ព័ត៌មានថ្មីៗ

សារមន្ទីរកុលាលភាជន៍

បានផ្សាយនៅ ថ្ងៃទី 10 ខែ មេសា ឆ្នាំ2015 05:04 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ការ​ស្រាវ​ជ្រាវ​ស្តី​ពី​កុលាល​ភាជន៍​ខ្មែរ

តាំង​ពី​យូរ​ណាស់​មក​ហើយ ការ​ស្រាវ​ជ្រាវ​ស្តី​ពី​អរិយ​ធម៌​អង្គរ ច្រើន​ផ្តោត​តែ​ទៅ​លើ​ការ​សិក្សា​ពី​សិលា​ចារឹក និង​ជា​ពិសេស​ទៅ​លើ​ប្រាង្គ​ប្រាសាទ​ និង​សិល្បៈ​តែ​ប៉ុណ្ណោះ ។ ចំណែក​ឯ​ការ​សិក្សា​ស្រាវ​ជ្រាវ​ស្តី​ពី​កុលាល​ភាជន៍ គេ​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​ទេ ហើយ​ទើប​តែ​គិត​គូរ​នា​ពេល​ចុង​ក្រោយ​នេះ​ទេ ។ គេ​ត្រូវ​ចាំ​រហូត​ដល់​ដើម​ទសវត្ស​៦០ ទើប​លោក​ប៊ែរណា ហ្វីលីប គ្រោលីយេ (Bernard-Philippe Groslier) បាន​ចាប់​ផ្តើម​ធ្វើ​ការ​សិក្សា​ពី​កុលាល​ភាជន៍ ។ តែ​ជា​អកុសល ការ​ស្រាវ​ជ្រាវ​នោះ​ក៏​ត្រូវ​ផ្អាក​ទៅ​ទៀត ដោយ​ព្រឹត្តិការណ៍​ប្រទូស​រ៉ាយ​នៅ​ស្រុក​ខ្មែរ​យើង ។ គឺ​រហូត​មក​ដល់​ពាក់​កណ្តាល​ទសវត្ស​​ ៩០ នេះ ទើប​អ្នក​ស្រាវ​ជ្រាវ​បាន​ដឹង​អំពី​ទីតាំង​នៃ​ឡ​បុរាណ​ខ្មែរ​មួយ​ចំនួន ។

នៅ​ដើម​ទសវត្ស​៨០ គឺ​នា​ពេល​ដែល​ប្រទេស​ខ្មែរ​យើង​កំពុង​វឹក​វរ​ដោយ​សង្រ្គាម គេ​បាន​រៀប​ចំ​ធ្វើ​ពិព័រណ៍​មួយ​ស្តីពី​កុលាល​ភាជន៍​ខ្មែរ​នៅ​ទីក្រុងសិង្ហបុរី ដោយ​គេ​បាន​ប្រមូល​ផ្តុំ​កុលាល​ភាជន៍ ចំនួន​ប្រហែល​មួយរយ​ពី​មជ្ឈដ្ឋាន​ឯក​ជន​មក​តាំង​បង្ហាញ ។ អ្នក​ប្រាជ្ញ​បាន​ចាត់​ទុកថា​ ពិត​ជា​មាន​កុលាល​ភាជន៍​ខ្មែរ ដែល​មាន​រចនា​បថ​សិល្បៈ ប្លែក​ពី​កុលាល​ភាជន៍​ឯ​ទៀតៗ ជា​ពិសេស​មាន​ឧស្សាហកម្ម​ដ៏​រីក​ចំរើន​តាំង​ពីដើម​សម័យ​អង្គរ រហូត​ដល់​ពេល​ដែល​អង្គរ​ត្រូវ​បាន​បោះ​បង់​ចោល ។

ឧស្សាហកម្ម ​កុលាល​ភាជន៍​ខ្មែរ បាន​ផលិត​របស់​របរ​សម្រាប់​បូជា​សាសនា និង​ឧបករណ៍​សម្រាប់​ប្រជា​ពលរដ្ឋ​ប្រើ​ប្រាស់​រៀង​រាល់​ថ្ងៃ​ទៀត​ផង​ ។ គឺ​វត្ថុ​ទាំង​នោះ​ហើយ ដែល​ជា​សក្ខី​ភាព​ឆ្លុះ​បញ្ចាំង​ឲ្យ​ដឹង​ពីការ​រស់​នៅ​របស់​សហគមន៍​ខ្មែរ ។

អង្គការ​ដ៏​ល្បី​ល្បាញ​ពីរ​ នៃ​ប្រទេស​ជប៉ុន គឺ​វិទ្យា​ស្ថាន​ណារ៉ា "Nara Institut" និង​សាកល​វិទ្យាល័យ​សូហ្វ៊ីយ៉ា "Sophia University" បាន​មក​សហការ​ជាមួយ​អាជ្ញាធរ​អប្សរា ចាប់​ផ្តើម​ធ្វើ​កំណាយ​ស្រាវ​ជ្រាវ​ស្តី​ពី​រចនា​សម្ព័ន្ធឡ ដំណើរ​ការ​ឡ​បុរាណ និង​លទ្ធ​ផល​កុលាល​ភាជន៍​នៅ​ភូមិ​តានី នា​ឆ្នាំ ១៩៩៦ ។



ភូមិតានី ស្ថិត​ក្នុង​ឃុំ​រុន​តាឯក ស្រុកបន្ទាយ​ស្រី ខេត្ត​សៀមរាប គឺ​នៅ​ក្នុង​តំបន់​ភ្នំ​បូក​ប្រមាណ ២០គ.ម ពី​ប្រាសាទ​អង្គរ​វត្ត ។ រហូត​មក​ដល់​ពេល​នេះ យើង​អាច​ដឹង​បាន​ថា នៅ​លើ​លាន​ទំនប់​មួយប្រវែង​ក្បែរ​៩០០ម មានឡ​បុរាណ​ចំនួន​ ១៣ គឺ​ក្រុម "ក" និង "ខ" និង​ឡ​ ១៤​ទៀត គឺ​ក្រុម "គ" "ឃ" និង​ "ង" ដែលស្ថិត​នៅ​ក្រៅ​ទំនប់ ។ គេ​បាន​ធ្វើ​កំណាយ​ឡ​បី​ដែល​ប្រហែល​កើត​ឡើង​នា​សតវត្សទី​ ១០ តាំង​ពី​ ឆ្នាំ​១៩៩៦ ដល់​២០០០ គឺ​ឡ "ក៦" "ខ១" និង "ខ៤" ហើយ​បាន​រក​ឃើញ​កុលាល​ភាជន៍​ជា​ច្រើន​ប្រភេទ ៖ កុលាលភាជន៍​មាន​ស្រទាប់​រលោង កុលាល​ភាជន៍​គ្មាន​ស្រទាប់​រលោង ក្បឿង​សម្រាប់​ប្រក់ និង​ក្បឿង​សម្រាប់​ព្រំ​ដំបូល និង​ក្បឿង​រង​ស្បូវ ។


ដើម​កំណើត​ នៃគម្រោង​ឧទ្យាន​បុរាណ​វិទ្យា​ និង​សារមន្ទីរ​កុលាលភាជន៍​អង្គរ​នៅ​ភូមិ​តានី

គម្រោង ​មួយ​ដើម្បី​លើក​តម្លៃ​ឡ នៅ​ភូមិ​តានី​ ត្រូវ​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​អាជ្ញាធរអប្សរា (បណ្ឌិត​ អាំង ជូលាន លោក អ៊ា ដារិទ្ធ និង​លោក​ អ៊ឹម​ សុខ​រិទ្ធី) វិទ្យា​ស្ថាន​ណារ៉ា (បណ្ឌិត ស៊ូ​គីយ៉ាម៉ា ហ៊ីរ៉ូស៊ី) និង​សាកល​វិទ្យា​ល័យ​សូហ្វ៊ីយ៉ា (លោក យ៉ូឈី អាអូយ៉ាហ្គី និង​លោក តាតស៊ូអូ សាសាគី) ។ គម្រោងនេះ​មាន​ការ​សាង​សង់ សារមន្ទីរ​មួយ​តូច​ក្នុង​បរិវេណ​វត្ត​រុន ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ ១គ.ម ពី​ភូមិ​តានី ដើម្បី​ដាក់​តាំង​វត្ថុ​សិល្បៈ ដែលបាន​រក​ឃើញ​ដោយ​កំណាយ​នោះ នឹង​ពី​កន្លែង​ផ្សេងៗ​ទៀត ។ ឡ​បុរាណ "ក៦" នឹង​ត្រូវ​ជីក​បើក​សា​ជាថ្មី ដើម្បី​បង្ហាញ​ដល់​សាធារណៈ​ជន ។

ដោយ​មាន​ការ​កែ​ប្រែ​ដំណើរ​ការ​អាជ្ញាធរជាតិ​អប្សរា​នៅ​ឆ្នាំ ២០០៤ ព្រម​គ្នា​នឹង​ការ​រក​ថវិកា​មិន​បាន​ផង គម្រោង​នោះ​ក៏​ត្រូវ​អាក់​ខាន​ទៅ ។ នៅ​ឆ្នាំ ២០០៦ អាជ្ញាធរជាតិ​អប្សរា​បាន​លើក​យក​គម្រោង​នេះ​សា​ជា​ថ្មី ទៅ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន ។​ ដល់​ថ្ងៃ​ទី ២៩ ខែមីនា ឆ្នាំ២០០៧ ទើប​ស្ថាន​ទូត​ជប៉ុន​ ប្រចាំ​នៅ​កម្ពុជា ចុះ​ហត្ថ​លេខា​លើ​​កិច្ច​ព្រម​ព្រៀង​ជា​មួយ​អាជ្ញាធរ​ជាតិអប្សរា ដើម្បី​ផ្តល់​ថវិកា​ចំនួន ៣៧ ៣៩១ ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ការ​សាង​សង់​សារមន្ទីរ​កុលាល​ភាជន៍​អង្គរ នៅ​ភូមិ​តានី ។

ប្រធាន​អាជ្ញាធរជាតិអប្សរា បាន​ចាប់​បង្កើត​គណៈ​កម្មការ​មួយ ដើម្បី​ថែ​រក្សា​ការ​ពារ​ឧទ្យាន​បុរាណ​តានី និង​សាង​សង់​សារមន្ទីរ ដោយ​សេចក្តិ​សម្រេច​លេខ ៧០ សសរ ចុះ​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០០៧ ដែល​មាន​សមាស​ភាព​ដូច​តទៅ ៖
លោក ឃួន​ ឃុន​នាយ ស្ថាបត្យករ​ និង​នគរូបនីយករ ប្រធាន​នាយកដ្ឋាន​រៀបចំ​ដែនដី​និង​គ្រប់​គ្រង​លំនៅ​ដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ ប្រធាន
បណ្ឌិត ហង់​ ពៅ អ្នក​ជំនាញ​ខាង​ធារា​សាស្ត្រ ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​ទឹក អនុ​ប្រធាន
លោក​ស្រី​ ចៅ ស៊ុន កិរិយា អ្នក​ជំនាញ​ខាង​ទេសចរណ៍ ប្រធាន​នាយក​ដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារ​មន្ទីរ និង​បទ​ដ្ឋាន​បេតិកភណ្ឌ សមាជិក
លោកស្រី​ ទេព វត្ថូ ស្ថាបត្យ​ករ ប្រធាន​នាយក​ដ្ឋាន​អភិវឌ្ឍន៍​បេតិកភណ្ឌ​ក្រុង​ក្នុង​តំបន់​សៀម​រាប សមាជិក
លោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ សមាជិក
លោក អ៊ា ដារិទ្ធ អ្នក​ជំនាញ​ខាង​កុលាល​ភាជន៍​ខ្មែរ សមាជិក

ដោយ​ហេតុ​ថា​ នាពេល​បច្ចុប្បន្ន​នេះ​ ប្រទេស​យើង​មាន​សុវត្ថិ​ភាព​គ្រប់​គ្រាន់​ហើយ​នោះ គណៈ​កម្មការ​បាន​ស្នើ​សុំ​ឲ្យ​សាង​សង់​សារ​មន្ទីរ​កុលាល​ភាជន៍​អង្គរ នៅ​ក្នុង​ភូមិ​តានី ក្បែរ​ឡ​បុរាណ​តែ​ម្តង គឺ​មិន​សង់​នៅ​ក្នុង​បរិវេណ​វត្ត​រុន​ដូច​បាន​ស្នើ​លើក​មុន​នោះ​ទេ ។

មិន​តែ​ប៉ុណ្ណោះ អនុ​ក្រឹត្យ​លេខ ១២៩ អនក.បក ចុះ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០០៧ ត្រូវ​បាន​រាជ​រដ្ឋា​ភិបាល​តាក់​តែង​ឡើង ហើយ​កំណត់​យក​ផ្ទៃ​ដី​៣៤,១០ ហិចតា ដែល​មាន​ឡ​បុរាណ​ទាំង​៥ក្រុម ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដើ​ម្បី​ថែ​រក្សា​ការ​ពារ​ឧទ្យាន​បុរាណ​វិទ្យា​ដ៏​សំខាន់​នេះឲ្យ​មាន​ប្រសិទ្ធ​ភាព ។

គោល​គំនិត​រៀបចំឧទ្យាន​បុរាណ​វិទ្យា​ន នៅភូមិ​តានី

គម្រោង​ថ្មី​ដែល​គណៈ​កម្មការ​បានលើក​ឡើង​នេះ គឺ​យក​ឡ​បុរាណ នៅ​ភូមិ​តានី​ជា​ស្នូល ដើម្បី​រៀប​ចំ​ឧទ្យាន​បុរាណ​វិទ្យា​លើ​ផ្ទៃ​ដី​ ៣៤,១០ហិចតា តែ​ម្តង​ ដើម្បី​អាច​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ អាច​ទស្សនា​ឡ​បុរាណ​ទាំង​៥​ក្រុម ហើយ​ម្យ៉ាង​ទៀត ដើ​ម្បី​ពង្រឹង​គម្រោង​ភូមិ​ធម្មជាតិ​រុនតាឯក ដែល​កំពុង​កសាង​ឡើង​លើ​ផ្ទៃ​ដី​ប្រមាណ ១០១២ ហិចតា នៅ​ខាង​កើត​ភូមិ​តានី ។ ដូច្នេះ គម្រោង​ទាំង​ពីរ​អាច​ដំណើរ​ការ​ដំណាល​គ្នា ហើយ​ពឹង​ពាក់​គ្នា​ទៅ​វិញ​ទៅ​មក ។

ឧទ្យាន​បុរាណ​វិទ្យា នៅ​ភូមិ​តានី ត្រូវ​រៀប​ចំ​ឡើង​ជា​បី​ផ្នែក ។​ ផ្នែក​ខាង​ត្បូង​មាន​ទី​លាន​ទទួល​ភ្ញៀវ (ខ្លោង​ទ្វារ​ចូល ចំណត​រថ​យន្ត តូប​ផ្តល់​ព័ត៌​មាន តូប​ស្រស់​ស្រូប​អាហារ សួន​ច្បារ និង​សួន​កុមារ) និង​ជា​ពិសេស​មាន​រោង​សិប្ប​កម្ម​មួយ​ សម្រាប់​ផលិត​កុលាល​ភាជន៍ ព្រម​ទាំង​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍ ។ រោង​សិប្បកម្ម​នេះ ជា​កន្លែង​ហ្វឹក​ហ្វឺន​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​ដឹង អាច​ធ្វើ​ឲ្យ​បច្ចេក​ទេស​បុរាណ​នា​សម័យ​អង្គរ បាន​រស់​រវើក​ឡើង​វិញ ហើយ​អាច​ផលិត​ឧបករណ៍​ដែល​អ្នក​ស្រុក​ភូមិ​ត្រូវការ ប្រើ​ប្រាស់​ជា​ប្រចាំ​ថ្ងៃ និង​ធ្វើ​ការ​ចម្លង​កុលាល​ភាជន៍​បុរាណ សម្រាប់​លក់​ឲ្យ​ទេសចរ​អន្តរ​ជាតិ​ផង​ ។

ផ្នែក​កណ្តាល នឹង​រៀប​ចំ​ឲ្យ​ទៅ​ជា​កន្លែង​បង្ហាញ​ជូន​ភ្ញៀវ​ទស្សនា​វត្ថុ​សិល្បៈ ដែល​រក​ឃើញ​ដោយ​កំណាយ ហើយ​ដែល​នឹង​ដាក់​តាំង​ជា​អចិន្រ្តៃយ៍​ក្នុង​សារមន្ទីរ ដែល​ស្ថិត​នៅ​ក្បែរ​ឡ​បុរាណ​ក្រុម​ "ក៦" នោះ​តែ​ម្តង ។ ឡ​បុរាណ​ "ក៦" នឹង​ត្រូវ​បើក​សា​ជា​ថ្មី ដោយ​មាន​ធ្វើ​ដំបូល​គ្រប ដើម្បី​ឲ្យ​ភ្ញៀវ​អាច​យល់​ដឹង​ពី​ឡ​បុរាណ​សម័យ​អង្គរ ។ ក្រៅ​ពី​នោះ នឹង​មាន​រៀប​ចំ​ឲ្យ​ភ្ញៀវអាច​ទស្សនា​ទីតាំង​ឡ​ទាំង​អស់ ព្រម​ទាំង​កំសាន្ត​ទស្សនីយ​ភាព​វាល​ស្រែ ដំណាំ​ដាំដុះ​របស់​ប្រជា​ពល​រដ្ឋ ដែល​រស់​នៅ​ក្នុង​ឧទ្យាន​នោះ​ទៀត​ផង ។

រីឯ​ផ្នែក​ ចុង​ខាង​ជើង​វិញ ក៏​នឹង​ត្រូវ​រៀបចំ​ឡើង​ដើម្បី​ឲ្យ​ឡ​ក្រុម "គ" "ឃ" និង"ង"​ បាន​ចូល​ជាប់​គ្នា​ជាមួយ​ឡ​ក្រុម "ក" "ខ" ដែរ ។

ផែនការ​រៀបចំ​ទាំង​នេះ ត្រូវ​បាន​ប្រគល់​ជូន​លោក​ស្ថាបត្យ​ករ និង​នគរូបនីយករ​ ឃួន ឃុននាយ និង​សហ​ការី ។ រីឯការ​រៀប​ចំ​សួន ត្រូវ​បាន​លោក​បណ្ឌិត ហង់​ ពៅ និង​សហការី​ជា​អ្នក​អនុវត្ត ។

គោល​គំនិត​រៀប​ចំ​ សារមន្ទីរ កុលាលភាជន៍​អង្គរ នៅ​ភូមិ​តានី

សារ​មន្ទីរ​ជា​សំណង់​រឹង​មាំ អាច​ធានា​សុវត្ថិ​ភាព​នៃ​វត្ថុ​សិល្បៈ​បាន ។​ សំណង់​នេះ ធ្វើ​ឡើង​តែ​មួយ​ជាន់​ផ្ទាល់​ដី និង​មាន​ផ្ទៃ​ ១៥០​ ម៉ែត្រ​ក្រឡា ។ ស្ថាបត្យករ​ ឃួន​ ឃុននាយ និង​សហ​ការី បាន​ច្នៃ​យក​រាង​រៅ​ពង​ក្រពើ​នៃ​ឡ "ក៦" ដែលនៅ​ក្បែរ​នោះ មក​ពង្រីក​ជា​ប្លង់​សារមន្ទីរ​តែ​ម្តង ។ អគារ​មាន​ដំបូល​កន្តាំង​មួយ​ខ្នង ប្រក់​ដោយ​ក្បឿង​ស្រកាលិញ​ពណ៌​ក្រហម ដូច​គ្នា​នឹង​សំណង់​ខ្មែរ​បុរាណ​ដែរ ។

ការ​រៀប​ចំ​ផ្ទៃ​ខាង​ក្នុង​សម្រាប់​ដាក់​តាំង​វត្ថុ​សិល្បៈ ជា​ភារកិច្ច​របស់​វិទ្យា​ស្ថាន​ណារ៉ា ដែល​ដឹក​នាំ​ដោយ​លោក​បណ្ឌិត ស៊ូ​គីយ៉ាម៉ា ហ៊ីរ៉ូស៊ី ដោយ​មាន​ការ​ចូលរួម​ពី​លោក​ អ៊ា ដារិទ្ធ ផង ។

ក្នុង​សារមន្ទីរ​នេះ នឹង​រៀប​ចំ​ឲ្យ​មាន​បន្ទប់​មួយ សម្រាប់​ការ​ស្រាវ​ជ្រាវ​អំពី​កុលាលភាជន៍​ខ្មែរ​ដែរ ។

គួរកត់សម្គាល់​ថាមុន​នឹង​សម្រេច​យក​ទី​តាំង​សាង​សង់​សារមន្ទីរនោះ ក្រុម​អ្នក​បុរាណ​វិទូ​អាជ្ញាធរជាតិ​អប្សរា (​លោក​ ខៀវ ច័ន្ទ និង​លោក ហេង​ សុខា) បាន​សហ​ការ​ជាមួយ​វិទ្យា​ស្ថាន​ណារ៉ា (អ្នកស្រី លឿង រ៉ាវត្តី លោក ឡាំ​ សុភ័ក្ត និង​លោក សុខ កែវសុវណ្ណារា) ធ្វើ​កំណាយ​យ៉ាង​ល្អិត​ល្អន់​ ដើម្បី​ជៀស​វាង​ការ​ប៉ះ​ពាល់​ទាំង​ឡាយដែលអាច​កើត​មាន ។

ការ​រៀប​ចំ​សាង​សង់​សារមន្ទីរ កុលាលភាជន៍​អង្គរ នៅ​ភូមិ​តានី តម្រូវ​ឲ្យ​មាន​ចំណាយ​សរុប​ចំនួន ៧៤,៧៦៦ដុល្លារ​អាមេរិក ដែល​ក្នុងនេះ​រដ្ឋា​ភិបាល​ជប៉ុន បាន​ជួយ​ជ្រោម​ជ្រែង​ចំនួន ៣៧,៣៩១ ដុល្លារ​អាមេរិក ។ រាជ​រដ្ឋា​ភិបាល​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ចំណាយ​ថវិកា​បំពេញ​ឲ្យ​គ្រប់​ចំនួន គឺ ៣៧,៣៧៥ ដុល្លារ​អាមេរិក ដោយ​មិន​ទាន់​គិត​ថវិកា​មួយ​ចំនួន​ទៀត សម្រាប់​សង្ហារឹម បរិក្ខារ សម្ភារៈ ឧបករណ៍​ដើម្បី​តាំង​ពិព័រណ៍​ក្នុង​សារមន្ទីរ និង​កិច្ចការ​រៀប​ចំ​ផ្លូវ​ថ្នល់ និង​សួន​នៅ​បរិវេណ​សារមន្ទីរ ។

ការ​គ្រប់​គ្រងឧទ្យាន និង​សារមន្ទីរ នៅ​ភូមិ​តានី

ឧទ្យាន​បុរាណ​វិទ្យា និង​សារមន្ទីរ កុលាលភាជន៍​អង្គរ នៅ​ភូមិ​តានី ដែល​ជា​សាខា​មួយ​នៃ​សារមន្ទីរ​ព្រះនរោត្តម សីហុន-អង្គរ ត្រូវ​គ្រប់​គ្រង​ដោយ​នាយក​ដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទ​ដ្ឋាន​បេតិកភណ្ឌ ដែល​ដឹក​នាំ​ដោយ​លោក​ស្រី ចៅ​ ស៊ុន កិរិយា

លោក ​ អ៊ា ដារិទ្ធ អ្នក​ជំនាញ​ខាងកុលាល​ភាជន៍​ខ្មែរ ដែល​បាន​ធ្វើ​ការ​សិក្សា​ហ្វឹក​ហ្វឺន​នៅ​ប្រទេស​កម្ពុជា និង​ជប៉ុន ជា​អនុរក្ស​សារ​មន្ទីរ ។ លោក​ធ្លាប់​បាន​ចូល​រួម​ក្នុង​កំណាយ​ឡ​បុរាណតានី តាំង​ពី​ឆ្នាំ ១៩៩៦​ មក ។

ក្រុម​អ្នក​ថែ​ទាំ និង​យាម​សារមន្ទីរ សុទ្ធ​តែ​ជ្រើស​រើស​យក​អ្នក​ស្រុក​ក្នុង​ភូមិ​តានី​នេះ ។

ការ​អនុវត្ត​តាម​ដំណាក់កាល

ការអនុវត្តគម្រោង ត្រូវ​រៀបចំ​តាម​ដំណាក់​កាល ដើម្បី​ចង​ភ្ជាប់​នឹង​ការ​អនុវត្ត​គម្រោង​ភូមិ​ធម្មជាតិ រុនតាឯក និង​ដើម្បី​ឲ្យមាន​ពេល​ដក​យក​ការ​ពិសោធ​ពី​ដំណាក់​កាល មុនៗព្រម​ទាំង​ដើម្បី​មានពេល​ប្រមូល​ផ្តុំ​រក​ថវិកាផង​ដែរ ។ ដំណាក់​កាល​មាន​ដូច​ខាង ក្រោម ៖

ដំណាក់​កាល​ទី​១ ៖ សាង​សង់​និង​រៀបចំ​សារមន្ទីរ​កុលាល​ភាជន៍​ក្បែរ​ឡ"ក៦"និង​ការ​បង្ហាញ​ក្រុម​ឡ"ក"និង​"ខ"ដល់​ភ្ញៀវ។

ដំណាក់​កាល​ទី​២ ៖ ការ​រៀប​ចំ​ទីលាន​ទទួល​ភ្ញៀវ រោង​សិប្បកម្ម​កុលាល​ភាជន៍ និង​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍ ព្រម​ទាំង​ការ​បើក​ឡ "ក៦" ដោយ​មាន​ដំបូល​គ្រប​ពីលើ ។

ដំ​ណាក់កាល​ទី​៣ ៖ សាង​សង់​សារមន្ទីរ​មួយ​ខ្នង​ទៀត នៅ​ក្បែរ​ឡ​បុរាណ "ខ១" និង​ការ​ផ្សារ​ភ្ជាប់​ជា​មួយ​ភូមិ​ធម្ម​ជាតិ​រុន​តាឯក ។

ដំណាក់​កាល​ទ៤ ៖ ការ​រៀប​ចំ​ផ្នែក​ខាង​ជើង​បំផុត ដើម្បី​បញ្ចូល​ឡ​ក្រុម​ "គ" "ឃ" និង "ង"​ ក្នុង​ឧទ្យាន​បុរាណ​វិទ្យា​ឲ្យ​បាន​ពេញលេញ ។

ការ​រៀបចំ​ឧទ្យាន​បុរាណ​វិទ្យានៅ​ភូមិ​តានីដែល​យោង​លើ​ឡ​បុរាណ​បែប​នេះជា​សមិទ្ធផល​ទី​មួយ​ហើយ​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើងព្រោះ​រហូត​មក​ដល់​ពេល​នេះគេ​ច្រើន​ផ្តោត​បុរាណ​វិទ្យាទៅ​លើ​តែ​ប្រាង្គ​ប្រាសាទនិង​សិល្បៈ​តែប៉ុណ្ណោះ។នេះ​ជា​ការ​ចាប់​ផ្តើម​នៃ​កម្ម​វិធី​ថ្មី​មួយ​​ដែល​អាជ្ញាធរ​ អប្សរានិង​រាជរដ្ឋា​ភិបាល​បាន​តាក់​តែង​ឡើងដើម្បី​បង្ហាញ​ដល់​សាធារណៈជន​ ជាតិ​និង​អន្តរ​ជាតិឲ្យ​បាន​ស្គាល់​គ្រប់​ជ្រុង​ជ្រោយនៃ​អរិយ​ធម៌​អង្គរ។

ការ​ប្រឹង​ប្រែង​នេះ ជា​ការ​ចូល​រួម​ក្នុង​ការ​ថែ​រក្សា​ការពារ​បេតិកភណ្ឌ និង​ការ​បង្វែរ​ទិស​ដៅ​ទស្សនា នៃ​ទេសចរ​ក៏​ពិត​មែន​ហើយ ក៏​ប៉ុន្តែ​ក៏​ជា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព សម្រាប់​សហគមន៍​មូល​ដ្ឋាន​ដែល​រស់​នៅ​ក្បែរ​ទីតាំង​ប្រវត្តិ​សាស្ត្រ និង​វប្បធម៌​តាំង​ពី​ច្រើន​ជំនាន់​មក​ហើយ ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​ពិត​ប្រាកដ នៃ​ឧទ្យាន​ដែល​មាន​ជីវិត​រស់​រវើក​នោះ​ដែរ ។

ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
6296
ម្សិលមិញ
:
36992
សប្តាហ៍នេះ
:
06296
ខែនេះ
:
0386016
សរុប
:
001888051