ព័ត៌មានថ្មីៗ

អាយស៊ីស៊ី-អង្គរ

បានផ្សាយនៅ ថ្ងៃទី 10 ខែ មេសា ឆ្នាំ2015 05:08 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាយស៊ីស៊ី (ICC) ជាពាក្យកាត់មកពីភាសាអង់គ្លេស International Coordination Committee for the Safeguarding and Development of Historic Site of Angkor ដែលមានន័យជាភាសាខ្មែរថា គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ។

គណៈកម្មាធិការអាយស៊ីស៊ី (ICC) បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មធិការ បេតិកភណ្ឌពិភពលោកពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឲ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)។ សមាជិកនៃអាយស៊ីស៊ី (ICC)  មានចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ ទៀត ចូលរួមជាសមាជិកដែរ។ បណ្តាប្រទេសទាំងនោះមាន៖ ប្រទេសបារាំង អាល្លឺម៉ង់ អូស្ត្រាលី បែលហ្សិក ប៊្រុយណេ កម្ពុជា កាណាដា ដាណឺម៉ាក អេហ្ស៊ីប អេស្ប៉ាញ អាមេរិក រ៉ូស្ស៊ី ក្រិច ហុងគ្រី ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ឡាវ លុចហ្សំបួរ ម៉ាឡេស៊ី ម៉ិចស៊ិច ន័រវែស នូវែលហ្សេឡង់ ហូឡង់ ហ្វីលីពីន ប៉ូឡូញ ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង សាធារណរដ្ឋកូរ៉េ ចិន សិង្ហបុរី សិរីលង្កា ស៊ុយអែត ស្វីស ថៃ ទុយណេស៊ី និងវៀតណាម។ ចំណែកអង្គការអន្តរជាតិមានដូចជា៖ សហភាពអឺរ៉ុប ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការស្បៀងអាហារនិងកសិកម្ម អង្គការមូលនិធិ រូបិយវត្ថុអន្តរជាតិ អង្គការអ៊ីក្រូម អង្គការអ៊ីកូម អង្គការអ៊ីកូម៉ូស អង្គការទេសចរណ៍អន្តរជាតិ អង្គការ SEAMEO/SPAFA អង្គការយូណេស្កូ អង្គការយូអិនឌីភី អង្គការយូអិនវី និងមូលនិធិប្រាង្គប្រាសាទពិភពលោក (WMF)

អាយស៊ីស៊ី (ICC) គឺជាយន្តការអន្តរជាតិសម្របសម្រួលជំនួយដល់ជូនដោយបណ្តាប្រទេស និងអង្គការផ្សេងៗសម្រាប់ការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិអង្គរ។ អាយស៊ីស៊ី (ICC) ជាវេទិកាមួយដែលស្ថាបត្យករ វិស្វករ បុរាណវិទូ អ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេសជំនាញផ្សេងៗគ្នាអាចផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈរបស់ពួកគេសម្រាប់ការ អភិរក្ស និងការអភិវឌ្ឍនៃឧទ្យានអង្គរ។

ភារកិច្ចសំខាន់របស់អាយស៊ីស៊ី (ICC) គឺ ស្រោចស្រង់ អភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានសៀមរាប-អង្គរ។ ICC បានបញ្ចប់ដំណាក់ កាលស្រោចស្រង់អង្គរ ហើយក្នុងរយៈពេល១០ឆ្នាំ(១៩៩៣-២០០៤)។ ដំណាក់កាលនេះគឺការអភិរក្ស និងអភិវឌ្ឍន៍ ប្រកបដោយចីរភាព(២០០៤-បច្ចុប្បន្ន)។ អាយស៊ីស៊ី (ICC) រៀបចំកិច្ចប្រជុំរបស់ខ្លួនពីរដង ក្នុង១ឆ្នាំម្តងជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និងម្តងទៀតគឺកិច្ចប្រជុំបច្ចេកទេស ។ កិច្ចប្រជុំពេញអង្គផ្តោត ទៅលើគោលនយោបាយគ្រប់គ្រង អំពាវនាវសុំជំនួយថវិកា សុពលភាព នៃគម្រោងថ្មី និងការប្រកាសពីគម្រោងថ្មីនៅអង្គរ។ ជាធម្មតាសម័យប្រជុំពេញអង្គ នេះតែង រៀបចំនៅចុងឆ្នាំ។ ចំណែកឯសម័យប្រជុំបច្ចេកទេសតែងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ ហើយអនុញ្ញាតឲ្យអ្នកជំនាញបច្ចេកទេសផ្លាស់ប្តូរ បទពិសោធន៍ របស់ពួកគេ ពិភាក្សាអំពីបញ្ហាបច្ចេកទេស និងជួនកាលស្នើដំណោះស្រាយសម្រាប់បញ្ហាជាក់លាក់។ រាល់សម័យប្រជុំ ទាំងអស់របស់អាយស៊ីស៊ី (ICC) ឯកអគ្គរដ្ឋទូតនៃ ប្រទេសបារាំង និងជប៉ុននៅកម្ពុជាធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ និងផ្តល់ជំនួយហិរញ្ញវត្ថុដែលចាំបាច់ផ្សេងៗ អង្គការយូណេស្កូ ទទួលធ្វើជាលេខាធិការដ្ឋាន និងផ្តល់ចំណាយពាក់ព័ន្ធនឹងបេសកកម្មរបស់ក្រុមអ្នកជំនាញអាដហុក សម្រាប់ការអភិរក្ស។ ចំណែកអាជ្ញាធរជាតិ អប្សរាបានរួមចំណែកតាំងពីឆ្នាំ២០០៦ ផ្តល់ជាជំនួយ ហិរញ្ញវត្ថុក្នុងដំណើរការរបស់គណៈកម្មធិការ ការចំណាយលើបេសកកម្មក្រុមអ្នក ជំនាញអាដហុក និងចំណាយពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំ។ ICC មាន បទបញ្ជា ផ្ទៃក្នុង និងទទួលរបាយការណ៍អំពីគម្រោងវិទ្យាសាស្ត្រ ឬគម្រោងអភិវឌ្ឍដែលត្រូវអនុវត្តនៅក្នុងតំបន់អង្គរ។ ICC ផ្ទៀងផ្ទាត់ មើលឲ្យមានភាពស៊ីសង្វាក់ គ្នារវាង គម្រោងទាំងអស់ ហើយប្រសិនបើចាំបាច់ ICC កំណត់បទដ្ឋានបច្ចេកទេស និងហិរញ្ញវត្ថុ ដែលតម្រូវឲ្យមាន។ តាំងពីឆ្នាំដំបូងគណៈកម្មាធិការ  ICC ឈានមុខគេក្នុងដំណើរការជជែកពិភាក្សាគ្នា បើកចំហយ៉ាងខ្លាំង ក្នុងចំណោមក្រុមបុរាណវិទ្យានិងស្ថាបត្យកម្មនៃបណ្តាប្រទេសផ្សេងគ្នា។

ដោយសារគណៈកម្មាធិការ ICC បានបំពេញការងារយ៉ាងល្អ និងប្រសិទ្ធិភាពនៅអង្គរ ទើបសហគមន៍អន្តរជាតិបានមូលមតិគ្នាយកសកម្មភាព ICC នៅអង្គរជាគំរូ ហើយយកទៅអនុវត្តនៅបណ្តាប្រទេសផ្សេងៗទៀត។ ហេតុដូច្នេះហើយ ICC នៅកម្ពុជាបានភ្ជាប់ពាក្យអង្គរគឺ ICC-អង្គរ ដើម្បីកុំឲ្យច្រឡំនឹង ICC ដែលកំពុងដំណើរការ នៅតាមប្រទេសដទៃទៀត។

សូមទាញរបាយការណ៍របស់ អាយស៊ីស៊ី-អង្គរ៖
ផ្ទាំងព័ត៌មាន អាយស៊ីស៊ី-អង្គរ
របាយការណ៍សកម្មភាព អាយស៊ីស៊ី-អង្គរ
របាយការណ៍រីកចម្រើន អាយស៊ីស៊ី-អង្គរ
របាយការណ៍កិច្ចប្រជុំបច្ចេកទេស អាយស៊ីស៊ី-អង្គរ
របាយការណ៍សម័យប្រជុំពេញអង្គ អាយស៊ីស៊ី-អង្គរ

ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
6273
ម្សិលមិញ
:
36992
សប្តាហ៍នេះ
:
06273
ខែនេះ
:
0385993
សរុប
:
001888028