ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាកំពុងយកចិត្តទុកដាក់ ពង្រឹងវិស័យកសិកម្មដល់ប្រជាពលរដ្ឋនៅរុនតាឯក

បានផ្សាយនៅ ថ្ងៃទី 04 ខែ សីហា ឆ្នាំ2015 02:03 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋ ដែលកំពុងរស់នៅភូមិធម្មជាតិរុនតាឯក សុទ្ធតែជាអ្នកធ្លាប់រស់នៅក្នុងឧទ្យានអង្គរ ហើយមានមុខរបរភាគច្រើនជាកសិករ។ យ៉ាង ណាមិញ ការរៀបចំភូមិធម្មជាតិរុនតាឯក ក៏អាជ្ញាធរជាតិអប្សរាធ្វើឡើង ឲ្យស្របគ្នានឹងមុខរបរដែលគាត់ធ្លាប់មាន ព្រមទាំងរក្សាទំនៀមទម្លាប់ប្រពៃណី ដែលគាត់ធ្លាប់អនុវត្តកន្លងមកផងដែរ។

ក្នុងន័យខាងលើនេះហើយ អាជ្ញាធរជាតិអប្សរា ដែលទទួលបន្ទុករៀបចំភូមិធម្មជាតិរុនតាឯក តែងយកចិត្តទុកដាក់ដល់ជីវភាពរបស់ពួកគាត់ ដោយពង្រឹងវិស័យកសិកម្មជាសំខាន់ ។ ជាក់ស្តែង កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ ក្រុមជំនាញកសិកម្មរបស់គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក នៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលស្តីពី ដំណាំស្រូវ និងការចិញ្ចឹមមាន់លក្ខណៈគ្រួសារ ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិថ្មីនេះ។

លោក ភ័ន ផល្លា អនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកពន្យល់ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅជួយពង្រឹងចំណេះដឹងបន្ថែមដល់ពួកគាត់ លើចំណេះដឹងប្រពៃណីដែលពួកគាត់ធ្លាប់ចេះដឹងកន្លងមក។ លោកពន្យល់ថា កន្លងមកក្រុមការងារធ្លាប់តែពន្យល់ដោយឡែកៗ និងតាមភាពជាក់ស្តែងជូនពួកគាត់ តែពេលនេះ ក្រុមការងារសម្រេចបង្កើតវគ្គបណ្តុះបណ្តាល ដោយអញ្ជើញអ្នកជំនាញកសិកម្មមកពន្យល់ និងអនុញ្ញាតឲ្យពួកគាត់បានសួរនាំនូវ បញ្ហាដែលធ្លាប់ជួបប្រទះកន្លងមក។

អនុប្រធានគម្រោងរូបនេះបញ្ជាក់បន្ថែមថា ដោយសារប្រជាពលរដ្ឋភាគច្រើនសុទ្ធតែធ្លាប់ជាកសិករ ហើយដីនៅរុនតាឯកក៏អំណោយផលខាងកសិកម្មផងដែរ ទើបអាជ្ញាធរជាតិអប្សរា ផ្តោតការយកចិត្តទុកដាក់ខ្លាំងលើវិស័យកសិកម្ម ព្រោះប្រជាពលរដ្ឋម្នាក់ៗដែលបានស្ម័គ្រចិត្តចាប់ឆ្នោតមករស់នៅទីនេះ សុទ្ធតែទទួលបានដីឡូត៍សម្រាប់ធ្វើកសិកម្មគ្រប់គ្នា។ លោកបន្ថែមថា កាលពីថ្ងៃទី២២ខែកក្កដាកន្លងទៅនេះ ក្រុមការងារក៏បានដឹកនាំក្រុមប្រជាពលរដ្ឋមួយក្រុមទៅសិក្សាស្វែងយល់អំពីការងារកសិកម្មពីម្ចាស់ចម្ការ នៅខេត្តបន្ទាយមានជ័យផងដែរ។ ក្រៅពីនេះ ក្រុមការងារក៏មានចម្ការគំរូដែលមានដំណាំជាច្រើនប្រភេទ សម្រាប់បង្ហាញដល់ប្រជាពលរដ្ឋថា ដីនៅទីនេះមានជីជាតិល្អ អាចដាំដំណាំកសិកម្មបាន។

គួររំឭកថា ចាប់តាំងពីឧទ្យានអង្គរត្រូវបានចាត់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ១៩៩២មក ការគ្រប់គ្រងសំណង់ត្រូវបានកំណត់តាមបទដ្ឋានបេតិកភណ្ឌ ក្នុងគោលដៅអភិរក្សរមណីយដ្ឋាន និងបញ្ចៀសផលប៉ះពាល់ដល់បុរាណដ្ឋាននានា។ ដូច្នេះ ទើបភូមិធម្មជាតិរុនតាឯក ត្រូវបានបង្កើតឡើង នៅក្រៅតំបន់ការពារ និងមិនឆ្ងាយប៉ុន្មានពីតំបន់រមណីដ្ឋានអង្គរ ដើម្បីទទួលប្រជាពលរដ្ឋ ដែលមានបំណងបំបែកគ្រួសារ។ ប្រជាពលរដ្ឋដែលមករស់នៅទីនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត ដោយទទួលបានផ្ទះ ដីធ្វើផ្ទះ និងដីឡូត៍សម្រាប់ធ្វើកសិកម្ម៕
ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះពិនិត្យការងារ និងស្តាប់បទបង្ហាញលទ្ធផលកសិកម្មគំរូ ដែលបង្ហាញដោយអ្នកជំនាញកសិកម្មនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការបង្ហាញលទ្ធផលសាកល្បងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើការសម្រេចជ្រើសរើសប្រភេទដំណាំ និងបច្ចេកទេសទៅអនុវត្តនៅក្នុងដីរបស់ខ្លួន។ ដំណាំកសិកម្មគំរូដែលអ្នកជំនាញកំពុងអនុវត្តសាកល្បង លើដីគំរូមានដូចជា ត្រកួន ពោត ស្ពៃ ឪឡឹក ត្រប់វែង ឃ្លោក ត្រឡាច។ល។
បន្ទាប់ពីមានការស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកដើម្បីកសាងជីវភាពគ្រួសារថ្មី ប្រជាជនទាំងអស់ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរជាតិអប្សរាទាំងផ្នែកសុខុមាលភាព សាសនា សន្តិសុខ មុខរបរ ជំនាញវិជ្ជាជីវៈ មានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ ជាពិសេសនឹងរៀបចំទីនេះឱ្យក្លាយជាកន្លែងផ្គត់ផ្គង់កសិកម្មធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ។
ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក អាជ្ញាធរជាតិអប្សរាបានគិតគូរកសាងទីកន្លែងសម្រាប់គោរពបូជា និងធ្វើកិច្ចពិធីផ្សេងៗ។ ក្នុងន័យនេះហើយ ដោយទទួលបានការឯកភាពគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា សាឡុំមានទំហំប្រមាណ៨ម៉ែត្រx១៤ម៉ែត្រ ធ្វើពីថ្ម ប្រក់ដំបូលក្បឿងតាមរចនាប័ទ្មខ្មែរ ត្រូវបានកសាងឡើង ដើម្បីឱ្យអ្នកភូមិមានទីកន្លែងសមរម្យសម្រាប់រៀបចំពិធីសាសនាតាមទម្លាប់និងការជួបជុំផ្សេងៗ។
ពិធីសែនក្រុងពាលីសាងសង់សាឡុំ នៅភូមិធម្មជាតិរុនតាឯកដែលមានទីតាំងនៅខាងលិចមាត់បឹងជាលា ដើម្បីទុកជាទីសក្ការបូជារបស់ពុទ្ធសាសនិកដែលរស់នៅក្នុងភូមិនេះ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៥កើត ខែបុស្ស ឆ្នាំមមែ ក្រោមការដឹកនាំរបស់ព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរ អនុគណក្រុងនិងជាព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង។
គ្រាប់ពូជដំណាំកសិកម្មចំនួន៨មុខ និងសៀវភៅស្តីពីបច្ចេកទេសកសិកម្មចំនួន៦មុខ ដែលនិយាយអំពីរបៀបចិញ្ចឹមគោ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមក្រួច ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចែកជូនប្រជាពលរដ្ឋគំរូចំនួន៣៨គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
ដើមដំបូងមុន1234បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
0857
ម្សិលមិញ
:
1611
សប្តាហ៍នេះ
:
82141
ខែនេះ
:
0163418
សរុប
:
009345700