ព័ត៌មានថ្មីៗ

អ្នកជំនាញអាជ្ញាធរជាតិអប្សរានិងក្រុមការងារ IGeS នៃប្រទេសអុីតាលី បញ្ចប់ការជួសជុលកាំជណ្តើរកសិណប្រាសាទអង្គរវត្តផ្នែកខាងលិចស្លាបខាងជើង

បានផ្សាយនៅ ថ្ងៃទី 02 ខែ ឧសភា ឆ្នាំ2016 09:36 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
កាំជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងជើងប្រវែង៨០ម៉ែត្រដែលរងការខូចខាតដោយសារការស្រុតដីបាក់រលំ និងការខូចខាតប្រព័ន្ធបញ្ជៀសទឹកក្រោមដីនោះ ត្រូវបានអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងារ IGeS របស់ប្រទេសអ៊ីតាលី ធ្វើការជួសជុលអស់រយៈពេល៤ឆ្នាំ គឺតាំងពីឆ្នាំ២០១២នឹងបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១៥ ។

លោក Valter Maria Santoro ប្រធានគម្រោង IGeS បានប្រាប់ថា ការជួសជុលជណ្តើរកសិណនេះ បានចាប់ផ្តើមឡើងនៅឆ្នាំ២០១២ ហើយបញ្ចប់នៅចុងឆ្នាំ២០១៥ លើប្រវែង៨០ម៉ែត្រ ដោយថវិការរបស់រដ្ឋាភិបាលអ៊ីតាលីផងនិងថវិការបស់អាជ្ញាធរជាតិអប្សរាផង។ លោកបន្តទៀតថា មុននឹងជួសជុលយើងក៏បានសិក្សាពីផលប៉ះពាល់ដែលធ្វើឱ្យសំណង់រលំស្រុត ស្រទាប់ដី កម្រិតទឹក រួមទាំងរចនាសម្ពន្ធកសិណនេះផង ដើម្បីរក្សាទ្រង់ទ្រាយដើម ដោយមានអ្នកជំនាញខ្មែរនិងអ៊ីតាលីធ្វើការរួមគ្នា។ ចំពោះការជួសជុលបើប្រើបច្ចេកទេសបុរាណតែមួយគត់ ក៏មិនអាចធានាសុវត្ថិភាពនិងភាពយូរអង្វែងនៃសំណង់បានដែរ ដូច្នេះទាមទារឱ្យប្រើបច្ចេកទេសទំនើបនិងសម្ភារៈថ្មី (ថ្មភក់ ថ្មបាយក្រៀមថ្មី និងការបិទភ្ជិត) ដើម្បីពង្រឹងរចនាសម្ពន្ធសំណង់ឱ្យមានអាយុកាលនិងស្ថេរភាពបានយូរ។ ចុងក្រោយលោកក៏សម្តែងចំណាប់អារម្មណ៍ថា នៅកំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្មែរមានអ្នកជំនាញគ្រប់គ្រាន់ ថែមទាំងមានសមត្ថភាពអាចដឹកនាំធ្វើការជួសជុលប្រាសាទបាន ដែលធ្វើឱ្យអាជ្ញាធរជាតិអប្សរាបានក្លាយជាស្ថាប័នជាតិដ៏លេចធ្លោមួយដែលមានថវិកានិងអ្នកជំនាញប្រកបដោយប្រសិទ្ធភាព គ្រាន់តែនៅខ្វះខាតបច្ចេកទេសសុីជម្រៅបន្តិចបន្តួចប៉ុណ្ណោះ ដែលស្ថាប័នអន្តរជាតិក៏កំពុងជួយដែរ។

លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ IGeS ទាំងបច្ចុប្បន្ននិងកន្លងមក ក្រុមការងារនេះបានធ្វើការងារជាច្រើនដើម្បីសង្គ្រោះប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ ហើយអាជ្ញាធរជាតិអប្សរាក៏បានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននេះដែរ ទាំងថវិកានិងបច្ចេកទេសគ្រប់គម្រោង។ ក្រៅពីនោះក៏បានជួយសម្រួលបែបបទរដ្ឋបាល ការស្វែងរកសម្ភារៈ និងផ្តល់អ្នកជំនាញផ្នែកស្រាវជ្រាវ មើលស្រទាប់ដីដែលចាក់បង្គរនៅលើច្រាំងកសិណ អ្នកសម្រង់ប្លង់ ដើម្បីឈ្វេងយល់អំពីរចនាសម្ពន្ធបុរាណ ឱ្យជួសជុសទៅតាមទ្រង់ទ្រាយបុរាណនិងរក្សាលក្ខណៈដើមនៃសំណង់បុរាណបាន ហើយទៅអនាគត អាជ្ញាធរជាតិអប្សរាក៏ជួយគម្រោង IGeS ក្នុងការផ្តល់យោបល់ទាក់ទងនឹងរចនាសម្ពន្ធណាមួយនៅអង្គរវត្ត ដែលមានអាទិភាពនិងសារប្រយោជន៍ គួរជួសជុលនិងអភិរក្សមុនគេផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមការងារ IGeS បានចូលមកធ្វើការនៅតំបន់អង្គរតាំងពីឆ្នាំ១៩៩៥ ដោយបានជួសជុលប្រាសាទប្រែរូបមុនគេ បន្ទាប់មកក៏បានបំពេញបេសកម្មការងារយ៉ាងច្រើននៅប្រាសាទអង្គរវត្ត ដូចជាជួសជុលក្តារបែនព្រះពន្លាខាងលិចនៅរួតបាកាន កាំជណ្តើរកសិណមុខលោកតារាជប្រវែង៦០ម៉ែត្រ។ ដោយឡែកគម្រោងទៅអនាគតនឹងជួសជុលជណ្តើរកសិណអង្គរវត្តផ្នែកខាងលិចស្លាបខាងត្បូងចំនួន៨០ម៉ែត្រទៀតផងដែរ។ ក្រៅពីនោះ IGeS ក៏បានបណ្តុះបណ្តាលអ្នកជំនាញនិងកម្មករខ្មែរ ឱ្យមានសមត្ថភាពច្បាស់លាស់អាចធ្វើការនៅក្នុងការដ្ឋានបានយ៉ាងគួរឱ្យកោតសរសើរទៀតផង៕










ជាទម្លាប់រាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើតខែមាឃធំ អ្នកស្រុកក្នុងតំបន់សៀមរាប អង្គរ និងខេត្តនៅតំបន់ខាងជើងនិងខាងលិច តែងតែប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹកគគ្រេងឬតូចតាចទៅតាមលទ្ធភាពដែលអ្នកទ្រទ្រង់មានមិនដែលខកខានឆ្នាំណាឡើយ។ ការរៀបចំពិធីត្រូវបានធ្វើឡើងក្នុងថ្ងៃតែមួយក្នុងតំបន់សៀមរាបអង្គរ ទាំងអ្នកស្រុកទន្លេ អ្នកនៅកណ្តាល និងនៅស្រុកលើ នាកន្លែងអ្នកតាដែលអ្នកស្រុកគោរពបូជាក្នុងតំបន់ដែលខ្លួនរស់នៅ ដូចជានៅតាមប្រាង្គប្រាសាទ វត្តអារាម ឬទីទួលផ្សេងៗ។

ការរៀបចំពិធីច្រើនធ្វើនៅពេលរសៀល មានរបៀបធ្វើគ្រឿងរណ្តាប់បូជា សំណែនដូចគ្នាខ្លះ ខុសគ្នាខ្លះទៅតាមតំបន់ តាមជីវភាព និងទម្លាប់ដែលធ្លាប់ធ្វើពីមុន តែអ្វីដែលសំខាន់គឺក្នុងបំណងតែមួយដើម្បីសុំសុខសប្បាយ សុំមានទឹកគ្រប់គ្រាន់ក្នុងការធ្វើកសិកម្ម ដីមានជីជាតិឱ្យកើតស្រូវកើតអង្ករ។ តាមការរៀបចំរបស់អ្នកស្រុកបង្កោង បានធ្វើពិធីឡើងអ្នកតាពេញមួយព្រឹក ដោយប្រជាជនយកនំបញ្ចុកមកពីផ្ទះរៀងៗខ្លួន និងធ្វើចង្ហាន់ប្រគេនព្រះសង្ឃរួមគ្នា ហើយបានយកស្រូវមកពូនភ្នំស្រូវនៅក្នុងសាលាឆទាន ដោយមានព្រះសង្ឃ និងយាយតា សូត្រធម៌នមោស្សកា និងរាប់បាត្រឆ្លង។ ការពូនភ្នំស្រូវក្នុងពិធីនេះ ត្រូវបានចាស់ៗនិយាយថា ដើម្បីសុំឱ្យកើតស្រូវហូរហៀរនៅឆ្នាំក្រោយ។

ចំពោះអ្នកភូមិនៅចំណុះជើងវត្តប្រាសាទអធ្វា បានយកប្រាសាទអាធ្វា ទួលយាយប៉ុក និងទួលតាមឿង ដើម្បីប្រារព្ធពិធីឡើងអ្នកតា ព្រោះទីនេះជាទីកន្លែងដែលមានអ្នកតាស័ក្តិសិទ្ធិ។ អ្នកភូមិចាស់ក្មេងបានជួបជុំគ្នាធ្វើពិធីនៅប្រាសាទអធ្វាមុនគេតាមទំនៀម ដោយមាននាំមកម្ហូបអាហារ គ្រឿងរណ្ដាប់ គ្រឿងសំណែន អ្នកភ្លេង និងអ្នកចូលរូបផងដើម្បីឱ្យអ្នកតាចូលរូបរាំរែកសប្បាយ ជាមួយនឹងការហូបចុកដែលអ្នកភូមិយកមកសែនថ្វាយ ដើម្បីសុំឱ្យលោកតាម្ចាស់ស្រុករក្សាកូនចៅ ឱ្យទៅកន្លែងបានតែសេចក្ដីសុខ ប្រកបមុខរបរចិញ្ចឹមជីវិតកើនផលទាំងអស់គ្នា និងចាកឆ្ងាយពីជំងឺផ្សេងៗ។ ចំណែកការរៀបចំពិធីរបស់អ្នកភូមិសំរោង តាប្រុក ដូនឪ ដែលមានលោកតា បាឡាត់ និងយាយ ផាត់ ជាអ្នកតាដ៏ស័ក្តិសិទ្ធិនោះ អ្នកស្រុកភូមិបានយកនំបញ្ចុក បង្អែមចង្អាម ម្ហូបអាហារ មកជុំគ្នានៅខ្ទមអ្នកតាក្នុងវត្តដើម្បីរៀបចំសែនព្រេន។ នៅទីនេះ មិនមានគ្រឿងសំណែនធំដុំដូចជាក្បាលជ្រូក មាន់ស្ងោរអ្វីទេ ឯការរៀបចំក៏ខុសពីកន្លែងដទៃបន្តិចត្រង់ស្លាធម៌គឺធ្វើពីស្លឹកខ្នុរជំនួសស្លឹកម្លូរ គ្មានអ្នករាំរែក គ្មានអ្នកភ្លេង។ ពួកគាត់បានចងនំអន្សមផ្អាវ ចេក និងនំផ្សេងៗរណេងរណោងនៅក្នុងខ្ទមអ្នកតា ហើយពេលសែនព្រេនចប់ ពួកគាត់ក៏បាចទឹកគ្នា។ តាមការឱ្យដឹងពីអ្នកចូលរួម គេបាចទឹកដើម្បីសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់ដើម្បីគាត់ធ្វើកសិកម្មបានផលល្អ។

ទាក់ទងនឹងពិធីឡើងអ្នកតាឬឡើងមាឃ លោកសាស្ត្រាចារ្យ អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា នេះជាពិធីបុណ្យទាក់ទងនឹងកសិកម្ម ទាក់ទងនឹងធម្មជាតិ ការដាំដុះ ការប្រមូលផល។ ដើម្បីកសិកម្មបានផលល្អ ទឹកជាកង្វល់ធំបំផុតរបស់ខ្មែរទាំងមូល តើត្រូវរៀបចំយ៉ាងដូចម្តេច ឱ្យមានទឹកគ្រប់គ្រាន់សម្រាប់ការដាំដុះ។ ដូច្នេះការរៀបចំពិធីនេះធ្វើឡើង ដើម្បីជាកិច្ចលៀងឱ្យអ្នកតាបានសោយក្រយាបរិបូណ៌ សណ្តាប់ភ្លេង រាំរែកសប្បាយក្នុងដំណាច់ឆ្នាំចាស់ ព្រោះធ្វើកសិកម្មចប់សព្វគ្រប់អស់ហើយ ហើយក៏ជាសេចក្តីអំណរគុណដល់អ្នកតាដែលបានធ្វើតាមសំណូមពរកាលពីឆ្នាំមុន បានផ្តល់ទឹកភ្លៀងតាមរដូវ ដីមានជីវជាតិ ដាំដុះបានផលល្អ។

លោកសាស្ត្រាចារ្យបានបញ្ជាក់ថា សម្រាប់ខែមាឃ ខែចែត្រ ខែពិសាខ សុទ្ធតែជាចុងនៃវដ្តរដូវមួយទៅវដ្តរដូវមួយដែលបញ្ជាក់ថា យើងធ្វើការងារកសិកម្មចប់ហើយ ដល់ពេលឈប់សម្រាកប្រមូលភោគផលបានហូរហៀរ។ ការបញ្ចប់នេះ មិនមែនមានន័យថា ឈប់លែងធ្វើទៀតនោះទេ គឺដល់ពេលគេរៀបចំកិច្ចពិធីម្តង ដើម្បីត្រៀមខ្លួនក្នុងការរៀបចំចូលដល់វដ្តកសិកម្មថ្មី រៀបចំន័ង្គល រនាស់ ថែទាំគោក្របី ពូជស្រូវដំណាំ មួយទៀតគឺទឹក ធ្វើដូចម្តេចឱ្យបានទទួលទឹកតាមរដូវ ប្រើប្រាស់នារដូវកសិកម្មថ្មី។

ចំពោះការប្រារព្ធពិធីឡើងអ្នកតាសម្រាប់អ្នកស្រុកលើ គេមិនត្រូវការទឹកនោះទេ គឺគេសុំឱ្យមានភោគផលធម្មជាតិច្រើន រុក្ខផលច្រើន និងមានឃ្មុំច្រើនដែលជាធនធានអនុផលធម្មជាតិដ៏សំខាន់ សម្រាប់ចិញ្ចឹមជីវិតអ្នកស្រុករស់នៅតាមតំបន់ព្រៃ។ ដូចករណីនៅភ្នំគូលែន កិច្ចសំខាន់គឺគេចងនំអន្សមផ្អាវដូចសំបុកឃ្មុំជុំវិញខ្ទម និងព្រៃនៅជុំវិញខ្ទមអ្នកតា ដែលគេសន្មត់ថានំផ្អាវនោះ គឺជាសំបុកឃ្មុំ ហើយយើងក៏ឃើញមានខ្លះៗដែរនៅតំបន់អង្គរ។ ចំពោះអ្នកនៅក្រោម បំណងចង់បានត្រីច្រើន រីឯបំណងអ្នកស្រុកកណ្តាលចង់បានភ្លៀងដើម្បីកសិកម្មល្អ ដូចជាពូនភ្នំស្រូវ គឺចង់បានស្រូវ។

ជាធម្មតា អ្នកតាមានរូបតំណាងជាដុំថ្ម បដិមា ចម្លាក់ ដំបូក ដើមឈើជាដើម។ ប៉ុន្តែពេលមានកិច្ចពិធី គឺមានរូបមួយទៀត ដែលហៅថារូបសំណឹង ភាគច្រើនជាស្ត្រី ជាដូនចាស់ សម្រាប់ឱ្យអ្នកតាចូលរូបដូនចាស់នោះ។ លុះពេលគេឡើងអ្នកតា អ្នកតាដែលសំខាន់ជាងគេលេចមុខមុនគេ (អ្នកជាធំ) បន្ទាប់មកទើបអ្នកតាតូចតាចតាមឋានៈចូលតាមក្រោយ។ ពេលរូបចូលមានម្នាក់ទៀតជាស្ត្រីដែរ ដែលគេហៅថា ជើងព្រះឬស្នំ ដែលជាអ្នកសួរនាំ ប្រែសម្រួលពីភាសាខ្មោច មកភាសាមនុស្ស ពីមនុស្សទៅខ្មោច សួរនាំថាមកពីណា គេគោរពបូជា ថ្វាយភ្លេង ចង់សេពសោយអ្វី។ បន្ទាប់មកក៏សុំនូវបំណង និងចងដៃសុំសេចក្តីសុខ។ បើនៅតាមទំនៀមបុរាណមែនទែន ពេលចប់ពិធី គឺគេបាចទឹកទៅលើអ្នកចូលរួម។ ករណីសម័យបុរាណ គេមានរៀបចំជាអណ្តូងដាក់ក្មេង៤ឬ៥នាក់ ឧបកិច្ចថាជាសត្វហ៊ីង កង្កែប គីង្គក់ ដែលហៅថាមហាត (អ្នកទោសដែលស្តេចលោះចេញឱ្យមានសេរីភាព) រួចចាក់ទឹកលើក្មេងក្នុងអណ្តូងនោះ ក្មេងក៏ចាប់ស្រែករបៀបសត្វ ថាហ៊ីងហង ឱបៗ ក្រេតក្រត បញ្ជាក់ថាមានភ្លៀងធ្លាក់មកហើយ។ តែបច្ចុប្បន្នករណីនេះ មិនមានទៀតទេ ដោយគេគ្រាន់តែជះទឹកគ្នាជាការឧបកិច្ចប៉ុណ្ណោះ។ ការធ្វើពិធីនេះដែរ គឺជាធ្វើដេញពេលវេលាតគ្នាចាប់ពីស្រុកខេត្តផ្សេងៗនៅខែមាឃមុន បន្តទៅខែផល្គុន ចេត្រ ពិសាខ ដូចគ្នានឹងករណីពិធីបុណ្យអុំទូកដូច្នោះដែរ គឺធ្វើនៅតាមស្រុកខេត្តមួយៗ ខ្លះអុំខែចេញវស្សា ខ្លះអុំខែភ្ជុំបិណ្ឌ អុំតៗគ្នាតាមភូមិសាស្ត្រដែលទឹកហូរចេញទៅ រួចទៅអុំសម្រេចនៅភ្នំពេញនាខែកក្តិក ដែលសុទ្ធតែសំដៅដល់រដូវកសិកម្មជាធំ៕
































អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន រូបភាព៖ លោកស្រី អ៊ីសា រ៉ហ៊ីណី លោក យី សុថា
ដើម្បីលើកកម្ពស់តំបន់រមណីយដ្ឋានអង្គរ និងស្របតាមអនុសាសន៍ណែនាំរបស់គណៈកម្មាធិការ ICC-Angkor អាជ្ញាធរជាតិអប្សរា កំពុងឆ្លាក់ផ្ទាំងឈ្មោះប្រាសាទដែលមានទាំងអក្សរខ្មែរ និងអក្សរអង់គ្លេស ធ្វើពីថ្មភក់ប្រមាណ ១១៨ផ្ទាំង ហើយគ្រោងនឹងលើកដាក់តាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរក្នុងពេលឆាប់ៗខាងមុខនេះ។
ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គររបស់អាជ្ញាធរជាតិអប្សរាបានបង្ហាញពីការលើកកម្ពស់គុណភាពសេវាកម្ម ផ្តល់ការយកចិត្តទុកដាក់ និងផ្តល់ទំនុកចិត្តខ្ពស់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងពេលចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ។
កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចត្រពាំងវៀន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានសំណង់របងហ៊ុព័ទ្ធត្រពាំងបុរាណមួយកន្លែងដែលធ្វើពីស័ង្កសីពណ៌ខៀវ មានបណ្តោយ១០០ម៉ែត្រនិងកម្ពស់២ម៉ែត្រ ក្នុងគោលបំណងកាន់កាប់ជាកម្មសិទ្ធ របស់ប្រជាជនចំណូលថ្មីមួយគ្រួសារ។ 
ដើមដំបូងមុន12345...197198បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1192
ម្សិលមិញ
:
3556
សប្តាហ៍នេះ
:
04748
ខែនេះ
:
0148488
សរុប
:
008100097