ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាស្វាគមន៍គ្រប់ស្ថាប័នដើម្បីចូលរួមដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ2020 07:23 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងធនាគារ CIMB បានរៀបចំពិធីដាំកូនឈើចំនួន ១,៥០០ដើម នៅបរិវេណប្រាសាទបន្ទាយក្ដី ក្រោមប្រធានបទ «យើងដាំ យើងចំណាំ យើងថែរក្សា ប្រាង្គប្រាសាទដែលជាបេតិកភណ្ឌមនុស្សជាតិ»។ ក្នុងពិធីនៅពេលនោះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក្នុងនាមឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្ដែងអារម្មណ៍រីករាយ និងរំពឹងថា ស្ថាប័នសាធារណៈពាក់ព័ន្ធនិងស្ថាប័នឯកជនដទៃទៀត នឹងបន្តចូលរួមកាន់តែច្រើនក្នុងការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ ព្រោះថា កិច្ចការថែទាំបេតិកភណ្ឌមិនមែនជាភារកិច្ចអាជ្ញាធរជាតិអប្សរាតែម្នាក់ឯងនោះទេ ប៉ុន្តែជាភារកិច្ចសម្រាប់កូនខ្មែរគ្រប់រូប។ មានវត្តមានក្នុងពិធីនោះ រួមមានឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក ប៊ុន យីម នាយកប្រតិបត្តិនៃធនាគារ CIMB ឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមមេធាវីអាជ្ញាធរជាតិអប្សរា ព្រមទាំងព្រះសង្ឃ បុគ្គលិកធនាគារ CIMB និងមន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរាសរុបទាំងអស់ប្រមាណជាង៦០០ អង្គ/នាក់។

លោក ឡុង កុសល បានបន្តលើកទឹកចិត្តដល់សាធារណជន ស្ថាប័នរដ្ឋ និងឯកជននានា ដែលមានបំណងរៀបចំពិធីដាំកូនឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរួមចំណែកលើកិច្ចការអភិរក្សប្រាង្គប្រាសាទក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ព្រោះព្រៃឈើបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការការពារ និងអភិរក្សបាង្គប្រាសាទ។

បន្ថែមពីនេះ លោក ឡុង កុសល ក៏បានជម្រាបជូនអំពីគម្រោង «ដើមឈើខ្ញុំ នៅអង្គរ» ដែលគ្រោងនឹងរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ក្នុងស្មារតីលើកទឹកចិត្តសាធារណជនគ្រប់រូប មានចំណែកអភិរក្សប្រាសាទបុរាណខ្មែរតាមរយៈការដាំកូនឈើក្រោមរូបភាព ចូលរួមធ្វើ ចូលរួមគិត និងចូលរួមថែរក្សា។

គួរបញ្ជាក់ថា កូនឈើដែលដាំក្នុងពិធីខាងលើសរុបចំនួន ១,៥០០ ដើម ដែលរួមមាន គ្រញូង ៣០០ដើម ធ្នង់ ២០៥ដើម បេង ១០០ដើម នាងនួន ២០ដើម ស្រឡៅ ១៥០ដើម ឈើទាល ៣០០ដើម កកោះ ៥០ដើម ពពាល ៥០ដើម និងសុគ្រំ ៥០ដើម៕
























អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន, ជា វណ្ណៈ
ព្នៅ ជាប្រភេទរុក្ខជាតិបុរាណខ្មែរ ហើយមានសារប្រយោជន៍ច្រើនមុខ ទាំងសម្រាប់បរិភោគ និងជាឱសថផង លើសពីនេះ វាជារុក្ខជាតិដែលត្រូវបានលើកតម្កើងទាំងពិធីសាសនា និងកិច្ចពិធីផ្សេងៗក្នុងសាសនាព្រាហ្មណ៍។ ដោយយល់ពីសារប្រយោជន៍ ក៏ដូចជាដើម្បីអភិរក្សពូជដើមព្នៅកុំឱ្យបាត់បង់ អាជ្ញាធរជាតិអប្សរា មានគម្រោងរៀបចំជាចម្ការព្នៅ ដោយដាំពូជព្នៅចម្រុះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយៗបានស្គាល់ផង។
ក្រោមស្នាដៃជួសជុលដោយកូនខ្មែរនិងបរទេសក្នុងការអភិរក្សប្រាសាទភ្នំបាខែងឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិប្រាសាទពិភពលោក (World Monument Fund) តាំងពីឆ្នាំ២០០៧ បានធ្វើការអភិរក្ស ជួសជុល ប្រាសាទភ្នំបាខែង ដោយប្រែស្ថានភាពពីចាស់ទ្រុឌទ្រោម បាក់បែក មកជាសំណង់ប្រាសាទដែលមានភាពរឹងមាំ សោភ័ណភាពស្អាត និងទាក់ទាញទេសចរ។
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ មន្រ្តី និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា រួមមាននាយកដ្ឋានផ្សព្វផ្សាយ នាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានចូលរួមជាមួយព្រះសង្ឃ និងកម្លាំងនគរបាលបេតិកភណ្ឌ ដាំកូនឈើចំនួន៥០០ដើម នៅក្នុងបរិវេណវត្តតាំងតុ ស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅខ្លោងទ្វារជ័យ នៃក្រុងអង្គរធំ។
តាមរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ខែកញ្ញា ឆ្នាំ២០២០នេះ ក្រុមការងារ បានចុះពិនិត្យនិងជួយសម្រួលលក្ខណៈបច្ចេកទេសដល់ប្រជាពលរដ្ឋដែលសាងសង់លំនៅដ្ឋានចំនួន៣០៩គ្រួសារ នៅក្នុងតំបន់អង្គរ។
ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត។ ព្រះអង្គមានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង។
ដើមដំបូងមុន12345...347348បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
2951
ម្សិលមិញ
:
5746
សប្តាហ៍នេះ
:
83376
ខែនេះ
:
0239457
សរុប
:
012747046