អាជ្ញាធរជាតិអប្សរា សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ មានមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន ៣១៧ នគរបាលការពារបេតិកភណ្ឌ សាលាឃុំបល្ល័ង្ក ប៉ុស្តិ៍រដ្ឋបាលឃុំបល្លង្ក័ និងមេភូមិស្នាសង្គ្រាម បានចុះទប់ស្កាត់និងអប់រំប្រជាពលរដ្ឋ២គ្រួសារ ដែលបានរុករានដីធ្វើកសិកម្ម ក្នុងបរិវេណប្រាសាទបន្ទាយខ្យង ដែលស្ថិតនៅភូមិស្នាសង្រ្គាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្រុមការងារនេះ ដឹកនាំដោយ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទីនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ។
តាមរបាយការណ៍របស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ បញ្ជាក់ថា ប្រជាពលរដ្ឋចំនួនពីររូប ដែលមានឈ្មោះ ឈឿន យ៉ាន់ និងឈ្មោះ កាំ ពិ មានទីលំនៅនៅភូមិស្នាសង្រ្គាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានធ្វើការរុករានយកដីធ្វើកសិកម្ម នៅក្នុងតំបន់ការពារប្រាសាទបន្ទាយខ្យងដែលកំពុងធ្វើការអភិរក្ស។
បន្ទាប់ពីក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបានចុះទៅឃាត់ និងណែនាំឲ្យពួកគាត់បាន យល់ដឹងអំពីកិច្ចការអភិរក្សបេតិកភណ្ឌ ដែលជាសម្បត្តិរបស់យើងទាំងអស់គ្នារួចមក ប្រជាពលរដ្ឋទាំងពីររូបខាងលើ បានយល់ព្រមឈប់រុករានដីតំបន់ការពារប្រាសាទតទៅទៀត ហើយបានធ្វើកិច្ចសន្យាប្រគល់ដីឲ្យអាជ្ញាធរអប្សរាដើម្បីដាំដើមឈើឡើងវិញ។
ជាមួយគ្នានេះដែរ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់អាជ្ញាធរដែនដី និងសមកិច្ចពាក់ព័ន្ធ អាជ្ញាធរអប្សរា នឹងធ្វើការបោះបង្គោលកំណត់តំបន់ការពារប្រាសាទបន្ទាយខ្យងនៅពេលឆាប់ៗខាង មុខ។
សូមបញ្ជាក់ថា ប្រាសាទបន្ទាយខ្យង ត្រូវបានសាងសង់ឡើងដោយព្រះរាជគ្រូ យជ្ញវរាហ ក្នុងអំឡុងសតវត្សទី១០។ ព្រះរាជគ្រូអង្គនេះ ជាព្រះគ្រូរបស់ព្រះមហាក្សត្រពីរជំនាន់គឺ ព្រះបាទរាជេន្ទ្រវរ្ម័ន និងព្រះបាទជ័យវរ្ម័នទី៥។ លោកបានកសាងប្រាសាទសំខាន់ៗចំនួន៣គឺ ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយខ្យង និងប្រាសាទមួយទៀតនៅឃុំដំដែក ស្រុកសូទ្រនិគម ដែលតាមបញ្ជីសារពើភ័ណ្ឌហៅថា ប្រាសាទសេកតាទុយ៕