ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាដាំដើមគគីរ១៨០០ដើមនៅច្រកចូលខាងកើតឆៀងខាងត្បូងក្នុងបរិវេណប្រាសាទតាព្រហ្ម

បានផ្សាយនៅ ថ្ងៃទី 31 ខែ សីហា ឆ្នាំ2017 04:19 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា បានប្រារព្ធពិធីដាំកូនឈើមិត្តភាពដើម្បីរក្សាទេសភាពវប្បធម៌ធម្មជាតិនៅច្រកចូលខាងកើតឆៀងខាងត្បូងក្នុងបរិវេណប្រាសាទតាព្រហ្មចំនួន១៨០០ដើម។

ពិធីនេះអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំនៃនាយកដ្ឋាននីមួយៗ មន្ត្រី បុគ្គលិក ឆ្មាំ កម្មករ រួមទាំងនិស្សិតជប៉ុន សរុបប្រមាណជាង៤០០នាក់។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថាន បានលើកឡើងថា ព្រៃឈើគឺមានសារៈសំខាន់ណាស់សម្រាប់ភាពគង់វង្សរបស់ប្រាសាទក្នុងតំបន់អង្គរ ព្រោះវាជារបាំងការពារខ្យល់យ៉ាងរឹងមាំ រក្សាសំណើមដល់ថ្មប្រាសាទមិនងាយធ្វើឱ្យថ្មរបេះឬសឹករិចរិល ទប់ទល់ការហូរច្រោះដី រក្សាទឹកក្រោមដីមិនឱ្យប្រាសាទស្រុត និងជាគម្របបៃតងលម្អជុំវិញប្រាសាទឱ្យមានទេសភាពស្រស់ត្រកាលគួរជាទីគយគន់។

លោកប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបន្តទៀតថា ការដាំដើមឈើជាការងារប្រចាំថ្ងៃរបស់នាយកដ្ឋាន ហើយជារៀងរាល់ឆ្នាំនាយកដ្ឋានក៏មានប្រារព្ធពិធីដាំកូនឈើមិត្តភាពនៅតាមបណ្តាប្រាសាទនានាដូច្នេះដែរ ហើយសរុបរយៈពេល១០ឆ្នាំកន្លងមកនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ដាំដើមឈើបាន២៧ម៉ឺនដើមហើយ៕
















តាំងពីឆ្នាំ១៩៩៨ ជាពេលដែលកម្ពុជាទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកិត្តិសព្ទអង្គរខ្ចរខ្ចាយកាន់តែខ្លាំងទៅកាន់ឆាកអន្តរជាតិ។
តំណាងសហគមន៍អភិវឌ្ឍន៍កសិកម្មកម្ពុជា ដឹកនាំដោយលោកវេជ្ជបណ្ឌិត ឃី លាង បានជួបជាមួយឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងភូមិធម្មជាតិរុនតាឯកនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា និងបានចុះអនុស្សារណៈយោគយល់គ្នាលើកិច្ចព្រមព្រៀងបង្កើនការដាំដំណាំកសិកម្មនិងទទួលទិញសណ្តែកផ្កាយពីប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ ដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅដើមខែធ្នូ គឺចាប់ពីថ្ងៃទី២ ដល់ទី៣ ឆ្នាំ២០១៧ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត។ ពិធីនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់រាជរដ្ឋាភិបាល ព្រះសង្ឃ និង ប្រជាពលរដ្ឋជាច្រើនពាន់អង្គ/នាក់។
តបតាមការស្នើសុំរបស់ប្រទេសឥណ្ឌូណេស៊ី ដែលបានមើលឃើញពីភាពជោគជ័យនៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍លើការងារអភិរក្សរមណីយដ្ឋានអង្គរ ដល់ប្រតិភូនៃប្រទេសឥណ្ឌូណេស៊ីចំនួន១២រូប ដែលជាមន្ត្រីជំនាញផ្នែកគ្រប់គ្រងទេសចរណ៍នៅប្រាសាទបូរ៉ូប៊ូឌួ។
នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានមន្ទីរបេតិកភណ្ឌវប្បធម៌ខេត្តសានទុងនៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូជាច្រើនរូបចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងបានចុះហត្ថលេខាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍វប្បធម៌និងបេតិកភណ្ឌក្រុង Jining និងតំបន់អង្គរខេត្តសៀមរាប។
ដើមដំបូងមុន12345...133134បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
8201
ម្សិលមិញ
:
14123
សប្តាហ៍នេះ
:
69199
ខែនេះ
:
0327660
សរុប
:
004017076