ព័ត៌មានថ្មីៗ

យុទ្ធនាការរុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី៣ខែកក្កដានេះ

បានផ្សាយនៅ ថ្ងៃទី 12 ខែ កក្កដា ឆ្នាំ2017 02:31 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ការរុះរើសំណង់ខុសច្បាប់ជាង៥០០ករណីក្នុងតំបន់រមណីយដ្ឋានអង្គរ អាចនឹងធ្វើឡើងក្នុងអំឡុងសប្តាហ៍ទី៣ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ។ ការរុះរើនេះនឹងចាប់ផ្តើមចេញពីសំណង់ខុសច្បាប់ដែលនៅកៀកនឹងប្រាសាទ ហើយបន្តទៅសំណង់ខុសច្បាប់ផ្សេងៗទៀតដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់បេតិកភណ្ឌអង្គរ។

ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែកក្កដា នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា បច្ចុប្បន្នក្រុមការងាររួមគ្នារវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានសម្រាប់អនុវត្តការងារនេះបានបង្កើតឡើងរួចរាល់ហើយ នៅតែក្រុមប្រចាំក្រុងស្រុកនីមួយៗរៀបចំផែនការលម្អិត ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះ។

ឯកឧត្តមបញ្ជាក់ថា សំណង់ខុសច្បាប់ទាំងអស់នេះ ក្រុមការងារបានសិក្សាឃើញពីផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលចំពោះបេតិកភណ្ឌអង្គរ ហើយគ្មានសំណង់ខុសច្បាប់ណាមួយដែលត្រូវបានលើកលែងមិនរុះរើនោះទេ។ ការអនុវត្តដូច្នេះ គឺដើម្បីរក្សាឲ្យបាននូវបេតិកភណ្ឌអង្គរ ជៀសឲ្យផុតពីការដាក់អង្គរចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់ ឬអាចនឹងត្រូវប្រឈមនឹងការដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។

ពាក់ព័ន្ធនឹងការតវ៉ាដែលអាចនឹងកើតមានឡើង ក្នុងអំឡុងពេលដែលក្រុមការងារចុះបំពេញតួនាទីនោះ ឯកឧត្តម លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បញ្ជាក់ថា “ការងារនេះគឺដើម្បីថែរក្សានូវបេតិកភណ្ឌដូនតារបស់យើង។ បើមានអ្នកធ្វើបាតុកម្មមែនតើគេធ្វើដើម្បីអ្វី? ដើម្បីការពារអ្នកធ្វើខុសឬយ៉ាងណា? យើងសង្ឃឹមថា ប្រជាពលរដ្ឋនឹងបានយល់ពីបញ្ហានេះ ហើយរួមគ្នាដើម្បីការពារបេតិកភណ្ឌដូនតា។ យើងបានត្រៀមកម្លាំងរួចជាស្រេចក្នុងករណីមានការតវ៉ាណាមួយកើតឡើង។ យើងមិនអាចអនុញ្ញ្ញាតឲ្យពួកគាត់រារាំងដល់ការងារថែរក្សាបេតិកភណ្ឌឡើយ។ តែយើងពិតជាបួងសួងកុំឲ្យមានករណីប្រឈមមុខគ្នារវាងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ”។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតជ្រើសរើសមេឃុំចៅសង្កាត់ កន្លងទៅថ្មីៗនេះ សំណង់ខុសច្បាប់ក្នុងតំបន់អង្គរបានកើនឡើងយ៉ាងគំហុក ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌពិភពលោកអង្គរ។ តាមរបាយការណ៍ផ្លូវការរបស់អាជ្ញាធរជាតិអប្សរា សំណង់ខុសច្បាប់ទាំងនេះមានចំនួន៥២១ករណី ដែលសំណង់ខ្លះនៅកៀកជិតនឹងប្រាសាទមានចម្ងាយត្រឹមតែ៥០ម៉ែត្រ ទៅ១០០ម៉ែត្រប៉ុណ្ណោះ ពីប្រាសាទ ។ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញគោលការណ៍រុះរើសំណង់ខុសច្បាប់ទាំងនេះចេញ ដើម្បីថែរក្សាឲ្យបាននូវបេតិកភណ្ឌពិភពលោកអង្គរសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕












ភ្នាក់ងារទេសចរណ៍ មានតួនាទីសំខាន់ក្នុងការផ្តល់នូវព័ត៌មានអំពីសេវាកម្មទេសចរណ៍ដល់ភ្ញៀវ មើលសកម្មភាពនានា ពន្យល់ណែនាំឱ្យភ្ញៀវគោរពតាមក្រមប្រតិបត្តិអង្គរ ជួយសង្គ្រោះភ្ញៀវ ប្រគល់របស់ជូនភ្ញៀវ ជាពិសេសជួយដោះស្រាយបញ្ហាផ្សេងៗដែលបានកើតឡើងចំពោះភ្ញៀវជាយថាហេតុក្នុងដំណើរទស្សនានៅតំបន់អង្គរ។
ក្រុមអ្នកជំនាញបុរាណវិទ្យាខ្មែរនិងកូរ៉េជាច្រើនរូប បានធ្វើបទបង្ហាញទាក់ទងនឹងកិច្ចការអភិរក្សប្រាសាទក្នុងតំបន់អង្គរ នៅក្នុងសិក្ខាសាលាស្តីអំពី «កិច្ចអភិរក្សប្រាសាទព្រះពិធូរ» ជាលើកទី២រៀបចំដោយគម្រោងជួសជុលប្រាសាទព្រះពិធូរ ដែលមានកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (KCHEF) និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
ជារៀងរាល់ឆ្នាំ តាំងពីបរមបុរាណមកហើយ ឱ្យតែដល់ខែមាឃ អ្នកស្រុកអង្គរដែលមានជំនឿនិងរក្សាបានខ្ជាប់ខ្ជួននូវមរតកទាក់ទងនឹងពិធីលៀងមេមត់ តែងប្រារព្ធពិធីនេះមិនដែលខកខាននៅតាមភូមិស្រុករបស់ខ្លួនយ៉ាងអធិកអធម។ ជាក់ស្តែងពិធីនេះ ត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេង កាលពីថ្ងៃ៣រោច ខែមាឃ ឆ្នាំរកា ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមក នៅផ្ទះអ្នកស្រី គង់ ជាគ្រូធំមួយមានគេគោរពច្រើន ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ខេត្ត/ក្រុងសៀមរាប។
ប្រទេសអាឡឺម៉ង់តាមរយៈស្ថាប័នGIZ បានបន្តជួយបណ្តុះបណ្តាលមន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរាលើការងារអភិរក្សថ្មថែមទៀតក្នុងឆ្នាំនេះ។ វគ្គបណ្តុះបណ្តាលថ្មី ដែលទើបបើកកម្មវិធីនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គឺវគ្គបណ្តុះបណ្តាល ស្តីអំពី Laboratory and Science in Applied Conservation។
ដើមដំបូងមុន12345...150151បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
6822
ម្សិលមិញ
:
6854
សប្តាហ៍នេះ
:
37167
ខែនេះ
:
0206613
សរុប
:
004747211