ព័ត៌មានថ្មីៗ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

បានផ្សាយនៅ ថ្ងៃទី 10 ខែ មេសា ឆ្នាំ2015 05:04 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

១. អំពីសារមន្ទីរ
សារមន្ទីរនេះកសាងឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរជាតិអប្សរា និង សាកលវិទ្យាល័យសូហ្វ៊ីយ៉ា ដោយ “មូលនិធិនៃក្លឹប១%” របស់ក្រុមហ៊ុនអ៊ីអុង ដើម្បីដាក់តាំង និងតម្កល់វត្ថុ បុរាណ ដែលបានរកឃើញក្នុងពេលសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ចាប់ពីបើកដំណើរការទទួលភ្ញៀវទស្សនាពីឆ្នាំ២០០៨ មក សារមន្ទីរបានពង្រីកការតាំងពិព័រណ៍សមុច្ច័យរបស់ខ្លួនជាបន្តបន្ទាប់។ សព្វថ្ងៃនេះសារមន្ទីរ មានពិព័រណ៍អចិន្រ្តៃយ៍ ចំនួនបីដែលសុទ្ធសឹងជាលទ្ធផលនៃកំណាយស្រាវជ្រាវក្នុងតំបន់អង្គរ។ពិព័រណ៍វត្ថុដែលយកចេញពីក្រោមដីទាំងនេះ នឹងនាំអស់លោកអ្នកឱ្យយល់កាន់តែច្បាស់ ពីប្រាសាទនៅលើដី ដែលអស់លោកអ្នកបានទស្សនារួចហើយ ឬដែលនឹងទៅទស្សនា។លោកអ្នកនឹងទទួលបានការពន្យល់ជាភាសាខ្មែរ និងអង់គ្លេសពីមគ្គុទ្ទេសក៍ដែលបានបញ្ចប់បរិញ្ញាបត្របុរាណវិទ្យា។
២. ពិព័រណ៍នៅក្នុងសារមន្ទីរ
២.១ ពិព័រណ៍ព្រះពុទ្ធបដិមា (ប្រាសាទបន្ទាយក្តី)

នៅឆ្នាំ២០០០ និង ២០០១ សាកលវិទ្យាល័យសូហ្វ៊ីយ៉ា និងបុរាណវិទូខ្មែរបានធ្វើកំណាយសិក្សាស្រាវជ្រាវនៅ ប្រាសាទបន្ទាយក្តី ហើយបានប្រទះឃើញរូបចម្លាក់ចំនួន២៧៨បំណែកដែលកប់ក្នុងរណ្តៅតែមួយ។ រូបចម្លាក់ទាំងនេះជាភស្តុតាងបញ្ជាក់ពីព្រឹត្តិការណ៍គួរ ឱ្យកត់សម្គាល់មួយទាក់ទងនឹងព្រះពុទ្ធសាសនាសម័យអង្គរ។ ពុទ្ធបដិមាទាំងនេះមានសម័យកាលខុសៗគ្នា ហើយឆ្លុះបញ្ចាំងពីការវិវត្តន៍នៃសិល្បៈព្រះពុទ្ធសាសនាខ្មែរ។ ក្រៅពីនេះលោកអ្នកនឹងបានទស្សនាថ្មគោល ព្រះពាន់ដែលរកឃើញតែមួយគត់ក្នុងតំបន់អង្គរ ក៏ដូចជាស្វែងយល់ពីបច្ចេកទេសទំនើប នៃការចាក់ពុម្ពចម្លងរូបតាមរយៈរូបចម្លាក់បុរាណដែលតាំងនៅក្នុងសារមន្ទីរ។
២.២ ពិពរណ៍វាលកប់សព (កោះតាមាស និងព្រៃក្មេង)
កោះតាមាសជាទីទូលធំមួយដែលមានផ្ទៃរាបស្មើ ស្ថិតនៅចម្ងាយ១៣០០ម ខាងលិចប្រាសាទមេបុណ្យក្នុងបាតបារាយ៍ទឹកថ្លាដ៏ធំល្វឹងល្វើយ។ ដំណើរការសិក្សានៅកោះមាសនេះនាំឱ្យគេរកឃើញតឹកតាងនៃការតាំងភូមិករនៅសម័យសំរឹទ្ធ ក៏ដូចជាសម្គាល់ឃើញទីកប់សពមុរាណមួយដែលអាចមានអាយុកាលយ៉ាងហោចណាស់ក្នុងកំឡុង ៣០០០ឆ្នាំមុន។ ការធ្វើកំណាយក្នុងឆ្នាំ ២០០៤-២០០៥ ដែលមានការចូលរួមពីក្រុមកំណាយបុរាណវិទូខ្មែរ បុរាណវិទូបារាំង និងកម្មករជំនាញ បានរកឃើញកុលាលភាជន៍ធំៗ គ្រឿងអលង្ការ ឧបករណ៍ប្រើប្រាស់ ឆ្អឹងសត្វចតុបាត និងឆ្អឹងត្រីដែលកប់នៅជាមួយសព។ រីឯព្រៃក្មេង ជាឈ្មោះប្រាសាទឥដ្ឋតូចមួយនៅក្បែរទំនប់ខាងលិច នៃបារយណ៍ទឹកថ្លា។នៅទីនោះគេបានរកឃើញកន្លែងកប់សពបុរាណ និងភូមិករ។
 
២.៣ ពិពរណ៍ភាជន៍ដាក់ធាតុ (ប្រាសាទ គោកប៉ាទ្រី)
នៅឆ្នាំ ២០០៥ ក្រុមការងាររបស់អាជ្ញាធរអប្សរា បានធ្វើកំណាយនៅប្រាសាទគោកប៉ាទ្រី និងបានរកឃើញភាជន៍ជាង ៦០ ព្រមទាំងវត្ថុសិល្បៈផ្សេងៗទៀត។ កុលាលភាជន៍ដែលកំណាយបានជាប្រភេទវត្ថុ ដែលអ្នកស្រុកប្រើបញ្ចុះ អដ្ឋិធាតុ។ ភាជន៍ខ្លះនាំចូលមកពីប្រទេសចិន ជប៉ុន និងថៃ ហើយខ្លះទៀតជាភាជន៍ក្នុងស្រុក។ តាមការវិភាគកាលបរិច្ឆេតវិទ្យុសកម្ម កាបូនភាជន៍ទាំងនេះមានអាយុកាលចាប់ពី ស.វទី ១៥-១៧ នៃគ.ស ប៉ុន្តែការប្រើប្រាស់ភាជន៍ទាំងអស់ មានអាយុកាលចាប់ពីចុង ស.វទី ១៥-១៩ នៃគ.ស។
៣. សេវាកម្មផ្សេងៗ
- លោកអ្នកអាចប្រថាប់រូបដោយខ្លួនឯងដើម្បីទុកជាអនុស្សាវរីយ៍។ ចំពោះរូបសន្លឹកតូច សារមន្ទីរមិនតម្រូវអោយមានការបង់ប្រាក់ទេ។
- រៀងរាល់ថ្ងៃសៅរ៍សារមន្ទីរមានកម្មវិធីអប់រំបេតិកភណ្ឌដល់សិស្សានុសិស្សដោយឥតបង់ថ្លៃ។
- បណ្ណាល័យសារមន្ទីរ មានតម្កល់សៀវភៅជាង ៣០០០ក្បាលដែលទាក់ទងនឹងប្រវត្តិសាស្រ្ត សាសនា សិល្បៈ បុរាណវិទ្យា នរវិទ្យា ភាសាវិទ្យា ក្នុងតំបន់អាស៊ីអាគ្នេយ៍ជាពិសេសគឺប្រទេសកម្ពុជា។

៤. ព័ត៌មានទូទៅ
បើកពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច(សំបុត្រចូលទស្សនាលក់ជូនត្រឹមម៉ោង ៤និង៣០នាទីល្ងាច)។
បិទរាល់ថ្ងៃច័ន្ទ និងថ្ងៃបុណ្យជាតិផ្សេងៗរួមមាន៖
-បុណ្យចូលឆ្នាំខ្មែរ
-ព្រះរាជពិធីចំរើនព្រះជន្ម
-បុណ្យភ្ជុំបិណ្ឌ
-ព្រះរាជពិធីបុណ្យអុំទូក

តម្លៃសំបុត្រ
- ភ្ញៀវខ្មែរ៖ តម្លៃ ១០០០ រៀល។
- ភ្ញៀវបរទេស៖ តម្លៃ ៣ ដុល្លា
- កុមារក្រោមអាយុ ១២ឆ្នាំ ចូលទស្សនាដោយឥតគិតថ្លៃ
- ព្រះសង្ឃ និងកងកម្លាំងប្រដាប់អាវុធ ចូលទស្សនាដោយឥតគិតថ្លៃ
- ភ្ញៀវខ្មែរ ចូលទស្សនាដោយឥតគិតថ្លៃរៀងរាល់ថ្ងៃ សៅរ៍ដើមខែ

អាសយដ្ឋាន
ភូមិបឹងដូនប៉ា ឃុំស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប

ទូរសព្ទ័
(+៨៥៥) ៦៣ ៧៦៣៥៧៥
 

ទាញយកខិតបណ័្ណសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ

ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
6276
ម្សិលមិញ
:
36992
សប្តាហ៍នេះ
:
06276
ខែនេះ
:
0385996
សរុប
:
001888031