កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរាសហការជាមួយនគរបាលការពារបេតិកភណ្ឌ បានចុះឃាត់ប្រជាពលរដ្ឋ ២គ្រួសារ ដែលបានរុករានដីធ្វើកសិកម្ម ធ្វើឲ្យប៉ះពាល់ដល់ឡបុរាណ នៅក្បែរប្រាសាទទ័ពជ័យ ដែលស្ថិតនៅភូមិទ័ពជ័យ ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
តាមរបាយការណ៍របស់នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥បញ្ជាក់ថាប្រជាពលរដ្ឋចំនួនពីររូប ដែលមានឈ្មោះ កាន ឡុំ និងឈ្មោះ ពាញ ថៃ មានទីលំនៅនៅភូមិទ័ពជ័យ ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប បានធ្វើការរុករានយកដីថ្មីដើម្បីធ្វើកសិកម្មនៅក្បែរប្រាសាទ ទ័ពជ័យ ហើយធ្វើឲ្យមានការប៉ះពាល់ដល់ទីតាំងឡបុរាណដែលកំពុងធ្វើការអភិរក្ស។
ក្រោយទទួលបានដំណឹងនេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា សហការជាមួយនគរបាលការពារបេតិកភណ្ឌឃុំបេងមាលា និង អាជ្ញាធរភូមិទ័ពជ័យ បានចុះទៅឃាត់ និងណែនាំឲ្យពួកគាត់បាន យល់ដឹងអំពីកិច្ចការអភិរក្សបេតិកភណ្ឌ ដែលមានប្រាង្គប្រាសាទ ឡបុរាណ និងទីទួលដែលមានសំណល់ បុរាណវិទ្យាជាដើម គឺសុទ្ធតែ ជាទីតាំងដែលត្រូវធ្វើការអភិរក្ស ថែរក្សាឲ្យបានជាដាច់ខាត។
ក្រុមការងារបានឲ្យពួកគាត់ធ្វើកិច្ចសន្យាដើម្បីបញ្ឈប់ការកាប់រុករានដីក្នុងតំបន់ប្រាសាទជាបន្តទៀត និងសុំឲ្យពួកគាត់ចូលរួមថែរក្សាទ្រព្យសម្បត្តិដែលជាមរតក បេតិកភណ្ឌរបស់យើងទាំងអស់គ្នាឲ្យបានគង់វង្សទៅថ្ងៃមុខ៕