ព័ត៌មានថ្មីៗ

គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកទទួលភ្ញៀវទេសចរធ្វើសមាធិជាលើកដំបូង

បានផ្សាយនៅ ថ្ងៃទី 09 ខែ មេសា ឆ្នាំ2017 12:42 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី៨ ខែមេសាឆ្នាំ២០១៧ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកទទួលភ្ញៀវទេសចរជនជាតិអាមេរិកាំងមកកម្សាន្ត និងធ្វើសមាធិជាលើកដំបូងចំនួន៤០រូប។

ពិធីធ្វើសមាធិត្រូវបានរៀបចំនៅមាត់ត្រពាំងបុរាណឈ្មោះត្រពាំងល្បើក និងដឹកនាំដោយព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរអនុគណក្រុងសៀមរាប និងជាចៅអធិការវត្តអង្គរខាងត្បូង ដើម្បីឲ្យសមស្របទៅតាមមាគ៌ាពិតប្រាកដរបស់ព្រះពុទ្ធសាសនា។

តាមធម្មទេសនាពន្យល់របស់ព្រះតេជគុណ កែវ អាន ការធ្វើសមាធិ ជាវិធីសម្រាកមួយដ៏ប្រសើរ ដែលជួយឲ្យរាងកាយនិងផ្លូវចិត្តបានស្ងប់រម្ងាប់ពីកង្វល់ និងភាពចលាចលក្នុងលោក។ វិធីនេះត្រូវបានព្រះពុទ្ធជ្រើសរើសអនុវត្តដើម្បីដុសខាត់បញ្ញារហូតដល់បានត្រាស់ដឹងសច្ចធម៌ តាំងតែពីជាងពីរពាន់ឆ្នាំមុនមកម្ល៉េះ។

លោក មុត យសា ប្រធានអង្គការ PAPA និងជាមគ្គុទ្ទេសក៍ទេសចរណ៍ដែលបានដឹកនាំក្រុមសិស្សសាលាបរទេសមកធ្វើសមាធិនៅភូមិធម្មជាតិរុនតាឯកបានបញ្ជាក់ថា ការរៀបចំដំណើរកម្សាន្ត និងធ្វើសមាធិនៅទីនេះ គឺក្នុងគោលបំណងផ្សព្វផ្សាយនូវវប្បធម៌អារ្យធម៌ខ្មែរ ដែលដូនតាធ្លាប់បានអនុវត្តរាប់ពាន់ឆ្នាំមកហើយ ដូចដែលមានក្នុងចម្លាក់តាមប្រសាទជាច្រើន។ ម្យ៉ាងទៀត ការជ្រើសរើសភូមិធម្មជាតិរុនតាឯកជាទីតាំង ដោយសារទីនេះមានលក្ខណៈទេសចរណ៍ធម្មជាតិ (Eco-Tourism) និងរួមចំណែកជំរុញវិស័យទេសចរណ៍នៅទីនេះឲ្យកាន់តែទូលំទូលាយ។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកមានប្រសាសន៍ថា ទេសចរណ៍សមាធិ គឺជាគម្រោងមួយនៃទេសចរណ៍ធម្មជាតិដ៏ច្រើននៅភូមិធម្មជាតិរុនតាឯក។ កន្លងមក ភ្ញៀវទេសចរបានចាប់អារម្មណ៍លើគម្រោងផ្ទះស្នាក់ ការធ្វើស្រែ ធ្វើក្រឡាន និងបង្ហោះគោមជាដើម។ នេះជាលើកទីមួយហើយដែលភ្ញៀវទេសចរបានអារម្មណ៍លើការធ្វើសមាធិ។

ឯកឧត្តមបន្ថែមថា វិស័យទេសចរណ៍គឺជាគម្រោងធំមួយជាមួយគ្នានឹងវិស័យកសិកម្ម ដែលក្រុមគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកបានបង្កើតឡើង ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅទីនេះឲ្យកាន់តែល្អប្រសើរ៕












ស្ពានអណ្តែតទឹកមុខប្រាសាទអង្គរវត្តបណ្តោះអាសន្ន ដែលត្រូវបានសាងសង់ឡើង ដើម្បីជូនភ្ញៀវជាតិ និងអន្តរជាតិប្រើប្រាស់ជំនួសឲ្យស្ពានហាល ដែលកំពុងដំណើរការជួសជុលនោះ បានរួចរាល់ស្ទើរ១០០% ហើយគ្រោងនឹងដាក់ឲ្យដំណើរការនៅដើមខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។
ក្រៅពីការងារអភិរក្ស រៀបចំ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់អង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមការងារសហគមន៍ បានចុះសួរសុខទុក្ខ អប់រំ ស្តាប់សំណូមពរ ផលលំបាកនិងជួយដោះស្រាយបញ្ហាជូនបងប្អូនប្រជាជនដោយផ្ទាល់ដល់មូលដ្ឋាន។
តាំងពីយូរមកហើយ ការស្រាវជ្រាវស្តីពីអារ្យធម៌អង្គរ ភាគច្រើនផ្តោតតែទៅលើការសិក្សាពីសិលាចារឹក ប្រាង្គប្រាសាទ និងសិល្បៈតែប៉ុណ្ណោះ។ ចំណែកឯការសិក្សាស្រាវជ្រាវស្តីពីកុលាលភាជន៍ គេពុំសូវយកចិត្តទុកដាក់ទេ។ ទើបតែថ្មីៗនេះ ការសិក្សាស្រាវជ្រាវអំពីកុលាលភាជន៍ ត្រូវបានទទួលបានការចាប់អារម្មណ៍ច្រើន បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវបានរកឃើញទីតាំងនៃឡបុរាណខ្មែរមួយចំនួន។
ទោះនឿយហត់ដោយសារកម្តៅថ្ងៃយ៉ាងណាក្តី ក៏មិនអាចរារាំងទឹកចិត្តរបស់លោកតា សុត ជុយ លើការងារជួសជុល និងអភិរក្សប្រាសាទបានឡើយ។ លោកតា គឺជាកម្មករជួសជុលនៅប្រាសាទមេបុណ្យខាងលិច ដែលនៅចំកណ្តាលបារាយណ៍ទឹកថ្លា។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានថ្មីនៃអាជ្ញាធរជាតិអប្សរា លោកជំទាវ ភឿង សកុណា នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានជួបប្រជុំជាមួយមន្រ្តីរាជការ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់បន្ថែមនូវការងារអនុវត្តជាក់ស្តែងនៃស្ថាប័ន និងការគ្រប់គ្រងនៅរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...101102បន្ទាប់ចុងក្រោយ

ប្រសាសន៍ឯកឧត្តមប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
8760
ម្សិលមិញ
:
7411
សប្តាហ៍នេះ
:
69972
ខែនេះ
:
0406269
សរុប
:
002334929