រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ ប្រជាពលរដ្ឋរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប (នៅខាងត្បូងទីតាំងបាឡុង មុខប្រាសាទអង្គរវត្ត) បានប្រទះឃើញបំណែកវត្ថុបុរាណចំនួន២ដុំក្នុងពេលកំពុងកាប់ដីដើម្បីដាំដំណាំ។
បន្ទាប់មកសមត្ថកិច្ចនគរបាលការពារបេតិកភណ្ឌ និងមន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ក៏បានចុះទៅពិនិត្យដល់ទីតាំងដែលប្រទះឃើញ ហើយបានធ្វើការសន្និដ្ឋានថា បំណែកវត្ថុបុរាណទាំងពីរដុំនោះគឺជាទេវរូបធ្វើពីថ្មភក់ ក្នុងរចនាបថទម្រង់សិល្បៈចុងសម័យបាយ័ន(ចុងស.វទី១៣) ។
រូបទាំងពីរនេះមួយជាទេវរូបអង្គុយពែនភ្នែន មានកំពស់០.២០ម ទទឹង០.១៧ម និងកំរាស់០.០៩ម មួយទៀតជាព្រះកេសទេវរូប មានកំពស់០.១៨ម ទទឹង០.២៣ម និងកំរាស់០.១២ម។
រូបទាំងពីរនេះបន្ទាប់ពីអាជ្ញាធរជាតិអប្សរាទទួលយកទៅ ក្រុមជំនាញនឹងត្រូវធ្វើការលាងសំអាត ចុះលេខបញ្ជីរក្សាទុក ព្រមទាំងសិក្សាលើលក្ខណៈបុរាណវិទ្យា សិល្បៈរចនាបថជាបន្តទៀតមុននឹងយករូបនេះទៅរក្សាទុកនៅសារមន្ទីរ។
អាជ្ញាធរជាតិអប្សរាសូមអរគុណ និងកោតសរសើរដោយស្មោះចំពោះបងប្អូនប្រជាពលរដ្ឋដែលស្រលាញ់នូវមរតកបេតិកភណ្ឌជាតិរបស់ខ្លួន ហើយតែងតែគាំទ្រគ្រប់សកម្មភាពរបស់អាជ្ញាធរជាតិអប្សរាក្នុងកិច្ចការអភិរក្សរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក។