្នកបុរាណវិទ្យាកំពុងធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាពីលទ្ធភាពបន្ថែមទៀតក្នុងការស្ដារ និងលើកតម្លៃត្រពាំងបុរាណនេះឡើងវិញ។

លោក ធឿន សុខុន មន្រ្តីបុរាណវិទ្យានៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ឲ្យដឹងថា ក្រុមការងារកំណាយរបស់លោក បានរកឃើញសណ្ឋាននៃទំនប់ត្រពាំងសេស ដូចជាមានស្រទាប់ច្រើនថ្នាក់ដែលរៀបចំក្នុងរចនាសម្ពន្ធរបស់ទំនប់។ ក្រុមការងាររបស់លោក សុខុន បានបើករណ្ដៅកំណាយចំនួន១១ទីតាំង និងបានប្រទះឃើញកុលាលភាជន៍មួយចំនួន ក៏ដូចជាបានឃើញនូវរចនាសម្ពន្ធទំនប់ជុំវិញត្រពាំងកាន់តែច្បាស់។ លោករៀបរាប់ថា ទំនប់នេះត្រូវបានគេលើកដីព័ទ្ធជុំវិញ បន្ទាប់មកយកដីឥដ្ឋចេញ រួចចាក់ដីខ្សាច់លាយគ្រួសបាយក្រៀម បន្ទាប់មកប្រើដីឥដ្ឋជាស្នួលដើម្បីឲ្យទំនប់នៅយូរអង្វែង ហើយក្រោយមកទៀតប្រើខ្សាច់មួយស្រទាប់ និងបុកបង្ហាប់ដោយប្រើកម្ទេចកថ្មបាយកក្រៀមលាយដីឥដ្ឋ។
 
តាមការបញ្ជាក់របស់លោក ធឿន សុខុន អាជ្ញាធរជាតិអប្សរាមានគម្រោងស្ដារត្រពាំងសេសឡើងវិញនាពេលឆាប់ៗខាងមុខនេះ ដើម្បីស្ដុកទឹកបានច្រើនជាងពេលមុន ទុកជាប្រយោជន៍ទាំងការងារអភិរក្សប្រាសាទ និងប្រយោជន៍ប្រជាពលរដ្ឋជុំវិញតំបន់។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និយាយថា ក្រុមការងាររបស់លោកកំពុងមមាញឹករៀបចំដាំស្មៅ និងដើមឈើជាបណ្ដើរៗជុំវិញត្រពាំងសេសនេះ ដែលតាមគម្រោងគឺរៀបចំលើផ្ទៃដីសរុបជាង៣ម៉ឺនម៉ែត្រការ៉េ។ បច្ចុប្បន្ននេះ ការងារបានដំណើរការបានប្រមាណ៤០ភាគរយហើយ។

គម្រោងដែលចាប់ផ្តើមពីដើមខែ កុម្ភៈមកនេះ រៀងយឺតយ៉ាវបន្ដិច ដ្បិតថាការងារនៅជុំវិញត្រពាំងសេសដែលជាអតីតតូបលក់ដូរ និងធ្លាប់មានរថយន្តបើកបរបណ្ដាលឲ្យដីរឹង មានថ្មច្រើន ធ្វើឲ្យក្រុមការងាររៀបចំសួនត្រូវប្រើពេលយូរ និងលំបាកក្នុងការធ្វើដី។ លោក ជូ រ៉ាឌីណា បន្ថែមថា មួយវិញទៀតបរិវេណត្រពាំងសេសជាបុរាណដ្ឋាន ដែលត្រូវធ្វើកំណាយសិក្សាជាមុន ទើបអាចរៀបចំអ្វីផ្សេងៗបាន ដូច្នេះក្រុមការងាររបស់លោកនឹងពន្លឿនការងាររៀបចំសួន ក្រោយពេលក្រុមបុរាណវិទូសិក្សារួច។

គួរបន្ថែមថា ក្នុងផែនការការងារឆ្នាំ២០២១នេះ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ គ្រោងរៀបចំនិងកែលម្អបរិស្ថាននៅតំបន់មួយចំនួនទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលក្នុងនោះរួមមាន នៅប្រាសាទអង្គរវត្ត ប្រាសាទព្រហ្មកិល ច្រកសំពៅលូន ប្រាសាទព្រះខ័ន ប្រាសាទបន្ទាយក្ដី ប្រាសាទបាគង និងទីតាំងមួយចំនួនទៀត ក្នុងន័យលើកតម្លៃបរិស្ថាន សោភ័ណភាពក្នុងតំបន់ប្រាសាទឲ្យកាន់តែល្អប្រសើរ៕





























អត្ថបទ៖ នាង សំណាង
រូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ, នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
416 Total views

ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

ថ្ងៃទី19
ខែ តុលា
ឆ្នាំ2020

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្ន...

សូមបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក!

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្...

សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំទៅប្រាសាទបាយ័ន

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ទិដ្ឋភាពស្រស់បំព្រងកំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវពីខ្លោងទ្វារទន្លេអុំឆ្ពោះទៅប្រាសាទបាយ័ន ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះ៕@widg...

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ប្រសាសន៍ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា

Angkor Code of Conduct

វីដេអូក្រមប្រតិបត្តិអង្គរ