ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាប្រារព្ធពិធីដាំដើមឈើនៅតាមដងផ្លូវ មិត្តភាពកម្ពុជា-កូរ៉េ

បានផ្សាយនៅ ថ្ងៃទី 26 ខែ មិថុនា ឆ្នាំ2015 02:06 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាសហការ ជាមួយក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Flight of the Gibbon Angkor) បានប្រារព្ធពិធីដាំកូនឈើចំនួន៥០០០ដើម នៅតាមបណ្តោយផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ស្ថិតនៅភូមិប្រណិត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងលោកអគ្គនាយកក្រុមហ៊ុន អេកូទេសចរណ៍ ដោយមានការចូលរួមពីមន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីអនុវិទ្យាល័យបាយ័ន។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃ ទេសភាព វប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរាបានលើកឡើងក្នុងពិធីនេះថា តាំងពីឆ្នាំ២០០៨មក អាជ្ញាធរជាតិអប្សរាបានដាក់ផែនការដាំដើមឈើក្នុងឧទ្យានអង្គរក្នុងមួយឆ្នាំពីរម៉ឺនដើម។ ដោយឡែក ការដាំដើមឈើនៅតាមបណ្តោយផ្លូវមិត្តភាពកម្ពុជា-កូរ៉េក្នុងឆ្នាំនេះ មានចំនួន៥០០០ដើម បន្ថែមពីលើដើមឈើដែលបានដាំរួចមកហើយ ចំនួន៧០០០ដើម។

និយាយពីព្រៃឈើក្នុងតំបន់អង្គរ លោកបញ្ជាក់ថាបច្ចុប្បន្ន ក្នុងទំហំផ្ទៃដីឧទ្យានអង្គរ៤០១គីឡូម៉ែត្រក្រឡា គឺមានផ្ទៃដីតែ១៣ភាគរយ ដែល ស្មើនឹង៥៧០០ហិកតាទេ ដែលមានព្រៃឈើ។ ចំនួននេះមិនទាន់គ្រប់គ្រាន់នឹងតម្រូវការនៃប្រាសាទជាច្រើនក្នុងតំបន់អង្គរ ដែលទាមទារគម្របព្រៃឈើជារបាំង និងជួយផ្តល់សំណើមនៅឡើយ។ ដូច្នេះហើយទើបអាជ្ញាធរជាតិអប្សរា ក្នុងភារកិច្ចអភិរក្ស និងអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ យកចិត្តទុកដាក់ ថែរក្សាព្រៃឈើ និងដាំបន្ថែមជាបន្តជាបន្ទាប់។

តាមការធ្វើអង្កេតរយៈពេល៣ឆ្នាំម្តង របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើឃើញថាក្នុងឆ្នាំ២០០៦ ព្រៃឈើនៅតំបន់អង្គរគ្របដណ្តប់ លើផ្ទៃដី៤១០០ហិកតា ហើយក្នុងឆ្នាំ២០១៣ ព្រៃឈើមានចំនួន ៥៧០០ហិកតា។ បច្ចុប្បន្ន ក្រុមជំនាញរបស់អាជ្ញាធរជាតិអប្សរា កំពុងធ្វើការស្រាវជ្រាវដើម្បីរកឲ្យឃើញពូជឈើដែលមានក្នុងតំបន់អង្គរ ហើយប្រឈមនឹងបាត់បង់ ដើម្បីបណ្តុះពូជ និងដាំឡើងវិញ។ មិនតែប៉ុណ្ណោះ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រៃឈើគ្រប់ប្រភេទដែលមានក្នុងព្រះរាជាណាចក្រកម្ពុជា ក៏នឹងត្រូវនាំមកដាំក្នុងឧទ្យានអង្គរផងដែរ៕
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១របស់ខ្លួននារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០០១៦ គណៈកម្មការចម្រុះអភិរក្សព្រៃឈើតំបន់ការពារប្រាសាទកោះកេរដែលមានតំណាងអាជ្ញាធរជាតិអប្សរាជាប្រធានបានអះអាងថា បទល្មើសព្រៃឈើនៅតំបន់នេះបានថយចុះច្រើនគួរឲ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋភាគច្រើនក៏បានយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃការងារអភិរក្សព្រៃឈើ និងបេតិកភណ្ឌ។
មន្ត្រីបុគ្គលិក ភ្នាក់ងារ និងកម្មករនៃអាជ្ញាធរជាតិអប្សរាជាង៥០នាក់ ដែលដឹកនាំដោយឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរាបានចូលរួមក្នុងពិធីសម្អាតបរិស្ថានទ្រង់ទ្រាយធំជាមួយនឹងអ្នកចូលរួមជាង៤ពាន់នាក់ផ្សេងទៀត នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ដែលរៀបចំដោយសាលាក្រុងសៀមរាប។ ការចូលរួមសម្អាតបរិស្ថាននៅពេលនេះគឺដើម្បីត្រៀមខ្លួនអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ត្រពាំងសេសមានទឹកពេញវិញហើយ
( ថ្ងៃទី 31 ខែ មិនា ឆ្នាំ2016 )
ត្រពាំងសេស គឺជាត្រពាំងបុរាណដែលស្ថិតនៅចំពីមុខប្រាសាទអង្គរវត្ត។ ភ្ញៀវទេសចរជាច្រើនតែងចាប់អារម្មណ៍នឹងត្រពាំងនេះ ជាពិសេសគឺទេសចរខ្មែរ ដែលតែងមកអង្គុយកម្សាន្តបណ្តែតអារម្មណ៍ជាមួយនឹងទិដ្ឋភាពទឹក និងដើមព្រលឹតលំចង់ ដោយមានតូបអ្នកលក់ម្ហូបអាហារជាច្រើនមុខផង។ កន្លងមកត្រពាំងនេះ មិនដែលរីងខះទឹកទេ តែសម្រាប់ឆ្នាំនេះ ត្រពាំងសេសបានរីងទឹកស្ទើរតែខះស្ងួត ដោយសាររដូវប្រាំងឆ្នាំនេះក្តៅហួតហែងខ្លាំង ហើយវស្សាកន្លងទៅមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់ផង។
អាជ្ញាធរជាតិអប្សរាសហការជាមួយប្រជាពលរដ្ឋឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានចាប់ផ្តើមត្រួសត្រាយកូនឈើ ដើម្បីជួសជុលទំនប់ថ្នល់ដាច់សម្រាប់ទប់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ការសម្រេចជួសជុលនៅពេលនេះ គឺយោងទៅតាមសំណើរបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំមកអាជ្ញាធរជាតិអប្សរាកាលពីចុងឆ្នាំ២០១៥កន្លងទៅ។ ការជួសជុលនេះគ្រោងនឹងចំណាយពេលប្រហែល១ខែទើបរួចរាល់។
ក្នុងឆ្នាំ២០១៦នេះ រដូវប្រាំងបានអូសបន្លាយពេល ហើយស្ថានភាពអាកាសធាតុក្ដៅហួតហែង បានបង្កឲ្យប្រទេសមួយចំនួនក្នុងតំបន់ ក៏ដូចជាកម្ពុជាដែរ ត្រូវប្រឈមនឹងបញ្ហាកង្វះទឹកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងក្នុងការងារកសិកម្មជាដើម។ ឆ្លើយតបចំពោះបញ្ហានេះ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ក្នុងន័យដាស់តឿនស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ថែរក្សាទឹកទុកឲ្យបានល្អសម្រាប់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1510
ម្សិលមិញ
:
4035
សប្តាហ៍នេះ
:
68080
ខែនេះ
:
0068080
សរុប
:
011005064