ព័ត៌មានថ្មីៗ

ហៅទឹកភ្លៀងជាផ្នែកមួយនៃទំនៀមរបស់អ្នកស្រុកអង្គរ

បានផ្សាយនៅ ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ2015 10:15 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អ្នកស្រុកអង្គរនៅតែជាឃ្លាំងផ្ទុកនូវមត៌កវប្បធម៌ដូនតាខ្មែរ ដ៏គួរឲ្យចាប់អារម្មណ៍ បើទោះជាបានឆ្លងកាត់ដំណាក់កាលវិវត្តន៍ជាច្រើនជំនាន់មនុស្សមកហើយក្តី។ ពិធីសាសនា ទំនៀមទម្លាប់ប្រចាំថ្ងៃ និងកិច្ចពិធីផ្សេងៗជាច្រើនដែលអ្នកស្រុកអង្គរកំពុងបន្តប្រតិបត្តិ គឺជាសញ្ញាណនៃព្រលឹងជាតិអង្គរ ដែលជាកេរដំណែល របស់ដូនតាខ្មែរសម័យអតីតកាល។

ហៅទឹកភ្លៀង ក៏ជាកិច្ចពិធីមួយដែលអ្នកឃុំលាងដៃក្នុងតំបន់រមណីយដ្ឋានអង្គរ តែងធ្វើឡើងដើម្បីសុំទឹកភ្លៀងសម្រាប់ការងារកសិកម្ម និងការដាំដុះផ្សេងៗ។ ពិធីនេះត្រូវបានអ្នកភូមិរក្សាតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ រហូតមិនអាចដឹងបានថាវាមានដើមកំណើតពីពេលណា ហើយអ្នកណាជាអ្នកផ្តួចផ្តើមមុនគេនោះឡើយ។ ចម្លើយដែលតបនឹងសំណួរថាតើវាបានកើតឡើងពីពេលណានោះ គ្មានអ្វីក្រៅពីពាក្យថា ដូនតាៗនាំគ្នាធ្វើតៗមកនោះឡើយ។

កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅនេះ ពិធីហៅទឹកភ្លៀងត្រូវបាន អ្នកឃុំលាងដៃរួមគ្នាប្រារព្ធឡើងនៅប្រាសាទនាគព័ន្ធជាប្រាសាទ ដែលអ្នកស្រុកជឿជាក់ថាអាចផ្តល់នូវទឹកភ្លៀងតាមការស្នើសុំរបស់ពួកគេបាន។ តាមការសង្កេតពិធីនេះធ្វើឡើងលាយចម្រុះគ្នារវាងពិធីសាសនា និងទំនៀមអ្នកស្រុកដែលចេះចាំតៗគ្នាមក។ គេធ្វើពិធីនេះរយៈពេល២ថ្ងៃ ដោយថ្ងៃដំបូងគេរៀបចំពិធីប្រុងពលី ប្រកាសបួងសួង និងសែនគ្រឿងសំណែនផ្សេងៗ ក្នុងគោលបំណងសុំទឹកភ្លៀង។ ពិធីជាបន្ត គឺការនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។ ព្រះសង្ឃជាង២០អង្គស្វាធ្យាយនូវព្រះបរិត្តផ្សេងៗ តែមានព្រះបរិត្តមួយ ដែលអាចារ្យអ្នករៀបចំកម្មវិធីតែងអារាធនា ដើម្បីឲ្យព្រះសង្ឃស្វាធ្យាយ មិនដែលខាននោះគឺ ធម៌មហាមេឃ។ តាមការសាកសួរពួកគាត់បញ្ជាក់ថា កាលណាព្រះសង្ឃសូត្រធម៌នេះ មហាមេឃនឹងបង្អុលភ្លៀងចុះមកមិនខាន។ មានពិធីមួយទៀត ដែលត្រូវបានប្រារព្ធឡើងបន្ទាប់ពីចម្រើនព្រះបរិត្តហើយ នោះគឺពិធីចូលរូប។ ពិធីបញ្ចូលរូបដែលនឹងមានរូបជាច្រើនចូលមកក្នុងរូបមេមត់នោះដូចជា លោកតារាជ (នៅអង្គរវត្ត) លោកតាខួច (នៅប្រាសាទប្រែរូប) តាសុខ តាសៅ តាដំបងដែក តាដំបងគ្រញូង នាងផាត់សមុទ្ទ នាងខ្មៅ អង្គទស្វាជាដើម។ រូបនោះមានច្រើន ហើយសុទ្ធសឹងជាមនុស្សស្រី។ ពេលមកចូលមក ផ្តើមលាបម្សៅ ហូបគ្រឿងស្រវឹងផ្សេងៗ រាំពត់ពែនទៅតាមចង្វាក់ភ្លេង។ ក្នុងឆ្នាំនេះ មានរូបចំនួន៤បានមកសណ្ឋិតគឺតាដំបងដែក ជម្ពូទ្វីប សំពៅមាស និងភុជង្គនាគ។ ក្នុងចំណោមរូបសណ្ឋិតទាំងនោះ ជម្ពូទ្វីបហាក់ខឹងសម្បារជាងគេ។ ក្រោយពីរាំពត់ពែនតាមចង្វាក់ភ្លេងហើយ ក៏បែរជាបង្ហាញទឹកមុខមាំក្រញ៉ូវ ស្តីបន្ទោសខ្លាំងៗដល់អ្នកដែលអង្គុយក្បែរ ដែលហៅខ្លួនឯងថាជាកូនចៅចាំសាកសួរសំណួរផ្សេងៗ។ ពាក្យបន្ទោសទាំងនោះសង្កត់ធ្ងន់ទៅលើការបំផ្លិចបំផ្លាញ ធម្មជាតិ ជាហេតុធ្វើឲ្យមហាមេឃបង្អុលភ្លៀងមិនបានល្អ និងត្រូវរដូវកាល។ ក្រោយពីកូនចៅអង្វរករជាច្រើនរួចមកទើបជម្ពូទ្វីបស្រាកស្រាន្តបន្តិច ហើយនិយាយសម្តីរាងស្រទន់ជាងមុន។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នៅពេលព្រះសង្ឃកំពុងតែសូត្រធម៌ មហាមេឃក៏បង្អុលភ្លៀងចុះមកបន្តិចម្តងៗ ស្ទើរតែបញ្ចប់មិនទាន់។ តែទោះជាយ៉ាងណាព្រះសង្ឃគ្រប់អង្គ សូត្រធម៌បណ្តើរបាំងភ្លៀងបណ្តើររហូតដល់ចប់សព្វគ្រប់។ ពេលព្រឹកឡើងគេនិមន្តព្រះសង្ឃឆាន់ យាគូ និងរាប់បាត្រព្រះសង្ឃតាមទំនៀមព្រះពុទ្ធសាសនា។ មុននឹងបញ្ចប់កម្មវិធី អាចារ្យនាំអ្នកស្រុកដើរប្រទក្សិណប្រាសាទនាគព័ន្ធ ៣ជុំ ដោយចាក់ទឹកលើក្បាលទ (ដែលអ្នកស្រុកហៅថា រន្ធរាហ៊ូ) ដែលមានចម្លាក់រូបសំណាកនៅតាមទិសទាំងបួន។ មិនតែប៉ុណ្ណោះ អ្នកស្រុកក្មេងចាស់លេងជះទឹកដាក់គ្នាទៅវិញទៅមក ខ្លះច្រៀង ខ្លះរាំ សប្បាយក្អាកក្អាយ ហាក់ដូចជាកំពុងភ្លៀងធ្លាក់មកមែនទែន៕
អាជ្ញាធរជាតិអប្សរា និងសហការជាមួយនឹងអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ"ការគ្រប់គ្រង និងការបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក"។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ឱកាសដល់មគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាចំនួន ២០នាក់ដែលកំពុងបំពេញការងារនៅរមណីយដ្ឋានទេសចរណ៍វប្បធម៌ ចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើចំនួន ០៩ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០១៦ នៅម៉ាកាវ សាធារណរដ្ឋប្រជាមានិតចិន។
បុណ្យឆាកមហាបង្សុកូល
( ថ្ងៃទី 19 ខែ មិនា ឆ្នាំ2016 )
នៅក្នុងតំបន់អង្គរមានពិធីបុណ្យសាសនា និងទំនៀមទម្លាប់ប្រពៃណីបុរាណខ្មែរយ៉ាងច្រើន ដែលជាកេរដំណែលរបស់ដូនតាខ្មែរពីបុរាណបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។ ក្នុងចំណោមបុណ្យទាំងនោះ មានបុណ្យមួយឈ្មោះថា បុណ្យឆាកមហាបង្សុកូលដែលអ្នកភូមិក្រវ៉ាន់តែងតែប្រារព្ធធ្វើ ហើយបុណ្យនេះទៀត មិនមែនធ្វើជាលក្ខណៈបុណ្យភូមិទេ គឺគេធ្វើជាលក្ខណៈគ្រួសារ។
នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ ជាមួយមូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា។ ពិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Hiroshi Yokoo ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្លឹបមូលនិធិអ៊ីអ៊ីង និងលោកសាស្រ្តាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា។
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានដឹកនាំគណ:ប្រតិភូកាកបាទក្រហមកម្ពុជា ធ្វើទស្សនកិច្ចសារមន្ទីរសព្វទស្សន៍អង្គរ។ មានវត្តមានទទួល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណ:ប្រតិភូទាំងអស់គឺ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក របស់សាលាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។ 
ដើមដំបូងមុន12345...1213បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0575
ម្សិលមិញ
:
1922
សប្តាហ៍នេះ
:
00575
ខែនេះ
:
0049048
សរុប
:
009422324