ព័ត៌មានថ្មីៗ

សាធារណជនគាំទ្រចំណាត់ការអាជ្ញាធរជាតិអប្សរារៀបចំវាលស្មៅមុខកសិន្ធុប្រាសាទអង្គរវត្តឱ្យមានភាពស្រស់ត្រកាល

បានផ្សាយនៅ ថ្ងៃទី 11 ខែ តុលា ឆ្នាំ2017 03:17 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាបានចាត់វិធានការរៀបចំវាលស្មៅមុខកសិន្ធុប្រាសាទអង្គរឱ្យមានភាពស្រស់ត្រកាលដោយបញ្ឈប់សកម្មភាពជួលកន្ទេល អង្រឹង និងលក់គ្រឿងបរិភោគដល់អ្នកមកដើរកម្សាន្ត។ ជាលទ្ធផលវាលស្មៅផ្នែកខាងលិចនៃកសិន្ធុប្រាសាទអង្គរវត្ត ហាក់កំពុងបង្អួតសម្រស់បៃតងស្រស់ស្រងាត់ដល់ភ្ញៀវទេសចរគួរឱ្យចង់គយគន់និងស្រូបយកខ្យល់អាកាសបរិសុទ្ធ។

ការអនុវត្តចំណាត់ការនេះបានទទួលការគាំទ្រជាខ្លាំងពីសាធារណជន ជាក់ស្តែងលោកពូ រិទ្ធ ជាងថតរូបនៅប្រាសាទអង្គររយៈពេល២ឆ្នាំមកហើយ បានប្រាប់ថា ការរៀបចំវាលស្មៅមិនឱ្យមានការលក់ដូរម្ហូបអាហារ ជួលកន្ទេល អង្រឹងនៅមុខកសិន្ធុប្រាសាទអង្គរវត្ត គឺល្អណាស់ ព្រោះវាមិនមានសំរាមរាយប៉ាយ មិនមានក្លិនឆ្អេះឆ្អាប មិនមានសំឡេងធុងបាស និងផឹកស៊ីឡូឡា ពិសេសគឺរក្សាបាននូវទេសភាពស្អាតពេលថតរូប។

បន្ថែមពីនោះលោក សារ៉ាវី មគ្គុទ្ទេសក៍ភាសាអង់គ្លេស បានបញ្ចេញមតិថា ការបញ្ឈប់មិនឱ្យមានការលក់ដូរម្ហូបអាហារ ជួលកន្ទេល អង្រឹងនៅលើវាលស្មៅជាការល្អ ព្រោះប្រជាជនខ្មែរភាគច្រើនមិនសូវមានការយល់ដឹងពីបរិស្ថាន ពិសេសពេលរដូវបុណ្យទានឬមកលេងកម្សាន្តអង្គរ ពួកគាត់តែងចោលសំរាមពេញនៅលើវាលស្មៅពេលបរិភោគរួច ឯអ្នកលក់ក៏សម្អាតមិនអស់បន្សល់នូវកាកសំណល់ ដែលនាំឱ្យប៉ះពាល់ជាខ្លាំងដល់សោភ័ណភាពនិងបរិស្ថាន។ លើសពីនោះគ្រឿងបំពងសំឡេង ការទទួលទានគ្រឿងស្រវឹងនៅតំបន់ប្រាសាទបុរាណ បានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៃតំបន់បេតិកភណ្ឌដ៏ល្បីល្បាញលើពិភពលោក និងមិនសមជាកន្លែងសក្ការៈបូជាពីបុរាណ ហើយភ្ញៀវទេសចរក៏ធ្លាប់រិះគន់ទាំងបញ្ហាបរិស្ថាននិងទង្វើមិនសមរម្យបែបនេះដែរ។ លោកក៏បានសំណូមពរទាំងអាជ្ញាធរពាក់ព័ន្ធគួររកកន្លែងថ្មីសម្រាប់ម្ចាស់អាជីវកម្ម និងសូមឱ្យអាជីវករ គួរគិតផលប្រយោជន៍ជាតិជាធំ កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយរួមគ្នាថែរក្សាអង្គរទាំងអស់គ្នា។

បងស្រី សុខុម មកពីភូមិបន្ទាយចាស់ ក៏មិនបានជំទាស់អ្វីដែរ ចំពោះការបញ្ឈប់សកម្មភាពលក់ដូរម្ហូបអាហារ ការជួលអង្រឹង កន្ទេលនៅលើសួនស្មៅ ព្រោះបើអត់មានអ្នកមកហូបចុក វាលស្មៅនេះក៏ស្អាតម្យ៉ាងដែរ ហើយបើអត់ពីកន្លែងនេះ បងស្រីក៏អាចលក់ចល័តទៅកន្លែងផ្សេងដែរ។

លោកស្រី ចាប្រឹហ្វ ទេសចរជនជាតិអាមេរិក បានប្រាប់ថា នេះជាដំណើរកម្សាន្តលើកទី១នៅប្រទេសកម្ពុជា។ លោកស្រីពិតជាចាប់អារម្មណ៍ខ្លាំងណាស់ចំពោះភាពល្បីល្បាញនៃប្រាសាទអង្គរវត្ត ពិសេសភាពមហិមានៃសំណង់ប្រាសាទអង្គរវត្ត ពិតជាអស្ចារ្យ។ លើសពីនោះ លោកស្រីពិតជាស្រស់ស្រាយចំពោះភាពស្រស់ស្អាតនៃសោភ័ណភាពនៅប្រាសាទអង្គរនិងភាពរួសរាយរបស់ប្រជាជនខ្មែរ ស័ក្តិសមនឹងបានទទួលបានជាបេតិកភណ្ឌពិភពលោក៕












នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរាបានប្រារព្ធពិធីប្រគល់មកុដមាសឬភ្នួងសក់ដែលរកឃើញនៅក្នុងកំណាយជួសជុលសាលរបាំប្រាសាទតាព្រហ្មកាលពីឆ្នាំ២០១២ រួមនឹងវត្ថុសិល្បៈបុរាណមួយចំនួន ដែលរក្សាទុកនៅអាជ្ញាធរជាតិអប្សរាកាលពីមុន ជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាអ្នករក្សាទុកជំនួសវិញ។
ក្រុមអ្នកជំនាញការជាន់ខ្ពស់ ចំនួនពីរក្រុមដែលទទួលបន្ទុកលើការងារអភិរក្ស និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចុះពិនិត្យតាមដានការអនុវត្តការងារមួយចំនួនតាមការដ្ឋានជួសជុលក្នុងរមណីយដ្ឋានអង្គរ។ ការចុះពិនិត្យនេះ ធ្វើឡើងមុនកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៣ និង១៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹងបើកកិច្ចប្រជុំពេញអង្គលើកទី២៤របស់ខ្លួន នៅថ្ងៃទី១៣ និងទី១៤ ខែធ្នូ ឆ្នាំ២០១៧ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។
នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ក្រុមអ្នកជំនាញការជាន់ខ្ពស់ផ្នែកអភិរក្សនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានចុះត្រួតពិនិត្យមើលការងារចុះរុះរើសំណង់ខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ។
អស់រយៈពេល៥ថ្ងៃមានទាំងរត់ ជិះកង់ ចែវទូក បាញ់ធ្នូ ឆ្លងកាត់ឧបសគ្គជាច្រើននៅក្នុងទឹកដីអង្គរ ព្រឹត្តិការណ៍កីឡាអន្តរជាតិ Raid Amazones បានបញ្ចប់យ៉ាងជោគជ័យ និងប្រារព្ធពិធីបិទនៅសណ្ឋាគារប៉ារ៉ាឌីស វីឡា អង្គរ នាយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ក្រោមវត្តមានឯកឧត្តម សុខ សង្វារ អគ្គនាយរងអាជ្ញាធរជាតិអប្សរាតំណាងអគ្គនាយក លោក ALEXANDER DEBANNE អ្នករៀបចំកម្មវិធី និងលោក ហ៊ុន សុជាតិ អ្នកសម្របសម្រួលកម្មវិធី រួមទាំងកីឡាការនីទាំង៣៤៧នាក់ចូលរួមយ៉ាងសប្បាយរីករាយ។
ដើមដំបូងមុន12345...137138បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2561
ម្សិលមិញ
:
5895
សប្តាហ៍នេះ
:
14112
ខែនេះ
:
0116984
សរុប
:
004221720