ព័ត៌មានថ្មីៗ

បាខែង

បានផ្សាយនៅ ថ្ងៃទី 02 ខែ មិថុនា ឆ្នាំ2015 04:14 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ទីតាំងភូមិសាស្ដ្រ និងប្រវត្ដិនៃប្រាសាទភ្នំបាខែង
ប្រាសាទភ្នំបាខែង ជាប្រាសាទមួយសង់លើកូនភ្នំធម្មជាតិ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អង្គរ និងមាន ចំងាយ ១៣០០ម៉ែត្រខាងជើងប្រាសាទអង្គរវត្ដ ។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សទី៩ និងដើមសតវត្ស ទី១០ ដោយព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនានិកាយព្រះឥសូរ ។ ប្រាសាទភ្នំបាខែងមានឈ្មោះ ដើមថា យសោធរគិរី ( ភ្នំរបស់យសោវរ្ម័ន ) ហើយហៅម្យ៉ាងទៀតថា ភ្នំំកណ្ដាល ។ ការហៅនេះប្រាកដជាគិតទៅលើ ប្រាសាទនេះថានៅចំកណ្ដាលទីក្រុងយសោធរបុរៈ ។ ម្យ៉ាងទៀត ប្រហែលជាគិតទៅលើការប្រៀបធៀបជាមួយប្រាសាទ ភ្នំបូក និងភ្នំក្រោមដែលសុទ្ធសឹងកសាងឡើងដោយស្នាព្រះហស្ថព្រះបាទយសោវរ្ម័នទី១ ហើយប្រាសាទភ្នំនេះនៅ ចំកណ្ដាលគេ ។ ក្នុងអត្ថបទរបស់លោកស្រីបណ្ឌិត ពៅ សាវរស់ បានបញ្ជាក់ថា ៖ ពាក្យខែង គឺជាពាក្យរបស់ខ្មែរ ដែលមានន័យថា “ខ្លាំងមានអំណាច” វាមានន័យថា ជាសារធាតុអង្គជាតិបុរសដែលស័ក្ដិសិទ្ធិ ប្រហែលជាពាក្យនេះ ពីដើមស្ដីអំពីលិង្គមួយឈ្មោះ យសោធរេស្វរ ដែលតំកល់ក្នុងប្រាសាទនេះ ។
តាមប្រវត្ដិសាស្ដ្រ បន្ទាប់ពីការផ្លាស់ប្ដូររាជធានីក្រុងអង្គរនៅឆ្នាំ១៤៣១មក ប្រាសាទជាច្រើនត្រូវបានរុំព័ទ្ធ ដោយរុក្ខជាតិស្ទើរតែដើរចូលមិនរួច ហេតុនេះហើយបានជាប្រាសាទមួយចំនួនធំត្រូវទទួលរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក្នុងនោះ ប្រាសាទភ្នំបាខែងក៏ទទួលរងការបាក់រលំ និងការខូចខាតនេះដែរ ។ នៅឆ្នាំ១៩២០ សាលាបារាំងចុងបូព៌ា ដែលដឹកនាំដោយលោក H. Marchal បានកាប់ឆ្ការរុក្ខជាតិ ដើម្បីសំអាតប្រាសាទ ហើយនិងបានបង្កើតផ្លូវឡើងពីរខ្សែ ដែលប្រើប្រាស់រហូតដល់សព្វថ្ងៃ ។ ចំពោះការស្រាវជ្រាវវិញត្រូវបានធ្វើឡើងដោយលោក Victor Goloubew ចាប់ពីឆ្នាំ ១៩៣១ ដល់ឆ្នាំ១៩៣៤ ។ ចាប់ពីឆ្នាំ ១៩៧០ ការថែរក្សាប្រាសាទត្រូវបានផ្អាក ដោយសារសង្គ្រាមស៊ីវីល ។ រហូតដល់ឆ្នាំ ១៩៩៤ ដោយមានការ ស្នើសុំពីព្រះសង្ឃជប៉ុន ទើបការងារអភិរក្សត្រូវបានចាប់ផ្ដើមឡើងវិញ ។ បន្ទាប់មកអាជ្ញាធរ អប្សរា និង World Monuments Fund (WMF) ក៏បានធ្វើការគ្រប់គ្រងផងដែរ រហូតដល់សព្វថ្ងៃនេះ (Phnom Bakeng Workshop on Public Interpretation, 2005)។







ធនធានទាក់ទាញនៃភ្នំបាខែង

ភ្នំបាខែងគឺជារមណីយដ្ឋានបែបធម្មជាតិ និងប្រវត្ដិសាស្ដ្រដែលមានសារសំខាន់ណាស់ សំរាប់បំរើឱ្យវិស័យ ទេសចរណ៍ ហើយក៏កំពុងបានទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំងឱ្យមកទស្សនា និងមានចំនួនកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយអាចមកទស្សនាកំសាន្ដមានដូចជា ៖
  1. ប្រាង្គប្រាសាទភ្នំបាខែង គួរជាទីស្ញប់ស្ញែងយ៉ាងខ្លាំង ដែលបុព្វបុរសខ្មែរបានមានគំនិតច្នៃប្រឌិតក្នុងការ សាងសង់ប្រាសាទនៅលើកំពូលភ្នំ ដែលសឱ្យឃើញពីភាពរុងរឿងរបស់ខ្មែរសម័យអង្គរ ។ ម្យ៉ាងទៀត ក្បាច់ចម្លាក់ រចនាឡើងប្រកបដោយភាពរស់រវើក និងតួ ប៉មប្រាសាទខ្វាត់ខ្វែង ពិតជាបានរៀបចំឡើងតាមក្បួនខ្នាត សមាមាត្រ ត្រឹមត្រូវស៊ីចង្វាក់ឥតខ្ចោះ ។
  2. ផ្នែកបស្ចឹម និងពាយ័ព្យនៃភ្នំបាខែង គេអាចទស្សនាភូមិករប្រជាជនក្នុងបរិវេណរមណីយដ្ឋានអង្គរ និង វាលស្រែលាតសន្ធឹងល្វឹងល្វើយរំលេចដោយទេសភាពពណ៌បៃតងគួរជាទីគយគន់ ជាពិសេសនៅរដូវវស្សា គេអាច មើលឃើញផ្ទៃទឹកបារាយណ៍ខាងលិច រួមជាមួយថ្ងៃអស្ដង្គតដ៏ត្រកាលលន្លង់លន្លោច ។
  3. ផ្នែកអាគ្នេយ៍ និងទក្សិណ គេអាចទស្សនាទិដ្ឋភាពប្រាសាទអង្គរវត្ដ អមដោយព្រៃព្រឹក្សា ព្រមទាំងអាច មើលឃើញដល់ទេសភាពក្រុងសៀមរាប និងភ្នំក្រោម ។
  4. ផ្នែកឦសាន និងឧត្ដរ គេអាចទស្សនាទិដ្ឋភាពកសិណទឹក និងកំពែងក្រុងអង្គរធំ ដែលព័ទ្ធជុំវិញទៅដោយ សម្រស់ព្រៃឈើធម្មជាតិដ៏ស្រស់បំព្រង ។
ជាការពិតខ្យល់អាកាសបរិសុទ្ធនៃកំពូលភ្នំបាខែង ធ្វើឱ្យពួកភ្ញៀវទេសចរទាំងឡាយបានកំសាន្ដ លំហែកាយ និងស្រូបយកខ្យល់បរិសុទ្ធពីធម្មជាតិពិតៗនៅទីនោះ ព្រមទាំងទិដ្ឋភាពជុំវិញជាទីលន្លង់លន្លោច ប្រកបដោយ មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ។









ការគ្រប់គ្រងទេសចរណ៍ភ្នំបាខែង

តាមរយៈក្រុមស្ថិតិទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានស្រាវជ្រាវឃើញថា នៅក្នុងរដូវ ភ្ញៀវទេសចរច្រើនក្នុងឆ្នាំ២០០៧ ចំនួនភ្ញៀវទេសចរដែលមកទស្សនានៅប្រាសាទភ្នំបាខែងសរុបជាមធ្យមមានចំនួន ២០៤០នាក់ក្នុងមួយថ្ងៃ ក្នុងនោះមានភ្ញៀវទេសចរខ្មែរជាមធ្យមចំនួន២៨៨នាក់ ។ រីឯចំនួនភ្ញៀវបរទេស មានចំនួន ១៧៥២នាក់ ជាមធ្យមក្នុងមួយថ្ងៃ ។ ចំណែកឯរយៈពេលនៃការទស្សនា បានបង្ហាញឱ្យឃើញថា ភ្ញៀវទេសចរខ្មែរ ភាគច្រើនចំណាយពេលទស្សនាប្រាសាទភ្នំបាខែងជាមធ្យម៣៩នាទី រីឯភ្ញៀវទេសចរ បរទេសគឺភាគច្រើនចំណាយពេល ទស្សនាជាមធ្យម៥៤នាទី ។ រីឯការវិភាគទៅលើគោលបំណងទេសចរមកទស្សនា ប្រាសាទភ្នំបាខែងឃើញថា ភ្ញៀវទេសចរដែលនិយមចូលចិត្ដទស្សនាថ្ងៃលិច មានចំនួន៥៦.៥៧% ឯទស្សនាប្រសាទភ្នំបាខែងនោះមានចំនួន ៣២.៩% និងប្រវត្ដិសាស្ដ្រនោះមាន១០.៥២% ។
កន្លងមកអាជ្ញាធរអប្សរាបានយកចិត្ដទុកដាក់រៀបចំការងារជាច្រើន ដើម្បីផ្ដល់សេវាកម្មប្រកបដោយគុណភាព ជូនភ្ញៀវទេសចរ ដូចជាការពង្រឹងសុវត្ថិភាពដល់ទេសចរពីជើងភ្នំទៅដល់កំពូលភ្នំ ដោយធ្វើផ្លូវឡើងផ្នែកខាងជើង ការរៀបចំចំណតឱ្យបានត្រឹមត្រូវដើម្បីជៀសវាងនូវការកកស្ទះចរាចរណ៍ផ្លូវខាងមុខប្រសាទ ការរៀបចំដាក់ធុង សំរាម នៅប្រាសាទភ្នំបាខែង ។ ក្រៅពីនេះក៏មានការដាក់ស្លាកសញ្ញាប្រាប់ទិស សញ្ញាហាមឃាត់ និងសញ្ញាគ្រោះថ្នាក់ ផ្សេងៗ ។



នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានសហការជាមួយអង្គការ World Monuments Fund ក្នុងឆ្នាំ២០០៦ រៀបចំគ្រប់គ្រងភ្ញៀវ ដើម្បីកាត់បន្ថយ នូវផលប៉ះពាល់អវិជ្ជមានពីភ្ញៀវទេសចរ មានចំនួនច្រើនពេកដែលហួសពីសមត្ថភាពផ្ទុកបាន ដោយបានកំណត់នូវ គម្រោងសៀគ្វី នៃកន្លែងដែលអាចទស្សនាបាន និងពេលវេលាចំនួនពីរ ដូចខាងក្រោម ៖
  1. ការកំនត់ម៉ោង និងកន្លែងអាចទស្សនាបានចាប់ពីពេលព្រឹកព្រលឹមដល់ម៉ោង៤:០០រសៀល ។ ក្នុងរូបភាពខាងក្រោមនេះបង្ហាញថា គំនូស និងផ្ទៃដែលមានព៌ណបៃតង គឺភ្ញៀវទេសចរអាចឆ្លងកាត់បាន ចំណែកគំនូសដែលមាន ព៌ណក្រហមជាគំនូសដែលត្រូវហាមឆ្លងកាត់ ។


  2. ការកំនត់ម៉ោង និងកន្លែង ដែលអាចទស្សនាបានចាប់ពីម៉ោង៤:០០ រសៀល មិនអនុញ្ញាតឱ្យភ្ញៀវទេសចរ ឆ្លងកាត់ ឫឡើងទៅទស្សនានៅលើប្រសាទដែលនៅក្នុងគំនូសពណ៌ក្រហមឡើយ។

ទោះបីយ៉ាងណាក៏ដោយ អាជ្ញាធរអប្សរាក៏ពុំទាន់អនុវត្ដទាំងស្រុងនូវការកំនត់អំពីវង់ទស្សនាចរណ៍នៃប្រាសាទ ភ្នំបាខែងនៅឡើយ ដោយរង់ចាំការសិក្សាស្រាវជ្រាវលំអិតបន្ថែមទៀតពីផ្នែកជំនាញ ជាពិសេសនាយកដ្ឋានអភិវឌ្ឍន៍ ទេសចរណ៍អង្គររបស់អាជ្ញាធរអប្សរា ស្ដីអំពីការគ្រប់គ្រងភ្ញៀវ ដើម្បីពង្រឹងនូវការថែរក្សាប្រាសាទឱ្យបានគង់វង្ស ក៏ដូចជា ផ្ដល់នូវគុណភាពបទពិសោធន៍ល្អៗដល់ភ្ញៀវទេសចរ ដើម្បីធានាបាននូវការអភិវឌ្ឍ ទេសចរណ៍ប្រកបដោយ និរន្ដរភាព ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

មតិស្វាគមន៍ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
0269
ម្សិលមិញ
:
9779
សប្តាហ៍នេះ
:
00269
ខែនេះ
:
0246891
សរុប
:
002768403