ព័ត៌មានថ្មីៗ

ប្រាសាទអង្គរវត្ត ៖ រោងទងកូរសមុទ្រទឹកដោះនឹងមានការបំពាក់ពិតានឡើងវិញ

បានផ្សាយនៅ ថ្ងៃទី 16 ខែ មករា ឆ្នាំ2018 02:52 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

រោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្តដែលស្ថិតនៅផ្នែក អាគ្នេយ៍ នឹងត្រូវធ្វើការបំពាក់ពិតានឡើងវិញ។ ការបំពាក់ពិតានឈើនៅលើរោងទងកូរសមុទ្រទឹកដោះនៅប្រាសាទអង្គរវត្ត ជាគម្រោងសហការនៃអាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទបុរាណពិភពលោក (World Monument Fund-WMF) របស់សហរដ្ឋអាមេរិក។

អ្នកសម្របសម្រួលអង្គការមូលនិធិប្រាសាទបុរាណពិភពលោកនិងជាអ្នកអនុវត្តគម្រោង លោកស្រី ជាម ផល្លី បានឲ្យដឹងថាគម្រោងនេះអាចនឹងបញ្ចប់នៅពេលណាបានទេ ព្រោះពិតានឈើថ្មីទាំងនេះឆ្លាក់តែជាងចម្លាក់ម្នាក់គត់។ តាមការរៀបរាប់របស់លោកស្រី ពិតានឈើទាំងអស់ត្រូវឆ្លាក់តាមទម្រង់ដើម ដែលមានបន្សល់ទុកតាំងបុរាណកាលមក។ ម្យ៉ាងទៀត ទាំងសមត្ថភាពឆ្លាក់និងគុណភាពរូបចម្លាក់ក៏ត្រូវទទួលស្គាល់ដោយគណៈកម្មការអាយស៊ីស៊ី-អង្គរដែរ។

ឈើដែលត្រូវយកមកឆ្លាក់ធ្វើជាពិតានគឺប្រភេទឈើគគីរ។ ហេតុផលដែលជ្រើសរើសឈើគគីរ ព្រោះថាឈើពិតានដែលបន្សល់ពីបុរាណនិងរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ និងសារមន្ទីរនៅប្រទេសបារាំង ក៏ជាប្រភេទឈើគគីរដែរ។ លោកស្រី ជាម ផល្លី ពន្យល់ថា សាច់ឈើគគីរធន់នឹងទឹកហើយគម្រោងនេះត្រូវការឈើគគីរប្រមាណជាង ១០ម៉ែត្រគីប។ ប៉ុន្តែអ្វីដែលជាបញ្ហានៅពេលនេះ គឺកង្វះឈើដែលធ្វើឱ្យគម្រោងមានភាពយឺតយ៉ាវ។

គម្រោងបំពាក់ពិតានឈើថ្មីលើរោងទងកូរសមុទ្រទឹកដោះនេះ ទទួលបានការគាំទ្រពីគណៈកម្មាធិការអាយស៊ីស៊ីអង្គរ តាំងសម័យកិច្ចប្រជុំបច្ចេកទេសលើកទី២៥ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥កន្លងមក។ លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ធ្លាប់លើកឡើងថា ពិតានឈើថ្មីដែលនឹងត្រូវយកទៅបំពាក់លើថែវកូរសមុទ្រទឹកដោះនេះ គឺមានឆ្លាក់ចម្លាក់ក្បាច់ ធ្វើតាមសំណល់បុរាណដោយមានក្បាច់ចំនួន១០ប្រភេទ គឺ ក្បាច់ផ្កាចាន់ ក្បាច់ផ្កាពងត្រី ក្បាច់ត្រឡាចបំបែក ក្បាច់ពេជ្រក្តារ ក្បាច់ចែងអង្គរ ក្បាច់ស្នឹងព័ទ្ធ ក្បាច់សន្លឹកឈូកបំបែក ក្បាច់ពងត្រីរង្វង់ ក្បាច់កេសរ និងក្បាច់ផ្លែឈូក។

គួរបញ្ជាក់ថានៅឆ្នាំ២០០៨រហូតដល់ឆ្នាំ២០១២ អាជ្ញាធរជាតិអប្សរានិងអង្គការមូលនិធិប្រាសាទបុរាណពិភពលោក បានជួសជុលដំបូលរោងទងកូរសមុទ្រទឹកដោះដើម្បីរក្សាឲ្យបាននូវផ្ទាំងចម្លាក់ដែលរៀបរាប់ពីការកូរសមុទ្រទឹកដោះតាមរយៈការទាញព្រ័តយកឈ្នះចាញ់រវាងពួកទេពនិងពួកអសុរ។ ឯការជួសជុល ចាំបាច់ត្រូវប្រើប្រាស់បន្ទះសំណ ពី២ទៅ៣មីលីម៉ែត្រ ធ្វើយ៉ាងណាកុំឱ្យទឹកលិចដំបូល ដែលនឹងអាចប៉ះពាល់ដល់ចម្លាក់៕
















ភ្នាក់ងារទេសចរណ៍ មានតួនាទីសំខាន់ក្នុងការផ្តល់នូវព័ត៌មានអំពីសេវាកម្មទេសចរណ៍ដល់ភ្ញៀវ មើលសកម្មភាពនានា ពន្យល់ណែនាំឱ្យភ្ញៀវគោរពតាមក្រមប្រតិបត្តិអង្គរ ជួយសង្គ្រោះភ្ញៀវ ប្រគល់របស់ជូនភ្ញៀវ ជាពិសេសជួយដោះស្រាយបញ្ហាផ្សេងៗដែលបានកើតឡើងចំពោះភ្ញៀវជាយថាហេតុក្នុងដំណើរទស្សនានៅតំបន់អង្គរ។
ក្រុមអ្នកជំនាញបុរាណវិទ្យាខ្មែរនិងកូរ៉េជាច្រើនរូប បានធ្វើបទបង្ហាញទាក់ទងនឹងកិច្ចការអភិរក្សប្រាសាទក្នុងតំបន់អង្គរ នៅក្នុងសិក្ខាសាលាស្តីអំពី «កិច្ចអភិរក្សប្រាសាទព្រះពិធូរ» ជាលើកទី២រៀបចំដោយគម្រោងជួសជុលប្រាសាទព្រះពិធូរ ដែលមានកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
ជារៀងរាល់ឆ្នាំ តាំងពីបរមបុរាណមកហើយ ឱ្យតែដល់ខែមាឃ អ្នកស្រុកអង្គរដែលមានជំនឿនិងរក្សាបានខ្ជាប់ខ្ជួននូវមរតកទាក់ទងនឹងពិធីលៀងមេមត់ តែងប្រារព្ធពិធីនេះមិនដែលខកខាននៅតាមភូមិស្រុករបស់ខ្លួនយ៉ាងអធិកអធម។ ជាក់ស្តែងពិធីនេះ ត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេង កាលពីថ្ងៃ៣រោច ខែមាឃ ឆ្នាំរកា ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមក នៅផ្ទះអ្នកស្រី គង់ ជាគ្រូធំមួយមានគេគោរពច្រើន ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ខេត្ត/ក្រុងសៀមរាប។
ប្រទេសអាឡឺម៉ង់តាមរយៈស្ថាប័នGIZ បានបន្តជួយបណ្តុះបណ្តាលមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរាលើការងារអភិរក្សថ្មថែមទៀតក្នុងឆ្នាំនេះ។ វគ្គបណ្តុះបណ្តាលថ្មី ដែលទើបបើកកម្មវិធីនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺវគ្គបណ្តុះបណ្តាល ស្តីអំពី Laboratory and Science in Applied Conservation។
ដើមដំបូងមុន12345...150151បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
8742
ម្សិលមិញ
:
6854
សប្តាហ៍នេះ
:
39087
ខែនេះ
:
0208533
សរុប
:
004749131