ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាប្រារព្ធពិធីដាំកូនឈើចំនួន៥០០០ដើម នៅបរិវេណប្រាសាទអ្នកតាលើខ្នងភ្នំគូលែន

បានផ្សាយនៅ ថ្ងៃទី 25 ខែ កក្កដា ឆ្នាំ2015 03:27 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាសហការជាមួយ ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន និងអង្គការមូលនិធិសម្រាប់ការស្រាវជ្រាវបុរាណវិទ្យា និងអភិវឌ្ឍន៍ (ADF) ប្រារព្ធពិធីដាំកូនឈើ៥០០០ដើម នៅបរិវេណ ប្រាសាទអ្នកតា លើខ្នងភ្នំគូលែន ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ពិធីនេះប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម ឈរ ថាណាត អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រង់ព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គនាយក អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី ឧទ្យានជាតិ ព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន នៃក្រសួងបរិស្ថាន អភិបាលរងស្រុកស្វាយលើ អាជ្ញាធរភូមិឃុំ ថ្នាក់ដឹកនាំ បុគ្គលិកអង្គការ ADF និង ប្រជាពលរដ្ឋដែលរស់នៅខ្នងភ្នំគូលែនផងដែរ។

តាមរបាយការណ៍របស់លោក ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋាន អភិរក្សប្រាសាទក្រៅឧទ្យានអង្គរបញ្ជាក់ថា នៅលើភ្នំគូលែនមាន បុរាណដ្ឋានដែលត្រូវការពារជាង៤០០ទីតាំង។ ក្នុងនោះ ប្រាសាទមានចំនួន ជាង៥០ប្រាសាទ។ ដោយឡែកព្រៃឈើនៅភ្នំគូលែនទាំងមូលបើតាម របាយការណ៍របស់អង្គការ ADF គិតត្រឹមឆ្នាំ២០១២ នៅសល់តែប្រមាណ ២០% នៃផ្ទៃដីសរុបប៉ុណ្ណោះ។ នេះជាហានិភ័យមួយយ៉ាងខ្លាំងដែលយើង ត្រូវយកចិត្តទុកដាក់ទាំងអស់គ្នា។

ឯកឧត្តម ឈរ ថាណាត បានលើកឡើងក្នុងសុន្ទរកថារបស់លោកថា ព្រៃឈើភ្នំគូលែន គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ទ្រទ្រង់បណ្តាញផ្លូវទឹកនានា ក្នុងខេត្តសៀមរាប ក៏ដូចជាជួយទ្រទ្រង់រមណីយដ្ឋានអង្គរទាំងមូលផងដែរ។ ឯកឧត្តមបន្ថែមថា បើព្រៃឈើភ្នំគូលែនត្រូវបានបំផ្លាញ បណ្តាញផ្លូវទឹក ក្នុងក្រុងសៀមរាបក៏ត្រូវជួបបញ្ហាដែរ។ កាលបើយ៉ាងនេះ ប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរដែលមានខ្សាច់ជាគ្រឹះ ហើយត្រូវការសំណើម ជាប្រចាំនោះ ក៏ត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្លាំងជាមិនខាន។ ដោយមើលឃើញផលប៉ះពាល់ដ៏អាក្រក់យ៉ាងនេះ អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីក្រសួងបរិស្ថាន និងអង្គការADF សម្រេច នាំយកកូនឈើមកដាំក្នុងពេលនេះ។ ឯកឧត្តមបន្ថែមថា អាជ្ញាធរជាតិអប្សរា នឹងបន្តសកម្មភាពដាំកូនឈើនៅលើភ្នំគូលែននេះជាបន្តបន្ទាប់ទៀតសម្រាប់ពេលក្រោយ ដើម្បីរួមចំណែកក្នុងកិច្ចការអភិរក្សព្រៃឈើដែលជា ទេសភាពធម្មជាតិដ៏សំខាន់សម្រាប់ប្រាង្គប្រាសាទ និងឧទ្យានទាំងមូល។

គួររំឭកថា ភ្នំគូលែនក្រៅតែពីជាប្រភពទឹកសម្រាប់ទ្រទ្រង់ស្ទឹងក្នុងខេត្តសៀមរាប និងទ្រទ្រង់ប្រាសាទក្នុងតំបន់អង្គរហើយនោះ ភ្នំនេះក៏ជា ទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់នៃការកកើត អាណាចក្រអង្គរផងដែរ។ សព្វថ្ងៃភ្នំគូលែនជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញ ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន។ កាលពីពេលថ្មីៗនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថានក៏បានអំពាវនាវឲ្យអាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ ជួយសហការការពារឧទ្យានជាតិភ្នំគូលែននេះផងដែរ៕
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១របស់ខ្លួននារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០០១៦ គណៈកម្មការចម្រុះអភិរក្សព្រៃឈើតំបន់ការពារប្រាសាទកោះកេរដែលមានតំណាងអាជ្ញាធរជាតិអប្សរាជាប្រធានបានអះអាងថា បទល្មើសព្រៃឈើនៅតំបន់នេះបានថយចុះច្រើនគួរឲ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋភាគច្រើនក៏បានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការងារអភិរក្សព្រៃឈើ និងបេតិកភណ្ឌ។
មន្ត្រីបុគ្គលិក ភ្នាក់ងារ និងកម្មករនៃអាជ្ញាធរជាតិអប្សរាជាង៥០នាក់ ដែលដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរាបានចូលរួមក្នុងពិធីសម្អាតបរិស្ថានទ្រង់ទ្រាយធំជាមួយនឹងអ្នកចូលរួមជាង៤ពាន់នាក់ផ្សេងទៀត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ដែលរៀបចំដោយសាលាក្រុងសៀមរាប។ ការចូលរួមសម្អាតបរិស្ថាននៅពេលនេះគឺដើម្បីត្រៀមខ្លួនអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ត្រពាំងសេសមានទឹកពេញវិញហើយ
( ថ្ងៃទី 31 ខែ មិនា ឆ្នាំ2016 )
ត្រពាំងសេស គឺជាត្រពាំងបុរាណដែលស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរជាច្រើនតែងចាប់អារម្មណ៍នឹងត្រពាំងនេះ ជាពិសេសគឺទេសចរខ្មែរ ដែលតែងមកអង្គុយកម្សាន្តបណ្តែតអារម្មណ៍ជាមួយនឹងទិដ្ឋភាពទឹក និងដើមព្រលឹតលំចង់ ដោយមានតូបអ្នកលក់ម្ហូបអាហារជាច្រើនមុខផង។ កន្លងមកត្រពាំងនេះ មិនដែលរីងខះទឹកទេ តែសម្រាប់ឆ្នាំនេះ ត្រពាំងសេសបានរីងទឹកស្ទើរតែខះស្ងួត ដោយសាររដូវប្រាំងឆ្នាំនេះក្តៅហួតហែងខ្លាំង ហើយវស្សាកន្លងទៅមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ផង។
អាជ្ញាធរជាតិអប្សរាសហការជាមួយប្រជាពលរដ្ឋឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្តើមត្រួសត្រាយកូនឈើ ដើម្បីជួសជុលទំនប់ថ្នល់ដាច់សម្រាប់ទប់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចជួសជុលនៅពេលនេះ គឺយោងទៅតាមសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំមកអាជ្ញាធរជាតិអប្សរាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការជួសជុលនេះគ្រោងនឹងចំណាយពេលប្រហែល១ខែទើបរួចរាល់។
ក្នុងឆ្នាំ២០១៦នេះ រដូវប្រាំងបានអូសបន្លាយពេល ហើយស្ថានភាពអាកាសធាតុក្ដៅហួតហែង បានបង្កឲ្យប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាកម្ពុជាដែរ ត្រូវប្រឈមនឹងបញ្ហាកង្វះទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងការងារកសិកម្មជាដើម។ ឆ្លើយតបចំពោះបញ្ហានេះ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ក្នុងន័យដាស់តឿនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
2763
ម្សិលមិញ
:
5802
សប្តាហ៍នេះ
:
14492
ខែនេះ
:
0241356
សរុប
:
012066987