ព័ត៌មានថ្មីៗ

អង្គរវត្ដ

បានផ្សាយនៅ ថ្ងៃទី 18 ខែ ឧសភា ឆ្នាំ2015 05:53 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្នុងចំ​ណោម​បុរាណ​ដ្ឋាន​ទាំង​អស់ អង្គរ​វត្ត​ជា​ប្រាសាទ​ដែល​ធំ​ ហើយ​ត្រចះ​ត្រចង់​ជាង​គេ ។ ប្រាសាទ​នេះសាង​ឡើង​នៅ​សតវត្ស​ទី​១២ ក្នុង​រាជ​ព្រះ​បាទ​សូរ្យវរ្ម័នទី២ ហើយ​សន្មត​នៅ​ជំនាន់​នោះថា​ជា​លំនៅ​ដ្ឋាន​ព្រះ​នារាយណ៍ ។​ គេ​ប៉ាន់​ស្មាន​ថា​ប្រហែល​ជា​ចំណាយ​ពេល​ប្រមាណ ៣០ ឆ្នាំ ទើប​កសាង​អង្គរវត្ត​ហើយ​ជា​ស្ថាពរ ។

នៅសម័យ ​កណ្តាល ជាពិសេស​នៅ​សតវត្ស​ទី ១៦ អង្គរ​វត្ត​ កាល​នោះ​មាន​ឈ្មោះថា​ ព្រះពិស្ណុលោក ពោលគឺ​យក​តាម​មរណៈនាម​នៃ​ព្រះ​បាទ​សូរ្យវរ្ម័នទី២ ក្លាយ​ទៅ​ជា​បូជនីយដ្ឋាន​ដែល​ពុទ្ធ​សាសនិក​ជាតិ និង​អន្តរជាតិ​មក​សំពះ ។ សព្វ​ថ្ងៃ​នេះ​ ខ្មែរ​ទាំង​មូល​សន្មត​អង្គរ​វត្ត ឬ​អង្គរតូច ថាជានិមិត្ត​រូប​នៃ​ជាតិ​របស់​ខ្លួន ។

ក្នុង​បរិវេណ​ប្រាសាទ

រោងទង ​មួយជុំ​នេះ​​ មាន​ចម្លាក់ដែល​និទាន​រឿងខុសៗ​គ្នា ។ ខ្លះ​មាន​លក្ខណៈ​ជា​ប្រវត្តិ​សាស្ត្រ ខ្លះ​ទៀត​ជា​រឿង​រាមកេរ្តិ៍ និង​មហា​ភារត​ជាដើម ។​ ជា​ទូទៅ​ផ្ទាំង​ជញ្ជាំង​ទាំង​នេះ​ឆ្លាក់​ឡើង​នៅ​ក្នុងរាជ្យដែល​កំពុង​សាង និង​ក្រោយ​ពេល​ដែល​ព្រះ​រាជា​សុគត​បន្តិច ពោល​គឺ​នៅ​ក្នុង​សតវត្ស​ទី ១២ លើក​លែង​តែ​ជ្រុងឦសាន ដែល​ទុក​ចំហ​កាល​ពី​ជំនាន់​សាង​ប្រាសាទ ។

លុះដល់ ​សតវត្ស​ទី​ ១៦ ទើប​ជ្រុងនេះ​ត្រូវ​ឆ្លាក់​ជា​បង្ហើយ ។ បើ​ពិនិត្យ​បន្តិចទៅ​ក៏​អាច​ឃើញ​ថា​ទឹក​ដៃ​ឆ្លាក់​ថ្មនៅ​ពេល​ក្រោយ​នេះ​ ចុះ​អន់​ជាង​មុន​បន្តិច​ដែរ ។ តទៅ​នេះគឺ​ជា​រឿង​ផ្សេងៗ ៖

១. ចម្បាំង​ស្លាប់​រង្គាល​រវាង​ពួក​បាណ្ឌវ និង​ពួក​កោរព​នៅ​កុរុក្សត្រ ។
២. ចម្បាំង​រំឮក​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្រ្ត​ជំនាន់​ព្រះ​បាទ​សូរ្យវរ្ម័ន​ទី​២។
៣. សួគ៌ និង​នរក ។ សោយ​សុខនិង​រងទុក្ខ​តាម​កម្រិត​អំពើ​បុណ្យ​និង​បាបដែល​បាន​សាង​ពី​ជាតិ​មុន។
៤. កូរ​សមុទ្រ​ទឹក​ដោះ (ទេពចំហៀង​ខាង​ជើង និង អសុរៈ​ ចំហៀង​ខាង​ត្បូង) ។
៥. ជ័យជំនះ​នៃ​ព្រះ​នារាយណ៍លើ​ពួក​អសុរៈ។
៦. ជ័យជំនះ​នៃ​ព្រះគ្រឹស្ណ អវតានៃ​ព្រះ​នារាយណ៍ ទៅ​លើបាណ្ឍៈ ។
៧.​ ទេព​ផ្សេងៗ​ធ្វើ​ការ​ប្រយុទ្ធ ។
៨. ចម្បាំង​នៅ​កោះ​លង្កា ។







ព្រះពាន់

ឈ្មោះ ​ព្រះពាន់​ ដែល​សំដៅ​ជាន់​ទី​២​នៃ​ប្រាសាទ​អង្គរ​វត្ត​កើត​ឡើង​ពី​សម័យ​កណ្ដាល ពោល​គឺ​នៅ​ពេល​ដែល​ប្រាសាទ​នេះ​ក្លាយ​ទៅ​ជា​បូជនីយ​ដ្ឋាន​ដ៏​សំខាន់​មួយ​នៃ​ ព្រះ​ពុទ្ធ​សាសនា​នៅ​អាស៊ី ។ នៅ​ទី​នេះ​ពុទ្ធ​សាសនិក​បាន​សាង​ព្រះ​ពុទ្ធ​រូប​ជា​ច្រើន ឆ្លាក់​អំពី​ថ្ម ឬ​ឈើ ឬ​សិត​ជា​លោហធាតុ​មក​តម្កល់​ទុក​សម្រាប់​បូជា ទើប​អ្នក​ស្រុក​ហៅថា ព្រះពាន់ ។

បដិមា ​ទាំង​នោះ​ ខ្លះ​ស្ថិត​នៅ​ទីនោះ​នៅ​ឡើយ ខ្លះ​រក្សា​ទុក​នៅ​អភិរក្ស​ដ្ឋាន​អង្គរ ឬ​តាំង​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​ជាដើម ។ ឯ​មួយ​ភាគ​ធំ​ត្រូវ​ខូច​ខាត​បាត់​បង់​ដោយ​ប្រការ​ផ្សេងៗ ។ ឯ​ក្នុង​ទស្សនៈសិល្បៈវិញ គេ​អាច​ស្ទើរ​តែ​ពោល​ថា នៅ​សម័យ​កណ្ដាល ពុទ្ធ​បដិមា​នៅ​អង្គរ​វត្ត​ មាន​រចនា​បទ ឬ​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន ។ សិលា​ចារឹក​ទាំង​៤១ ដែល​មាន​នៅ​អង្គរវត្ត ភាគ​ច្រើន​ស្ថិត​នៅ​សសរ​ស្ដម្ភនៃ​ព្រះពាន់​នេះ ។ អក្សរ​ថ្ម​ទាំង​អស់​បាន​ចារ​ឡើង​​ចាប់​ពី​សតវត្ស​ទី ១៦ ដល់​ដើម​សតវត្ស​ទី​១៨ ។

ឯ ​សេចក្តី​ទាំង​អម្បាល​មាណ​ ច្រើន​ទាក់ទង​នឹង​អំពើ​កុសល មាន​ការ​ប្រោស​ខ្ញុំ​ជាដើម ។ ម្ចាស់​បុណ្យ​ទាំងនេះ​តែង​តែ​ធ្វើ​សច្ចា​ប្រណិធាន ថា​ខ្លួន​ពោល​ពាក្យ​ពិត ព្រម​ទាំងលុះ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។ ព្រះ​ញាតិវង្ស​ក៏មាន​ទុក​សិលា​ចារឹក​សំខាន់​ៗ​នៅ​ទីនោះ​ដែរ ។

រី ​គោល​បំណង​នៃ​ការ​ចារ មាន​ដូច​គ្នាពោល​គឺ​អធិដ្ឋាន​ប្រកាស​ជា​​ឱឡារិកនូវ​សទ្ធា​របស់​ខ្លួន ។ អាស្រ័យ​ហេតុនេះ​ គេ​អាច​យល់​អំពី​ជំនឿ​និង​កិច្ច​ប្រតិបត្តិ​ផ្សេងៗ​ច្រើន នៃ​ថេរ​វាទ​ខ្មែរ​ជំនាន់​នោះ ។ ឯ​សំណេរ​ជា​ភាសា​ផ្សេងៗ​ទៀត​នៅ​សម័យ​កណ្ដាល​ក៏​មាន​ដែរ ដូច​ជា​ភាសា​ភូមា​និង​ជប៉ុន​​ជាដើម ។

បាកាន

កាល ​ដើម​ឡើយ​តួ​ប៉ម​កណ្ដាល ជាកំពូល​ ហៅ​ថា​បាកាណ ។ តួ​ប៉ម​នេះ​ចំហ​ទៅ​គ្រប់​ទិស​ទាំង​បួន​ ហើយ​​ប្រហែល​ជា​មាន​តម្កល់​បដិមា​ព្រះ​នារាយណ៍ ។ ក្រោយ​មក​ពេល​ដែល​ប្រាសាទ​អង្គរ​វត្ត​ បាន​ក្លាយ​ទៅ​ជា​បូជនីយដ្ឋាន​ព្រះ​ពុទ្ធ​សាសនា ហើយ​មាន​កិត្តិយស​ខ្ចរខ្ចាយ​ខ្លាំង ពោល​គឺ​ចាប់​ពី​សតវត្ស​ទី​១៦ គេ​បាន​​ខ្ទប់​ទ្វារ​ទាំង​បួន​នោះ​ដោយ​ជញ្ជាំង​ថ្ម ហើយ​សាង​ព្រះ​ពុទ្ធ​រូប​ទ្រង់​ឈរ​នៅ​គ្រប់ទិស ។ ប៉ុន្តែ​ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ បុរាណវិទូ​បាន​ចោះ​បើក​ជញ្ចាំង​ខាង​ត្បូងនៅ​ឆ្នាំ ១៩០៨ ។ នៅ​ឆ្នាំ ១៩៣៤-៣៥ គេ​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​លំអិត ហើយ​ប្រទះ​ឃើញ​បុរាណ​វត្ថុ​ផ្សេងៗ ។ អណ្ដូង​នៃ​តួ​ប៉ម​បុរាណ​នេះ មាន​ជម្រៅ​ដល់​ទៅ​ ២៥ ម៉ែត្រ គេបាន​ឃើញ​សន្លឹក​មាសមូល​ពីរ ជា​វត្ថុ​សក្ការៈ​ដែលគេ​បញ្ចុះ​សម្រាប់​អង្គរវត្ត​ទាំង​មូល ។ ដោយ​យក​សិលា​ចារឹក​សម័យ​កណ្ដាល​មក​ពិនិត្យ​ល្អិតល្អន់​ទៅ អ្នក​ស្រាវ​ជ្រាវ​ខ្លះ​យល់​ថាប្រហែល​ជា​ព្រះបាទ​សត្ថា ដែលខ្ទប់​ជញ្ជាំង ហើយ​ឆ្លាក់​ព្រះពុទ្ធ​រូប​ទាំង​បួន​នោះ ។

មតិ ​ខ្លះ​សន្និដ្ឋាន​ថា ប្រាង្គបាកាណ​នេះមាន​ន័យ​ឬ​និមិត្តរូប​ដូច​ស្តូប ឬព្រះ​ចេតីយដែរ ។ នៅ​ទី​នេះ ព្រះ​ពុទ្ធអង្គទាំង​បួននៃអតីត និងបច្ចុប្បន្ន បែរ​ព្រះ​ភក្រ្ត​មក​គ្រប់​ទិស​ទាំង​បួន​ ហើយ​ឃុំ​គ្រង​ព្រះស្តូប ដែល​ប្រៀប​បាន​នឹង​គភ៌​ដែល​កំពុង​ផ្ទុក​ព្រះស្រី​អារ្យមេត្រីយ៍ ពោល​គឺ​ព្រះ​ពុទ្ធអង្គ​ដែល​នឹង​ត្រាស់​ទៅ​អនាគត​ ។
ដំបូង ​ជា​ប្រាសាទ​ព្រហ្មញ្ញ​សាសនា និយម​ព្រះនារាយណ៍ អង្គរ​វត្ត​ក្លាយ​ជា​មណ្ឌល​មួយ​ធំ​ក្រៃ​លែង​នៃ​ព្រះ​ពុទ្ធ​សាសនា​ថេរវាទ ។ គឺ​ក្នុង​សន្ទុះ​នេះ​ហើយ​ដែល​បូជនីយដ្ឋាន​ដទៃ​ទៀត​នៅ​កម្ពុជា​ទាំង​មូល​ ដើរ​ស្រប​ក្នុង​ពេល​ជំនាន់​ជាមួយ​គ្នា​នៅ​ក្នុង​គន្លង​នេះ​ដែរ ។

អង្គរវត្ត​នា​ពេល​បច្ចុប្បន្ន

តាំងពី ​ប្រទេស​កម្ពុជា​ចាប់​ផ្តើម​ប្រើ​ទង់​ជាតិ​ពេល​ណា​ តែងតែ​មាន​រូប​ប្រាសាទ​អង្គរ​វត្ត​នៅ​លើ​ជា​និច្ច ។ នេះ​ស​ឲ្យ​ឃើញ​ថា​អង្គរ​វត្ត​ជា​ព្រលឹង​នៃ​ជាតិ​ខ្មែរ ពោល​គឺ​ជាតិ​ខ្មែរ​ដែល​ធ្លាប់​មាន​អារ្យធម៌​ខ្ពង់​ខ្ពស់ ។​ ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ១៩៩២ មក អង្គរវត្ត​ព្រម​ទាំង​រមណីយដ្ឋាន​ដទៃ​ទៀត​នៅ​អង្គរ បាន​ទទួល​ចំណាត់​ថ្នាក់​ជា​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ ។

នេះ ​ជា​កិត្តិយស​មួយ​ចំពោះ​ប្រជាជន​ខ្មែរ ហើយនេះ​ក៏​ជាកាតព្វកិច្ច​ធំណាស់​ ត្បិត​ខ្មែរ​ទាំង​អស់​ទទួល​ការ​ខុស​ត្រូវលើ​បេតិកភណ្ឌនេះ មិន​ត្រឹម​តែ​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ ដូនតានិង​កូន​ចៅ​ខ្លួន​ទៅ​អនាគត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ​ទៀតផង ។






ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
7355
ម្សិលមិញ
:
8231
សប្តាហ៍នេះ
:
33215
ខែនេះ
:
0165690
សរុប
:
003557469