ព័ត៌មានថ្មីៗ

ពិធីបិទគម្រោងអប់រំបេតិកភណ្ឌសម្រាប់កុមារប្រចាំឆ្នាំ២០១៨នៅបន្ទាយឆ្មារ

បានផ្សាយនៅ ថ្ងៃទី 27 ខែ មិថុនា ឆ្នាំ2018 06:45 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គម្រោងអប់រំបេតិកភណ្ឌកុមារប្រចាំឆ្នាំ២០១៨ នៅបន្ទាយឆ្មារ បានបិទបញ្ចប់កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកជំទាវ ប៉ុក ណាឌី អភិបាលរង តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក យឹម សារារិទិ្ធ អគ្គនាយករងបេតិកភណ្ឌ តំណាងលោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងអាជ្ញាធរជាតិអប្សរា រួមទាំងមន្ទីរ ស្ថាប័នពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន២៦០នាក់។

លោក អ៊ុន មុណីនីតា នាយកប្រតិបត្តិនៃអង្គការគាំពារកេរមរតក បានជម្រាបថា៖ ឆ្នាំ២០១៨ គឺជាឆ្នាំទី៤នៃកម្មវិធីអប់រំបេតិកភណ្ឌសម្រាប់កុមារ ដែលមានកុមារចូលរួមសរុបចំនួន១៧០នាក់ ចាប់ពីថ្នាក់ទី៥និងថ្នាក់ទី៦ មានអាយុចន្លោះពី១០ទៅ១៥ឆ្នាំ ហើយកុមារម្នាក់ៗអាចទទួលបានការបណ្ដុះបណ្ដាលក្នុងកម្មវិធីអប់រំនេះចំនួន២ឆ្នាំ មុននឹងបន្តទៅសិក្សាថ្នាក់អនុវិទ្យាល័យ។ សរុប៤ឆ្នាំមកនេះ កម្មវិធីបានបណ្ដុះចំណេះដឹងនិងបណ្ដុះគំនិតដល់កុមារបានចំនួន៣៦៥នាក់ ឱ្យចេះស្រឡាញ់បេតិកភណ្ឌ និងចូលរួមថែរក្សាមរតកវប្បធម៌ដូនតារបស់ខ្លួនបានយ៉ាងល្អ។

លោក អ៊ឹម សុខរិទ្ធី សមាជិកក្រុមប្រឹក្សាភិបាលអង្គការគាំពារកេរមរតកនិងជាអនុប្រធានក្រុមការងារអប់រំបេតិកភណ្ឌនៅអង្គរនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងពីគោលបំណងនៃគម្រោង គឺដើម្បីឱ្យកុមារដែលកើតនិងរស់នៅក្នុងតំបន់រមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រ បានយល់ដឹងនូវកេរមរតកវប្បធ៌មរបស់ខ្លួន ព្រមទាំងបណ្ដុះគំនិតកុមារឱ្យជ្រួតជ្រាបពីតម្លៃមរតកវប្បធម៌ឱ្យចេះស្រឡាញ់ ចេះថែរក្សាការពារ។ ជាពិសេស កុមារទាំងនេះអាចធ្វើជាអ្នកស្នងតំណរនៅសហគមន៍របស់ខ្លួនលើវិស័យថែរក្សាការពារ និងគ្រប់គ្រងកេរមរតកវប្បធ៌មនាពេលអនាគត។

លោកបន្តថា មេរៀននិងសកម្មភាពសិក្សា រៀបចំដោយក្រុមគ្រូបង្រៀនដែលបង្រៀននៅមហាវិទ្យាល័យជិត២០ឆ្នាំមកហើយ និងអ្នកស្រាវជ្រាវផ្នែកសង្គមវប្បធម៌ នរវិទ្យា និងបុរាណវិទ្យា។ ការបង្រៀនម្តងៗ ក៏មានអញ្ជើញលោកគ្រូ អ្នកគ្រូ ចូលរួមស្តាប់ឱ្យបានជ្រួតជ្រាបអំពីមូលដ្ឋានគ្រឹះនៃបេតិកភណ្ឌវប្បធម៌ និងការចូលរួមរបស់សហគមន៍ចំពោះការថែរក្សា-ការពារបេតិកភណ្ឌវប្បធម៌ជាមុនសិន ដើម្បីឱ្យងាយស្រួលក្នុងការជួយជំរុញកុមារសិក្សាតាមគោលការណ៍ណែនាំ និងតម្រូវការនៃកម្មវិធីនេះ។

ចំពោះការអប់រំបេតិកភណ្ឌ គឺមានទាំងក្នុងថ្នាក់ ទាំងក្រៅថ្នាក់ ដោយបញ្ជូនកុមារឱ្យចុះសិក្សាតាមរមណីយដ្ឋាននានាក្នុងតំបន់ និងនៅសារមន្ទីរខេត្តបន្ទាយមានជ័យ ព្រមទាំងឱ្យកុមាររៀនអានសៀវភៅនិទានសម្រាប់កុមារដូចជា៖ រឿង “មនុស្សនិងផ្នូរបុរាណ” និងរឿង “វាចាថ្ម” ដែលជាប្រភេទរឿងនិទានទាក់ទងការរួមគ្នារបស់សហគមន៍ជួយគ្នាថែរក្សាការពារ ទប់ស្កាត់ការបំផ្លិចបំផ្លាញ ការជីកកកាយ និងការជួញដូរវត្ថុបុរាណ ព្រមទាំងឱ្យកុមារចេះគូរគំនូរ និងផាត់ពណ៌ជាដើម។

ការអប់រំនេះ ក៏ជំរុញឱ្យកុមារយល់ពីទម្រង់ផ្សេងៗគ្នានៃបេតិកភណ្ឌទាំងមរតករូបី និងមរតកអរូបី យល់ពីតម្លៃ និងសារៈសំខាន់ៗនៃបេតិកភណ្ឌវប្បធម៌ ឱ្យកុមារចេះពិចារណាលើបញ្ហាទាក់ទងនឹងការជីកកកាយ ការលួចវត្ថុបុរាណ ការបំផ្លិចបំផ្លាញទីតាំងបុរាណដ្ឋាន ឬការឈូសឆាយទីទួលបុរាណធ្វើស្រែចំការ ឬភាពមិនអើពើររបស់សហគមន៍ចំពោះស្ថានីយ៏វប្បធ៌ម-ប្រវត្តិសាស្ត្រ ព្រមទាំងឱ្យកុមារចេះលើកឡើងនូវការថែរក្សាការពារដើម្បីទុកជាផលប្រយោជន៍រួមក្នុងសហគមន៍ និងអាចទទួលបានចំណូលជាប្រចាំតាមរយៈវិស័យទេសចរណ៍វប្បធម៌នាពេលអនាគត។

សូមបញ្ជាក់ថា កម្មវិធីនេះកើតឡើងបានដោយមានការអនុញ្ញាតនិងការជួយជ្រោមជ្រែងគាំទ្រយ៉ាងសកម្មពីសាលាខេត្តបន្ទាយមានជ័យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មន្ទីរអប់រំខេត្ត គម្រោងអប់រំបេតិកភណ្ឌសម្រាប់កុមារដែលផ្តួចផ្តើមទ្បើងដោយអង្គការគាំពារកេរមរតក (Heritage Watch) និងក្រុមស្រាវជ្រាវផ្លូវបុរាណរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមអនុវត្តគម្រោង នៅសាលាបឋមសិក្សាបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចាប់ពីឆ្នាំ២០១៥។

ពិសេសជាងឆ្នាំមុន ឆ្នាំនេះក៏មានសប្បុរសជនខ្មែរនៃក្រុមយុវជននៅសៀមរាប (ភ្នាក់ងារឯកជន) មាន៖ ជាងបាក់វណ្ណហុង ថេមផលគ្រុប ម៉េម៉រនិងស្ប៉ា បានជួយឧបត្ថម្ភជាជំនួយសម្ភារៈសិក្សា រៀបចំអាហារទទួលសម្រាប់កម្មវិធីបិទនេះ ផ្តល់កាបូបស្ពាយចំនួន២០ដល់សិស្សវិទ្យាល័យ និងកង់ចំនួន១០ដល់សិស្សបឋមសិក្សាដែលខ្វះខាតនិងរៀនពូកែ។ នេះជាសញ្ញាវិជ្ជមានខ្លាំង ដែលខ្មែរចាប់ផ្តើមជួយខ្មែរលើវិស័យអប់រំនិងការពារបេតិកភណ្ឌ ហើយជាទីគួរឱ្យមានមោទនៈខ្លាំង ដែលក្រុមយុវជននេះ ក៏បាននិងកំពុងរួមចំណែកដល់ការងារអប់រំបេតិកភណ្ឌនៅអង្គរផងដែរ៕
















ប្រាសាទបេងមាលា បើទោះបីស្ថិតនៅឆ្ងាយពីតំបន់អង្គរ ហើយមានការបែកបាក់ច្រើន ក៏ប៉ុន្តែនូវទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិលើស្ថាបត្យកម្មសំណង់ ទេសភាព ពិសេសស្ពានឈើសម្រាប់ដើរទស្សនាប្រាសាទ។
នាព្រឹកថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចូលរួមព្រះរាជពិធីគោរពព្រះបរមវិញ្ញាណក្ខន្ធអតីតព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ ចំពោះការយាងចូលទីវង្គត់គម្រប់៦ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។
ឆ្លងកាត់ជីវិតសិក្សា បទពិសោធន៍ការងារផ្នែកបុរាណវិទ្យា និងការស្រាវជ្រាវជាង២០ឆ្នាំជាមួយស្ថាប័នជាតិ-អន្តរជាតិ លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា ត្រូវបានសកលវិទ្យាល័យ CORNELL សហរដ្ឋអាមេរិក អញ្ជើញឱ្យទៅសហការបង្រៀនជាមួយសាស្ត្រាចារ្យ Kaja McGowan រយៈពេល១ឆមាស ចាប់ពីថ្ងៃទី១ សីហា ដល់២៤ ធ្នូ ឆ្នាំ២០១៨។
ដើម្បីពង្រីកវិសាលភាពនៃរមណីយដ្ឋានអង្គរលើឆាកអន្តរជាតិ តាមរយៈការចងសម្ពន្ធភាពជាមួយរមណីយដ្ឋានផ្សេងៗលើសកលលោក នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ អាជ្ញាធរអប្សរាបានសម្រេចុះអនុស្សារណៈនៃការយោគយល់គ្នាមួយជាមួយឧទ្យានណាយហ្គារ៉ា នៃប្រទេសកាណាដា។ អនុស្សារណៈនេះធ្វើឡើងស្របគ្នានឹងពិធីប្រកាសសម្ពោធស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងតូរ៉ុនតូនៃប្រទេសកាណាដា ក្នុងន័យរឹតចំណងភាពជាបងប្អូននៃរមណីយដ្ឋានពិភពលោកទាំងពីរគឺ រមណីយដ្ឋានអង្គរ និងឧទ្យានណាយហ្គារ៉ា ដើម្បីស្វែងរកកិច្ចសហការរួមគ្នា លើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍នៃរមណីយដ្ឋានទាំងពីរ។
ដើមដំបូងមុន12345...179180បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
2333
ម្សិលមិញ
:
2673
សប្តាហ៍នេះ
:
10183
ខែនេះ
:
0041843
សរុប
:
007296274