ព័ត៌មានថ្មី
សុក្រ, ១៥ កញ្ញា ២០២១

ព្រះសិរព្រះនារាយណ៍ធ្វើពីថ្មភក់មួយបំណែករកឃើញនៅប្រាសាទត្រពាំងផុង

បានផ្សាយនៅ ថ្ងៃទី05
ខែមេសា
ឆ្នាំ2021
ដោយ ៖ អាជ្ញាធរជាតិអប្សរា



ព្រះសិរព្រះនារាយណ៍មួយបំណែកខាងស្តាំត្រូវបានក្រុមការងារជួសជុលប្រាសាទត្រពាំងផុងប្រទះឃើញនៅខាងក្នុងតួប៉មកណ្តាលនៃប្រាសាទនេះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

បំណែកព្រះសិរធ្វើពីថ្មភក់ដែលមានកម្ពស់៣៨ស.ម ទទឹង២០ស.ម និងកម្រាស់១៨ស.មនេះ មានព្រះភក្ត្រមួយចំហៀងខាងស្តាំ ដែលនៅលើព្រះភក្ត្រនោះ មានសល់ទ្រនុងចិញ្ចើម ព្រះនេត្រ ចុងច្រមុះ បបូរមាត់បន្តិច និងស្លឹកត្រចៀកមួយចំហៀង។ រីឯនៅផ្នែកខាងលើ មានម្កុដរាងស៊ីឡាំងដែលគ្របត្រឹមថ្ងាសទៅតាមជើងសក់នៅជុំវិញពីផ្នែកខាងមុខដល់ខាងក្រោយ។ 

លោក ឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកព្រះសិរនៃបដិមានេះនៅសល់ផ្នែកខ្លះដែលអាចឱ្យយើងធ្វើការកំណត់សម្គាល់បានថាជាព្រះសិររបស់បដិមាព្រះនារាយណ៍ ពោលគឺពុំមែនជាព្រះសិវៈ រឺព្រះហរិហរៈឡើយ។ 

លោកបានបន្ថែមទៀតថា បើតាមលោកយល់ បដិមានេះទំនងជាស្ថិតក្នុងរចនាបថគូលែន ដោយព្រះភក្ត្រនៃបដិមារាងធំខ្លី ចិញ្ចើមដាច់មិនជាប់គ្នាទេ រីឯលក្ខណៈសម្គាល់ពិសេសជាងនេះទៅទៀតគឺ ម្កុដរាងជាស៊ីឡាំងខ្ពស់ទៅលើ ដែលនេះហើយជាលក្ខណៈនៃបដិមាសាស្ត្រក្នុងរចនាបថគូលែន។ 

ម្យ៉ាងវិញទៀត បើយើងគិតទៅលើសំណង់ប្រាសាទត្រពាំងផុងនោះទៀតសោត ក៏មានអ្នកស្រាវជ្រាវបានអះអាងរួចមកហើយថា ប្រាសាទនេះគឺមានរចនាបថគូលែន ដែលសង់ឡើងនៅពាក់កណ្តាលសតវត្សទី៩ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៣ (៨៥០?-៨៧៧) ដែលត្រូវជាបុត្ររបស់មហាក្សត្រដ៏ល្បីមួយអង្គគឺព្រះបាទ ជ័យវ្ម័នទី២ (៨០២-៨៥០?)។ បើដូច្នេះមែន នោះគឺគ្មានអ្វីចម្លែកទេ ពោលគឺបំណែកបដិមាដែលបានរកឃើញនេះ គឺប្រហែលជាបដិមាដើម ដែលបានសាងសង់ក្នុងពេលដំណាលគ្នាជាមួយប្រាសាទត្រពាំងផុងនោះតែម្តង មានន័យថាពុំមែនជាបដិមាដែលយកមកតម្កល់នាសម័យក្រោយៗមកទៀតនោះទេ។

 ក្រោយពីធ្វើកំណត់ហេតុប្រគល់ទទួលបំណែកចម្លាក់ខាងលើ ដោយមានស្ថាបន័នគរបាលការពារបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍រួចមក បំណែកចម្លាក់នោះបានដឹកយកទៅរក្សាទុកជាបណ្តោះអាសន្តនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជីទុកជាឯកសារផង និងបន្តស្វែងរកទិន្នន័យបំណែកផ្សេងៗទៀតផង ក្រែងលោមាន និងធ្វើការជួសជុលនៅថ្ងៃខាងមុខ៕






អត្ថបទនិងរូបភាព៖ លោក ឈូក សុម៉ាឡា

466 Total views

ស្ថានភាពទឹកក្នុងរមណីយដ្ឋានអង្គរស្ថិតក្រោមការគ្រប់គ្រង

ថ្ងៃទី19
ខែ តុលា
ឆ្នាំ2020

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្ន...

សូមបញ្ឈប់ការលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក!

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ដើម្បីអនុវត្តគោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្...

សូមជូនរូបភាពប្រចាំថ្ងៃ៖ ទេសភាពចាប់ពីខ្លោងទ្វារទន្លេអុំទៅប្រាសាទបាយ័ន

ថ្ងៃទី28
ខែ មេសា
ឆ្នាំ2021

ទិដ្ឋភាពស្រស់បំព្រងកំពុងគ្របដណ្ដប់នៅតាមដងផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ជាពិសេសតាមដងផ្លូវពីខ្លោងទ្វារទន្លេអុំឆ្ពោះទៅប្រាសាទបាយ័ន ដើមឈើតូចធំជាច្រើន ឈរអមសងខាងផ្លូវ បង្កើនភាពទាក់ទាញដល់អ្នកដំណើរ និងធ្វើឲ្យអ្នកទេសចរជិតឆ្ងាយនឹករឭកដល់រមណីយដ្ឋានអង្គរក្នុងកាលៈទេសៈនេះ៕@widg...

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ប្រសាសន៍ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា

Angkor Code of Conduct

វីដេអូក្រមប្រតិបត្តិអង្គរ