ព្រះពុទ្ធបដិមា២អង្គស្ថិតក្នុងឥរិយាបថសមាធិ និងផ្ចាញ់មារ ធ្វើពីលោហធាតុ ត្រូវបានក្រុមអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ របស់អាជ្ញាធរជាតិអប្សរាប្រទះឃើញ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥។ ព្រះពុទ្ធបដិមាទាំងពីរអង្គនេះមានកម្ពស់២៧សង់ទីម៉ែត្រ ទទឹង១៩សង់ទីម៉ែត្រ និងមួយអង្គទៀតមានកម្ពស់៣០សង់ទីម៉ែត្រ ទទឹង១៦សង់ទីម៉ែត្រ។
លោក ហែម ម៉ៃ បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ដែលបានប្រទះឃើញបដិមានេះរៀបរាប់ថា នៅល្ងាចថ្ងៃទី២៤ ខែសីហា នៅពេលដែលលោកកំពុងបំពេញការងារនៅលើភ្នំគូលែន លោកតាអាចារ្យមួយរូបបានមកប្រាប់លោកថា ក្មេងៗដែលដើរបាញ់សត្វបានឃើញរូបស្នាមព្រះបាទ នៅផ្ទាំងថ្មធំ នៅខាងក្រោយព្រះអង្គធំប្រហែល១៥០ម៉ែត្រ។
លុះពេលព្រឹកឡើង ដោយចង់ពិនិត្យឲ្យបានច្បាស់ថាតើជាព្រះបាទមែនឬក៏អត់ លោកក៏បាននាំក្រុមការងារទៅ ពិនិត្យមើលជាក់ស្តែង ដោយឲ្យក្មេងៗដែលបានស្គាល់កន្លែងជាអ្នកនាំមុខ។ ក្រោយពេលទៅដល់ ក៏បានប្រទះឃើញស្នាមព្រះបាទដែលមិនទាន់ឆ្លាក់រួចរាល់ នៅលើផ្ទាំងថ្មដ៏ធំ។ ស្នាមព្រះបាទនេះមានបណ្តោយ២.៥ម៉ែត្រ ទទឹង១.៣ម៉ែត្រ និងមានជម្រៅ២.៨៥ម៉ែត្រ។
លោករៀបរាប់ថា ដោយសារតែមានដើមឈើដុះពីលើ និងមានស្លឹកឈើជ្រុះកប់ច្រើន ហើយមានទឹកជ្រៅទៀតនោះ លោកក៏បានឲ្យក្មេងៗបាចទឹកចេញ និងបោចឫសឈើសម្អាត ក៏បានប្រទះព្រះពុទ្ធបដិមានៅទីនោះតែម្តង។
លោក ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បញ្ជាក់ថា នៅពេលនេះ ព្រះពុទ្ធបដិមាទាំងពីរអង្គនោះ ត្រូវបានរក្សាទុកក្នុងនាយកដ្ឋានរបស់លោកនៅឡើយ ដោយរង់ចាំក្រុមជំនាញបុរាណវិទ្យា ធ្វើការសិក្សាវិភាគ ដើម្បីកំណត់អត្តសញ្ញាណ និងអាយុកាលនៃព្រះពុទ្ធបដិមានេះ។ លោកបញ្ជាក់ថា នៅពេលនេះ ក្រុមអ្នកជំនាញមិនទាន់ហ៊ានអះអាងច្បាស់លាស់នៅឡើយទេថា តើបដិមានេះស្ថិតនៅក្នុងសម័យកាលណានៅឡើយ៕