ព័ត៌មានថ្មីៗ

សិក្ខាកាម២៦រូបបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋមនៅអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 31 ខែ សីហា ឆ្នាំ2017 01:56 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សិក្ខាកាមចំនួន២៦រូប មកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសម្បូរព្រៃគុក នគរបាលទេសចរណ៍ នគរបាលចរាចរណ៍ និងនគរបាលការពារបេតិកភណ្ឌ បានបញ្ចប់វគ្គបណ្តុះបណ្តាលខ្លីស្តីពីវិជ្ជាសង្គ្រោះបឋម កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

ការបណ្តុះបណ្តាលនេះមានរយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ រៀបចំដោយអាជ្ញាធរជាតិអប្សរា បង្រៀនដោយសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។ វគ្គសិក្សានេះបានផ្តោតសំខាន់លើជំនាញសង្គ្រោះបឋមដូចជា គោលការណ៍គ្រឹះនៃការសង្គ្រោះបឋម ការដាក់ស្ថានភាពដំណេក ភាពស្ហុក សន្លប់បាត់ស្មារតី បាត់ដង្ហើម-គាំងបេះដូង (CPR) ស្លាក់ លង់ទឹក ឆក់ចរន្តអគ្គិសនី រន្ទះបាញ់ ការពុល ការរលាក ការហូរឈាម របួស ការបាក់ឆ្អឹង ការលើកដាក់និងបញ្ជូនជនរងគ្រោះ និងការអនុវត្តផ្ទាល់លើទ្រឹស្តី។

លោក លីវ ឡន គ្រូឧទ្ទេសនៃវគ្គសិក្សាបានលើកឡើងថា ការរៀនវិជ្ជាសង្គ្រោះបឋមត្រឹមតែ៣ថ្ងៃ គ្រាន់តែចេះនិងដឹង តែអ្វីដែលជាក់ស្តែងមានប្រសិទ្ធិភាព គឺការជួយសង្គ្រោះជនរងគ្រោះផ្ទាល់ ហេតុនេះសុំឱ្យសិក្ខាកាមទាំងអស់តាំងចិត្តថា ការសង្គ្រោះមនុស្សជាការធ្វើបុណ្យ កុំខ្លាច ត្រូវអត់ធ្មត់ កុំរើសអើង ឬស្អប់ខ្ពើមជនរងគ្រោះ។ រឿងត្រូវចងចាំ គឺមិនត្រូវផ្តល់ថ្នាំពេទ្យសម្រាប់ការសង្គ្រោះបឋមឡើយ ហើយត្រូវយកចិត្តទុកដាក់លើការពិនិត្យ ព្រោះបើពិនិត្យខុស សន្និដ្ឋានខុស សង្គ្រោះក៏ខុសដែរ ដែលនាំឱ្យជនរងគ្រោះអាចបាត់បង់ជីវិតបាន។ លោកក៏សប្បាយចិត្តផងដែរដែលឃើញសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ខ្លាំងក្នុងការរៀនសូត្រ ហើយសង្ឃឹមថា ចំណេះដឹងដែលទទួលបានក្នុងពេលនេះ ផ្សំនឹងបទពិសោធន៍កន្លងមក នឹងក្លាយជាប្រយោជន៍ធ្វើឱ្យការអនុវត្តន៍ការងារប្រចាំថ្ងៃបានទទួលលទ្ធផលល្អប្រសើរ។

លោក វុធ ជា អនុប្រធានភ្នាក់ងារប្រាសាទភ្នំបាខែងបានចាប់អារម្មណ៍ថា វគ្គបណ្តុះបណ្តាលសង្គ្រោះបឋមនេះ ថ្វីត្បិតតែមានរយៈពេលខ្លី តែវាមានសារៈសំខាន់ណាស់សម្រាប់ចូលរួមជួយដល់សហគមន៍មូលដ្ឋាន និងភ្ញៀវទេសចរដែលយើងធ្វើការជាមួយគាត់។ ពីមុនយើងជួបប្រទះបញ្ហាជាច្រើនចំពោះភ្ញៀវ ហើយដោះស្រាយតាមអ្វីដែលយើងធ្លាប់ដឹងមក តែក្រោយពីទទួលបានការបណ្តុះបណ្តាលនេះ ខ្ញុំបានយល់ច្បាស់ពីការសង្គ្រោះបឋម មានការរុំរបួស ការឃាត់ឈាម ការលើកដាក់ភ្ញៀវឱ្យមានសុវត្ថិភាពបានល្អប្រសើរជាងមុនប្រកបដោយប្រសិទ្ធិភាពនិងអាចទទួលយកបាន។ សិក្ខាកាមរូបនេះក៏សូមសំណូមពរសូមឱ្យអាជ្ញាធរជាតិអប្សរាបង្កើតវគ្គសិក្សានេះឱ្យបានច្រើន និងបានគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសបើពង្រីកដល់សហគមន៍ទៀតកាន់តែល្អ ដើម្បីឱ្យប្រជាជនមានសមត្ថភាពអាចជួយខ្លួនឯង គ្រួសារ និងអ្នកដទៃបានទាន់ពេលនិងត្រឹមត្រូវ។

ថ្លែងក្នុងពិធីបិទវគ្គនេះ ឯកឧត្តម សុខ សង្វារ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានសម្តែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងបង្រៀនយ៉ាងយកចិត្តទុកដាក់ដល់សិក្ខាកាមទាំងអស់របស់លោកគ្រូអ្នកគ្រូជំនាញសង្គ្រោះបឋមមកពីសាខាកាកបាទក្រហមខេត្តសៀមរាប។ ឯកឧត្តមបន្តទៀតថា ការសង្គ្រោះបឋមជាចំណេះដឹងមូលដ្ឋានដែលត្រូវដឹងគ្រប់គ្នា ហើយមានសារៈសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍ ដែលបុគ្គលិកបម្រើការងារគ្រប់រូបត្រូវចេះ ដើម្បីជួយសង្គ្រោះដល់ភ្ញៀវដែលមកទស្សនាតំបន់ទេសចរណ៍នៅកម្ពុជាទទួលបានភាពកក់ក្តៅនិងសុខសុវត្ថិភាព។ ជាទិសដៅទៅអនាគតផងដែរ អាជ្ញាធរជាតិអប្សរា ពិសេសនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នឹងបង្កើតឱ្យមានវគ្គសិក្សានេះបន្តទៀតឱ្យបានទូលំទូលាយជាងមុនដើម្បីបង្កើនចំណេះដឹងផ្នែកសង្គ្រោះបឋមដល់មន្ត្រី-បុគ្គលិកឱ្យអនុវត្តន៍ការងារបានល្អប្រសើរ ថែមទាំងមានប្រសិទ្ធិភាពពេលត្រូវការ៕
























ដំឡូងដៃខ្លា ជាប្រភេទរុក្ខជាតិវល្លិ៍ ស្លឹកមានសណ្ឋានដូចស្លឹកម្លូរ និងមានមើមតូចធំទៅតាមប្រភេទពូជ។ ប្រភេទដំឡូងនេះជាដំណាំប្រពៃណីរបស់អ្នកភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលដាំតកូនតចៅច្រើនតំណមកហើយ ជាលក្ខណៈគ្រួសារផងនិងសម្រាប់លក់ដូរផង។ បច្ចុប្បន្នប្រជាជនមួយចំនួនធំក្នុងភូមិបានពង្រីកការដាំដុះច្រើនជាងមុន ព្រោះលក់បានតម្លៃខ្ពស់នៅលើទីផ្សារ ហើយងាយស្រួលថែទាំទៀត។
សារលិខិតថ្វាយព្រះពរ
( ថ្ងៃទី 15 ខែ មិថុនា ឆ្នាំ2018 )
ទូលព្រះបង្គំខ្ញុំម្ចាស់ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី-បុគ្គលិកក្រោមបង្គាប់ទាំងអស់ ចូលរួមថ្វាយព្រះពរសព្ទសាធុការ ដល់អង្គព្រះមហាក្សត្រក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសដ៏សែននក្ខត្តឫក្សនៃព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់៨២ព្រះវស្សា យាងចូល៨៣ព្រះវស្សា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃចន្ទ ៦កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។
នៅទីក្រុងបាងកកនៃប្រទេសថៃ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរDASTA (Designated Area for Sustainable Tourism Administration) របស់ប្រទេសថៃ បានចុះអនុស្សារណៈយោគយល់គ្នាជាផ្លូវការ ក្រោយបានជួបពិភាក្សានិងសិក្សាពីគ្នាអស់រយៈពេលជាងមួយឆ្នាំមក។
ប្រាសាទមេបុណ្យខាងលិចត្រូវបានអភិរក្ស ជួសជុល និងស្តារឡើងវិញដោយគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលបារាំង តាមរយៈសាលាបារាំងចុងបូព៌ា ដែលចាប់ផ្តើមពីឆ្នាំ២០១២មក និងគ្រោងបញ្ចប់នៅឆ្នាំ២០១៩។ ប៉ុន្តែដោយមានកង្វះខាតផ្នែកថវិកានិងតាមការពិភាក្សាយ៉ាងហ្មត់ចត់រវាងស្ថាប័នពាក់ពន្ធ័ គម្រោងជួសជុលនឹងត្រូវប្រគល់មកអាជ្ញាធរជាតិអប្សរាជាអ្នកទទួលរ៉ាប់រងជួសជុលវិញ។
ដើម្បីទប់ស្កាត់ការបង្ហោះយន្តហោះខ្នាតតូច (Drone) ក្នុងតំបន់អង្គរឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សាជាមួយស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗដូចជា តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងសាលាខេត្តសៀមរាប តំណាងស្នងការនគរបាលខេត្តសៀមរាប តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ តំណាងនាយកដ្ឋាននគរការពារបេតិកភណ្ឌ តំណាងគ្រឹះសា្ថនអង្គរ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប តំណាងមន្ទីរទេសចរណ៍ខេត្តសៀមរាប តំណាងមន្ទីរព័ត៌មានខេត្តសៀមរាប សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំង៦នៅខេត្តសៀមរាប តំណាងសមាគមទីភ្នាក់ងារទេសចរណ៍នៅខេត្តសៀមរាប និងមេធាវីរបស់អាជ្ញាធរជាតិអប្សរាជាដើម ដើម្បីរិះរកវិធានការស្របច្បាប់ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
ដើមដំបូងមុន12345...165166បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
6346
ម្សិលមិញ
:
15619
សប្តាហ៍នេះ
:
42540
ខែនេះ
:
0183871
សរុប
:
005821177