បដិមាហនុមាន ស្ថិតក្នុងរចនាប័ទ្មកោះកេរ ដែលកម្ពុជាទើបទទួលបាន ពីសារមន្ទីរ Cleveland Museum of Art របស់សហរដ្ឋអាមេរិកកាលពី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥នេះ មានអាយុកាលជាង១០០០ឆ្នាំ ហើយ។ បដិមានេះ អង្គុយលុតជង្គង់ ធ្វើពីថ្មភក់ មានកំពស់ ១១៦ សង់ទីម៉ែត្រ និងទទឹង ៥៤ សង់ទីម៉ែត្រ ត្រូវបានឈ្មួញទុច្ចរិតលួចយក ចេញពីច្រកចូលខាងកើត កំពែងទី២ នៃប្រាសាទចិន ក្នុងទសវត្ស ឆ្នាំ១៩៧០ ពេលដែលកម្ពុជាស្ថិតក្នុងវិបត្តិសង្គ្រាមនៅឡើយ។ លោក ភិន សំណាង អ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា និងជា អ្នកដែលបានចូលរួមធ្វើបទបង្ហាញទាមទារបដិមាពីសារមន្ទីរ Cleveland បញ្ជាក់ថា បដិមានេះ ជាបដិមាដែលរៀបរាប់ពីឈុតឆាកនៃ រឿងរាមកេរ្តិ៍ ត្រង់វគ្គដែលពាលី និងសុគ្រីពកំពុងប្រយុទ្ធគ្នាដោយ ព្រះរាមលបបាញ់សម្លាប់ពាលីដើម្បីជួយសុគ្រីព។ អ្នកបុរាណវិទ្យារូបនេះបន្ថែមថា ច្រកចូលខាងកើត កំពែងទី២នៃ ប្រាសាទចិននេះ មានបដិមាចំនួន៥គឺ បដិមាពាលី និងសុគ្រីពនៅលើ បល្ល័ង្កតែមួយកំពុងប្រយុទ្ធគ្នា បដិមាព្រះរាម ព្រះលក្មណ៍ជាព្រះអនុជ និងហនុមានជាបរិវាររបស់ព្រះរាមនេះឯង។ តាមទេវកថារឿងរាមកេរ្តិ៍ ត្រង់វគ្គនេះរៀបរាប់ថា ក្នុងកាលមួយមាន បិសាចក្របីមួយ ឈ្មោះថា ទូភី មានឫទ្ធិខ្លាំងក្លាតែងតែដើររកដៃគូ ប្រកួតជាមួយ ពេលមួយនោះបិសាចក្របីនេះបានដំណឹងថាមានស្តេច ស្វាពាលី សោយរាជ្យនៅនគរកិស្កិន្ទ មានឫទ្ធិខ្លាំងអស្ចារ្យ។ ក្រោយមក បិសាចក្របី ទូភីបានជួបជាមួយពាលីដូចបំណង អ្នកទាំងពីរបាន ប្រយុទ្ធគ្នាអស់ជាច្រើនយប់ច្រើនថ្ងៃ។ ប្រយុទ្ធយូរៗទៅអ្នកទាំងពីរបាន ចូលប្រយុទ្ធគ្នាក្នុងល្អាងភ្នំមួយ តែមុននឹងពាលីចូលក្នុងល្អាងភ្នំប្រយុទ្ធ ជាមួយក្របី ទូភី ពាលីបានប្រាប់ទៅសុគ្រីពដែលជាប្អូនឲ្យចាំនៅ ច្រកចូលល្អាង ហើយផ្តាំថា បើឃើញឈាមពណ៌សហូចេញមកក្រៅ នោះមានន័យថាក្របីទូភីបានស្លាប់ហើយ តែបើឃើញឈាមក្រហម ហូរចេញមកវិញមានន័យបងស្លាប់ហើយ ឲ្យសុគ្រីពយកដុំថ្មបិទច្រក ចូលល្អាងភ្នំឲ្យជិត ក្រោយពីផ្តែផ្តាំប្អូនចប់ពាលីបានចូលទៅក្នុង ល្អាងភ្នំ។ ដោយចាំពាលីជាបងអស់ជាច្រើនយប់ថ្ងៃ សុគ្រីពបានឃើញ ឈាមពណ៌ក្រហមហូរចេញមកក្រៅ សុគ្រីពក៏យំសោកគិតថាពាលី បានស្លាប់ហើយ ក៏យកផ្ទាំងថ្មមកបិទច្រកចូលល្អាងភ្នំជិត រួចក៏ត្រលប់ ទៅនគរកិស្កិន្ទវិញ។ ដោយនគរអត់មានស្តេចសោយរាជ្យ អ្នកនៅក្នុងនគរក៏បានលើក សុគ្រីពឲ្យសោយរាជ្យជំនួសពាលី។ ត្រលប់មកនិយាយពីពាលីវិញ ក្រោយពេលសម្លាប់បិសាចក្របីទូភីរួចក៏ចេញមក ស្រាប់តែឃើញមាត់ ល្អាងបិទជិត ក៏កើតសេចក្តីក្រេវក្រោធជាខ្លាំង ដោយគិតថាសុគ្រីព ដណ្តើមរាជ្យបល័្លង្កពីខ្លួន ក៏ទម្លុះច្រកចេញដើរសំដៅទៅនគរ ដល់នគរ ក៏ឃើញសុគ្រីពអង្គុយលើបល្ល័ង្ករបស់ខ្លួន ក៏កាន់តែមានចិត្តខឹង ក្រេវក្រោធជាខ្លាំងថែមទៀត ដោយមិនសួរនិងស្តាប់ហេតុផលពាលី បានវាយសុគ្រីពនិងបណ្តេញ ចេញពីនគរ។ សុគ្រីពក៏រត់ទៅលាក់ ខ្លួននៅក្នុងព្រៃ។ ដោយចៃដន្យថ្ងៃមួយ ព្រះរាម ព្រះលក្មណ៍ជាព្រះ អនុជនិងហនុមានជាបរិវារ កំពុងតែដើរស្វែងរកព្រះនាងសីតាដែល ក្រុងរាពណ៍បានចាប់យកទៅ ក៏ជួបសុគ្រីពក្នុងសភាពក្រៀមក្រំ អង្គុយតែឯង។ ក្រោយមកសុគ្រីពក៏បានប្រាប់ដំណើរដើមទងដល់ ព្រះរាម។ ព្រះរាមទ្រង់ពេញហឫទ័យជួយសុគ្រីពដើម្បីកម្ចាត់ពាលី។ សុគ្រីពបានត្រលប់ទៅនគរវិញ បញ្ឆោតពាលីឲ្យចេញមកក្រៅនគរ ដើម្បីឲ្យព្រះរាមបាញ់សម្លាប់ពាលីដោយធ្នូរបស់ព្រះអង្គ។ កំឡុងពេល ប្រយុទ្ធគ្នារវាងពាលី និងសុគ្រីព ព្រះរាមមិនអាចកំណត់សម្គាល់ថា មួយណាជាពាលីមួយណាជាសុគ្រីពបាន ព្រោះអ្នកទាំងពីរមាន មុខនិងរូបរាងដូចគ្នាក៏ទ្រង់សម្រេចចិត្តថាមិនបាញ់ ធ្វើឲ្យពាលី វាយសុគ្រីពស្ទើរស្លាប់ ដោយយល់ថាសភាពមិនសូវស្រួលសុគ្រីព បានរំដោះខ្លួនគេចចូលក្នុងព្រៃបាត់ទៅ។ សុគ្រីពហាក់ដូចជាបាត់បង់ជំនឿចិត្តលើព្រះរាម ព្រោះគិតថា ផ្លែព្រួញ របស់ព្រះអង្គមិនអាចទម្លុះរាងកាយរបស់ពាលី ដែលរឹងដូចដែកថែប នោះបានទេ។ រំពេចនោះ ព្រះរាមក៏បានលើកធ្នូបាញ់តម្រង់ទៅ ដើមឈើធំៗ៧ដើមដុះជាជួរ ហើយផ្លែព្រួញរបស់ព្រះអង្គបានទម្លុះ ដើមឈើទាំង៧ដើមនោះ រហូតធ្លាយបំបែកផ្ទាំងសិលាជាបំណែក។ សុគ្រីពឃើញដូចនេះក៏កើតសេចក្តីរីករាយក្នុងចិត្តឡើងវិញ។ សុគ្រីព ក៏បានទៅជួបពាលីម្តងទៀត លើកនេះសុគ្រីពពាក់កម្រងផ្កាដើម្បីឲ្យ ព្រះរាមងាយស្រួលចំណាំ។ ទៅដល់មុខនគរសុគ្រីពបានស្រែកហៅ ពាលីឲ្យចេញមកក្រៅនគរដើម្បីប្រយុទ្ធគ្នា។ ពេលអ្នកទាំងពីរកំពុង ប្រយុទ្ធគ្នា ព្រះរាមក៏លើកធ្នូបាញ់សំដៅពាលីទម្លុះចំដើមទ្រូង ធ្វើឲ្យពាលីដេកដួលទៅលើដី ហើយបាត់បង់ជីវិតទៅ។ សូមបញ្ជាក់ថា បដិមាហនុមាននេះត្រូវបានឈ្មួញទុច្ចរិតលួចយកទៅ តែពុំបានលួចទាំងបល្ល័ង្កទេ ហើយក្រុមកំណាយស្រាវជ្រាវរបស់ អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ាទើបធ្វើ កំណាយរកឃើញនៅឆ្នាំ២០១៤។បល្ល័ង្កនេះជាភ័ស្តុតាងដ៏សំខាន់ បន្ថែម ទៀតសម្រាប់ក្រុមការងារក្នុងការស្នើសុំបដិមានេះ ត្រឡប់មកវិញ។ គិតមកដល់ពេលនេះ បដិមាដែលមានទីតាំងដើមនៅប្រាសាទចិន ចំនួន៦ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា ទទួលបានមកវិញពីសារមន្ទីរ ចំនួន៥ និងស្ថាប័ន១ នៅអាមេរិក ចាប់តាំងពីឆ្នាំ២០១៣ មក រួមមាន សារមន្ទីរ The Metropolitan សារមន្ទីរ Christie's សារមន្ទីរ Norton Simon សារមន្ទីរ Cleveland និងស្ថាប័ន Sotheby។ ចំណែក បដិមាទាំង៦នោះមាន សហទេព ពលរាម ទុរយោធ ភឹម នកុល មានទីតាំងដើមនៅច្រកចូលខាងលិច និងជាចុងក្រោយនេះគឺ បដិមាហនុមាន ដែលមានទីតាំងដើមនៅច្រកចូលខាងកើត៕