ព័ត៌មានថ្មីៗ

ប្រែរូប

បានផ្សាយនៅ ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ2015 04:29 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រាសាទប្រែរូបដែលជាអច្ឆរិយវត្ថុដ៏ល្អឯកមួយក្នុងចំណោមអច្ឆរិយវត្ថុនានានៅក្នុងរមណីយដ្ឋានអង្គរនោះក៏ ត្រូវបានទទួលនូវការការពារ និងអភិរក្សកំរិតខ្ពស់ផងដែរ ។ តាមឯកសារបុរាណវិទ្យារបស់លោក សាន ញ៉ន មន្ដ្រីអភិរក្សក្រុមប្រាសាទប្រែរូប ប្រាសាទតាសោម និងប្រាសាទមេបុណ្យបានឱ្យដឹងថា ប្រសាទនេះមានទីតាំងនៅ ខាងកើតឈៀងខាងជើងស្រះស្រង់មានចម្ងាយ ៥០០ម៉ែត្រ ហើយនៅខាងត្បូងបារាយណ៍ខាងកើត ។

ប្រាសាទប្រែរូបនេះត្រូវបានកសាងឡើងនៅពាក់កណ្ដល សតវត្យទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (ឆ្នាំ៩៤៤-៩៦៨) ដើម្បីឧទ្ទិសដល់ ព្រាហ្មណ៍សាសនាព្រះសិវៈ ក្នុងរចនាបទប្រែរូប ។ ប្រាសាទនេះធ្វើអំពីឥដ្ឋមានលក្ខណៈជាប្រាសាទភ្នំ ជើងគ្រឹះថ្នាក់ៗបីជាន់ និងមានជញ្ជាំងព័ទ្ធ ជុំវិញធ្វើអំពីថ្មបាយក្រៀម ។ ប្រាសាទបានសាងសង់ឡើងមានលក្ខណៈជាពីរ៉ាមីតធ្វើអំពីឥដ្ឋ និងថ្មភក់មានចំនួន បីថ្នាក់ដោយពុំគិតតួប៉មកណ្ដាល ហើយមានប្រាសាទឥដ្ឋតូចៗនៅព័ទ្ធជុំវិញផ្នែកខាងលើ ។ តួប៉មទាំងអស់ មានចំនួន ១២ ហើយនៅកំរាលខាងលើមានតួប៉ម៥ធំៗទៀតធ្វើអំពីឥដ្ឋ ។

បន្ទាប់ពីបានបោះបង់ចោលជាច្រើនទសវត្សមកប្រាសាទប្រែរូបមានការខូចខាតយ៉ាងដំណំដោយសារ អាកាស ធាតុទឹកភ្លៀង និងការបំផ្លាញពីមនុស្សខិលខូចគាស់កកាយ ព្រោះប្រាសាទនេះសាងអំពីឥដ្ឋងាយនឹងប្រេះបក់ ។ មូលហេតុទាំងអស់នេះហើយទើបអាជ្ញាធរអប្សរា បានធ្វើការអភិរក្សជួសជុលឡើងវិញនៅក្នុង ឆ្នាំ២០០១ ។ ជំហាន ដំបូងនៃការអភិរក្សរបស់អាជ្ញាធរអប្សរាគឺ ការដាក់ឆ្មាំឱ្យមើលថែទាំបោសសំអាតជាប្រចាំ ការកាត់មែកឈើដែល ដុះគ្របមកលើប្រាសាទ និងលើផ្លូវទស្សនារបស់ភ្ញៀវ ការទប់ស្កាត់សកម្មភាពអានាធិបតេយ្យ គ្រប់បែបយ៉ាងនៅ ក្នុងបរិវេណប្រាសាទ ការអង្កេតជាប្រចាំលើ សកម្មភាពភ្ញៀវទេសចរដែលចូលមកទស្សនាប្រាសាទ ការដាក់ផ្លាកសញ្ញាបំរាមតូចៗដើម្បីបញ្ចាក់ប្រាប់ភ្ញៀវ ការដាក់បញ្ជរព័ត៌មានមួយចំនួនបង្ហាញពីប្រវត្ដិប្រាសាទពីចលនាផ្លូវ ទស្សនាប្រាសាទ ការដាក់បង្គោលរបារការពាររូបចម្លាក់ និងកន្លែងគ្រោះថ្នាក់មួយចំនួន ព្រមទាំងបានធ្វើជណ្ដើរ និងកំរាលឈើទៅតាមទីតាំងលំបាកមួយចំនួនដើម្បីសំរួលដល់ដំណើរទស្សនារបស់ភ្ញៀវ ។

រយៈពេលកន្លងមកអាជ្ញាធរអប្សរាបានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បី ជួសជុល តួប៉មទាំងប្រំាខាងលើ និងតួប៉មធ្វើអំពីឥដ្ឋនៅផ្នែកខាងក្រោម គ្រីប និងផ្សារកំពូលប៉មឡើងវិញ ។ មកដល់ ពេលនេះប្រសាទប្រែរូបអាចហៅបានថាជាប្រាសាទពេញនិយមមួយ ក្នុងចំណោមប្រាសាទនានា ក្នុងរមណីយដ្ឋាន អង្គរ ។ ប្រាសាទនេះបានទាក់ទាញភ្ញៀវឱ្យមកទស្សនាដោយខានពុំបាន មុនភ្ញៀវចាកចេញពីរមណីដ្ឋានអង្គរ ដោយ សារប្រាសាទដ៍មានវ័យចំណាស់នេះ បានធ្វើឱ្យភ្ញៀវដក់ក្នុងអារម្មណ៍ចំពោះទិដ្ឋភាពដ៏ស្រស់ត្រកាលនៅជុំវិញប្រាង្គ ប្រាសាទដោយគេអាចមើលឃើញទេសភាពព្រៃព្រឹក្សាចុងត្នោតដែលដុះនៅជុំវិញ និងក្នុងបរិវេណភូមិបុរាណក្នុង រមណីយដ្ឋាន ។ ភ្ញៀវអាចសម្លឹងមើលទៅឆ្ងាយឃើញកំពូលភ្នំទាំងបី គឺកំពូលភ្នំបូក កំពូលភ្នំបាខែង កំពូលភ្នំក្រោម និងកំពូលប្រាសាទអង្គរវត្ដ ។ ម្យ៉ាងទៀតភ្ញៀវក៍អាចមើលឃើញកំពូលប្រាសាទមេបុណ្យ នៅកណ្ដាលបារាយណ៍ ខាងកើតដែលហាក់ដូចជាបណ្ដែតខ្លួនផុសចេញពីព្រៃព្រឹក្សាកណ្ដាលរមណីយដ្ឋានអង្គរគួរឱ្យរំភើប ។ ទាំងនេះជាសក្ដានុពលវិសេសវិសាលរបស់ប្រាសាទប្រែរូបដែលធ្វើឱ្យអ្នក ទេសចរទាំងឡាយមិនអាច ខកខានក្នុងដំណើរទេសចររបស់ពួកគេ ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
1192
ម្សិលមិញ
:
3685
សប្តាហ៍នេះ
:
04877
ខែនេះ
:
0108696
សរុប
:
003070850