ព័ត៌មានថ្មីៗ

អំពីអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 22 ខែ ឧសភា ឆ្នាំ2015 04:11 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ (អាជ្ញាធរជាតិអប្សរា ឬ អ.ជ.អ) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដើម្បីជាការឆ្លើយតបជាពិសេសទៅនឹងលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌនានា នៃការចុះបញ្ជីរមណីយដ្ឋានអង្គរក្នុងបេតិកភណ្ឌពិភពលោក ដែលបានធ្វើឡើងក្នុងខែធ្នូ ឆ្នាំ១៩៩២ នៅទីកុ្រង សាន់តាហ្វេ (មិចសិចកូថ្មី) នៃសហរដ្ឋអាមេរិក។

លើសពីនេះ នៅក្នុងសម័យប្រជុំលើកទី១៩ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាខែធ្នូ ឆ្នាំ១៩៩៥ នៅទីក្រុងប៊ែរឡាំងសេចក្តីប្រកាសស្តីពីការបង្កើតអាជ្ញាធរជាតិអប្សរា ដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានទទួលការសាទរ ការពេញចិត្តយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ។

បេសកកម្មចម្បងៗរបស់អាជ្ញាធរជាតិអប្សរា រួមមាន៖
-ធានាកិច្ចការពារ ការអភិរក្ស និងការលើកតម្លៃសម្បត្តិវប្បធម៌ធម្មជាតិនៅក្នុងតំបន់សៀមរាប-អង្គរ
-បង្កើត និងដឹកនាំការអភិវឌ្ឍទេសចរណ៍វប្បធម៌នៃតំបន់សៀមរាប-អង្គរ
-ដឹកនាំសកម្មភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីចូលរួមក្នុងការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា
-បង្កើតភាពជាដៃគូជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរដែនដី
-សហការជាមួយអង្គការ និងស្ថាប័នជាតិ និងអន្តរជាតិនានាដែលមានគោលដៅដូចគ្នានឹងការងាររបស់អាជ្ញាធរជាតិអប្សរា ហើយដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់សៀមរាប-អង្គរ។

ចាប់តាំងពីឆ្នាំ១៩៩៩មក អាជ្ញាធរជាតិអប្សរាបានក្លាយជាគ្រឹះស្ថានរដ្ឋបាលសាធារណៈប្រកបដោយបុគ្គលភាពគតិយុត្តិ ដែលមានស្វ័យភាពរដ្ឋបាល និងហិរញ្ញវត្ថុ។ រាជរដ្ឋាភិបាល កម្ពុជា យកចិត្តទុកដាក់ជាពិសេសទៅនឹងការងាររបស់អាជ្ញាធរជាតិអប្សរា និងភាពជោគជ័យប្រតិបត្តិការការពារ និងការលើកតម្លៃរមណីយដ្ឋានអង្គរ ហើយដែលជាហេតុនាំឱ្យ រមណីយដ្ឋានអង្គរត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌដែលប្រឈមនឹងគ្រោះថ្នាក់នៅក្នុងឆ្នាំ២០០៤។ ក៏ប៉ុន្តែការលើកតម្លៃរមណីយដ្ឋានអង្គរមិនអាចសម្រេចបាន គ្រប់ជ្រុងជ្រោយ បានទេ ប្រសិនបើសកម្មភាពនៃការអភិរក្សមិនមានគម្រោងអភិវឌ្ឍច្បាស់លាស់ភ្ជាប់មកជាមួយ ដើម្បីលើកតម្លៃបេតិកភណ្ឌអរូបីដែលពិតជាមានទំនាក់ទំនងជាមួយ អត្តសញ្ញាណ នៃតំបន់អង្គរ និងសមាសធាតុសំខាន់ៗដទៃទៀតដែលមានគុណប្រយោជន៍ដល់ការរីកចំរើនរបស់ប្រជាជន។ ទោះបីជាប្រជាជនមានការលំបាកក្នុងការគិតគូរដើម្បីឱ្យ មានជីវភាព ប្រសើរ និងមានការដាក់កំហិតឱ្យអនុវត្តបទដ្ឋានបេតិកភណ្ឌក៏ដោយ ក៏ប្រជាពលរដ្ឋនៅក្នុងតំបន់ការពារនៅតែបន្តរស់នៅជាមួយប្រពៃណីរបស់គេ សម្រាប់ជាមធ្យោបាយចាំបាច់ក្នុង ការចិញ្ចឹមជីវិត។ នៅក្នុងតំបន់អង្គរ ប្រជាជនបានភ្ជាប់ខ្លួនទៅនឹងដីស្រែចំការ ហើយពួកគេរស់នៅទីនៅតាំងពីមុនការចុះឈ្មោះរមណីយដ្ឋានអង្គរនៅលើបញ្ជីបេតិកភណ្ឌពិភពលោក ម្លេះ។ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងនោះ ការអភិវឌ្ឍសហគមន៍គឺជាការចាំបាច់មិនអាចខ្វះបានស្របតាមអនុសញ្ញាឆ្នាំ១៩៧២ ។ នៅលើផ្ទៃដី ៤០ ០០០ ហិចតានៃឧទ្យាន មានប្រជាជនរស់នៅ និងប្រកបការងារប្រមាណជា ១២៥ ០០០នាក់ និងបែងចែកជា ១១២ភូមិ។ ដើម្បីឱ្យគ្រួសារដែលមានកូនចៅចេះតែកើនឡើង មានលំនៅដ្ឋានបន្ថែមដោយ មិនធ្វើឱ្យប៉ះពាល់ដល់បូរណភាពរបស់រមណីយដ្ឋានដែលជាបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានរៀបចំភូមិធម្មជាតិមួយដែលស្ថិតនៅក្រៅឧទ្យានអង្គរ នៅរុនតាឯក លើផ្ទៃដី ១ ០០០ ហិចតា សម្រាប់សម្រួលដល់ការតាំងទីលំនៅរបស់ពួកគាត់។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
2637
ម្សិលមិញ
:
9890
សប្តាហ៍នេះ
:
73525
ខែនេះ
:
0331986
សរុប
:
004021402