ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាសហការ ជាមួយកម្លាំងនគរបាលការពារបេតិកភណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ បានចុះឃាត់ការសាងសង់ របងថ្មបេតុង ដែលធ្វើហ៊ុមព័ទ្ធទីទួលបុរាណ និងប៉ះពាល់ដល់ផ្លូវបុរាណ ដែលត្រូវការពារនៅភូមិព្រៃគុយ សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប។
បុគ្គលិកជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ លោក សន ចាន់ថន បានរៀបរាប់នៅកន្លែង ដែលលោក និងក្រុមការងារ កំពុងចុះឃាត់ការសាងសង់នោះថា របងថ្មបេតុងដែលក្រុមការងារ ចុះឃាត់ពេលនេះ បានធ្វើឡើងលើទីទួលចំនួន២ដែលត្រូវបានចុះ ក្នុងបញ្ជី ជាទួលបុរាណដែលត្រូវការពារ។ ហើយរបងនេះក៏ធ្វើប៉ះលើ ផ្លូវបុរាណពីតំបន់ប្រាសាទបាគងទៅប្រាសាទអង្គរវត្តផងដែរ។ លោកបន្ថែមថា អ្នកដែលកំពុងធ្វើរបងនៅពេលនេះ មិនមែនជា ម្ចាស់ដីនោះទេ តែជាជាងសំណង់ដែលម៉ៅការធ្វើតែប៉ុណ្ណោះ។ ក្រោយទាក់ទងរកម្ចាស់ដីទើបដឹងថា ម្ចាស់ដីនេះមានលំនៅ នៅទីក្រុងភ្នំពេញ។ លោកបញ្ជាក់ថា លោកបានទាក់ទងទៅម្ចាស់ដី នេះតាមរយៈទូរសព្ទរួចរាល់ហើយ និងពន្យល់គាត់ឲ្យបានយល់អំពី កិច្ចការការពារសម្បត្តិបេតិកភណ្ឌ និងសុំឲ្យគាត់ចូលរួមសហការ ថែរក្សាទាំងអស់គ្នា។
ជាចុងក្រោយ ក្រុមការងារបានសុំឲ្យមេជាងធ្វើកិច្ចសន្យាដើម្បីបញ្ឈប់ ការសាងសង់ជាបន្តទៀត។ គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះបញ្ឈប់ ការសាងសង់របងថ្មបេតុងនេះ ក្រុមការងារបានប្រទះឃើញអំបែង ខួចបុរាណមួយចំនួន ដែលក្រុមជាងបានជីកកកាយធ្វើរបងក្នុងជម្រៅ ប្រមាណជាង០.៣ម។ អំបែងខួចបុរាណទាំងនេះមានអាយុកាលដូច គ្នានឹងបំណែកកុលាលភាជន៍ជាច្រើន ដែលផលិតឡើងក្នុង សម័យអង្គរ៕