ព័ត៌មានថ្មីៗ

ប្រជាពលរដ្ឋ៣គ្រួសារបន្ថែមទៀតទទួលបានឈើធ្វើផ្ទះ នៅភូមិធម្មជាតិរុនតាឯកពីអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 08 ខែ កក្កដា ឆ្នាំ2015 04:19 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋចំនួន៣គ្រួសារបន្ថែមទៀត ដែលរស់នៅក្នុងតំបន់អង្គរ ហើយបានស្ម័គ្រចិត្តចាប់ឆ្នោតទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក បានទទួលឈើសម្រាប់សាងសង់ផ្ទះដែលមានចំនួនជិត១០ម៉ែត្រគូបក្នុងមួយគ្រួសារ។ ពិធីប្រគល់នេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥នេះ ក្រោមអធិបតីភាព ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។

មានប្រសាសន៍ក្នុងពិធីចែកនេះ ឯកឧត្តមម៉ី ម៉ារ៉ាឌី បញ្ជាក់ថា សព្វថ្ងៃប្រជាពលរដ្ឋក្នុងតំបន់អង្គរ ជាពិសេសក្នុងស្រុកបន្ទាយស្រី មានការចាប់អារម្មណ៍ខ្លាំងនឹងការមករស់នៅភូមិធម្មជាតិរុនតាឯក។ ឯកឧត្តមបញ្ជាក់ថា កាលពីមុនយើងមានផ្ទះសល់សម្រាប់ជូនប្រជាពលរដ្ឋ ដែលដាក់ពាក្យមករស់នៅ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារប្រជាពលរដ្ឋដាក់ពាក្យមករស់នៅកាន់តែច្រើន ធ្វើឲ្យផ្ទះមិនគ្រប់គ្រាន់ ចាំបាច់ត្រូវសាងសង់បន្ថែមទៀត។ បញ្ហានេះ ដោយសារសព្វថ្ងៃប្រជាពលរដ្ឋបានយល់កាន់តែច្បាស់អំពីការរៀបចំភូមិធម្មជាតិរុនតាឯក ទៅជាភូមិដ្ឋានរស់នៅសមរម្យ និងមានមុខរបរចិញ្ចឹមជីវិតត្រឹមត្រូវ មិនដូចជាពាក្យចចាមអារ៉ាម ដែលនិយាយមិនល្អអំពីគម្រោងរៀបចំភូមិធម្មជាតិរុនតាឯក ដែលធ្លាប់មានកន្លងមក។

ជាក់ស្តែង ពិធីប្រគល់ឈើធ្វើផ្ទះនៅពេលនេះ គឺមានចំនួនតែ៣ខ្នងផ្ទះប៉ុណ្ណោះ។ នៅសល់ប្រជាពលរដ្ឋចំនួន៦គ្រួសារផ្សេងទៀត ដែលទទួលបានសិទ្ធិរស់នៅដែរនោះ អាជ្ញាធរជាតិអប្សរាបានប្រគល់ដីសម្រាប់ធ្វើចម្ការជាមុនសិន និងរង់ចាំការសាងសង់ផ្ទះជូនក្នុងវគ្គក្រោយ។

ឯកឧត្តមបន្ថែមថា មិនត្រឹមតែប្រគល់ឈើធ្វើផ្ទះប៉ុណ្ណោះទេ សូម្បីថ្លៃជាងសាងសង់ក៏អាជ្ញាធរជាតិអប្សរាចេញជូនពួកគាត់ដែរ ដោយម្ចាស់ផ្ទះគ្រាន់តែមកជួយមើលជាងសាងសង់ និងបំពេញបន្ថែមនូវកង្វះខាតតិចតួចដែលគាត់ចង់បានលើសពីគម្រោងប៉ុណ្ណោះ។ មិនត្រឹមតែផ្តល់ផ្ទះ និងដីប៉ុណ្ណោះទេ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទឹកស្អាត សាលារៀន។ល។ ដែលអាចបម្រើដល់តម្រូវការចាំបាច់ក្នុងការកសាងជីវភាពរស់នៅសមរម្យដល់ប្រជាជន ដែលរស់នៅទីនោះផងដែរ។

គួររំឭកថា ភូមិធម្មជាតិរុនតាឯកត្រូវបានអាជ្ញាធរជាតិអប្សរារៀបចំឡើង នៅក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយមិនឆ្ងាយពីឧទ្យានអង្គរ។ ការបង្កើតភូមិនេះឡើងដើម្បីចែកជូនប្រជាជនដែលរស់នៅក្នុងតំបន់អង្គរ ដែលមានបំណងបំបែកគ្រួសារ ក្នុងគោលដៅកាត់បន្ថយកំណើនខ្នងផ្ទះក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់រមណីយដ្ឋានប្រវត្តិសាស្ត្រពិភពលោក។ ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅទីនេះ នឹងទទួលបានផ្ទះ ដីឡូតិ៍សម្រាប់សាងសង់ផ្ទះទំហំ ១៥x២៥ម៉ែត្រការេ ហើយនិងដីសម្រាប់ធ្វើស្រែចម្ការមានទំហំជិត ១ហិកតា។ មកទល់នឹងពេលនេះ មានប្រជាពលរដ្ឋចំនួនជាង១០០គ្រួសារហើយ ដែលកំពុងរស់នៅ និងមានប្រជាពលរដ្ឋមួយចំនួនទៀតទើបតែដាក់ពាក្យតែមិនទាន់បានទៅរស់នៅនៅឡើយ៕
ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះពិនិត្យការងារ និងស្តាប់បទបង្ហាញលទ្ធផលកសិកម្មគំរូ ដែលបង្ហាញដោយអ្នកជំនាញកសិកម្មនៃគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក។ ការបង្ហាញលទ្ធផលសាកល្បងនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើការសម្រេចជ្រើសរើសប្រភេទដំណាំ និងបច្ចេកទេសទៅអនុវត្តនៅក្នុងដីរបស់ខ្លួន។ ដំណាំកសិកម្មគំរូដែលអ្នកជំនាញកំពុងអនុវត្តសាកល្បង លើដីគំរូមានដូចជា ត្រកួន ពោត ស្ពៃ ឪឡឹក ត្រប់វែង ឃ្លោក ត្រឡាច។ល។
បន្ទាប់ពីមានការស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកដើម្បីកសាងជីវភាពគ្រួសារថ្មី ប្រជាជនទាំងអស់ត្រូវទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរជាតិអប្សរាទាំងផ្នែកសុខុមាលភាព សាសនា សន្តិសុខ មុខរបរ ជំនាញវិជ្ជាជីវៈ មានប្រាក់ចំណូលដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ ជាពិសេសនឹងរៀបចំទីនេះឱ្យក្លាយជាកន្លែងផ្គត់ផ្គង់កសិកម្មធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិ។
ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់អ្នកស្រុកអង្គរ ដែលបានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក អាជ្ញាធរជាតិអប្សរាបានគិតគូរកសាងទីកន្លែងសម្រាប់គោរពបូជា និងធ្វើកិច្ចពិធីផ្សេងៗ។ ក្នុងន័យនេះហើយ ដោយទទួលបានការឯកភាពគាំទ្រពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា សាឡុំមានទំហំប្រមាណ៨ម៉ែត្រx១៤ម៉ែត្រ ធ្វើពីថ្ម ប្រក់ដំបូលក្បឿងតាមរចនាប័ទ្មខ្មែរ ត្រូវបានកសាងឡើង ដើម្បីឱ្យអ្នកភូមិមានទីកន្លែងសមរម្យសម្រាប់រៀបចំពិធីសាសនាតាមទម្លាប់និងការជួបជុំផ្សេងៗ។
ពិធីសែនក្រុងពាលីសាងសង់សាឡុំ នៅភូមិធម្មជាតិរុនតាឯកដែលមានទីតាំងនៅខាងលិចមាត់បឹងជាលា ដើម្បីទុកជាទីសក្ការបូជារបស់ពុទ្ធសាសនិកដែលរស់នៅក្នុងភូមិនេះ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ១៥កើត ខែបុស្ស ឆ្នាំមមែ ក្រោមការដឹកនាំរបស់ព្រះគ្រូឥន្ទបាលី កែវ អាន ព្រះវិន័យធរ អនុគណក្រុងនិងជាព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង។
គ្រាប់ពូជដំណាំកសិកម្មចំនួន៨មុខ និងសៀវភៅស្តីពីបច្ចេកទេសកសិកម្មចំនួន៦មុខ ដែលនិយាយអំពីរបៀបចិញ្ចឹមគោ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមក្រួច ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចែកជូនប្រជាពលរដ្ឋគំរូចំនួន៣៨គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
ដើមដំបូងមុន1234បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0944
ម្សិលមិញ
:
1611
សប្តាហ៍នេះ
:
82228
ខែនេះ
:
0163505
សរុប
:
009345787