ព័ត៌មានថ្មីៗ

កម្មវិធីអប់រំបេតិកភណ្ឌក្នុងតំបន់អង្គរបង្កើនការយល់ដឹងនិងក្តីស្រឡាញ់របស់យុវជនចំពោះមរតកវប្បធម៌ជាតិកាន់តែខ្លាំង!

បានផ្សាយនៅ ថ្ងៃទី 06 ខែ សីហា ឆ្នាំ2018 02:07 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្នុងដំណើរការអស់រយៈពេល៣ខែកន្លងមកនេះ កម្មវិធីអប់រំយុវជនបេតិកភណ្ឌអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយនឹងអង្គការគាំពារកេរ្តិ៍មរតក មជ្ឈមណ្ឌលយុវជនជាតិកម្ពុជា និងវិស័យឯកជន បានផ្លាស់ប្តូរឥរិយាបថ ផ្នត់គំនិត ក្តីស្រឡាញ់ដល់យុវជនស្ម័គ្រចិត្តក្នុងវិស័យនេះគួរឱ្យកត់សម្គាល់។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រាសាទបាតជុំ នាថ្ងៃទី០៦ សីហា ២០១៨ ដើម្បីរៀនអំពីការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណនិងរបៀបនៃការគូសប្លង់បាតប្រាសាទ លោក អ៊ុក សុធា នាយកមជ្ឈមណ្ឌលយុវជនជាតិកម្ពុជារបស់ក្រសួងអប់រំ យុជន និងកីឡា បានលើកឡើងថា ការងារអប់រំបេតិកភណ្ឌជាផ្នែកមួយដែលក្រសួងបានយកចិត្តទុកដាក់ដល់ក្មេងៗ ពិសេសនៅខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍សម្បូរប្រាង្គប្រាសាទ។ គោលដៅគឺដើម្បីតម្រង់ទិសសិក្សានិងផ្តល់ចំណេះដឹងបេតិកភណ្ឌវប្បធម៌ដល់ពួកគេ ឱ្យយល់ដឹងពីសម្បត្តិបេតិកភណ្ឌជាតិ ឱ្យចូលរួម និងយកចំណេះដឹងទៅបម្រើសេដ្ឋកិច្ចគ្រួសាររបស់ពួកគេនាអនាគត។ តាមការសង្កេតរបស់លោកកន្លងមក ការអប់រំនេះបានផ្លាស់ប្តូរឥរិយាបទរបស់ក្មេងៗពីការមិនដឹងអ្វីទាំងអស់ មកជាដឹង ហើយស្រឡាញ់ ចូលចិត្ត និងលះបង់ពេលវេលាដើម្បីចូលរួម ទោះបីជិតឆ្ងាយ និងមានការជំរុញពីមាតាបិតាពួកគេជាខ្លាំងផងដែរ។

លោក ខៀវ ច័ន្ទ គ្រូឧទ្ទេសនៃគម្រោងអប់រំបេតិកភណ្ឌរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នៅក្នុងខែទី៣នេះ យើងបានបង្រៀនយុវសិស្សស្ម័គ្រចិត្តអំពីទ្រឹស្តីនិងការអនុវត្តជាក់ស្តែងលើការចុះបញ្ជីសារពើភណ្ឌវត្ថុបុរាណនិងរបៀបនៃការគូសប្លង់បាតប្រាសាទ។ កិច្ចការនេះ ធ្វើឡើងដើម្បីបង្កើនចំណេះដឹងក្នុងការសង្កេត ការគូសប្លង់ កត់ត្រារបាយការណ៍យ៉ាងលម្អិតទៅលើអ្វីដែលពួកគេបានឃើញ និងចេះពីរបៀបវាស់វែងប្រាសាទឱ្យបានច្បាស់លាស់ ជាជំនួយក្នុងការសិក្សាស្រាវជ្រាវបានល្អប្រសើរ។

យុវជន ម៉ម ម៉ាច ជាសិស្សថ្នាក់ទី១១A នៃវិទ្យាល័យនគរធំ បានចាប់អារម្មណ៍ថា ក្រោយចូលជាយុវជនបេតិកភណ្ឌ គឺខ្លួនបានយល់ដឹងច្រើនមរតកវប្បធម៌ជាតិ ពិសេសការស្រាវជ្រាវដោយផ្ទាល់នៅតាមភូមិសាស្ត្រ មានប្រាសាទបន្ទាយក្តីនិងឡតានី។ ក្រៅពីនោះក៏ចេះពីរបៀបសាកសួរព័ត៌មានក្នុងពិធីបុណ្យផ្សេងៗ ការចងក្រងព័ត៌មាន និងបានយល់ដឹងច្បាស់ពីពិធីបុណ្យនិងប្រវត្តិសាស្ត្រនៃប្រាសាទដែលធ្លាប់ដឹងពីមុនមិនសូវច្បាស់។

យុវតី គឹម នឹង មកពីវិទ្យាល័យនគរធំដែរនោះ បានឱ្យដឹងថា មូលហេតុដែលចូលជាយុវជនបេតិកភណ្ឌ គឺព្រោះចង់យល់ដឹងពីសម្បត្តិដូនតានិងពិធីផ្សេងៗដែលនៅសេសសល់ក្នុងតំបន់អង្គរ ហើយក៏ចង់ចេះចង់ដឹងខ្លួនឯងផង។ ក្នុងការសិក្សានេះ គឺមានការលំបាកបន្តិចពេលរៀនទ្រឹស្តី វាស្មុគ្រស្មាញ តែពេលអនុវត្តមិនជាលំបាកទេ។ បើប្រៀបធៀបកាលពីមុននិងក្រោយពេលចូលជាយុវជនបេតិកភណ្ឌ គឺប្លែកជាខ្លាំងសម្រាប់ប្អូន ព្រោះកាលពីមុនពេលចូលប្រាសាទ គឺមិនដឹងមើលអ្វីឡើយ ហើយក៏មិនស្គាល់ថាវត្ថុនៅក្នុងប្រាសាទគេធ្វើតំណាងឱ្យអ្វី ហើយពេលក្នុងភូមិស្រុកធ្វើពិធីបុណ្យអ្វីមួយក៏សូវចាប់អារម្មណ៍ដែរ តែពេលនេះទាំងពេលចូលប្រាសាទនិងមានពិធីបុណ្យក្នុងភូមិ គឺតែងតែចាប់អារម្មណ៍ថាមានអ្វីដែលសំខាន់ គេធ្វើដើម្បីអ្វី មានតាំងពីពេលណា វាសំខាន់បែបម៉េចក្នុងការរស់នៅនិងមនុស្សជាតិ៕










ប្រាសាទបេងមាលា បើទោះបីស្ថិតនៅឆ្ងាយពីតំបន់អង្គរ ហើយមានការបែកបាក់ច្រើន ក៏ប៉ុន្តែនូវទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិលើស្ថាបត្យកម្មសំណង់ ទេសភាព ពិសេសស្ពានឈើសម្រាប់ដើរទស្សនាប្រាសាទ។
នាព្រឹកថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចូលរួមព្រះរាជពិធីគោរពព្រះបរមវិញ្ញាណក្ខន្ធអតីតព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ ចំពោះការយាងចូលទីវង្គត់គម្រប់៦ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។
ឆ្លងកាត់ជីវិតសិក្សា បទពិសោធន៍ការងារផ្នែកបុរាណវិទ្យា និងការស្រាវជ្រាវជាង២០ឆ្នាំជាមួយស្ថាប័នជាតិ-អន្តរជាតិ លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា ត្រូវបានសកលវិទ្យាល័យ CORNELL សហរដ្ឋអាមេរិក អញ្ជើញឱ្យទៅសហការបង្រៀនជាមួយសាស្ត្រាចារ្យ Kaja McGowan រយៈពេល១ឆមាស ចាប់ពីថ្ងៃទី១ សីហា ដល់២៤ ធ្នូ ឆ្នាំ២០១៨។
ដើម្បីពង្រីកវិសាលភាពនៃរមណីយដ្ឋានអង្គរលើឆាកអន្តរជាតិ តាមរយៈការចងសម្ពន្ធភាពជាមួយរមណីយដ្ឋានផ្សេងៗលើសកលលោក នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ អាជ្ញាធរអប្សរាបានសម្រេចុះអនុស្សារណៈនៃការយោគយល់គ្នាមួយជាមួយឧទ្យានណាយហ្គារ៉ា នៃប្រទេសកាណាដា។ អនុស្សារណៈនេះធ្វើឡើងស្របគ្នានឹងពិធីប្រកាសសម្ពោធស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងតូរ៉ុនតូនៃប្រទេសកាណាដា ក្នុងន័យរឹតចំណងភាពជាបងប្អូននៃរមណីយដ្ឋានពិភពលោកទាំងពីរគឺ រមណីយដ្ឋានអង្គរ និងឧទ្យានណាយហ្គារ៉ា ដើម្បីស្វែងរកកិច្ចសហការរួមគ្នា លើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍នៃរមណីយដ្ឋានទាំងពីរ។
ដើមដំបូងមុន12345...179180បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
0432
ម្សិលមិញ
:
4597
សប្តាហ៍នេះ
:
00432
ខែនេះ
:
0057124
សរុប
:
007311555