ព័ត៌មានថ្មីៗ

អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាបានចែករំលែកបទពិសោធន៍ លើការងារជួសជុលនិងអភិរក្សមរតកបេតិកភណ្ឌ

បានផ្សាយនៅ ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ2015 08:39 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ក្រុមអ្នកជំនាញអភិរក្សនិងជួសជុលក្បាច់ចម្លាក់ ១៩នាក់ដែលមកពីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ និងសារមន្ទីរព្រះនរោត្តមសីហនុនៃអាជ្ញាធរជាតិអប្សរា និង អាជ្ញាធរជាតិព្រះវិហារ បានធ្វើបទបង្ហាញស្តីពីសមិទ្ធផលការងារការអភិរក្ស និងការ ជួសជុលក្បាច់ចម្លាក់ទាំង៤ការដ្ឋាននៅតំបន់ឧទ្យានអង្គរដល់ព្រះសង្ឃចំនួន៧៥អង្គ នៅវត្តរាជបូណ៌។

នៅក្នុងពិធីធ្វើបទបង្ហាញនេះ មានការចូលរួមជាកិត្តិយសពីសំណាក់លោកជំទាវ តាន់ ធានី អគ្គលេខាធិការគណៈកម្មាធិការជាតិយូណេស្កូកម្ពុជា លោកស្រី ម៉ម វណ្ណរតន៍ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិអង្គរនៃអាជ្ញាធរជាតិអប្សរា លោកស្រី សាស្ត្រាចារ្យ Pellegrino Lorella និងកញ្ញាសាស្ត្រាចារ្យ Francesca Taormina ជាអ្នកជំនាញអភិរក្សនិងជួសជុលមរតកវប្បធម៌នៃក្រុមអ៊ីតាលីយ៉ាមកពីប្រទេសអ៊ីតាលី។

តាមប្រសាសន៍របស់លោក ហ៊ូ នឡាមនី បុគ្គលិកបច្ចេកទេសនៃ នាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបានប្រាប់ថា បន្ទាប់ពីទទួលបានការ បណ្តុះបណ្តាលជំនាញបន្ថែម ក្នុងការអភិរក្ស និងជួសជុលវត្ថុបុរាណ ពីសាស្ត្រាចារ្យ នៃក្រុមអ៊ីតាលីយ៉ា មកពីប្រទេសអ៊ីតាលីអស់រយៈពេលជាង៥ខែកន្លងមកនេះ ក្រុមការងារចម្រុះទាំងបីក្រុមបានចុះទៅអនុវត្តការងារផ្ទាល់លើការដ្ឋាន៤កន្លែង ដែលការដ្ឋានទាំងនោះមាន៖

ក្រុមទី១. នៅវត្តរាជបូណ៌៖ អង្កេតនិងចងក្រងឯកសារពាក់ព័ន្ធនឹងគំនូរបុរាណ សម្អាតជើងទម្រព្រះពុទ្ធរូប និងចម្លាក់ក្បាច់នៅលើជញ្ជាំង បង្អួច និងសសរនៅក្នុងព្រះវិហារដើម្បីបានដឹងពីពណ៌ដើម។

ក្រុមទី២. បន្ទប់ពិសោធន៍និងពិព័រណ៌នៅអភិរក្សដ្ឋានអង្គរ៖ បន្តអង្កេតនិងជួសជុលវត្ដុបុរាណ ព្រះបាទព្រះពុទ្ធរូប សម្អាត និងថែរក្សាវត្ថុបុរាណនៅបន្ទប់ពិព័រណ៌។

ក្រុមទី៣. នៅប្រាសាទអង្គរវត្ត៖ បញ្ចប់ការងារសម្អាត ជួសជុលចម្រឹងបង្អួចដែលបានបាក់បែក រួចយកទៅដាក់កន្លែងដើមវិញ ពិនិត្យចម្រឹងបង្អួចដែលមានស្នាមប្រេះ និងជួសជុលឡើងវិញ។ល។

ការដ្ឋានទី៤. គម្រោងចុះសិក្សាស្រាវជ្រាវនៅភ្នំបូក អំពីចម្លាក់និងបំណែកផ្សេងៗនៃរចនាសម្ព័ន្ធប្រាសាទនៅទីនោះដូចជា វិហារព្រះពុទ្ធសាសនា ប្រាសាទបុរាណ ព្រៃធម្មជាតិ លិង្គដែលមានកម្ពស់ខ្ពស់ជាងគេនៅក្នុងតំបន់ឧទ្យានអង្គរ និងភ្នំទាំងមូល ថាតើត្រូវអភិរក្សយ៉ាងម៉េចដើម្បីឱ្យមាននិរន្តភាព។

គួររំឭកឡើងវិញថា វគ្គបណ្តុះបណ្តាលស្ដីពី «ការអភិរក្សនិងការជួសជុលក្បាច់ចម្លាក់» នេះមានការចូលរួមគាំទ្រពីអង្គការយូណេស្កូ តាមរយៈគណៈកម្មាធិការជាតិយូណេស្កូជាតិកម្ពុជា និងជំនួយពីអាជ្ញាធរជាតិអប្សរាផង បានចាប់ផ្តើមវគ្គបណ្តុះបណ្តាលរបស់ខ្លួនតាំងពីថ្ងៃទី២១ មករា ២០១៥មកម្ល៉េះ ដោយសាស្ត្រាចារ្យជំនាញពីក្រុមអ៊ីតាលីយ៉ានៃប្រទេសអ៊ីតាលី ហើយវគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងបច្ចេកទេសបន្ថែមលើជំនាញអភិរក្សនិងជួសជុលវត្ថុបុរាណដូចជាលោហៈ និងឈើ ការអភិរក្សរូបគំនូរតាមជញ្ជាំង និងការប្រែប្រួលរចនាសម្ព័ន្ធ និងចុងក្រោយគឺកិច្ចការអភិរក្សថ្ម និងការថែទាំវាយនភណ្ឌបុរាណ៕
អកយំ ជាឈ្មោះប្រាសាទសង់អំពីឥដ្ឋមុនសម័យអង្គរ រាងសាជី (Pyramide) ស្ថិតនៅលើខឿនបីជាន់ មានទំហំ១០០ម៉ែត្របួនជ្រុងស្មើ កសាងឡើងក្នុងរាជព្រះបាទភវវរ្ម័ន ដែលឧទ្ទិសចំពោះទេព «កុម្ភីរេស្វរៈ» ក្នុងអំឡុងសតវត្សទី៦នៃគ.ស។ គេបានរកឃើញសិលាចារឹកចំនួនបីផ្ទាំងនៅក្នុងប្រាសាទនេះ គឺផ្ទាំងទី១នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងកើត ដែលបានបញ្ជាក់អំពីកាលបរិច្ឆេទស្ថិតក្នុងឆ្នាំ៦៧៤នៃគ.ស។ ផ្ទាំងទី២នៅលើស៊ុមទ្វារចូលប្រាង្គកណ្តាលផ្នែកខាងត្បូង បញ្ជាក់កាលបរិច្ឆេទនាដើមសតវត្សទី៨ និងផ្ទាំងទី៣ជាអក្សរចារមួយខ្សែលើជើងទម្រកប់ក្រោមដីកាលលើកទំនប់បារាយណ៍ ដែលបង្ហាញអំពីកាលបរិច្ឆេទឆ្នាំ១០០១នៃគ.ស។
ផ្តែរថ្មមានទម្ងន់ជាង៥តោន និងសសរពេជ្រដែលបានជ្រុះធ្លាក់ពីប្រាសាទឥដ្ឋប៉មទី៨នៃប្រាសាទបាគង ក្នុងអំឡុងឆ្នាំ២០០៩ ដោយកម្លាំងខ្យល់ព្យុះកេតសូណា ត្រូវបានក្រុមអភិរក្សថ្ម នៃអាជ្ញាធរជាតិអប្សរាធ្វើការផ្គុំជួសជូលឡើងវិញ នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ ផ្តែរថ្ម និងសសរពេជ្រនេះ ត្រូវបានក្រុមជំនាញដឹកជញ្ជូនមករក្សាទុកនៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីឆ្នាំ២០១២ ដើម្បីធ្វើការអភិរក្សជួសជុល និងតភ្ជាប់ឡើងវិញ។
ប្រាសាទក្រហមជាប្រាសាទឥដ្ឋដែលមានតម្កល់រូបព្រះឥសូររាំដ៏អស្ចារ្យកម្ពស់៤.៥០ម៉ែត្រ (បច្ចុប្បន្នសល់តែបំណែកខ្លះនៅក្នុងប្រាសាទ ឯខ្លះទៀតរក្សាទុកនៅសារមន្ទីរអង្គរ) តាមរចនាប័ទ្មកោះកេរ ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ អ្នកស្រុក អ្នកធ្វើដំណើរ អ្នកស្រាវជ្រាវមានជំនឿយ៉ាងខ្លាំងលើប្រាសាទក្រហម ព្រោះទីនោះមានអ្នកតាក្រហមដ៏ពូកែស័ក្តិសិទ្ធិ។
កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៦ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានដឹកនាំមន្រី្ត បុគ្គលិកក្រោមឱវាទ ទៅចូលរួមក្នុងពិធីបុណ្យនៅស្ពានបុរាណព្រះទិស (ស្ពានកំពង់ក្តី) ដែលផ្តួចផ្តើមឡើងដោយព្រះសង្ឃ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជីក្រែង និងសាលាស្រុកជីក្រែង ដែលប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៦។
លោក នាង ឈុនអេង និងលោកស្រី យ៉ង់ ដេត ព្រមទាំងលោកស្រី នាង សុវណ្ណារ៉ា ជាបុត្រ ដែលសព្វថ្ងៃរស់នៅទីក្រុងភ្នំពេញបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីឆ្លាក់ព្រះកេសទេវតាចំនួន៣ ពីថ្មភក់ជំនួសព្រះកេសស៊ីម៉ង់ត៍ដើម្បីដាក់នៅខ្លោងទ្វារទន្លេអុំ ក្រុងអង្គរធំ។
ដើមដំបូងមុន123456បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2853
ម្សិលមិញ
:
3825
សប្តាហ៍នេះ
:
09142
ខែនេះ
:
0076751
សរុប
:
008920894