ព័ត៌មានថ្មីៗ

នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន

បានផ្សាយនៅ ថ្ងៃទី 22 ខែ ឧសភា ឆ្នាំ2015 08:16 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
១. រចនាសម្ព័ន្ធ
បច្ចុប្បន្ននេះ នាយកដ្ឋានទាំងមូលដំណើរការដោយ មន្ត្រីថ្នាក់គ្រប់គ្រងចំនួន០៥នាក់ បុគ្គលិកជំនាញ ធ្វើការនៅតាមការដ្ឋានចំនួន៣៣នាក់ មន្ត្រីបុគ្គលិកប្រចាំការនៅរដ្ឋបាលចំនួន០៦នាក់ អ្នកបើកបរចំនួន០៩នាក់ ភ្នាក់ងារនិងពលករគិតប្រាក់បៀវត្សតាមខែចំនួន៤៦នាក់និងពលករសប្តាហ៍ចំនួន១០៩នាក់ សរុប២០៨នាក់ (ស្រី៤៧នាក់)។

២. សកម្មភាពអនុវត្ត និងលទ្ធផលការងារ
២.១ កិច្ចការព្រៃឈើ
នៅតំបន់រមណីយដ្ឋានអង្គរ ព្រៃឈើមានតួនាទីសំខាន់ណាស់ក្នុងការជួយទប់លំនឹង នឹងបញ្ចៀសមនុស្ស និងប្រាសាទពីគ្រោះធម្មជាតិនានាដែលកើតមាននៅក្នុងតំបន់។

រមណីយដ្ឋានអង្គរ មានផ្ទៃដី៤០.១០០ហត ក្នុងនោះ ឧទ្យានកណ្តាលមានទំហំ៣៥.១០០ហត ឧទ្យានរលួស៣.០០០ហត និងឧទ្យានបន្ទាយស្រី២.០០០ហត។ ក្នុងផ្ទៃដី៤០.១០០ហតនេះមានផ្ទៃដីព្រៃចំនួន ៥.៧៣០ហត។

ក. ការធ្វើសារពើភ័ណ្ឌដើមឈើ
ការធ្វើសារពើភ័ណ្ឌដើមឈើបង្កលក្ខណៈឲ្យយើងក្តាប់បានអំពីទិន្នន័យព្រៃឈើ លទ្ធភាពនៃការវិវត្តរបស់ ព្រៃឈើនិងទិន្នន័យដើមឈើដើម្បីផ្តល់លទ្ធភាពឲ្យយើងរៀបចំវិធានការការពារនិងទប់ស្កាត់រាល់សភាពការណ៍ បានទាន់ពេលវេលា។

យើងបានរៀបចំគម្រោងកំណត់អាទិភាពដើម្បីធ្វើសារពើភ័ណ្ឌព្រៃឈើជាជំហានទី១ លើផ្ទៃដី១៧៤ហត. ក្នុងបរិវេណប្រាសាទចំនួន០៥។ មកទល់ឆ្នាំ២០១៤ យើងធ្វើសារពើភណ្ឌដើមឈើបានសម្រេច១០០ភាគរយ នៅប្រាសាទទាំងប្រាំរួមមាន៖
១.ប្រាសាទព្រះខ័ន លទ្ធផលទទួលបាន ១.៦២៤ដើម មាន ៨៩ប្រភេទ
២.ប្រាសាទតាព្រហ្ម លទ្ធផលទទួលបាន៩៨៦ដើម មាន ៨៤ប្រភេទ
៣.ប្រាសាទបន្ទាយក្តី លទ្ធផលទទួលបាន៤២៨ដើម មាន៥៨ប្រភេទ
៤.ប្រាសាទអង្គរវត្ត ចំនួន ៤១០ដើម មាន៤២ប្រភេទ និង
៥.បរិវេណប្រាសាទតាកែវ បានចំនួនសរុប ៣២១ដើម។

នៅឆមាសទីមួយឆ្នាំ២០១៥ យើងបានបញ្ចប់ការធ្វើសារពើភ័ណ្ឌដើមឈើនៅបរិវេណប្រាសាទចំនួន ០៣ទៀតគឺ៖
១. ប្រាសាទតានៃលទ្ធផលទទួលបាន ៤៩០ដើម មាន៦៧ប្រភេទ
២. ប្រាសាទតាសោមលទ្ធផលទទួលបាន ៧៥៧ដើម មាន ៧៤ប្រភេទ
៣.ប្រាសាទបន្ទាយស្រីលទ្ធផលទទួលបាន ២៧៤ដើម មាន ៥៧ប្រភេទ

ខ. ការងារដាំឈើ
ការចុះស្រាវជ្រាវព្រៃឈើអាចឲ្យយើងដឹងថា តើកន្លែងណាមានព្រៃឈើគ្រប់គ្រាន់ កន្លែងណាមានព្រៃ រិចរិលដែលត្រូវដាំឡើងវិញ តើប្រភេទដើមឈើអ្វីដែលត្រូវដាំដើម្បីធានាបាននូវការអភិវឌ្ឍន៍ និងអភិរក្សព្រៃកុំឲ្យ ឃ្លាតចាកពីទេសភាពដើមនិងតើជ្រុំកូនឈើដុះតាមលក្ខណៈធម្មជាតិមានប៉ុន្មានកន្លែងដែលត្រូវជំរុញថែទាំឲ្យ បានល្អ។ ក្នុងការចុះប្រមូលទិន្នន័យយើងប្រើឧបករណ៍GPS ដើម្បីកំណត់ទីតាំងជាក់ស្តែងនៅលើទីវាល។ ទិន្នន័យនិយាមកា(UTM)ត្រូវបានបញ្ចូលក្នុងកម្មវិធី GIS ដើម្បីផ្ទៀងផ្ទាត់ជាមួយរូបថតពីលើអាកាស សំរាប់ កសាងផែនទីតាមប្លុកនិមួយៗ។

តាមការស្រាវជ្រាវព្រៃឈើដែលដុះជាលក្ខណៈជ្រុំមាន៖ ជ្រុំព្រៃឈើត្រាចនៅតាមផ្លូវការពារភ្លើង(ស្ពានក្រាំងក្រូច)ទំហំ ៥៧.៦៦៧ម (ហាសិបប្រាំពីរពាន់ប្រាំមួយរយហុកសិបប្រាំពីរ) ជ្រុំព្រៃឈើស្នូលនៅក្នុងបរិវេណអង្គរធំទំហំ ១១.៣៩០ម (ដប់មួយពាន់បីរយកៅសិប) ជ្រុំព្រៃឈើទាលនៅចន្លោះផ្លូវ៦៦អា និងផ្លូវកូម៉ៃមានទំហំ ២៦.១៣៦ម (ម្ភៃប្រាំមួយពាន់មួយរយសាមសិបប្រាំមួយ) ជ្រុំព្រៃឈើពពេលនៅខាងត្បូងប្រាសាទបន្ទាយសំរ៉ែទំហំ ៦៦.៩៤១ម (ហុកសិបប្រាំមួយពាន់ប្រាំបួនរយសែសិបមួយ) ជ្រុំព្រៃឈើក្រញូងនៅតាមផ្លូវវង់ធំខាងកើតប្រាសាទនាគព័ន្ធទំហំ ៥.៩៥៤ម (ប្រាំពាន់ប្រាំបួនរយហាសិបបួន) និងជ្រុំព្រៃក្រាយទំហំ ៨.៤៤៦ម(ប្រាំបីពាន់បួនរយសែសិបប្រាំមួយ) នៅខាងកើតប្រាសាទនាគព័ន្ធ។

ក្នុងរយៈពេល០៧ឆ្នាំកន្លះនេះ(ឆ្នាំ២០០៨ដល់ឆមាសទីមួយ ឆ្នាំ២០១៥) យើងបាន៖
-ដាំនិង បំផុសឲ្យដាំកូនឈើក្នុងតំបន់ឧទ្យានអង្គរសរុបបាន ៤៦៤.០០០ដើម ស្មើនឹង ៤៦៤ហត។ ក្នុងនោះមានការដាំឈើនៅមជ្ឃមណ្ឌលអាជ្ញាធរជាតិអប្សរាបានចំនួន ៨.២៣៦ដើម ចែកចាយកូនឈើជូនប្រជាពលរដ្ឋ ស្ថាប័ន និងជូនអង្គភាពនានាសម្រាប់ធ្វើការដាំដុះដោយឥតគិតថ្លៃអស់ចំនួន ១៧៧.៧៥១កូន និង ដាំផ្ទាល់បាន ២៧.៩០១៨ដើម។
-បណ្តុះកូនឈើក្នុង០៣ស្ថានីយសរុបចំនួន ៥២១.៥០០កូន។
-រក្សាពូជគ្រឿងទេសមានស្រាប់ទាំង៧៣មុខឲ្យបានគង់វង្សក្នុងសួនគ្រឿងទេស និងខិតខំស្រាវជ្រាវរកពូជគ្រឿងទេសក្នុងស្រុកដ៏កម្រដែលនៅសេសសល់យកមកដាំក្នុងសួនបន្ថែមទៀត។

គ. ការធ្វើសុវុឌ្ឍិកម្មព្រៃ
ការធ្វើសុវឌ្ឍិកម្មព្រៃឈើសម្រួលឲ្យដើមឈើធំៗ និងដំណុះកូនឈើក្នុងព្រៃលូតលាស់បានល្អ ហើយនំាឲ្យឧទ្យានអង្គរគ្របដណ្តប់ទៅដោយព្រៃស្រោងនាពេលដ៏ខ្លីខាងមុខ។ យើងបានរៀបចំផែនការធ្វើសុវឌ្ឍិកម្ម ព្រៃឈើលើផ្ទៃដីសរុបចំនួន៧៨៨,១១ហ.ត។ មកទល់បច្ចុប្បន្នយើងបានអនុវត្តការងារនេះលើផ្ទៃដីសរុបចំនួន២១៥,៥ហ.តហើយគឺឆ្នាំ២០១០អនុវត្តទៅតាមបណ្តោយផ្លូវ៦៦អាចំនួន៩១,៥ហត ស្មើ ១០០ភាគរយ និងឆ្នាំ២០១២ អនុវត្តតាមផ្លូវវង់តូច និងវង់ធំបាន១២៤ហ.តទៀត ស្មើ១០០ភាគរយ។ យើងគ្រោងអនុវត្តបន្តចំនួន៨៥ហ.តទៀតចាប់ពីចន្លោះកែងផ្លូវកូម៉ៃ និងផ្លូវវង់តូច។

ឃ. ការធ្វើផ្លូវការពារភ្លើងឆេះព្រៃក្នុងតំបន់ឧទ្យានអង្គរ
ក្នុងតំបន់ឧទ្យានអង្គរផ្លូវភ្លើងបង្ការ ទប់ស្កាត់ និងការពារព្រៃឈើពីភ្លើងឆេះព្រៃ។ កន្លងមកយើងធ្វើផ្លូវភ្លើង បានចំនូន២២ខ្សែ ប្រវែង២៦.១៤៩ម ស្មើនឹង១០៦.៦៣៦ម២ (ឆ្នាំ២០០៩ ធ្វើបានចំនួន១១ខ្សែ ប្រវែង៩.១៤៨ម ស្មើនឹង៣៨.៦៣២ម និងឆ្នាំ២០១០ធ្វើបានចំនួន១១ខ្សែ ប្រវែង១៧.០០១ម ស្មើនឹង៦៨.០០៤ម ហើយបានធ្វើការថែទាំដើម្បីកុំឲ្យមានព្រៃដុះឡើងវិញដែលនាំឲ្យបាត់បង់សុវត្ថិភាពព្រៃឈើក្នុងតំបន់ឧទ្យានអង្គរ។

ផ្លូវភ្លើងនៅតំបន់អង្គរ៖
-ជារនាំងធានាសុវត្តិភាពព្រៃឈើក្នុងតំបន់ឲ្យចាកផុតពីភ្លើងឆេះព្រៃ។
-បង្កការងាយស្រួលឲ្យរថយន្តពន្លត់អគ្គីភ័យបើកចេញចូលជួយធ្វើអន្តរាគមន៍បានទាន់ពេលវេលា នៅពេលមានភ្លើងឆេះព្រៃ។
-ជារនាំងទប់ស្កាត់ការរានទន្រ្ទានព្រៃយកដីធ្វើកម្មសិទ្ធផ្ទាល់ខ្លួនពីសំណាក់ជនខិលខូចមួយចំនួនតូចថែមទៀតផង។

៣. ការការពារ និងអភិរក្សទេសភាពវប្បធម៌
ព្រៃឈើនៅតំបន់ឧទ្យានអង្គររួមជាមួយប្រាសាទនានា និងប្រជាពលរដ្ឋដែលរស់នៅក្នុងទីនោះបង្កើត បានជាទេសភាពមួយប្រកបដោយអច្ឆរិយៈភាពគួរជា ទីមោទនៈនៃប្រជាជនខ្មែរគ្រប់រូប។ ក្នុងករណីនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន មានភារៈកិច្ចការពារ និងអភិរក្សទេសភាពខាង លើដោយទទួលខុសត្រូវខ្ពស់ចំពោះមុខអាជ្ញាធរអប្សរាក្នុងការរក្សាទេសភាពនេះឲ្យនៅគង់វង់តាមសភាពដើម។ ក្នុងភារៈកិច្ចស្នូលនេះ នាយដ្ឋានទទួលបានកិច្ចសហការ ពីនាយកដ្ឋានដ៏ទៃទៀតដែលពាក់ព័ន្ធពីអាជ្ញាធរដែនដី និងជាពិសេសពីប្រជាសហគមន៍ដែលកាន់តែមានការយល់ដឹងតាមរយៈការផ្សព្វផ្សាយរបស់យើង។

ទន្ទឹមគ្នានេះ យើងក៏មានភារៈកិច្ចត្រូវការពារសុវត្ថិភាពជូនភ្ញៀវទេសចរ និងប្រាសាទ/រចនាសម្ព័ន្ធប្រាសាទផងដែរ។ដើម្បីឆ្លើយតបទៅនឹងបញ្ហាខាងលើ យើងបានការពារនិងអភិរក្សព្រៃឈើ។ ប៉ុន្តែពេលខ្លះយើង ក៏ត្រូវធ្វើការកាប់ដកហូតយកដើមឈើដែលមានហានិភ័យខ្ពស់ឬ រលំដួលចេញរួមទាំង កាត់ក្រីមែកឈើ និងព្យាបាលដើមឈើដែលមានជម្ងឺ។

៣.១ ចុះស្រង់ទិន្នន័យដើមឈើមានហានិភ័យគ្រប់កំរិត
ការស្រង់ទិន្នន័យដើមឈើមានហានិភ័យគ្រប់កំរិតនៅតាមទីតាំងសរុបទាំងអស់ចំនួន ៣៣ រួមមាន៖ ប្រាសាទបន្ទាយក្តី ប្រាសាទតាសោម ប្រាសាទក្រវ៉ាន់ ប្រាសាទតានៃ ប្រាសាទបក្សីចាំក្រុង ប្រាសាទ តាកែវ ប្រាសាទតាព្រហ្ម ប្រាសាទភិមានអាកាស ប្រាសាទមេបុណ្យខាងកើត ប្រាសាទប្រែរូប ប្រាសាទបាតជុំ ប្រាសាទព្រះខ័ន ប្រាសាទបាភួន ប្រាសាទអង្គរវត្ត ប្រាសាទនាគព័ន្ធ ប្រាសាទព្រះគោ ប្រាសាទលលៃ ប្រាសាទបាយ័ន ប្រាសាទភ្នំបាខែង កំពែងអង្គរធំ ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ ប្រាសាទ ឃ្លាំងជើង ប្រាសាទឃ្លាំងត្បូង ប្រាសាទតុបលិច ប្រាសាទតុបកើត ប្រាសាទព្រះភិធូរ ប្រាសាទសួរព្រ័ត ប្រាសាទព្រះវិហារប្រាំពីរល្វែង ប្រាសាទព្រះប៉ាលិល័យ ប្រាសាទបន្ទាយស្រី និងប្រាសាទបាគង បានចំនួន ២០.៧០៦ដើម ក្នុងនោះដើមឈើដែលមានហានិភ័យខ្លាំងមានចំនួន ៨.៨៩៩ដើម និង ធម្មតាមានចំនួន ១១.៨០៧ដើម។

៣.២ ការងារកាប់ដកហូតយកដើមឈើចេញ
ក្រុមការងារយើងបានកាប់ដកហូតដើមឈើងាប់ រស់ និងរលំដួល បានចំនួន ២.៦០៦ដើម នៅតាម បណ្តាប្រាសាទនានាក្នុងតំបន់ឧទ្យាន សាលារៀន វត្តអារាម ផ្លូវសាធារណៈ។ល។

៣.៣ ការងារកាត់ក្រីមែកឈើ
ក្រុមការងារយើងកាត់ក្រីមែកនៃដើមឈើបានចំនួន ២.៥៩០ដើម នៅតាមបណ្តាប្រាសាទនានាក្នុងតំបន់ឧទ្យាន សាលារៀន វត្តអារាម។ល។ និងកាត់ក្រីធាងត្នោតបានចំនួន៧៣ដើម(នៅមុខប្រាសាទអង្គរវត្តខាងលិច៦៣ដើម និងនៅប្រាសាទបាយ័ន១០ដើម)។

៣.៤ ការងារព្យាបាលជម្ងឺដើមឈើ
ក្រុមការងាររបស់យើងព្យាបាលជម្ងឺដើមឈើបានចំនួន ១.៥៩១ដើម នៅតាមទីតាំងសរុបទាំងអស់ចំនួន ២៤ រួមមាន៖ ប្រាសាទតាព្រហ្ម ប្រាសាទក្រោលគោ ប្រាសាទព្រះខ័ន ប្រាសាទអង្គរវត្ត ប្រាសាទតានៃប្រាសាទតាកែវ ប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ ប្រាសាទតានៃ ប្រាសាទបក្សីចាំក្រុង ប្រាសាទភិមានអាកាស ប្រាសាទប៉ាលិល័យ ប្រាសាទបន្ទាយក្តី ពីផ្សារយាងធំទៅបាយ័ន ស្រះស្រង់ទៅប្រាសាទប្រែរូប ប្រាសាទប្រែរូប ប្រាសាទប្រែរូបទៅប្រាសាទមេបុណ្យ ពីប្រាសាទមេបុណ្យទៅប្រាសាទតាសោម ពីមុខប្រាសាទអង្គរវត្តខាងកើតទៅប្រាសាទក្រវ៉ាន់ ប្រាសាទតាសោម ប្រាសាទកោសក់ ប្រាសាទបន្ទាយស្រី ប្រាសាទអង្គរវត្ត ចាប់ពីចំបក់កំណប់ទៅដល់មុខអង្គរវត្តខាងលិច និង មុខប្រាសាទអង្គរវត្តខាងកើត។

៤. ការទប់ស្កាត់បទល្មើសព្រៃឈើ
១-យើងបានធ្វើការផ្សព្វផ្សាយនិង អប់រំចំណេះដឹងស្តីពីអនាម័យបរិស្ថាន និងសារៈសំខាន់ដែលព្រៃឈើក្នុងតំបន់អង្គរបានផ្តល់ដល់ មនុស្ស និងប្រាសាទ ប្រគេន/ជូន ព្រះសង្ឃ ប្រជាពលរដ្ឋ អាជីវករ និងសិស្សសាលាដោយផ្ទាល់ និងតាមរយៈប៉ាណូ(ចំនួន៨៩លើកដែលមានអ្នកចូលរួមចំនួន៤.៤០៣នាក់)។

២-យើងបង្ការនិងទប់ស្កាត់បទល្មើសព្រៃឈើបានចំនួន ២០៣លើក។ ជាមធ្យមយើងបានបង្ការនិងទប់ ស្កាត់បទល្មើសព្រៃឈើបានចំនួនចំនួន ២៧លើកក្នុងមួយឆ្នាំៗ។ បច្ចុប្បន្ននេះបទល្មើសព្រៃឈើនៅក្នុងតំបន់អង្គរត្រូវបានទប់ស្កាត់ស្ទើរតែទាំងស្រុងហើយ លើកលែងតែការលួចកាប់អុសដុតបន្តិចបន្តួចប៉ុណ្ណោះ។

៣-ក្រុមភ្នាក់ងារអភិរក្សព្រៃឈើរបស់យើងបានធ្វើការយាមកាម និងដើរល្បាត(១.៤៣២លើក)យ៉ាងហ្មត់ចត់ជាប្រចាំ។ ពួកគេបានទទួលការបំប៉នបន្ថែមជាញឹកញាប់អំពីបទបញ្ញត្តិនានាដែលពាក់ព័ន្ធ ដោយរួមទាំងបានបំពាក់ជាប់ជានិច្ចនូវស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការអនុវត្តភារៈកិច្ចផង។

ដោយសារការខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តរបស់ មន្ត្រីថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក ភ្នាក់ងារ និងកម្មកររបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន យើងសង្កេតឃើញថា ទំហំព្រៃឈើក្នុងតំបន់ឧទ្យានអង្គរមានការកើនឡើងជាលំដាប់។

៥. កិច្ចសហការជាមួយដៃគូបរទេស
ក្នុងកិច្ចដំណើរការកន្លងមក នាយកដ្ឋាននូវបានសហការជាមួយដៃគូបរទេសរួមមាន៖
១-កិច្ចសហការជាមួយអង្គការសម្ព័ន្ធសត្វព្រៃ (WILDLIFE ALLIANCE) ដែលបានផ្តល់សត្វទោច ញីឈ្មោលចំនួនពីរគូជូននាយកដ្ឋាន ដើម្បីចិញ្ចឹមនៅក្នុងព្រៃនៃរមណីយដ្ឋានអង្គរ ស្របតាមទឹសដៅរបស់ អនុក្រឹត្យលេខ៥០អនក្រ.បកស្តីពីការ«ចូលរួមអភិរក្សសត្វ និងរុក្ខជាតិក្នុងតំបន់សៀមរាប-អង្គរ»។

បច្ចុប្បន្ននេះ សត្វទោចគូទីមួយ(ឈ្មោលឈ្មោះសារាយ ញីឈ្មោះសារានិក)ដែលត្រូវបានលែងកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៣ កំពុងរស់នៅប្រកបដោយសុវត្ថិភាពក្នុងព្រៃនៃប្រាសាទតានៃ។ ពួកគេមានកូនមួយហើយ។

សត្វទោចគូទីពីរ(ឈ្មោលឈ្មោះបាយ័ន ញីឈ្មោះទេវី) ដែលត្រូវបានលែងកាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៥បន្ទាប់ពីបានចិញ្ចឹមផ្សាំងក្នុងទ្រុងអស់រយៈពេល១១ខែមកនោះ ក៏កំពុងរស់នៅដោយសុខសាន្តនៅក្នុងព្រៃម្តុំខ្លោងទ្វារខ្មោច ក្រោមការយកចិត្តទុកដាក់ថែទាំខ្ពស់ពីនាយកដ្ឋានសាមីដោយសហការជាមួយអង្គការសម្ព័ន្ធសត្វព្រៃ។

២-កិច្ចសហការជាមួយសាកលវិទ្យាល័យ ស៊ីដនី តាមរយៈការប្រទានសិទ្ធិជូន ឯកឧត្តម ឈរ ថាណាត អគ្គនាយករងអាជ្ញាធរអប្សរាតំណាងឲ្យអាជ្ញាធរអប្សរា ដើម្បីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីគំរោងស្រាវជ្រាវរចនាសម្ព័ន្ធនៃព្រៃឈើក្នុងឧទ្យានអង្គរ ជាមួយ លោក Damian Evans តំណាងឲ្យសាកលវិទ្យាល័យ ស៊ីដនី។

ក្នុងកិច្ចសហការនេះយើងបាន៖
-វាស់វែងប៉ារ៉ាម៉ែតដើមឈើមាន កំពស់ អង្កត់ផ្ចិត ដែលទាក់ទងនិងប៉ារ៉ាម៉ែតទិន្នន័យ Lidar ដែលមានស្រាប់។
-បណ្តុះបណ្តាលបុគ្គលិកបច្ចេកទេសរបស់នាយកដ្ឋានព្រៃឈើ
-បណ្តុះបណ្តាលបុគ្គលិកបច្ចេកទេសរបស់នាយកដ្ឋានព្រៃឈើដើម្បីប្រើប្រាស់ទិន្នន័យ Lidar សម្រាប់ការសិក្សាព្រៃឈើ។

៣-កិច្ចសហការជាមួយសាកលវិទ្យាល័យ Colorado Boulder ដើម្បីស្រាវជ្រាវពីអេកូឡូស៊ីរបស់ប្រភេទស្វាកន្ទុយវែងតាមរយៈអនុស្សារណៈយោគយល់ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥។ ក្នុងកិច្ចសហការនេះ យើងបានអនុវត្តការងាររួមគ្នាចំនួនពីរដំណាក់កាលហើយគឺលើកទីមួយពីថ្ងៃទី០៩ ដល់ទី ១៥ ខែមិថុនា ឆ្នាំ២០១៥ និងលើកទីពីរពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៥។ កិច្ចសហការនេះនិងនៅមានធ្វើជាបន្តទៅទៀត។

៤-កិច្ចសហការជាមួយអង្គការ Global Strategy for Plant Conservation(GSPC) ដោយមាន លោក និន ចាន់សាមៀន ជាជនបង្គោល បានចូលរួមក្នុងសិក្ខាសាលារៀបចំដោយអង្គការនេះចំនួនបីវគ្គរួចមកហើយរួមមាន៖

-វគ្គទីមួយនៅឈៀងម៉ៃ (២៣ ដល់ ២៤ កញ្ញា ២០១០) លើប្រធានបទ Global Strategy for Plant Conservation ដើម្បីបង្កើតឡើងនូវចំណេះដឹងនិងអត្ថប្រយោជន៍នៃយុទ្ធសាស្ត្ររួមក្នុងការអភិរក្សរុក្ខជាតិ ពិភាក្សាអំពីលទ្ធភាពនៃស្ថាប័នថ្នាក់តំបន់/ជាតិរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍ដើម្បីសំរេចយុទ្ធសាស្ត្ររួមនៃការអភិរក្សរុក្ខជាតិ ស្តាប់បទបង្ហាញនៃបណ្តាប្រទេសដែលមានសួនបូតានិកដើម្បីឈានទៅរៀបចំសកម្មភាពជាក់ស្តែងសំរាប់ឲ្យសំរេចបាននូវគោលដៅជាយុទ្ធសាស្ត្រក្នុងការអភិរក្សរុក្ខជាតិ និងជំរុញឲ្យបានខ្លាំងក្លានូវគំនិតរបស់សហគមន៍ និងសំរបសំរួលបណ្តាញកសាងសួនបូតានិកក្នុងបណ្តាប្រទេសជាសមាជិកនៅអាស៊ីអាគ្នេយ៍។

-វគ្គទីពីរនៅ Jinghong ប្រទេសចិន (១៤ ដល់ ១៩ វិច្ឆិកា ២០១១) ពាក់ព័ន្ធការចូលរួមប្រជុំលើកទីបួនរបស់គណកម្មការសួនបូតានិកអាស៊ីអាគ្នេយ៍។ គោលបំណងនៃការប្រជុំគឺ ស្វែងយល់ពីការកកើតនិងទស្សនៈនៃការបង្កើតសួន ស្វែងយល់ពីរចនាសម្ព័ន្ធគ្រប់គ្រងសួន ស្វែងយល់ពីការអភិរក្សរុក្ខជាតិ ការធ្វើ E-Taxonomy និងការវិភាគ DNA របស់រុក្ខជាតិ និងការចែករំលែកបទពិសោធន៍ចំណេះដឹង និងព័ត៌មានទាំងឡាយទាក់ទងរុក្ខជាតិនៅអាស៊ីអាគ្នេយ៍។

-វគ្គទីបីនៅឈៀងម៉ៃ (១៤ ដល់ ១៨ សីហា ២០១៤) ពាក់ព័ន្ធ «The Regional Meeting on ZINGBERACEAE»។ ចំណែកវគ្គទីបួននឹងប្រព្រឹត្តិចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៥ លើប្រធានបទ «The 7th International Symposium on the Family ZINGBERACEAE: Gingers for life»

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2515
ម្សិលមិញ
:
5895
សប្តាហ៍នេះ
:
14066
ខែនេះ
:
0116938
សរុប
:
004221674