ព័ត៌មានថ្មីៗ

គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះពិនិត្យការងារ និងស្តាប់បទបង្ហាញលទ្ធផលកសិកម្មគំរូ ដែលបង្ហាញដោយអ្នកជំនាញកសិកម្មនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការបង្ហាញលទ្ធផលសាកល្បងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើការសម្រេចជ្រើសរើសប្រភេទដំណាំ និងបច្ចេកទេសទៅអនុវត្តនៅក្នុងដីរបស់ខ្លួន។ ដំណាំកសិកម្មគំរូដែលអ្នកជំនាញកំពុងអនុវត្តសាកល្បង លើដីគំរូមានដូចជា ត្រកួន ពោត ស្ពៃ ឪឡឹក ត្រប់វែង ឃ្លោក ត្រឡាច។ល។
បន្ទាប់ពីមានការស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកដើម្បីកសាងជីវភាពគ្រួសារថ្មី ប្រជាជនទាំងអស់ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរជាតិអប្សរាទាំងផ្នែកសុខុមាលភាព សាសនា សន្តិសុខ មុខរបរ ជំនាញវិជ្ជាជីវៈ មានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ ជាពិសេសនឹងរៀបចំទីនេះឱ្យក្លាយជាកន្លែងផ្គត់ផ្គង់កសិកម្មធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ។
ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក អាជ្ញាធរជាតិអប្សរាបានគិតគូរកសាងទីកន្លែងសម្រាប់គោរពបូជា និងធ្វើកិច្ចពិធីផ្សេងៗ។ ក្នុងន័យនេះហើយ ដោយទទួលបានការឯកភាពគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា សាឡុំមានទំហំប្រមាណ៨ម៉ែត្រx១៤ម៉ែត្រ ធ្វើពីថ្ម ប្រក់ដំបូលក្បឿងតាមរចនាប័ទ្មខ្មែរ ត្រូវបានកសាងឡើង ដើម្បីឱ្យអ្នកភូមិមានទីកន្លែងសមរម្យសម្រាប់រៀបចំពិធីសាសនាតាមទម្លាប់និងការជួបជុំផ្សេងៗ។
ពិធីសែនក្រុងពាលីសាងសង់សាឡុំ នៅភូមិធម្មជាតិរុនតាឯកដែលមានទីតាំងនៅខាងលិចមាត់បឹងជាលា ដើម្បីទុកជាទីសក្ការបូជារបស់ពុទ្ធសាសនិកដែលរស់នៅក្នុងភូមិនេះ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៥កើត ខែបុស្ស ឆ្នាំមមែ ក្រោមការដឹកនាំរបស់ព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរ អនុគណក្រុងនិងជាព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង។
គ្រាប់ពូជដំណាំកសិកម្មចំនួន៨មុខ និងសៀវភៅស្តីពីបច្ចេកទេសកសិកម្មចំនួន៦មុខ ដែលនិយាយអំពីរបៀបចិញ្ចឹមគោ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមក្រួច ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចែកជូនប្រជាពលរដ្ឋគំរូចំនួន៣៨គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
ប្រជាពលរដ្ឋចំនួន៦គ្រួសារ ដែលបានស្ម័គ្រចិត្តចាប់ឆ្នោតទៅរស់នៅភូមិធម្មជាតិរុនតាឯក នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ បានមកទទួលថវិកាចំនួន២១លានរៀលក្នុងមួយគ្រួសារ ពីអាជ្ញាធរជាតិអប្សរា ដើម្បីសាងសង់ផ្ទះ នៅភូមិធម្មជាតិរុនតាឯក។
ថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន រួមនឹងអ្នកភូមិធម្មជាតិរុនតាឯកប្រមាណជាង១០០គ្រួសារ បាននាំគ្នាប្រារព្ធពិធីបុណ្យភូមិសាមគ្គីនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥។
ដើមដំបូងមុន123បន្ទាប់ចុងក្រោយ

ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
21796
ម្សិលមិញ
:
10144
សប្តាហ៍នេះ
:
79525
ខែនេះ
:
0341678
សរុប
:
001843713