ព័ត៌មានថ្មីៗ

ទំនៀមឆ្លងចេត្ររបស់អ្នកស្រុកអង្គរ

បានផ្សាយនៅ ថ្ងៃទី 26 ខែ មេសា ឆ្នាំ2016 10:47 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
«ឆ្លងចេត្រ» ជាពិធីបុណ្យដែលមានតាំងពីបរមបុរាណ ហើយអ្នកភូមិគិរីមានន្ទនិងស្រុកភូមិមួយចំនួនទៀតនៃតំបន់អង្គរតែងនាំគ្នាប្រារព្ធធ្វើឥតដាច់ បន្ទាប់ពីចប់ចូលឆ្នាំថ្មីប្រពៃណីជាតិមួយឬពីរអាទិត្យ តាមការមូលមតិគ្នាជាឯកច្ឆ័ន្ទរបស់ប្រជាពលរដ្ឋ អាចារ្យ និងគណៈកម្មការភូមិឃុំ។

តាមទំនៀម អ្នកភូមិគីរីមានន្ទតែងប្រារព្ធពិធីនេះនៅសាលាឆទានក្នុងភូមិ តែដោយឡែកឆ្នាំនេះត្រូវធ្វើពិធីសម្ពោធភូមិ ដើម្បីរំដោះគ្រោះឧបទ្រពចង្រៃដែលកើតមានក្នុងឆ្នាំចាស់ផង ទើបមកធ្វើនៅចំណុចកណ្តាលនៃភូមិវិញ។ ជាការពិតណាស់ ឱ្យតែដល់ថ្ងៃឆ្លងចេត្រ អ្នកភូមិតែងមកជុំគ្នាយ៉ាងច្រើនកុះករ ដើម្បីចូលរួមអបអរសាទរពិធីនេះ។ វាជាពិធីដ៏សប្បាយរីករាយ ហើយជាសញ្ញានៃការទុកដាក់ភោគផលរួចរាល់និងត្រៀមខ្លួនទទួលរដូវធ្វើស្រែចម្ការជាថ្មីម្តងទៀតដែរ។ លើសពីនេះអ្នកភូមិក៏ជឿថា ការធ្វើពិធីនេះនាំមកនូវសេចក្តីសុខ សិរីសួស្តី វិបុលសុខដល់ខ្លួននិងក្រុមគ្រួសារក្នុងឆ្នាំថ្មី ទើបបន្តធ្វើរហូតដល់សព្វថ្ងៃ។

តាមប្រសាសន៍របស់លោកពូ ប៊ុត ម៉ាត់ ប្រជាពលរដ្ឋនៅភូមិធម្មនន្ទបានប្រាប់ថា «ឆ្លងចេត្រ» គឺជាទំនៀមទម្លាប់ខ្មែរ អ្នកភូមិនេះតែងធ្វើជារៀងរាល់ឆ្នាំ លើកលែងតែសម្ពោធភូមិដែលយូរៗធ្វើម្តង ដើម្បីដេញព្រាយព្រ័ក្សដែលធ្វើឱ្យសត្វចិញ្ចឹមនិងអ្នកស្រុកចាស់ក្មេងមានជំងឺតម្កាត់ ជួបគ្រោះកាចស្លាប់ច្រើន។ គាត់មានជំនឿថា ការធ្វើពិធីបុណ្យទាំងនេះជាទំនៀមផងនិងដូចជាដោះគ្រោះដោះនាមឱ្យធូរស្បើយ ហើយមិនសូវមានទុក្ខសោករោគភ័យ ឬគ្រោះថ្នាក់អ្វីដល់អ្នកស្រុកភូមិដែរ។

ចំណែកលោកតា មិត្ត អាចារ្យនៃកម្មវិធីបុណ្យឆ្លងចេត្រនេះ បានប្រាប់ពីគោលបំណងនៃពិធីថា ឆ្លងចេត្រ គឺជាការចេញឆ្នាំចាស់ចូលឆ្នាំថ្មី គេតែងធ្វើនៅពេលចប់ចូលឆ្នាំ ពេលស្រង់ព្រះនៅវត្តហើយ គឺគេធ្វើពិធីនេះ ដើម្បីស្រង់ទឹកតាមភូមិម្តង សូមឱ្យមានក្តីសុខសប្បាយ។ ពិធីនេះមានលំនាំមិនសូវខុសពីពិធីបុណ្យផ្សេងៗទេ គឺមានពិធីសូត្រមន្ត បួងសួង ក្រុងពាលី លើកទង់ រាប់បាត្រឆ្លង ហែប្រទក្សិណ។ល។ តែពិធីសំខាន់គឺពូនភ្នំខ្សាច់ ហើយពូនភ្នំស្រូវផង ដែលខានមិនបានទេ ដើម្បីបណ្តាច់គ្រោះកម្ម ឱ្យមានអាយុយឺនយូរ សុខកាយសប្បាយចិត្តត្រជាក់ត្រជុំ។ លោកតាក៏បានបង្ហាញពីទឹកចិត្តស្រឡាញ់និងការអភិរក្សទំនៀមនេះដែរ ដោយបានណែនាំនិងធ្វើជាគំរូដល់ក្មេងៗជំនាន់ក្រោយ បានឃើញ បានដឹងពីពិធីនេះ។ លោកតាក៏ជឿថាពិធីនេះនឹងនៅរស់រវើកលើទឹកដីអង្គរជារៀងរហូត។

ទាក់ទងនឹងពិធី «ឆ្លងចេត្រ» នេះដែរ លោកស្រ្តាចារ្យ អាំង ជូលាន អ្នកស្រាវជ្រាវជាតិពន្ធុវិទ្យា និងនរវិទ្យាបានសរសេរនៅក្នុងវែបសាយយសោធរថា មានមនុស្សច្រើនណាស់ក្រៅពីអ្នកតំបន់អង្គរច្បាស់ជាមិនយល់ពីអត្ថន័យនិងឆ្ងល់ថា ឆ្លងយ៉ាងម៉េចទៀត បើទើបឆ្លងឆ្នាំហើយថ្មីៗ? អ្នកខ្លះទៀតរហូតដល់គិតថា អ្នកស្រុកឯណេះរវល់តែនឹងធ្វើបុណ្យសប្បាយ ចប់មួយហើយចូលមួយទៀត។ បុព្វហេតុដែលធ្វើឱ្យមិនយល់គឺមកពីមានពាក្យ «ចេត្រ» ក្នុងបុណ្យនេះ ដ្បិតធម្មតាមានពាក្យថា «ខែចេត្រចូលឆ្នាំ» ម្ល៉ោះហើយឮពាក្យថា «ឆ្លងចេត្រ» ក៏យល់ថាឆ្លងឆ្នាំម្តងទៀត។ តាមពិតទៅ បើមើលពិធីនេះនៅភូមិណាមួយតែម្តងនឹងយល់ថា ឆ្នាំចំពោះអ្នកស្រុកអាចមានពីរក៏សឹងថាបាន។ ឆ្នាំមួយនោះគឺឆ្នាំនៃប្រតិទិន ពោលគឺឆ្នាំដែលមានពេលចប់ឆ្នាំចាស់ ចូលឆ្នាំថ្មីច្បាស់លាស់ដូចគ្នាជាទូទៅក្នុងប្រទេស មិនត្រឹមតែប៉ុណ្ណោះ ដូចគ្នានឹងប្រទេសដទៃមួយចំនួនផង។ រីឯឆ្នាំដែលទាក់ទងនឹងឆ្លងចេត្រនេះ បើនិយាយឱ្យចំ គឺ «វដ្តស្រូវ» ឬថា «រដូវ» ធ្វើស្រែក៏ថាបាន។ ដូច្នេះហើយបានជាថ្ងៃដែលរើសយកមកធ្វើបុណ្យឆ្លងចេត្រនោះតែងតែខុសគ្នាបន្តិចបន្តួចពីភូមិមួយទៅភូមិមួយក្នុងតំបន់អង្គរជាមួយគ្នា ដ្បិតវេលាក្នុងរដូវមិនតម្រូវពេលណា ថ្ងៃណាដាច់ណាត់ ខុសមួយថ្ងៃក៏ពុំបាននោះឡើយ។ ឆ្លងចេត្រនៅទីនេះ គ្រាន់តែមានន័យថា ឆ្លងផុតពីខែចេត្រ ចូលទៅខែពិសាខ ដែលជាខែចាប់ផ្តើមភ្លៀងធ្លាក់ ពោលគឺខែដែលគេចាប់ផ្តើមដាស់ដីភ្ជួររាស់ជាដើម។ បើគិតតាមប្រតិទិនមែនទែននោះ មិនមែនមានន័យថាធ្វើនៅដាច់ខែចេត្រចូលទៅថ្ងៃមួយកើតខែពិសាខនោះឡើយ ធ្វើខុសពីពេលនោះមួយអាទិត្យឬពីរអាទិត្យក៏បាន ដ្បិតន័យពិតប្រាកដគឺចប់រដូវធ្វើស្រែចម្ការមួយជាស្ថាពរហើយ ហើយចូលទៅរដូវធ្វើស្រែមួយថ្មីភ្លាម។

ក្នុងពិធីបុណ្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សានិងជា តំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានយកថវិកាចំនួន៨០០,០០០រៀលនិងថវិកាមួយចំនួនទៀតរបស់ក្រុមការងារសហគមន៍ទី៤ ទៅចូលរួមចំណែកនៅក្នុងកម្មវិធីបុណ្យឆ្លងចេត្រនិងបង្កក់ភូមិនៅភូមិគីរីមានន្ទ ភូមិតាប៉ាង សង្កាត់អំពិល ក្រុងសៀមរាបផងដែរ។ នេះសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរជាតិអប្សរា ចំពោះការអភិរក្សពិធីបុណ្យប្រពៃណីបុរាណរបស់អ្នកស្រុកអង្គរ ក៏ដូចជាបង្កើនភាពជិតស្និទ្ធរវាងអាជ្ញាធរជាតិអប្សរានិងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរផងដែរ៕














សិស្សានុសិស្សដែលកំពុងរៀនថ្នាក់ទី៤,៥ និងទី៦ នៅក្នុងរមណីយដ្ឋានអង្គរ ទទួលបានការបណ្ដុះបណ្តាលក្នុងគម្រោងអប់រំបរិស្ថាន ដែលជាគម្រោងសហការជាមួយអាជ្ញាធរជាតិអប្សរា ស្ថាប័នធានាគុណភាពជប៉ុន (JQA) មន្ទីរអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យ សូហ្វីយ៉ា។ សិស្សានុសិស្សទាំងនោះ ត្រូវបានអប់រំឱ្យស្គាល់សំរាម ប្រភពដែលបណ្ដាលឱ្យមានសំរាម របៀបកាត់បន្ថយសំរាម រួមនិងដំណោះស្រាយជាដើម។ល។
ជាគោលនយោបាយរបស់អាជ្ញាធរជាតិអប្សរាក្នុងការអភិរក្សតំបន់អង្គរមានទាំង ជំនឿ សាសនា សិល្បៈ ទំនៀមទម្លាប់ របៀបរបបរស់នៅ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អាជ្ញាធរជាតិអប្សរាតែងសហការ ផ្តល់យោបល់ ជួយគាំទ្រាំសហគមន៍ ដើម្បីឱ្យសហគមន៍មានគំនិតឆ្នៃប្រឌិត និងចូលរួមអភិវឌ្ឍន៍សហគមន៍ខ្លួនដោយខ្លួនឯង។
សេចក្ដីជូនដំណឹងស្ដីពី ការកាត់ដកហូតដើមឈើ និងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់នៅតាមបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ

សេចក្ដីជូនដំណឹងស្ដីពីការជីកប្រឡាយតាមព្រំផ្ទៃដីព្រៃឈើ ដើម្បីការពារ និងរក្សាព្រៃឈើក្នុងឧទ្យានអង្គរ
ជាការរួមចំណែកជាមួយវិស័យអប់រំក្នុងការបណ្តុះបណ្តាលកុមារឱ្យស្គាល់ពីប្រាង្គប្រាសាទ ប្រវត្តិភូមិសាស្ត្រ និងវប្បធម៌ប្រពៃណីក្នុងតំបន់ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានបណ្តុះបណ្តាលដល់សិស្សានុសិស្សអំពីបេតិកភណ្ឌក្នុងតំបន់អង្គរនៅសាលាបឋមសិក្សា ហ៊ុន សែន ស្វាយចេក ចំនួន២០០នាក់ ឱ្យស្គាល់ ចូលរួម ថែរក្សា ការពារបុរាណដ្ឋាន ទំនៀមទម្លាប់ ជំនឿសាសនា និងបរិស្ថានក្នុងតំបន់ដែលពួកគេរស់នៅ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
ដើមដំបូងមុន12345...190191បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1991
ម្សិលមិញ
:
2569
សប្តាហ៍នេះ
:
07744
ខែនេះ
:
0100903
សរុប
:
007691602