ព័ត៌មានថ្មីៗ

ក្រោយរក្សាទុកអស់រយៈពេល១៥ឆ្នាំ អ្នកស្រុកគោកដូងបានស្ម័គ្រចិត្តប្រគល់ក្រឡបុរាណសម័យអង្គរចំនួន២ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ

បានផ្សាយនៅ ថ្ងៃទី 30 ខែ សីហា ឆ្នាំ2017 09:50 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

លោក ប៉ុក វណ្ណា ប្រធានសេវាកម្មប្រតិបត្តិការនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប ជាពលរដ្ឋនៅសង្កាត់ទឹកវិល ក្រុងសៀមរាប បានស្ម័គ្រចិត្តប្រគល់ក្រឡបុរាណសម័យអង្គរចំនួន២ជូនអាជ្ញាធរជាតិអប្សរាថែរក្សានិងអភិរក្សដើម្បីទុកជាសម្បត្តិមរតកវប្បធម៌ជាតិ បន្ទាប់ពីរក្សាទុកនៅផ្ទះអស់រយៈកាល១៥ឆ្នាំ។

លោក វណ្ណា បានឱ្យដឹងថា «ក្រឡទាំងពីរនេះឪពុកក្មេកខ្ញុំទេជាអ្នករកឃើញកាលពី១៥ឆ្នាំមុននៅភូមិអូរថ្កូវ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាបក្នុងរណ្តៅដែលគាត់ជីកដីលក់។ បន្ទាប់មកគាត់ក៏ប្រគល់វាមកឱ្យខ្ញុំជាអ្នករក្សាទុកវិញពេលដែលខ្ញុំរៀបការហើយមកធ្វើផ្ទះរស់នៅក្រុងសៀមរាប។ ម្តាយក្មេកខ្ញុំក៏បានប្រាប់ដែរ ពេលឃើញដំបូងគឺមានក្រឡចំនួន៣តម្រៀបគ្នា សុទ្ធតែមានគម្របទាំងអស់ តែបានបែកអស់មួយ រួមនឹងគម្របផងដោយសារកម្មករបំបោកសាកមើលក្រែងមានកំណប់នៅក្នុងនោះ លុះចុងក្រោយមានតែដីទាំងអស់ ហើយក្រឡដែលនៅសល់ឪពុកក្មេកខ្ញុំក៏រក្សាទុករហូត»។

លោក វណ្ណា បានបញ្ជាក់ទៀតថា លោកមិនដែលមានបំណងលក់ដូរវត្ថុបុរាណទាំង២នេះទេ ម្យ៉ាងក្រោយពីយកក្រឡនេះទុកក្នុងផ្ទះក៏មិនមានរឿងអ្វីអាក្រក់កើតឡើងដែរ បើទោះតាមជំនឿបុរាណគេតែងនិយាយថាអាចនឹងមានរឿងមិនល្អកើតឡើងនៅក្នុងគ្រួសារនោះ នៅពេលមានវត្ថុបុរាណរក្សាទុកក្នុងផ្ទះក៏ដោយ។ ចំពោះមូលហេតុដែលស្ម័គ្រចិត្តប្រគល់ក្រឡទាំង២នេះជូនអាជ្ញាធរជាតិអប្សរារក្សាទុក ក៏ព្រោះលោកយល់ថា វានឹងមានសុវត្ថិភាពជាងទុកនៅផ្ទះ ដែលអាចនឹងបែកបាក់នៅពេលណាមួយដោយសារកូនចៅរត់ប៉ះជាដើម។ ក្នុងនោះលោកក៏បានឃើញព័ត៌មានផ្សព្វផ្សាយអំពីពលរដ្ឋយកវត្ថុបុរាណផ្សេងៗដែលជីកបានទៅប្រគល់ឱ្យអាជ្ញាធរជាតិអប្សរារក្សាទុកផង ក៏ចង់ចូលរួមចំណែកថែរក្សាមរកតដូនតាឱ្យមានតម្លៃជាសាកល ជាជាងរក្សាទុកនៅផ្ទះដែលល្អតែម្នាក់ឯង ហើយគ្មានជំនាញថែរក្សាវាទៀត បើបែកបាក់ មានតែបោះចោលឥតការ។

ទាក់ទិននឹងក្រឡទាំង២នេះ អ្នកជំនាញកុលាលភាជន៍របស់អាជ្ញាធរជាតិអប្សរា លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរអះអាងថា វាពិតជាក្រឡដែលបានផលិតឡើងនៅក្នុងសម័យអង្គរកំឡុងស.វទី៩ដល់ទី១៣នៃគ.ស។ បើទោះបីវាបាត់បង់លក្ខណៈសម្គាល់ខ្លះដោយសារវាកប់ក្នុងដីយូរ ហើយត្រូវបានជាតិអំបិលផ្ទាត់ស្រទាប់រលោងខាងលើក្រឡជិតអស់ ប៉ុន្តែយើងអាចមើលដឹងខ្លះៗតាមរយៈស្លាកស្នាមដែលនៅសេសសល់ គឺស្ថិតក្នុងសម័យអង្គរដូចគ្នា តែខុសកាលបរិច្ឆេទគ្នាបន្តិច។ ក្រឡមួយគឺមានស្រទាប់រលោងពណ៌បៃតងផលិតនៅចន្លោះស.វទី៩ដល់ទី១០ មានទីតាំងផលិតនៅភ្នំគូលែន អាចនៅឡឫស្សីឬឡអន្លង់ធំ។ ឯមួយទៀតមានស្រទាប់រលោងពណ៌ត្នោត លម្អទៅដោយត្រចៀក៤ជុំវិញផលិតឡើងនៅស.វទី១១ដល់ទី១៣នៃគ.ស។

លោកបណ្ឌិត អ៊ា ដារិទ្ធ ក៏បានថ្លែងអំណរគុណនិងកោតសរសើរចំពោះបងប្រុស ប៉ុក វណ្ណា ដែលបានរួមចំណែកថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិកុំឱ្យបាត់បង់ទៅថ្ងៃក្រោយ នេះជាមោទនភាពណាស់សម្រាប់ការលះបង់របស់បងប្រុស ដែលមានឧត្តមគតិស្រឡាញ់មរតកវប្បធម៌ជាតិខ្ពស់ដូច្នេះ ពិតជាគួរឱ្យកោតសរសើរនិងគោរពឱ្យតម្លៃ។

គួរបញ្ជាក់ថា ពិធីប្រគល់ក្រឡបុរាណនេះ ធ្វើនៅថ្ងៃទី២៥ សីហា ឆ្នាំ២០១៧។ បន្ទាប់មក អ្នកជំនាញនឹងយកក្រឡទាំងនេះទៅរក្សាទុកនៅអាជ្ញាធរជាតិអប្សរាដើម្បីឱ្យអ្នកជំនាញសម្អាតយកជាតិអំបិលចេញ ពង្រឹងស្រទាប់រលោង និងចុះបណ្ណសម្គាល់ដើម្បីទុកតាំងបង្ហាញក្នុងសារមន្ទីរ រួមទាំងសម្រាប់អ្នកសិក្សាស្រាវជ្រាវផងដែរ៕









ភ្នាក់ងារទេសចរណ៍ មានតួនាទីសំខាន់ក្នុងការផ្តល់នូវព័ត៌មានអំពីសេវាកម្មទេសចរណ៍ដល់ភ្ញៀវ មើលសកម្មភាពនានា ពន្យល់ណែនាំឱ្យភ្ញៀវគោរពតាមក្រមប្រតិបត្តិអង្គរ ជួយសង្គ្រោះភ្ញៀវ ប្រគល់របស់ជូនភ្ញៀវ ជាពិសេសជួយដោះស្រាយបញ្ហាផ្សេងៗដែលបានកើតឡើងចំពោះភ្ញៀវជាយថាហេតុក្នុងដំណើរទស្សនានៅតំបន់អង្គរ។
ក្រុមអ្នកជំនាញបុរាណវិទ្យាខ្មែរនិងកូរ៉េជាច្រើនរូប បានធ្វើបទបង្ហាញទាក់ទងនឹងកិច្ចការអភិរក្សប្រាសាទក្នុងតំបន់អង្គរ នៅក្នុងសិក្ខាសាលាស្តីអំពី «កិច្ចអភិរក្សប្រាសាទព្រះពិធូរ» ជាលើកទី២រៀបចំដោយគម្រោងជួសជុលប្រាសាទព្រះពិធូរ ដែលមានកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
ជារៀងរាល់ឆ្នាំ តាំងពីបរមបុរាណមកហើយ ឱ្យតែដល់ខែមាឃ អ្នកស្រុកអង្គរដែលមានជំនឿនិងរក្សាបានខ្ជាប់ខ្ជួននូវមរតកទាក់ទងនឹងពិធីលៀងមេមត់ តែងប្រារព្ធពិធីនេះមិនដែលខកខាននៅតាមភូមិស្រុករបស់ខ្លួនយ៉ាងអធិកអធម។ ជាក់ស្តែងពិធីនេះ ត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេង កាលពីថ្ងៃ៣រោច ខែមាឃ ឆ្នាំរកា ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមក នៅផ្ទះអ្នកស្រី គង់ ជាគ្រូធំមួយមានគេគោរពច្រើន ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ខេត្ត/ក្រុងសៀមរាប។
ប្រទេសអាឡឺម៉ង់តាមរយៈស្ថាប័នGIZ បានបន្តជួយបណ្តុះបណ្តាលមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរាលើការងារអភិរក្សថ្មថែមទៀតក្នុងឆ្នាំនេះ។ វគ្គបណ្តុះបណ្តាលថ្មី ដែលទើបបើកកម្មវិធីនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺវគ្គបណ្តុះបណ្តាល ស្តីអំពី Laboratory and Science in Applied Conservation។
ដើមដំបូងមុន12345...150151បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
6873
ម្សិលមិញ
:
6854
សប្តាហ៍នេះ
:
37218
ខែនេះ
:
0206664
សរុប
:
004747262