ព័ត៌មានថ្មីៗ

បំណែកបដិមាព្រះសិវៈរាំចំនួន១០០០០បំណែកត្រូវបានចាប់ផ្តើមផ្គុំរូបរាងឡើងវិញ!

បានផ្សាយនៅ ថ្ងៃទី 05 ខែ សីហា ឆ្នាំ2019 02:14 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

បដិមាព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពីប្រាសាទក្រហមនៅកោះកេរ នាស.វ.ទី១០នៃគ.ស. ស្ថិតក្នុងសភាពបាក់បែកចំនួន១០០០០បំណែក បច្ចុប្បន្នកំពុងត្រូវបានក្រុមអ្នកជំនាញនៃអភិរក្សដ្ឋានអង្គរ សហការជាមួយអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា សារៈមន្ទីរជាតិភ្នំពេញ និងសាលាបារាំងចុងបូព៌ាធ្វើការជួសជុលផ្គុំរូបរាងឡើងវិញតាមទម្រង់ដើម។

ភាពខ្ទេចខ្ទាំរាងកាយរាប់ម៉ឺនបំណែកនៃទេពអង្គនេះ បណ្តាលមកពីកត្តាធម្មជាតិនៃអាយុកាល ភាពវឹកវរនៃសង្គ្រាមស៊ីវិល និងពួកឈ្មួញទុច្ចរិតមួយចំនួនឆ្លៀតឱកាសស្រុកទេសគ្មានសុខសន្តិភាព ក៏បានអារកាត់ព្រះសិរយកទៅជួញដូរ ហើយវាយបំបែករូបរាងកាយដែលពុកផុយឱ្យបែកខ្ទេច គួរឱ្យសង្វេគបុរាណវត្ថុដ៏ធំនេះក្រៃ។

ទាក់ទងនឹងការប្រមូលបំណែកនៃព្រះសិវៈរាំមកធ្វើការអភិរក្សឡើងវិញ គឺនៅឆ្នាំ២០១២ សាលាបារាំងចុងបូព៌ា បានសហការជាមួយអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានធ្វើកំណាយស្រាវជ្រាវរួមគ្នាដើម្បីប្រមូលនូវបំណែកនៃព្រះសិវៈរាំដែលសេសសល់ពីការបំផ្លាញទាំងក្នុងដីខ្លះ និងគរលើដីលាយឡំនឹងបំណែកឥដ្ឋខ្លះ មករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក៏ប៉ុន្តែដោយសារនៅទីនោះមានការលំបាកក្នុងការជួសជុល ក៏បានផ្ទេរមកអភិរក្សដ្ឋានអង្គរវិញ។ ក្នុងការជួសជុលនេះ ក៏បានយកបំណែកដៃចំនួន៥ និងព្រះភក្ត្រចំនួនពីរមកពីសារមន្ទីរជាតិភ្នំពេញដែលបារាំងបានយកទៅរក្សាទុកនៅឆ្នាំ១៩៦០ ដើម្បីផ្គុំឱ្យចេញរូបរាងដើមវិញ។

ចំពោះដំណើរការជួសជុល លោក ឆាន់ ចំរើន អនុប្រធាននាយកដ្ឋានគាំពារ និងអភិរក្ស សំណង់បុរាណនៃក្រសួងវប្បធម៌បានឱ្យដឹងថា មកដល់ពេលនេះការជួលជុលនិងផ្គុំបំណែកបដិមាព្រះសិវៈរាំ បានដំណើរការជាង២ខែមកហើយ ដោយក្រុមអ្នកជំនាញបច្ចេកទេសខ្មែរមកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា និងសារមន្ទីរជាតិភ្នំពេញ។ ជាលទ្ធផល យើងផ្គុំបានផ្នែកទ្រូង ការព្យាបាលពង្រឹងថ្មដែលពុកផុយខ្លះ រួមទាំងផ្នែកផ្សេងៗទៀត។ ក្នុងនោះដែរក៏ជាការសោកស្តាយ ដែលព្រះភក្ត្រចំនួនបីត្រូវបានបាត់បង់ ហើយក្រុមការងារក៏កំពុងពិចារណាថាគួរបំពេញបន្ថែម និងប្រើថ្មថ្មីក្នុងកម្រិតណាក្នុងការបំពេញនៅកន្លែងបាត់បង់ផ្នែកផ្សេងទៀត។

លោក ចំរើន បន្តទៀតថា ក្នុងការអនុវត្តការងារយើងមិនទាន់ហ៊ានកំណត់ពីវេលាសម្រេចទេ ព្រោះមានការលំបាកខ្លាំងដោយសារបំណែករូបមានដល់ទៅមួយម៉ឺនដុំទាំងតូចធំ ដែលបំណែកខ្លះតូចពិបាកក្នុងការផ្គុំ ត្រូវការពេលវេលាច្រើនក្នុងការយកថ្មមកភ្ជាប់ឱ្យត្រូវគ្នា កន្លែងខ្លះមានស្នាមមុខដាប់ ច្រើន ឯថ្មខ្លះទ្រុឌទ្រោមខ្លាំងត្រូវការព្យាបាលនិងពង្រឹង។ ចំពោះការផ្គុំឱ្យចេញជារូបរាង គឺផ្គុំពីសាច់ក្នុងមកក្រៅ ដែលទាមទារការយកចិត្តទុកដាក់ អត់ធ្មត់ ពេលវេលា ការស្រឡាញ់ ទើបអាចធ្វើបានសម្រេច។

អ្នកជំនាញរូបនេះ បានប្តេជ្ញាថា មិនថាមានការលំបាកយ៉ាងណានោះទេ ក៏នឹងបំពេញកិច្ចការនេះឱ្យបានសម្រេច និងសំណូមពរឱ្យកូនខ្មែរគ្រប់រូបរួមគ្នាថែរក្សា ការពារ ស្វែងយល់ពីរតនៈវត្ថុរបស់យើង ដោយមិនពឹងតែលើអ្នកជំនាញតែមួយមុខ។ ចំពោះការប្រឹងប្រែងផ្គុំរូបសិវៈទោលធំ ក្នុងសភាពបែកខ្ទេចដូច្នេះ ក៏ព្រោះចង់រក្សាអ្វីជាបុរាណ ទាំងស្នាដៃ និងបច្ចេកទេសធ្វើរបស់ដូនតាខ្មែរតាំងពីស.វ.ទី១០ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ឱ្យកូនចៅ អ្នកស្រាវជ្រាវជំនាន់ក្រោយបានឃើញ៕






















អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
កែសម្រួល៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក រដ្ឋ ផល្លីន, លោក ហ៊ុំ រិទ្ធី
កម្មវិធីសម្ដែងសិល្បៈ «រាត្រីចងចាំ» ដើម្បីអបអរខួបមួយឆ្នាំក្នុងការចុះបញ្ជីល្ខោនខោលចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ឆ្នាំ២០១៨-២៨ វិច្ឆិកា ឆ្នាំ២០១៩ នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប មន្រ្តីអាជ្ញាធរជាតិអប្សរា ព្រមទាំងមហាជនជាទេសចរជាតិ-អន្ដរជាតិ ចូលរួមទស្សនាយ៉ាងច្រើនកុះករ។
រយៈពេល០៩ថ្ងៃហើយ ដែលមជ្ឈមណ្ឌលបណ្តុះ បណ្តាលនៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាល អ្នកបន្តវេនបច្ចេកទេសជួសជុល អភិរក្ស និងស្រាវជ្រាវប្រាសាទបុរាណ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មក។
ប្រតិភូសមាជិកបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមនិងបច្ចេកវិទ្យានៃប្រទេសវៀតណាម លោក NGUYEN GIANG HAI បានចូលរួមធ្វើបាឋកថាស្ដីពី «វិស័យស្រាវជ្រាវបុរាណវិទ្យានិងការរកឃើញថ្មីៗនៅប្រទេសវៀតណាម» ដែលបានចែករំលែកចំណេះដឹងទាក់ទងនឹងវិស័យបុរាណវិទ្យាដល់មន្រ្តី បុគ្គលិក និងសាធារណជន ដែលសរុបប្រមាណ៥០នាក់។
វត្តរាជបូណ៌ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តដទៃទៀត ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ អារាមនេះមានព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក ហើយប្រហែលជាសាងសង់ឡើងក្នុងរាជ្យព្រះបាទនរោត្តម។
យោងតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាក្នុងអំឡុងខែតុលា ឆ្នាំ២០១៩នេះ ក្រុមការងារបានជួយសង្រ្គោះភ្ញៀវទេសចរដែលរងរបួសចំនួន១០ករណី ក្នុងនោះមាន រអិលឬជំពប់ជើងដួល គ្រិច ថ្លោះដៃជើង ខ្យល់គរ ដួលសន្លប់ និងចុកពោះ ជាដើមបាន។ បញ្ហាទាំងនេះកើតឡើងដោយសារភ្ញៀវខ្លះមានការធ្វេសប្រហែស និងមិនគោរពតាមការណែនាំ ឬផ្លាកសញ្ញាហាមឃាត់ និងបញ្ហាសុខភាពផ្ទាល់ខ្លួន។
ដើមដំបូងមុន12345...271272បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
6504
ម្សិលមិញ
:
21159
សប្តាហ៍នេះ
:
90161
ខែនេះ
:
0101342
សរុប
:
009570099