ព័ត៌មានថ្មីៗ

នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅឋានក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 22 ខែ ឧសភា ឆ្នាំ2015 08:25 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
តួនាទី និង ភារកិច្ច
  • ចូលរួមពិនិត្យបែបបទធ្វើប័ណ្ណកាន់កាប់ និងចុះបញ្ជីដីធ្លី ឲ្យសមស្របជាមួយទិន្នន័យសុរិយោដី និងតាមបទប្បញ្ញត្តិជាធរមាន
  • ចូលរួមរៀបចំផែនការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃឧទ្យានអង្គរ
  • បង្កើតស្លាកសញ្ញានៅក្នុងរមណីយដ្ឋានអង្គរ និងផលិត ព្រមទាំងដាក់ស្លាកសញ្ញា និងស្លាកព័ត៌មាន នៅកន្លែងសមស្របក្នុងផ្ទៃឧទ្យានអង្គរទាំងមូល ដោយសហការជាមួយនាយកដ្ឋានពាក់ព័ន្ធ
  • ចូលរួមគ្រប់គ្រងដោយសុវត្ថិភាព មានសមធម៌ និងគោរពដល់តម្លៃបេតិកភណ្ឌ ក្នុងការចេញប័ណ្ណអនុញ្ញាតសាងសង់
  • ពិនិត្យសំណើសុំសាងសង់ និងរៀបចំប័ណ្ណអនុញ្ញាតសាងសង់ ទៅតាមបទប្បញ្ញត្តិដែលមានជាធរមាន ព្រមទាំងតាមដានពិនិត្យការសាងសង់ និងចេញលិខិតបញ្ជាក់ថា ការសាងសង់នោះត្រឹមត្រូវតាមការកំណត់របស់អាជ្ញាធរអប្សរា
  • ចូលរួមរៀបចំមណ្ឌលសកម្មភាពតូចៗ សម្រាប់អ្នកភូមិក្នុងតំបន់ការពារនៃឧទ្យានអង្គរ
  • ផ្សព្វផ្សាយប្រគេនដល់ព្រះសង្ឃ ឲ្យស្គាល់ពីសារសំខាន់តម្លៃបេតិកភណ្ឌសាសនា ក្នុងការថែរក្សាអគារចាស់ៗ ព្រមទាំងរូបគំនូរបុរាណដែលមាននៅតាមវត្តអារាម
  • សហការជាមួយនាយកដ្ឋានពាក់ព័ន្ធ ក្នុងការធ្វើអង្កេតខាងផ្នែកវប្បធម៌ និងជាតិពិន្ទុវិទ្យាពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងឧទ្យានអង្គរ
  • ចូលរួមក្នុងការគាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍសហគមន៍
  • ចូលរួមជម្រុញការអប់រំខាងសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមជនបទ
១. កិច្ចការរៀបចំដែនដី
១.១ ការប្រើប្រាស់ដីធ្លី
ចាប់តាំងពីឆ្នាំ២០០៥ រហូតមក នាយកដ្ឋាន រ.ដ.ល បានចាត់ក្រុមវាស់វែងដីធ្លី ទៅធ្វើការ​សម្រង់​ស្ថិតិដីធ្លីនៅក្នុងតំបន់ តាមភូមិមួយម្ដងៗ។ រហូតដល់សព្វថ្ងៃនេះ ធ្វើបាន១៣ភូមិហើយរីឯភូមិឯទៀតៗ យើងនៅធ្វើជាបន្ត។ កិច្ចការនេះ តម្រូវឲ្យមាន អ្នកបច្ចេកទេស និងឧបករណ៍ភូមិវិទ្យា (GIS និង GPS)។

សូមរំលឹកថា តាមច្បាប់ និងបទបញ្ញត្តិជាធរមាន ផ្ទៃដីទាំងមូលដែលស្ថិតនៅក្នុង ឧទ្យានអង្គរ ជាកម្មសិទ្ធិសាធារណៈរបស់រដ្ឋ។ ក៏ប៉ុន្តែ រដ្ឋបានអនុញ្ញាតឲ្យ ប្រជាពលរដ្ឋ ឬសហគមន៍ប្រើប្រាស់ក្នុងលក្ខណៈនៃច្បាប់។

ដីធ្លីក្នុងឧទ្យានត្រូវបានចាត់ជាបួនផ្នែក គឺ៖
១) ដីធ្លី ដែលអ្នកស្រុកប្រើប្រាស់ ដើម្បីសង់លំនៅដ្ឋានក្នុងភូមិ (ដីភូមិ)
២) ដីស្រែចំការ ដែលអ្នកស្រុកប្រើប្រាស់ដាំដុះ
៣) ដីដែលរដ្ឋ ឬ សហគមន៍ប្រើប្រាស់ និង
៤) ដី ដែលជាវាល ព្រៃ ប្រាសាទ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា។

ជាដំណាក់កាលបន្ទាប់ អាជ្ញាធរជាតិអប្សរានឹងចាត់ចែងរៀបចំវិញ្ញាបនបត្រប្រើប្រាស់ ដីធ្លី ជូនប្រជាពលរដ្ឋគ្រប់រូបក្នុងឧទ្យានអង្គរ ដើម្បីប្រើប្រាស់តាមតម្រូវការ។ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅឋានក្នុងឧទ្យានអង្គរ មានភារកិច្ចរៀបចំដែនដី ប្រើប្រាស់ដីធ្លីនៅក្នុងតំបន់ការពារ នៃឧទ្យានទាំង​មូល។ ដើម្បីបំពេញកិច្ចការនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅឋានក្នុងឧទ្យានអង្គរ បានចាត់ចែង ឲ្យធ្វើរូបថត ពីលើអាកាស ដែលគ្របដណ្ដប់លើតំបន់ការពារទាំង ៤០,១០០ ហិកតា នៃឧទ្យានអង្គរ នាឆ្នាំ២០១១ ហើយបានបោះពុម្ពជាកម្រងរូបភាព នៅឆ្នាំ២០១៣។

១.២ ភូមិធម្មជាតិរុនតាឯក
អាជ្ញាធរជាតិអប្សរា មានភារកិច្ចអភិរក្សបេតិកភណ្ឌ ព្រមទាំងអភិវឌ្ឍតំបន់ឧទ្យានអង្គរទាំងមូល ប្រកបដោយចីរភាព។

ច្បាប់ និងបទបញ្ញាតិនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់ថា ដែនដីនៃបេតិកភណ្ឌវប្បធម៌ និង ប្រវិត្តសាស្រ្ត ជាសម្បិត្តសាធារណៈរបស់រដ្ឋ។ រាជរដ្ឋាភិបាល ក៏បានចេញសេចក្ដីសម្រេចលេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ដែលមានចែងថា " ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន រស់នៅយូរលង់មកហើយ ក្នុងតំបន់ការពារទី១ និងទី២ នៃឧទ្យានអង្គរ អាចបន្ដរស់នៅតទៅទៀតបាន ដោយមិនមានការដេញឲ្យចាកចេញពីភូមិដ្ឋានឡើយ "។ អ្នកភូមិទាំងនោះ អាចរុះរើ ជួសជុលផ្ទះចាស់ ទ្រុឌទ្រោម ដើម្បីសាងសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ដោយមានការអនុញ្ញាតពីអាជ្ញាធរអប្សរា។ ក៏ប៉ុន្តែ រាល់ការសាងសង់ផ្ទះថ្មី ត្រូវហាមឃាត់ជាដាច់ខាត

ក្នុងន័យនេះ រាជរដ្ឋាភិបាលមានគោលបំណងចង់ទប់ស្កាត់ការរីកដុះដាលផ្ទះសម្បែង ថែរក្សា ទេសភាពវប្បធម៌ដ៏អច្ឆរិយនេះ ឲ្យនៅគង់រង្សតាមភាពដើម។ ហេតុនេះ គឺតម្រូវឲ្យហាមឃាត់កុំឲ្យ មានអ្នកចំណូលថ្មី មកតាំងទីក្នុងឧទ្យាន។ ក៏ប៉ុន្តែ ទោះជាយ៉ាងនោះក្ដី ក៏ចំនួនប្រជាពលរដ្ឋនៅតែមាន កើនដែរ ដោយហេតុថា កូនចៅរបស់អ្នកស្រុកចាស់នោះ ពេលមានវ័យចម្រើនឡើងហើយ ពួកគេត្រូវ រៀបការបង្កើតជាគ្រួសារថ្មីបន្តបន្ទាប់ ហើយតម្រូវឲ្យបន្ថែមផ្ទះសម្បែងថ្មីៗទៀត។ តើគេអាចដោះស្រាយ បញ្ហាប្រឈមមុខនេះយ៉ាងណា?

ដំណោះស្រាយដែលរាជរដ្ឋាភិបាល បានពិចារណារកឃើញមួយ គឺត្រូវបង្កើតតំបន់អភិវឌ្ឍន៍ ថ្មីមួយ ដែលនៅក្រៅតំបន់ឧទ្យានការពារ ហើយសម្រាប់ឲ្យគ្រួសារថ្មីថ្មោង ទៅធ្វើលំនៅដ្ឋាននៅលើ ទីតាំងថ្មីនេះ។ ការបំបែកគ្រួសារឲ្យទៅរស់នៅទីតាំងថ្មីនេះ គឺត្រូវធ្វើឡើងដោយមានការស្ម័គ្រចិត្តឥត មានការបង្ខិតបង្ខំអ្វីឡើយ។ គ្រួសារថ្មីណា ដែលមិនចង់បែកផ្ទះសម្បែងពីគ្រួសារដើមរបស់ខ្លួន អាច បន្តការរស់នៅជាមួយឪពុកម្ដាយតទៅទៀត គ្រាន់តែមិនអាចសង់ផ្ទះថ្មីបន្ថែម ក្នុងតំបន់ការពារតែប៉ុណ្ណោះ។

រាជរដ្ឋាភិបាល បានដោះស្រាយដីទំហំ ១,០១២ ហិចតា នៅក្រៅតំបន់ការពារប៉ែកខាងកើត ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ គម្រោងរៀបចំអភិវឌ្ឍភូមិធម្មជាតិរុនតាឯក ក៏បាន ចាប់បដិសន្ធិឡើងក្នុងខណៈនោះ។ គេអាចបង្កើតជាច្រើនក្រុមលំនៅដ្ឋាននៅក្បែរមាត់ បឹងធម្មជាតិ។ ជាតំណាក់ការទី១ ក្រុមជាលាធំ ត្រូវបានរៀបចំឡើង សម្រាប់ប្រមាណ ២០០គ្រួសារ។

នាពេលបច្ចុប្បន្ន គ្រួសារចំនួន ៧៥ បានកសាងផ្ទះ និងរស់នៅជាអាលជ្ជី ដោយបានទទួល ការឧបត្ថម្ភពីអាជ្ញាធរអប្សរានូវឈើ ស័ង្កសី ជើងសសរ និងចានបង្គន់អនាម័យ។ ក្រៅពីនោះ ប្រជាជន បានទទួលការឧបត្ថម្ភផ្នែកកសិកម្ម ដូចជាគ្រាប់ពូជបន្លែ និងមាន់ទៀតផង។ រីឯដីសម្រាប់ធ្វើការដាំដុះ ក៏បានចែកជូនគ្រប់គ្រួសារ។ សរុបទៅគ្រួសារនីមួយៗបានទទួលដីទំហំប្រមាណ១ហិកតា។ ហេដ្ឋារចនាសម្ព័ន្ធដូចជា ប្រព័ន្ធទឹក ផ្លូវថ្នល់ សាលារៀន ក៏បានសាងសង់រួចជាស្រេច។ ប្រជាជនក៏បានរៀបចំជាសហគមន៍ ហើយមានការបង្កលក្ខណៈឲ្យទទួលភ្ញៀវបរទេសស្នាក់នៅក្នុងផ្ទះអ្នកស្រុក (Home Stay) បានទៀត ភោជនីយដ្ឋានមួយ កំពុងដំណើរការសាងសង់ ដើម្បីទទួលភ្ញៀវទេសចរ។

នាពេលសព្វថ្ងៃនេះ ការគ្រប់គ្រងភូមិធម្មជាតិរុនតាឯក ត្រូវបានប្រគល់ជូនឯកឧត្តម សុខ លក្ខិណា អគ្គនាយករងទទួលបន្ទុករដ្ឋបាលបុគ្គលិក និងសម្ភារៈ។

២. កិច្ចការសំណង់
២.១ សំណង់លំនៅដ្ឋាន
អាជ្ញាធរជាតិអប្សរា មានភារកិច្ចណែនាំប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ការពារ ឲ្យរៀបចំ លំនៅដ្ឋានរបស់ខ្លួនទៅតាម "លំនាំជាផ្ទះខ្មែរ" ដែលធ្លាប់តែមាននៅពាសពេញផ្ទៃព្រះនគរ។

ផ្ទះខ្មែរ តែងតែមានជើងសសរខ្ពស់ពីដី ព្រោះធាតុអាកាសក្ដៅ និងទឹកភ្លៀងពេលវស្សា តម្រូវ ឲ្យធ្វើបែបនេះ ហើយនាំឲ្យមានខ្យល់ចេញចូលស្រួលទប់ទល់នឹងកំដៅ និងការពារកុំឲ្យទឹកលិច ដល់ ក្ដារក្រាល។ គេប្រើទីក្រោមផ្ទះនេះសម្រាប់ដាក់រទេះ ចងគោ ចងអង្រឹង ដាក់គ្រែ អង្គុយកំសាន្ដ ឬដាំស្លម្ហូបអាហារ។

គួរជៀសវាងកុំធ្វើសសរខ្ពស់ពេកនាំឲ្យពិបាកទប់នឹងខ្យល់ខ្លាំង អាចរលំស្រួលមានគ្រោះថ្នាក់។ ម្យ៉ាងវិញទៀតនាំតែអស់ឈើ ឬឥដ្ឋ ស៊ីម៉ង់ត៍ ខាតប្រាក់កាសច្រើន។ រីឯសោភ័ណភាពទៀតសោត ក៏មិនល្អមើលដែរ ជើងសសរកម្រិតត្រឹម ២,៥០ ម៉ែត្រ ជាការប្រសើរ។

ចាប់តាំងពីឆ្នាំ១៩៩០ មក ខ្មែរយើងមានទោចក្រយានយន្ដ ម៉ូតូ ប្រើច្រើនគ្នា។ អ្នកខ្លះគេយក ក្ដារធ្វើជាស្ពានជម្រាលពីដីរហូតដល់លើផ្ទះ ដើម្បីរុញម៉ូតូទៅទុកក្នុងផ្ទះខាងលើនៅពេលយប់ ការពារកុំ ឲ្យបាត់បង់។ តែនាពេលឥឡូវនេះ យើងសឹងតែមិនឃើញមានស្ពានជម្រាលទៀតទេ ព្រោះគេនាំគ្នា យកក្ដារ ឬឥដ្ឋមកព័ទ្ធជាជញ្ជាំងនៅជាន់ខាងក្រោមផ្ទះ ដើម្បីធ្វើជាឃ្លាំងដាក់ម៉ូតូ និងឧបករណ៍ខ្លះទៀត ដែលធ្ងន់ៗ។ ម្យ៉ាងវិញទៀត ការរៀបជញ្ជាំងខាងក្រោមនេះ នាំឲ្យផ្ទះរឹងរិតតែមាំ អាចទប់ទល់នឹង ខ្យល់ខ្លាំងបាន។ ក៏ប៉ុន្តែ យើងមិនគប្បីបិទជញ្ជាំងឲ្យពេញផ្ទៃផ្ទះទាំងអស់ទេ ត្រូវតែរក្សាការបើកចំហរ មួយ ឬពីរ ល្វែងនៅក្រោមផ្ទះ ដើម្បីប្រើប្រាស់តាមលំនាំបុរាណ។

រីឯផ្ទះតៀមជាប់នឹងដី មិនមែនជាបែបដ្ឋានផ្ទះខ្មែរបុរាណទេ គឺច្រើនជាផ្ទះជនជាតិចិន ឬវៀតណាម ដែលគេនៅជាផ្ទះផង និងធ្វើជាតៀមលក់គ្រឿងឧបភោគបរិភោគផង ឬជាផ្ទះវីឡា (Villa) បែបអឺរ៉ុប ដែលគេសាងសង់ក្នុងក្រុង។ យើងពុំអាចសង់ផ្ទះបែបនេះ នៅក្នុងតំបន់ការពារ នៃឧទ្យាន អង្គរបានទេ ព្រោះនាំឲ្យសាបរលាបបាត់បង់អត្តសញ្ញាណជាតិយើង។

ម្យ៉ាងវិញទៀត មានផ្ទះល្វែងមួយជាន់ ឬច្រើនជាន់ដែលសង់ជាប់ផ្ទាល់នឹងដី គឺបារាំងគេបាននាំពីបរទេសមកសង់តែជុំវិញផ្សារ កណ្ដាលក្រុង សម្រាប់ឲ្យម្ចាស់គេនៅខាងលើ ហើយលក់ឥវ៉ាន់នៅជាន់ផ្ទាល់ដី។ ផ្ទះល្វែងប្រភេទនេះ ក៏ពុំគួរសាងសង់ក្នុងតំបន់ការពារនៃឧទ្យានអង្គរដែរ។

ដើម្បីថែរក្សា "លំនាំបុរាណ" និងទេសភាពឧទ្យាន យើងត្រូវតែគិតដល់ពណ៌សម្បូរនៃផ្ទះទៀត ផង។ ដំបូលត្រូវធ្វើអំពីក្បឿងក្រហម ឬស៊ីម៉ង់ត៍ ឬហ្វ៊ីប្រូ ឬស័ង្កសីពណ៌ក្រហម ឬបៃតង។ ពុំគួរប្រើ ស័ង្កសីពណ៌សនោះទេ។ រីឯ ជញ្ជាំង ឬទ្វារបង្អួច ដែលធ្វើអំពីឈើត្រូវទុកសាច់ឈើធម្មជាតិ ឬមួយលាប ពណ៌ដូចឈើ។ ចំណែកឯជញ្ជាំងឥដ្ឋនៅខាងក្រោម អាចលាបពណ៌ស៊ីម៉ង់ត៍ ឬពណ៌ដូចច្រែះ ដីលែង ឲ្យស្រគាំនឹងពណ៌ឈើ។ គួរជៀសវាងជាដាច់ខាតនូវពណ៌ស ឬពងមាន់ ឬស៊ីជំពូ ឬពណ៌ដទៃទៀត ដែលឆើតឆ្ងាយ។

ជាទីបញ្ចប់ ដើម្បីអនាម័យក្នុងគ្រួសារ និងភូមិស្អាត ប្រជាពលរដ្ឋ ត្រូវនាំគ្នាធ្វើបង្គន់ ទោះនៅ ក្រោមផ្ទះក្ដី លើផ្ទះក្ដី ឬនៅក្នុងដីឡូត៍ក្ដី។

នាយកដ្ឋានរៀបចំដែនដី និងលំនៅដ្ឋាន បានរៀបចំក្រដាសផ្នត់ចំនួន ៤ សម្រប់ណែនាំ ប្រជាពលរដ្ឋក្នុងការសាងសង់ផ្ទះ និងរបងដីឡូត៍។ មិនតែប៉ុណ្ណោះ បានធ្វើក្រដាសផ្នត់ពិសេសមួយទៀត ស្ដីពីគោលការណ៍ថែរក្សាអគារក្នុងវត្តអារាម។

២.២ មណ្ឌលលំនៅដ្ឋានខ្មែរ

មណ្ឌលលំនៅដ្ឋានខ្មែរ ដែលមានគោលបំណងសំខាន់គឺ បង្ហាញអំពីលក្ខណៈផ្ទះបុរាណខ្មែរ និងការ រៀបចំសួនក្នុងដីឡូត៍ ស្ថិតនៅក្នុងឧទ្យានអង្គរខាងជើងប្រាសាទបន្ទាយក្ដី និងស្រះស្រង់ ត្រង់កន្លែង ផ្លូវបំបែកទៅវង់ធំ និងវង់តូច។

នៅក្នុងមណ្ឌលនេះ មានអគារខ្មែរបុរាណមួយខ្នង ដែលជាទីតាំងពិព័រណ៍។ អគារនោះ បានសាងសង់ឡើងតាមបែបបទផ្ទះបុរាណខ្មែរ ដោយប្រើប្រាស់សម្ភារៈបុរាណធម្មតា ក៏ប៉ុន្តែមានបំពាក់នូវឧបករណ៍សម័យថ្មីខ្លះៗ ដែលអាចសម្រួលជីវភាពក្នុងគ្រួសារដូចជា មានធុងចម្រោះទឹកដែលធ្វើឲ្យទឹកស្អាត និងចង្រ្កានកែច្នៃដែលអាចសន្សំធ្យូង និងអុសបានច្រើន ព្រមទាំងការប្រើប្រាស់ថាមពលព្រះអាទិត្យសម្រាប់បំភ្លឺទៀតផង។

នៅក្នុងផ្ទះនេះ មានរៀបតាំងសំណាកផ្ទះខ្មែរគ្រប់បែប មានផ្ទះកន្តាំង ផ្ទះរោងដោល ផ្ទះរោង ឌឿង ផ្ទះប៉ិត និងផ្ទះកឹង។ អត្ថបទ និងផ្ទាំងរូបភាព ស្ដីអំពីពិធីសែនព្រេនអ្នកតាម្ចាស់ស្រុកសុំអនុញ្ញាតសាងសង់ ពិធីឡើងផ្ទះតាមប្រពៃណី ព្រមទាំងផ្ទាំងរូបបង្ហាញពីវិវត្តន៍នៃផ្ទះខ្មែរ តាំងពីសម័យអង្គររហូតមកដល់បច្ចុប្បន្នកាលនេះ។

ទីធ្លានៅជុំវិញផ្ទះ ត្រូវបានរៀបចំធ្វើជាសួនបន្លៃ ដែលរមែងមាននៅក្នុងភូមិខ្មែរធម្មតា។ ក៏ប៉ុន្តែ នៅក្នុងសួននេះ មិនមានដាំតែបន្លែដែលខ្មែរយើងធ្លាប់ដាំដុះនោះទេ គឺមានដាំបន្លែមកពីបស្ចឹមប្រទេស ដូចជា សាឡាដ ផ្កាស្ពៃ ការ៉ុត ជីបារាំង ប៉េងប៉ោះអ៊ីតាលីជាដើម ដែលអាចលក់ឲ្យទៅភោជនីយដ្ឋាន និងសណ្ឋាគារធំៗនៅក្រុងសៀមរាប ជំនួសការនាំចូលពីបរទេស។ ផ្កា និងដើមឈើហូបផ្លែ ក៏មានដាំ ជាហូរហែដែរ។ ទីនេះ មានអនុវត្តការដាំដុះតាមធម្មជាតិ។ ហេតុនេះ ស្ថានីយកសិកម្មតូចមួយ ក៏ត្រូវ បានបង្កើតឡើង ដើម្បីផលិតជីកំប៉ុស។ នៅខាងក្រោយផ្ទះ មានត្រពាំងតូចមួយ សម្រាប់ចិញ្ចឹមត្រីទៀតផង។

របងធម្មជាតិ ត្រូវបានរៀបចំនៅជុំវិញមណ្ឌល ដោយមានប្រភេទដើមឈើដែលគេអាចយក ស្លឹក ផ្កា ផ្លែ ទៅប្រើប្រាស់ក្នុងការដាំស្លទៀតផង។ គេអាចកាត់មែកឈើនោះ ទៅប្រើប្រាស់ជាអុស សម្រាប់ចំអិនអាហារបាន ដោយមិនចាំបាច់ទៅរុករានរកអុសក្នុងព្រៃ នៃឧទ្យានអង្គរទៀតទេ។

មធ្យោបាយបែបងាយស្រួលទាំងនេះ អាចធ្វើឲ្យប្រជាពលរដ្ឋបានយល់ច្បាស់ពីផលប្រយោជន៍ ដែលគាត់អាចទាញយកពីដីធ្លីដែលគាត់មាន ដើម្បីផលិតកែច្នៃ យកកម្រៃមកលើកស្ទួយកម្រិតជីវភាព របស់គាត់ ដោយមិនចាំបាច់លក់ដូរដីធ្លីនោះឲ្យអ្នកដទៃ និងរុករានបំពានលើឧទ្យានអង្គរទេ។

មណ្ឌលនេះ បានសម្ពោធដាក់ឲ្យសាធារណជនចូលទស្សនាដោយសេរី តាំងពីខែវិច្ឆិកា ឆ្នាំ២០១០មក។

៣. កិច្ចការបេតិកភណ្ឌសាសនា និងជនបទ
៣.១ កម្មវិធីអប់រំអំពីបេតិកភណ្ឌដល់សិស្សានិសិស្ស ប្រជាពលរដ្ឋ និងព្រះសង្ឃ

គោលដៅចម្បងរបស់អាជ្ញាធរអប្សរា គឺចង់ឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការថែរក្សា អភិរក្សឧទ្យានអង្គរ និងការអភិវឌ្ឍដោយចីរភាព។

ជាធម្មតាទេ ដើម្បីនិងញ៉ាំងឲ្យនរណាម្នាក់គេចូលរួមធ្វើអ្វីមួយបាន លុះត្រាតែជននោះ ស្រឡាញ់ អ្វីដែលគេតម្រូវចូលរួមធ្វើ។ ដើម្បីឲ្យគេស្រឡាញ់បាន លុះត្រាតែគេស្គាល់អ្វីនោះ ឲ្យជាក់លាក់ពីតម្លៃនៃ អ្វីនោះ។ ហេតុដែលនាំឲ្យគេស្គាល់បាន ត្រូវតែគេបានទទួលការបង្ហាត់បង្ហាញអប់រំ។ ហេតុដូច្នេះ កម្មវិធី អប់រំត្រូវតែធ្វើជាដំបូងដែរ។

នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅឋានក្នុងឧទ្យានអង្គរ បានរៀបចំកម្មវិធីអប់រំស្ដីអំពីបេតិកភណ្ឌ ដល់យុវសិស្ស ប្រជាពលរដ្ឋ ព្រមទាំង ព្រះសង្ឃ តាំងពីឆ្នាំ២០០៤ មក។

ឧបករណ៍សម្រាប់អប់រំកុមារី-កុមារា គឺសៀវភៅដែលមានរូបតំណាងនូវអត្តសញ្ញាណវប្បធម៌ខ្មែរយើង ត្រូវបានតាក់តែងផលិតឡើង ហើយចែកចាយឲ្យសិស្សរៀនផាត់ពណ៌ និងទៅទស្សនាប្រាសាទ ដោយសហការជាមួយមន្ទីរអប់រំខេត្តសៀមរាប។

ចំពោះប្រជាពលរដ្ឋ នាយកដ្ឋានបានបង្កើតឧបករណ៍ផ្សេង ដោយប្រើផ្ទាំងរូបធំៗ។ ក្រុមការងារបានចុះទៅបង្ហាត់បង្រៀនតាមភូមិបាន១០ភូមិរួចមកហើយ និងមានបន្តទៅទៀត។

នៅប្រទេសមួយ ដែលកាន់ព្រះពុទ្ធសាសនាដូចកម្ពុជាយើងនេះ ព្រះសង្ឃមានឥទ្ធិពលខ្លាំងក្លា ណាស់ទៅលើប្រជាជន។ ដូច្នេះ នាយកដ្ឋានបានរៀបចំជាសិក្ខាសាលា និងវគ្គហ្វឹកហ្វឺនចំនួន៤ដងរួច មកហើយ សម្រាប់ព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្តទាំងឡាយ ដែលស្ថិតនៅក្នុងតំបន់ការពារទី១ ទី២ និងតំបន់ជិតខាង ដើម្បីឲ្យបានយល់ច្បាស់ពីតម្លៃនៃមរតកដូនតា និងធ្វើការពិគ្រោះពិភាក្សា រកមធ្យោបាយយ៉ាងណាជួយដាស់តឿនប្រជាពលរដ្ឋ ឲ្យចូលរួមក្នុងការថែរក្សា និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌របស់យើង។


ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
5129
ម្សិលមិញ
:
3511
សប្តាហ៍នេះ
:
16581
ខែនេះ
:
0129436
សរុប
:
003250300