ព័ត៌មានថ្មីៗ

មន្ត្រីជំនាញគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌបង្ហាញអារម្មណ៍ទាំងភ្ញាក់ផ្អើល និងងឿងឆ្ងល់លើដំណើរការគ្រប់គ្រងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 09 ខែ កុម្ភៈ ឆ្នាំ2018 09:05 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

មន្ត្រីជំនាញផ្នែកគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌ ដែលមកពីបណ្តាប្រទេសផ្សេងៗចំនួន១៧ ក្នុងកិច្ចប្រជុំស្តីពី និរន្តរភាព និងការគ្រប់គ្រងទេសចរណ៍ក្នុងរមណីយដ្ឋានបុរាណវិទ្យា និងបេតិកភណ្ឌ បានបង្ហាញការយល់ឃើញផ្សេងៗគ្នាលើដំណើរការគ្រប់គ្រងរមណីយដ្ឋានអង្គរ ក្រោយពីបានស្តាប់បទបង្ហាញ ពិភាក្សាផ្លាស់ប្តូរយោបល់ និងចុះបំពេញទស្សនកិច្ចសិក្សានៅទីតាំងសំខាន់ៗមួយចំនួននៃរមណីយដ្ឋានអង្គរ។

ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលជាថ្ងៃទី៣នៃសិក្ខាសាលា មន្ត្រីជំនាញបានចំណាយពេលពេញមួយថ្ងៃ ដើម្បីចុះធ្វើកម្មសិក្សានៅទីតាំងសំខាន់ៗក្នុងតំបន់អង្គរដូចជា បញ្ជរលក់សំបុត្រទស្សនាអង្គរ ការរៀបចំលំហូរភ្ញៀវនៅរួតបាកាណ ការរៀបចំមណ្ឌលបដិសណ្ឋារកិច្ចនៅប្រាសាទបន្ទាយស្រី ការរៀបចំភូមិធម្មជាតិរុនតាឯក និងការរៀបចំលំហូរទេសចរណ៍នៅលើប្រាសាទភ្នំបាខែង។

ក្រោយបញ្ចប់កម្មសិក្សានេះ លោក Aufa Syahrizal Sarkomi ដែលជាមន្ត្រីរៀបគ្រប់គ្រងតំបន់ទេសចរណ៍ គុហាHarimauនៃប្រទេសឥណ្ឌូណេស៊ី បញ្ជាក់ថា លោកពិតជាកោតសរសើរនូវការរៀបចំលំហូរទេសចរណ៍នៅអង្គរ ជាពិសេស គឺការអាចកំណត់ចំនួនភ្ញៀវឡើង-ចុះ ក្នុងការទស្សនារួតបាកាណ និងភ្នំបាខែង។ លោកបន្ថែមថា ក្រុមការងារលោកនឹងយកគំនិតនេះជូនថ្នាក់ដាក់ដឹកនាំ ដើម្បីរៀបចំនូវតំបន់មួយចំនួនក្នុងប្រទេសរបស់លោក។

ប្រតិភូមកពីប្រទេសថៃពីររូបក៏បានបងា្ហញអារម្មណ៍ភ្ញាក់ផ្អើល ចំពោះគម្រោងរៀបចំភូមិធម្មជាតិរុនតាឯក ដើម្បីកាត់បន្ថយកំណើនគ្រួសារនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក។ លោកបញ្ជាក់ថា គម្រោងនេះ បង្ហាញពីទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសហគមន៍ក្នុងតំបន់បេតិកភណ្ឌ តាមរយៈការទិញដី សង់ផ្ទះជូនប្រជាពលរដ្ឋ និងបង្កើតក្រុមការងារទទួលខុសត្រូវលើជីវភាពរបស់ពួកគេ នៅខាងក្រៅតំបន់បេតិកភណ្ឌជំនួសវិញ។

លោកបន្តថា ច្រើនឆ្នាំមកហើយ ប្រទេសថៃក៏ធ្លាប់មានគម្រោងរៀបចំរបៀបនេះនៅតំបន់មួយដែរ ប៉ុន្តែ គម្រោងនោះនៅលើអាកាសប៉ុណ្ណោះ ដោយមិនលេចចេញជារូបរាងឡើយ ក្រោយអ្នកសិក្សារកឃើញថា វាជាការចំណាយដ៏ធំធេងមួយ។ “ក្រោយឃើញគម្រោងនេះ ខ្ញុំពិតជាភ្ញាក់ផ្អើល មិននឹកថាលើលោកនេះគេអាធ្វើចឹងបានទេ។ ខ្ញុំគិតថា បើគេធ្វើកើត យើងក៏អាចធ្វើកើតដែរ។យើងនឹងយកគំនិតនេះទៅគិតឡើងវិញ ដើម្បីរៀបចំនៅកន្លែងរបស់យើងនាពេលអនាគត”។

ក្នុងពិធីបិទវគ្គសិក្ខាសាលានារសៀលថ្ងៃទី៨ ខែកុម្ភៈនេះ សាស្ត្រាចារ្យ Azedine Baschaouch ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងលេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានកោតសរសើរដល់ស្មារតីរួបរួមគ្នានៃអ្នកជំនាញគ្រប់គ្រងទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌគ្រប់តំបន់ ដែលសហការគ្នារៀបចំកម្មវិធីនេះឡើង។ លោកសាស្ត្រាចារ្យកត់សម្គាល់ថា ទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌ គឺជាទេសចរណ៍ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ដោយហេតុថា ទេសចរណ៍នៅតំបន់នេះអាចជះឥទ្ធិពលមិនល្អច្រើន បើអ្នកគ្រប់គ្រងមានការធ្វេសប្រហែស។ ជាមួយគ្នានេះ លោកសាស្រ្តាចារ្យក៏សំណូមពរឲ្យក្រុមការងារបន្តសហការគ្នា និងបង្កើតបណ្តាញទំនាក់ទំនងគ្នាជិតស្និទ្ធថែមទៀត ដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក។

នេះជាសិក្ខាសាលាចែករំលែកបទពិសោធន៍ដ៏មានខ្លឹមសារ ដែលនឹងជួយឲ្យអ្នកគ្រប់គ្រងទេសចរណ៍នៅអង្គរ ក៏ដូចជាប្រទេសផ្សេងៗទៀត ទទួលបានដំណោះស្រាយល្អៗសម្រាប់អនុវត្តនៅប្រទេសរៀងៗខ្លួន។ សិក្ខាសាលានេះក៏ស្របនឹងយុទ្ធសាស្ត្រជាតិដែលជំរុញឲ្យមានទំនាក់ទំនងល្អ និងជិតស្និទ្ធជាមួយនឹងបណ្តាប្រទេសជាដៃគូ ដើម្បីបន្តកិច្ចសហការលើការងារគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌឲ្យមានតុល្យភាពរវាងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕


















នាព្រឹកថ្ងៃចន្ទ ៦កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ចូលរួមព្រះរាជពិធីគោរពព្រះបរមវិញ្ញាណក្ខន្ធអតីតព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋ ចំពោះការយាងចូលទីវង្គត់គម្រប់៦ព្រះវស្សា នៅព្រះរាជដំណាក់ខេត្តសៀមរាប។
ឆ្លងកាត់ជីវិតសិក្សា បទពិសោធន៍ការងារផ្នែកបុរាណវិទ្យា និងការស្រាវជ្រាវជាង២០ឆ្នាំជាមួយស្ថាប័នជាតិ-អន្តរជាតិ លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា ត្រូវបានសកលវិទ្យាល័យ CORNELL សហរដ្ឋអាមេរិក អញ្ជើញឱ្យទៅសហការបង្រៀនជាមួយសាស្ត្រាចារ្យ Kaja McGowan រយៈពេល១ឆមាស ចាប់ពីថ្ងៃទី១ សីហា ដល់២៤ ធ្នូ ឆ្នាំ២០១៨។
ដើម្បីពង្រីកវិសាលភាពនៃរមណីយដ្ឋានអង្គរលើឆាកអន្តរជាតិ តាមរយៈការចងសម្ពន្ធភាពជាមួយរមណីយដ្ឋានផ្សេងៗលើសកលលោក នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ អាជ្ញាធរអប្សរាបានសម្រេចុះអនុស្សារណៈនៃការយោគយល់គ្នាមួយជាមួយឧទ្យានណាយហ្គារ៉ា នៃប្រទេសកាណាដា។ អនុស្សារណៈនេះធ្វើឡើងស្របគ្នានឹងពិធីប្រកាសសម្ពោធស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងតូរ៉ុនតូនៃប្រទេសកាណាដា ក្នុងន័យរឹតចំណងភាពជាបងប្អូននៃរមណីយដ្ឋានពិភពលោកទាំងពីរគឺ រមណីយដ្ឋានអង្គរ និងឧទ្យានណាយហ្គារ៉ា ដើម្បីស្វែងរកកិច្ចសហការរួមគ្នា លើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍នៃរមណីយដ្ឋានទាំងពីរ។
នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានរៀបចំការប្រឡងជ្រើសរើសភ្ញាក់ងារទេសចរណ៍សម្រាប់ឆ្នាំ ២០១៨។ ការប្រឡងនេះ ត្រូវបានរៀបចំឡើងនៅសាលសន្និសីទអង្គរ នៃអាជ្ញាធរជាតិអប្សរា។
ដើមដំបូងមុន12345...179180បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
2797
ម្សិលមិញ
:
2288
សប្តាហ៍នេះ
:
05085
ខែនេះ
:
0036745
សរុប
:
007291176