ព័ត៌មានថ្មីៗ

អ្នកអភិរក្សគ្រោងយកព្រះពុទ្ធរូបដែលរកឃើញពេលកំណាយជួសជុលប្រាសាទតាព្រហ្មដាក់នៅទីតាំងដើមវិញ

បានផ្សាយនៅ ថ្ងៃទី 08 ខែ កក្កដា ឆ្នាំ2017 01:48 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រាសាទតាព្រហ្មត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីថ្វាយព្រះរាជកុសលចំពោះព្រះមាតាព្រះអង្គ ដែលមានរូបបដិមាស្នងក្នុងរូបភាពជា “ប្រាជ្ញាបារមី”។ ប្រាសាទនេះមានឈ្មោះដើមថា «រាជវិហារ» ត្រូវបានចាត់ទុកថា ជាវត្តព្រះពុទ្ធសាសនាដ៏ធំនាសម័យនោះ។ ក្នុងគម្រោងជួសជុលជំហានទី២ ដែលជាកិច្ចសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ក្រុមការងារបានធ្វើកំណាយនៅសាលរបាំ ហើយបានប្រទះឃើញព្រះពុទ្ធរូប២អង្គ ដែលមានតែដងខ្លួន បាត់ព្រះកេស។

លោក ចាន់ ឡាយ អ្នកគ្រប់គ្រងការដ្ឋានជួសជុលនៃប្រាសាទតាព្រហ្ម បានឲ្យដឹងថា ក្រោយទទួលអនុសាសន៍យល់ព្រមពីអ្នកជំនាញការជាន់ខ្ពស់នៃគណៈកម្មាធិការ ICC-Angkor ក្រុមការងាររបស់លោកនឹងយកព្រះពុទ្ធរូបទៅដាក់នៅសាលរបាំដែលជាទីតាំងដើមនៃពុទ្ធរូបនោះវិញ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរគោរពបូជា។ លោកបញ្ជាក់ថា ពុទ្ធរូប២អង្គនោះ គឺជាពុទ្ធរូបប្រក់នាគ ដែលក្រុមការងាររបស់លោកបានប្រទះឃើញ ពេលធ្វើកំណាយអំឡុងពេលចាប់ផ្តើមការដ្ឋានជួសជុលសាលរបាំអំឡុងឆ្នាំ២០១១។

យ៉ាងណាក៏ដោយ លោក ចាន់ ឡាយ មិនទាន់អាចបញ្ជាក់បានអំពីកាលបរិច្ឆេទនៃការដង្ហែព្រះពុទ្ធរូបទៅតម្កល់នៅទីតាំងដើមនៅឡើយទេ ដោយសារការជួសជុលសាលរបាំមិនទាន់រួចរាល់ស្ថាពរ ជៀសវាងការធ្លាក់ដុំថ្ម ឬកំទេចផ្សេងៗមកប៉ះពុទ្ធរូបអាចបណ្តាលខូចខាតថែមទៀត។

គួររម្លឹកថា ក្រោយការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០០២ រដ្ឋាភិបាលឥណ្ឌាតាមរយៈស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (Archeological Survey of India-ASI) រួមសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការយូណេស្កូ បានចាប់ផ្តើមការអភិរក្សជួសជុល ទល់ទ្រជាបន្តបន្ទាប់។ ជាក់ស្តែង ក្នុងដំណាក់កាលទី១ (២០០៤-២០១៤) គម្រោងនេះសម្រេចបានការជួសជុលរួចរាល់ទាំងស្រុងនូវរោងទងខាងកើតឆៀងខាងត្បូង រានហាលខាងលិច ខ្លោងទ្វារច្រកចូលទី៤ ខ្លោងទ្វារខាងលិច និងជញ្ជាំងថ្មបាយក្រៀមអមសងខាង។ ក្រៅពីចំណុចជួសជុលទាំងនេះ នៅមានផ្នែកច្រើនទៀត ដែលក្រុមការងារបានធ្វើការទល់ទ្រ និងចងរឹតដោយខ្សែកាប ដើម្បីការពារការរបេះធ្លាក់ឬដួលរលំបន្ថែមទៀត។ សម្រាប់ជំហានទី២ (២០១៥-២០២៥) គម្រោងកំពុងដំណើរការជួសជុលផ្គុំឡើងវិញនូវសាលរបាំ ដែលរងខូចខាតស្ទើរទាំងស្រុង តាមរយៈការប្រមូលបំណែកថ្មធ្លាក់ខូចខាត មករៀបដំឡើងនៅតាមទីតាំងឲ្យដូចពីសម័យបុរាណឡើងវិញ៕






រយៈពេល៦ខែដើមឆ្នាំ២០១៧កន្លងទៅនេះ នាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានដាំ និងចែកចាយកូនឈើដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសពូជឈើដែលមានក្នុងតំបន់អង្គរស្រាប់ដូចជា គគី ឈើទាល បេង គ្រញូង ជាដើមបានចំនួន ១២៦៣៦ដើម។
គិតត្រឹមថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៧នេះ សត្វទោចម្កុដចំនួន២គូ ដែលបានព្រលែងក្នុងតំបន់អង្គរ ដោយអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Angkor Zip line) បានបង្កើតកូន៣ក្បាលហើយ។
អាជ្ញាធរជាតិអប្សរា បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តជប៉ុននៃអង្គការស្រឡាញ់ ដើម្បីបើកវគ្គបណ្តុះបណ្តាលសង្គ្រោះបឋមរយៈពេលមួយថ្ងៃ ដល់មន្ត្រីភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរចំនួន ៤០នាក់ ដែលមកពីប្រាសាទនានានៅក្នុងតំបន់អង្គរ នៅសាលសន្និសីទអង្គរ ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នេះ។
នៅឆមាសទី១ ឆ្នាំ២០១៧ កន្លងទៅនេះ ការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យសំណើសាងសង់ និងជួសជុលសំណង់តូចតាចចំនួន៤៦៩ ករណី ក្នុងនោះដែរក្រុមការងារសហគមន៍ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋសាងសង់ និងជួសជុល ចំនួន ៣២៦ករណី ក្នុងភូមិចំនួន១០ ដែលស្ថិតនៅក្នុង ស្រុកចំនួន៤ ក្រុង១ ក្នុងតំបន់ រមណីយដ្ឋានអង្គរ។
ប្រាសាទតានៃ មានរចនាប័ទ្មដ៏ល្អឯក មិនខុសពីប្រាង្គប្រាសាទបុរាណខ្មែរផ្សេងទៀត។ ទោះបី ជាបែបនេះក្តី បើនិយាយពីឈ្មោះនៃប្រាសាទមួយនេះ មានមនុស្សតិចណាស់ដែលបានស្គាល់ និងបានទៅដល់។ មានទីតាំងនៅក្នុងព្រៃខាងជើងប្រាសាទតាព្រហ្ម និងខាងកើតប្រាសាទតាកែវឆ្ពោះទៅខាងជើងប្រហែល ៨០០ម៉ែត្រ ប្រាសាទតានៃកសាងឡើងក្នុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។
ដើមដំបូងមុន12345...116117បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
2491
ម្សិលមិញ
:
2860
សប្តាហ៍នេះ
:
13580
ខែនេះ
:
0117729
សរុប
:
002928648