ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាដឹកនាំអ្នកភូមិធម្មជាតិរុនតាឯក ទៅទស្សនកិច្ចសិក្សាអំពីដំណាំកសិកម្មនៅបន្ទាយមានជ័យ

បានផ្សាយនៅ ថ្ងៃទី 23 ខែ កក្កដា ឆ្នាំ2015 09:24 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមអភិវឌ្ឍន៍គម្រោងភូមិធម្មជាតិរុនតាឯក ដឹកនាំដោយឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោង បានដឹកនាំប្រជាពលរដ្ឋចំនួន១៥រូប ដែលរស់នៅក្នុងភូមិធម្មជាតិ ទៅបំពេញទស្សនកិច្ចសិក្សាស្រង់បទពិសោធន៍ ពីរបៀបធ្វើដំណាំកសិកម្ម នៅភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ដំណើរទស្សនកិច្ចសិក្សានេះធ្វើឡើងរយៈពេល១ថ្ងៃកាលពីថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅនេះ។

ដំណើរទស្សនកិច្ចសិក្សានេះ ធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋបានស្រង់បទពិសោធន៍អំពីការដាំដំណាំកសិកម្មហូបផ្លែ ពីសំណាក់ម្ចាស់ចម្ការដែលមានបទពិសោធន៍លើការងារនេះ ជាង៣០ឆ្នាំមកហើយ។ តាមរយៈបទពិសោធន៍នេះ ប្រជាពលរដ្ឋអាចរៀនសូត្រដើម្បីនាំយកប្រភេទដំណាំណាមួយមកដាំដុះលើដីកសិកម្ម ដែលអាជ្ញាធរជាតិអប្សរាបានប្រគល់ជូនពួកគាត់។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី បញ្ជាក់ថា តាមអ្នកជំនាញខាងកសិកម្ម ដីនៅតំបន់រុនតាឯកអាចដាំដំណាំគូលែនបាន។ សព្វថ្ងៃអាជ្ញាធរជាតិអប្សរា កំពុងសិក្សាដាំសាកល្បងលើចម្ការគំរូចំនួន៩ហិកតា ដែលនឹងត្រូវការកូនគូលែនចំនួន ៩០០ដើម។ ទាក់ទងនឹងប្រជាពលរដ្ឋដែលធ្វើដំណើរទៅសិក្សាពេលនេះ ឯកឧត្តមបញ្ជាក់ថា ដោយសង្កេតឃើញពួកគាត់ជាមនុស្សសកម្ម បានត្រួសត្រាយដីចម្ការ និងបានដាំដំណាំមួយចំនួនហើយ។ តែនេះ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ អាចនឹងមានកម្មវិធីរបៀបនេះនៅលើកក្រោយៗទៀត។

គួររំឭកថា ដើម្បីដោះស្រាយការកើនឡើងនូវចំនួនខ្នងផ្ទះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរអប្សរា បានសម្រេចជ្រើសរើសដីមួយកន្លែងដែលស្ថិតនៅក្រៅតំបន់ ការពារ ដែលជាជំហានដំបូងនេះ មានចំនួន ១០១២ហិកតា។ តំបន់នេះស្ថិតនៅភាគខាងកើតនៃឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រជាពលរដ្ឋដែលទើបមានគ្រួសារថ្មី ហើយចង់បំបែកគ្រួសារ អាចដាក់ពាក្យស្នើសុំទៅរស់នៅក្នុងភូមិនេះបាន។ យោងតាមផែនការមេរបស់គម្រោងអភិវឌ្ឍន៍ភូមធម្មជាតិរុនតាឯក គ្រួសារនីមួយៗ នឹងបានទទួលដីឡូត៍ដោយផ្ទាល់ សម្រាប់សាងសង់ផ្ទះ និងសួនបន្លែ។ ដីឡូតិ៍ដែលប្រជាជនទទួលបានមានទំហំ ១៥x២៥ម៉ែត្រការេ ហើយដីសម្រាប់ធ្វើស្រែចម្ការមានទំហំជិត ១ហិកតា៕
ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះពិនិត្យការងារ និងស្តាប់បទបង្ហាញលទ្ធផលកសិកម្មគំរូ ដែលបង្ហាញដោយអ្នកជំនាញកសិកម្មនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការបង្ហាញលទ្ធផលសាកល្បងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើការសម្រេចជ្រើសរើសប្រភេទដំណាំ និងបច្ចេកទេសទៅអនុវត្តនៅក្នុងដីរបស់ខ្លួន។ ដំណាំកសិកម្មគំរូដែលអ្នកជំនាញកំពុងអនុវត្តសាកល្បង លើដីគំរូមានដូចជា ត្រកួន ពោត ស្ពៃ ឪឡឹក ត្រប់វែង ឃ្លោក ត្រឡាច។ល។
បន្ទាប់ពីមានការស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកដើម្បីកសាងជីវភាពគ្រួសារថ្មី ប្រជាជនទាំងអស់ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរជាតិអប្សរាទាំងផ្នែកសុខុមាលភាព សាសនា សន្តិសុខ មុខរបរ ជំនាញវិជ្ជាជីវៈ មានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ ជាពិសេសនឹងរៀបចំទីនេះឱ្យក្លាយជាកន្លែងផ្គត់ផ្គង់កសិកម្មធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ។
ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក អាជ្ញាធរជាតិអប្សរាបានគិតគូរកសាងទីកន្លែងសម្រាប់គោរពបូជា និងធ្វើកិច្ចពិធីផ្សេងៗ។ ក្នុងន័យនេះហើយ ដោយទទួលបានការឯកភាពគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា សាឡុំមានទំហំប្រមាណ៨ម៉ែត្រx១៤ម៉ែត្រ ធ្វើពីថ្ម ប្រក់ដំបូលក្បឿងតាមរចនាប័ទ្មខ្មែរ ត្រូវបានកសាងឡើង ដើម្បីឱ្យអ្នកភូមិមានទីកន្លែងសមរម្យសម្រាប់រៀបចំពិធីសាសនាតាមទម្លាប់និងការជួបជុំផ្សេងៗ។
ពិធីសែនក្រុងពាលីសាងសង់សាឡុំ នៅភូមិធម្មជាតិរុនតាឯកដែលមានទីតាំងនៅខាងលិចមាត់បឹងជាលា ដើម្បីទុកជាទីសក្ការបូជារបស់ពុទ្ធសាសនិកដែលរស់នៅក្នុងភូមិនេះ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៥កើត ខែបុស្ស ឆ្នាំមមែ ក្រោមការដឹកនាំរបស់ព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរ អនុគណក្រុងនិងជាព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង។
គ្រាប់ពូជដំណាំកសិកម្មចំនួន៨មុខ និងសៀវភៅស្តីពីបច្ចេកទេសកសិកម្មចំនួន៦មុខ ដែលនិយាយអំពីរបៀបចិញ្ចឹមគោ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមក្រួច ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចែកជូនប្រជាពលរដ្ឋគំរូចំនួន៣៨គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
ដើមដំបូងមុន1234បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
6208
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
40628
ខែនេះ
:
0121905
សរុប
:
009304187