កិច្ចពិគ្រោះយោបល់ស្តីអំពី «ការរៀបចំចរាចរណ៍វាងមុខផ្លូវប្រាសាទអង្គរវត្ត» ប្រារព្ធធ្វើឡើងក្នុងបរិវេណរោងនិម្មិតភូមិ នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ដែលមានការចូលរួមពីឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរានិងជាប្រធានក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍អង្គរ (TMP) និងវិស័យឯកជនដែលជាភាគីពាក់ព័ន្ធផ្នែកវិស័យទេសចរណ៍ ព្រមទាំងមន្ត្រីនគរបាល។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម សុខ សង្វារ បានប្រាប់ថា អាជ្ញាធរជាតិអប្សរានឹងចាប់ផ្តើមអនុវត្តគម្រោងនេះឡើងនៅខែតុលា ដើម្បីបញ្ជៀសនូវការកកស្ទះចរាចរ ធានាជូននូវសុវត្ថិភាពភ្ញៀវទេសចរក្នុងការធ្វើដំណើរ រក្សាសណ្តាប់ធ្នាប់នៃការចតយានជំនិះនិងចរាចរឱ្យមានរបៀបរៀបរយ ថែរក្សាសោភ័ណភាព ទេសភាព វប្បធម៌អង្គរឱ្យមានភាពស្រស់ស្អាតដើម្បីទាក់ទាញទេសចរ ពិសេសកាត់បន្ថយសំឡេងរំខាននិងលំញ័រនៃកម្លាំងរថយន្ដដែលនាំឱ្យប៉ះពាល់ដល់គ្រឹះប្រាសាទ។
លោក វរសេនីយទោ ជា វុទ្ធី នាយរងការិយាល័យចរាចរផ្លូវគោក ខេត្តសៀមរាប បានសម្តែងនូវការគាំទ្រចំពោះគម្រោងនេះថា លោកសប្បាយរីករាយចំពោះគម្រោងនេះខ្លាំងណាស់ លោកនឹងខិតខំជួយសម្រួលការកកស្ទះចរាចរនៅតំបន់អង្គរនេះឱ្យបានកាន់តែប្រសើរ។
បន្ថែមពីនោះ ប្រធានសមាគមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ (រ៉ឺម៉កទេសចរ) ប្រចាំខេត្តសៀមរាប លោក គួន សារិទ្ធ ក៏លើកឡើងដែរថា លោកគាំទ្រចំពោះការបិទផ្លូវមុខប្រាសាទអង្គរវត្ត ព្រោះវាជាការលះបង់ដើម្បីរួមចំណែកក្នុងការថែរក្សាមរតកវប្បធម៌។
មិនខុសគ្នាពីនេះដែរ លោក ផៃ ណាឡា នាយកប្រតិបត្តិផ្នែកសេវាទេសចរ នៃក្រុមហ៊ុនទេសចរ Journeys Within លើកឡើងថា លោកគាំទ្រជាខ្លាំងចំពោះការរៀបចំលំហូរទេសចរឱ្យចតឡាននៅចំណត ហើយដើរមកអង្គរ ព្រោះមើលទៅមានសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាព។
តាមការសង្កេតឃើញថា គម្រោងនេះគឺបានទទួលការគាំទ្រ និងចូលរួមអនុវត្តយ៉ាងច្រើនពីភាគីពាក់ព័ន្ធលើផ្នែកទេសចរ ព្រោះគ្រប់គ្នាសុទ្ធតែចង់ឱ្យអង្គរមានភាពល្អប្រសើរជាងនេះទាំងផ្នែកសេវាកម្ម បរិស្ថាន ចរាចរ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកាន់តែច្រើន ដែលនេះជាប្រភពចំណូលមិនចេះរីងស្ងួតនិងជាកិត្តិយសដល់ប្រជាជននិងប្រទេសជាតិ។
គួរបញ្ជាក់ថា ពេលគម្រោងរៀបចំផ្លូវវាងមុខប្រាសាទអង្គរវត្តចាប់ផ្តើមអនុវត្ត ការធ្វើដំណើរដោយយានយន្តគ្រប់ប្រភេទឆ្លងកាត់កំណាត់ផ្លូវមុខអង្គរវត្តទៅអង្គរធំឬពីអង្គរធំមកអង្គរវត្ត ត្រូវហាមមិនឱ្យឆ្លងកាត់ឡើយ ដោយតម្រូវឲ្យធ្វើដំណើរតាមផ្លូវវាងផ្សេង ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរា។ ដោយឡែកកំណាត់ផ្លូវមុខអង្គរវត្ត អនុញ្ញាតបានសម្រាប់តែកង់ ថ្មើរជើង ឡានសង្គ្រោះបន្ទាន់ ឡានទឹក និងឡានគណៈប្រតិភូធំៗរបស់ជាតិ និងអន្តរជាតិដែលមកទស្សនកិច្ចផ្លូវការម្តងម្កាលឆ្លងកាត់ប៉ុណ្ណោះ៕