ព័ត៌មានថ្មីៗ

ភូមិធម្មជាតិរុនតាឯក កំពុងក្លាយជាតំបន់កម្សាន្ដ និងចុះកម្មសិក្សាពីជីវភាពប្រជាជននៅជនបទដ៏គួរឱ្យចាប់អារម្មណ៍

បានផ្សាយនៅ ថ្ងៃទី 09 ខែ កក្កដា ឆ្នាំ2015 11:23 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ភូមិធម្មជាតិរុនតាឯកបានបង្កើតឡើងនៅឆ្នាំ២០០៤ មានទំហំផ្ទៃដី ១០១២ហិចតា និងមានចម្ងាយពីព្រំប្រទល់ឧទ្យានអង្គរ៣គីឡូម៉ែត្រ។ មកទល់បច្ចុប្បន្ន ភូមិនេះមានប្រជាជនរស់នៅជាង១០០ គ្រួសារហើយ និងមានសាលារៀនមួយខ្នង៤បន្ទប់ ដែលមួយក្នុងនោះជាបណ្ណាល័យ។ ភូមិថ្មីនេះមិន ត្រឹមជាកន្លែងរស់នៅធម្មតារបស់ប្រជាជនទេ ថែមទាំងជា តំបន់ទេសចរណ៍ធម្មជាតិដែលគួរឱ្យចាប់ អារម្មណ៍សម្រាប់ដំណើរ កម្សាន្តនិងការចុះកម្មសិក្សាដើម្បីឈ្វេងយល់ពីជីវភាពរស់នៅរបស់ប្រជាជន នៅជនបទទៀតផង ជាក់ស្តែងនៅព្រឹកថ្ងៃទី0៦ ខែកក្កដា ឆ្នាំ២០១៥ ក្រុមនិស្សិតមួយក្រុមមកពីប្រទេសកូរ៉េ ចំនួន១៤នាក់ មកពីសាកលវិទ្យាល័យផ្សេងៗគ្នា បានចុះមកធ្វើកម្មសិក្សាស្វែងយល់ ពីជីវភាពរស់នៅរបស់ប្រជាជននៅភូមិធម្មជាតិរុនតាឯក តាមរយៈ សាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងភូមិធម្មជាតិរុនតាឯក បានបញ្ជាក់ថា តំបន់ឧទ្យានអង្គរដែលមានទំហំ ៤០១គីឡូម៉ែត្រក្រឡា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ចាប់តាំងពីខែធ្នូ ឆ្នាំ១៩៩២មកម្លេះ។ តំបន់នេះប្រមូលផ្តុំទៅដោយ ទេសភាពវប្បធម៌ និងធម្មជាតិដ៏ស្រស់បំព្រង ដែលរួមមាន ព្រៃឈើ ប្រាង្គប្រាសាទ ស្ថានីយ៍បុរាណផ្សេងៗជាច្រើនទៀត ជាពិសេសតំបន់ នេះជាទីតាំងដែលមានមនុស្សរស់នៅតាំងពីយូរលង់ណាស់មកហើយ។ បច្ចុប្បន្ននេះ ពួកគាត់នៅតែបន្តរស់នៅព្រមទាំងថែរក្សាបានយ៉ាងល្អ នូវទំនៀមទម្លាប់ ប្រពៃណី ជំនឿសាសនា ដែលមានតាំងពីបុរាណកាលមក។ មរតកដ៏ល្អទាំងអស់នោះហើយដែលបានរួមចំណែកយ៉ាងសំខាន់ ធ្វើឱ្យអង្គរក្លាយជារមណីយដ្ឋានរស់ដ៏ល្បីល្បាញ លើសកលលោក។ ប៉ុន្តែស្របពេលជាមួយនឹងវិស័យទេសចរណ៍មានការរីកចម្រើន កំណើនប្រជាជនបានក្លាយជាបញ្ហាចោទ និងគំរាមកំហែងយ៉ាងខ្លាំងដល់តំបន់អភិរក្សរមណីយដ្ឋានអង្គរ ព្រោះពួកគាត់ ត្រូវការពង្រីកផ្ទះ ពង្រីកគ្រួសារ និងផ្ទៃដីដាំដុះដើម្បីប្រកបរបរចិញ្ចឹមជីវិត ដូច្នេះពួកគេត្រូវកាប់ព្រៃឈើដែលនាំឱ្យប៉ះពាល់ដល់ទេសភាពវប្បធម៌របស់អង្គរ។

ដោយយល់ឃើញពីផលប៉ះពាល់ទាំងនេះហើយទើប អាជ្ញាធរជាតិអប្សរា បានបង្កើតតំបន់អភិវឌ្ឍន៍ថ្មីមួយ ដែលនៅមិនឆ្ងាយ ពីឧទ្យានអង្គរ គឺភូមិធម្មជាតិរុនតាឯក ដើម្បីទុកផ្តល់ជូនប្រជាពលរដ្ឋ ដែលបានរស់នៅតាំងពីយូរលង់មក មានទីលំនៅពិតប្រាកក្នុងឧទ្យានអង្គរ ហើយចង់បំបែកគ្រួសារថ្មីឱ្យស្ម័គ្រចិត្តទៅរស់នៅទីនោះ ដោយអាជ្ញាធរជាតិអប្សរាជាអ្នកផ្តល់មធ្យោបាយផ្សេងៗសម្រាប់សាងសង់ ផ្ទះសម្បែង ផ្តល់ដីស្រែចម្ការ និងបង្ហាត់ជំនាញផ្សេងៗ ដើម្បីឲ្យពួកគាត់អាចប្រកបមុខរបរចិញ្ចឹមជីវិតបាន។ ហើយជាពិសេស ភូមិធម្មជាតិរុនតាឯក បច្ចុប្បន្ននេះ បានខ្លាយជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយដ៏សំខាន់ក្នុងខេត្តសៀមរាប ដែលអាចផ្តល់ការងារ និងចំណូលជាច្រើនជូនប្រជាពលរដ្ឋដែលរស់នៅទីនោះ។

ចំណែកលោកស្រី Fiona តំណាងក្រុមហ៊ុន GYGC ដែលអនុវត្តលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ នៅភូមិធម្មជាតិរុនតាឯក ក៏បានលើកឡើងថា ក្រុមហ៊ុនបានគិតគូរពីការបណ្តុះបណ្តាល ជំនាញជាច្រើនពាក់ព័ន្ធនិងផ្នែកទេសចរណ៍ដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់មានសមត្ថិភាពធ្វើការជាមួយក្រុមហ៊ុន ក៏ដូចជា ផ្តល់សេវាផ្សេងៗទៀតដល់ក្រុមហ៊ុនក្នុងការជួលផ្ទះរបស់ពួកគាត់ធ្វើជាផ្ទះសំណាក់សម្រាប់អ្នកទេសចរដែលចង់ស្នាក់អាស្រ័យ ជួលរទេះគោជិះកម្សាន្ត ការបង្ហាត់បង្រៀនធ្វើម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ និងការងារធ្វើកសិកម្មផ្សេងៗទៀតជាច្រើន ដែលអាចឱ្យពួកគាត់ រកកម្រៃចិញ្ចឹមជីវិតបាន។

ចំណែកលោក Anthony ក្រុមប្រឹក្សាក្រុមហ៊ុន GYGC ក៏បានពន្យល់ដល់ក្រុមនិស្សិតថា ការមកទស្សនកិច្ច សិក្សា ឬមកកម្សាន្តនៅភូមិធម្មជាតិរុនតាឯក មិនត្រឹមតែទទួលបាន ខ្យល់អាកាសបរិសុទ្ធ និងភាពស្រស់ស្អាតនៃធម្មជាតិទេ ថែមទាំងទទួលបានចំណេះដឹងពីជីវភាពរស់នៅរបស់ប្រជាជននៅជនបទ និងបានប្រឡូកផ្ទាល់នៅក្នុងការងារកសិកម្ម ធ្វើស្រែចម្ការ ដកស្ទួង ដាំដើមឈើជាដើម ហើយនឹងបានស្គាល់ពីរុក្ខជាតិមួយចំនួន ដែលអ្នកធ្លាប់ញ៉ាំ ធ្លាប់ឮតែឈ្មោះ តែមិនស្គាល់ដើមរបស់វា។

បន្ទាប់ពីកិច្ចសំណេះសំណាលចប់ ក្រុមនិស្សិត និងគណប្រតិភូ ទាំងអស់ ក៏បានចូលរួមដាំដើមឈើនៅមាត់បឹងជាលាទុកជាអនុស្សារីយ៍ មុននឹងត្រឡប់ទៅមាតុប្រទេសវិញ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ កន្លងមកក៏មាននិសិ្សត និងទេសចរជាច្រើនបានមកទស្សកិច្ចសិក្សានិងសម្រាកកម្សាន្តនៅទីនេះ ហើយពួកគេបានចូលរួមក្នុងកិច្ចការជាច្រើនជាមួយអ្នកភូមិ ដូចជា ដកស្ទួង លាបថ្នាំសាលារៀន ធ្វើនំក្រឡាន បុកអណ្តូងជូនប្រជាពលរដ្ឋ និងរៀនធ្វើគោមបង្ហោះជាដើម៕
ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះពិនិត្យការងារ និងស្តាប់បទបង្ហាញលទ្ធផលកសិកម្មគំរូ ដែលបង្ហាញដោយអ្នកជំនាញកសិកម្មនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការបង្ហាញលទ្ធផលសាកល្បងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើការសម្រេចជ្រើសរើសប្រភេទដំណាំ និងបច្ចេកទេសទៅអនុវត្តនៅក្នុងដីរបស់ខ្លួន។ ដំណាំកសិកម្មគំរូដែលអ្នកជំនាញកំពុងអនុវត្តសាកល្បង លើដីគំរូមានដូចជា ត្រកួន ពោត ស្ពៃ ឪឡឹក ត្រប់វែង ឃ្លោក ត្រឡាច។ល។
បន្ទាប់ពីមានការស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកដើម្បីកសាងជីវភាពគ្រួសារថ្មី ប្រជាជនទាំងអស់ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរជាតិអប្សរាទាំងផ្នែកសុខុមាលភាព សាសនា សន្តិសុខ មុខរបរ ជំនាញវិជ្ជាជីវៈ មានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ ជាពិសេសនឹងរៀបចំទីនេះឱ្យក្លាយជាកន្លែងផ្គត់ផ្គង់កសិកម្មធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ។
ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក អាជ្ញាធរជាតិអប្សរាបានគិតគូរកសាងទីកន្លែងសម្រាប់គោរពបូជា និងធ្វើកិច្ចពិធីផ្សេងៗ។ ក្នុងន័យនេះហើយ ដោយទទួលបានការឯកភាពគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា សាឡុំមានទំហំប្រមាណ៨ម៉ែត្រx១៤ម៉ែត្រ ធ្វើពីថ្ម ប្រក់ដំបូលក្បឿងតាមរចនាប័ទ្មខ្មែរ ត្រូវបានកសាងឡើង ដើម្បីឱ្យអ្នកភូមិមានទីកន្លែងសមរម្យសម្រាប់រៀបចំពិធីសាសនាតាមទម្លាប់និងការជួបជុំផ្សេងៗ។
ពិធីសែនក្រុងពាលីសាងសង់សាឡុំ នៅភូមិធម្មជាតិរុនតាឯកដែលមានទីតាំងនៅខាងលិចមាត់បឹងជាលា ដើម្បីទុកជាទីសក្ការបូជារបស់ពុទ្ធសាសនិកដែលរស់នៅក្នុងភូមិនេះ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៥កើត ខែបុស្ស ឆ្នាំមមែ ក្រោមការដឹកនាំរបស់ព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរ អនុគណក្រុងនិងជាព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង។
គ្រាប់ពូជដំណាំកសិកម្មចំនួន៨មុខ និងសៀវភៅស្តីពីបច្ចេកទេសកសិកម្មចំនួន៦មុខ ដែលនិយាយអំពីរបៀបចិញ្ចឹមគោ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមក្រួច ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចែកជូនប្រជាពលរដ្ឋគំរូចំនួន៣៨គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
ដើមដំបូងមុន1234បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
9410
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
43831
ខែនេះ
:
0125108
សរុប
:
009307390