ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី៣ ខែកុម្ភៈឆ្នាំ២០២១ ដែលមានខ្លឹមសារដូចខាងក្រោម៖

បានផ្សាយនៅ ថ្ងៃទី 21 ខែ កុម្ភៈ ឆ្នាំ2021 12:11 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
១អាជ្ញាធរជាតិអប្សរា បើកឱ្យភ្ញៀវទេសចរចូលទស្សនា ប្រាសាទកណ្តាលស្រះស្រង់នាសប្តាហ៍ក្រោយ
ដើម្បីអបអរសាទរការបញ្ចប់គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ជាស្ថាពរ ក្រោមកិច្ចសហការរបស់អាជ្ញាធរជាតិអប្សរាជាមួយវិស័យឯកជន អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធីសម្ពោធដាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់ជាផ្លូវការ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្រោយបញ្ចប់កិច្ចពិធីសាសនា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ អាចអញ្ជើញទៅទស្សនាទិដ្ឋភាពប្រាសាទកណ្តាលស្រះស្រង់ ដើម្បីផ្តិតយករូបភាពស្វែងយល់ពីប្រវត្តិនិងសិល្បៈនៃប្រាសាទនេះដោយរីករាយ។

២អាជ្ញាធរជាតិអប្សរានឹងបិទខ្លោងទ្វារតាកាវបណ្តោះអាសន្នដើម្បីប្រារព្ធពិធីបើកការដ្ឋានជួសជុល
អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរានឹងបិទការចេញចូលនៅខ្លោងទ្វារតាកាវបណ្តោះអាសន្ន ដើម្បីប្រារព្ធពិធីបើកការដ្ឋានជួសជុលខ្លោងទ្វារនេះ ក្រោមកិច្ចសហការជាមួយវិស័យឯកជន។
កម្មវិធីនេះប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ អាជ្ញាធរជាតិអប្សរា សង្ឃឹមថាសាធារណជនទាំងអស់នឹងយោគយល់ ហើយចូលរួមសហការបានយ៉ាងល្អប្រសើរ ដើម្បីភាពរលូននៃដំណើរការអភិរក្សសម្បត្តិដូនតាទាំងអស់គ្នា។

៣អាជ្ញាធរជាតិអប្សរាប្រុងពលីជួសជុលខ្លោងទ្វារខាងលិចនៃប្រាសាទចៅស្រីវិបុល
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារនាយកដ្ឋាន អភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានរៀបចំពិធីប្រុងពលី សែនព្រេន បួងសួងសុំសេចក្តីសុខចម្រើន ដើម្បីរុះរើខ្លោងទ្វារខាងលិចនៃប្រាសាទចៅស្រីវិបុលមុននឹងជួសជុលឱ្យដំណើរការបានរលូន សុវត្ថិភាព និងជោគជ័យក្នុងការបំពេញការងារអភរិក្សសម្បត្តិដូនតា។
តាមការបញ្ជាក់របស់ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ខ្លោងទ្វារខាងលិចនេះ គឺរងនូវការខូចខាតដោយសារអាយុកាល ធម្មជាតិ និងការបំផ្លាញរបស់មនុស្សក្នុងសម័យសង្គ្រាមផង ធ្វើឱ្យរលុះរចនាសម្ពន្ធសំណង់ខូចរូបរាងខ្លោងទ្វារ។ កិច្ចកា រដំបូង ក្រុមការងារនឹងរុះរើសំណង់ខ្លោងទ្វារនេះសិន រួចទើបដំណើរការជួសជុលឱ្យស្របតាមបទដ្ឋានធម្មនុញ្ញអង្គរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយករង ក៏បានណែនាំដល់ក្រុមការងារ ឆ្មាំ ពលករទាំងអស់ឱ្យខិតខំបំពេញការងារឱ្យបានល្អប្រសើរ ក្នុងនាមជាអ្នកជំនាញថែរក្សាអង្គរ។

៤អ្នកជំនាញអាជ្ញាធរជាតិអប្សរាចូលរួមកម្មវិធីពិភាក្សាផ្លាស់ប្តូរបទពិសោធនៃការរៀបចំខ្សែសៀគ្វីទេសចរណ៍នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកសំបូរព្រៃគុក
អាជ្ញាធរជាតិសំបូរព្រៃគុកបានរៀបចំកម្មវិធីកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ស្តីពីការរៀបចំខ្សែសៀគ្វីទេសចរណ៍រយៈពេល៣ថ្ងៃ និងបានអញ្ជើញមន្រ្តីបុគ្គលិកជំនាញផ្នែករៀបចំខ្សែសៀគ្វីទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាចូលរួមដើម្បីចែករំលែកបទពិសោធន៍ការងាររៀបចំខ្សែសៀគ្វីទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរកន្លងមក។ ជាលទ្ធផល មន្រ្តីបុគ្គលិកជំនាញទាំងពីរស្ថាប័ន ដាក់ចេញការរៀបចំខ្សែសៀគ្វីទស្សនាក្រុមប្រាសាទក្នុងរមណីយដ្ឋានសំបូរព្រៃគុកចំនួន៦៖
១. សិក្សារៀបចំទិសដៅទស្សនាដោយកំណត់ច្រកចេញចូលច្បាស់លាស់សម្រាប់ក្រុមប្រាសាទធំៗចំនួន៣គឺ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទតោ និងក្រុមប្រាសាទសំបូរ។
២. សិក្សាដាក់ចេញនូវខ្សែទស្សនាដែលភ្ជាប់ក្រុមប្រាសាទធំៗទាំងបីគឺ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទតោ និងក្រុមប្រាសាទសំបូរ ជាមួយនឹងប្រាសាទដើមចាន់ ប្រាសាទអាស្រមមហាឫស្សីនិងប្រាសាទជ្រៃ ដោយមានជម្រើសរយៈពេលទស្សនាផ្សេងៗគ្នា(សៀគ្វីរយៈពេលវែង មធ្យម និងខ្លី)។ ខ្សែសៀគ្វីនេះគ្រោងតម្រូវឱ្យយានជំនិះគ្រប់ប្រភេទដាក់ភ្ញៀវនៅមុខក្រុមប្រាសាទយាយព័ន្ធខាងកើត ហើយត្រឡប់ទៅឈប់ចាំទទួលភ្ញៀវនៅម្តុំមុខប្រាសាទជ្រៃ។ ៣. សិក្សាដាក់ចេញនូវខ្សែសៀគ្វីកង់ និងរទេះគោ ដែលអាចមានជម្រើសខ្សែវែង និងខ្សែខ្លី ក្រោមចំណងជើង «ទស្សនារមណីយដ្ឋានសំបូរព្រៃគុកដោយជិះកង់ឬរទេះគោ»។
៤. សិក្សាដាក់ចេញនូវខ្សែសៀគ្វីរយៈពេល១ថ្ងៃពេញដើម្បីលើកតម្លៃប្រាសាទតូចៗមួយចំនួន រួមទាំងក្រុងបុរាណ «ឦសានបុរ» ដោយភ្ជាប់ជាមួយក្រុមប្រាសាទធំៗទាំង៣។
៥. សិក្សាស៊ីជម្រៅបន្ថែមដើម្បីដាក់ចេញនូវខ្សែទស្សនាក្រោមប្រធានបទពិសេស «ស្វែងយល់ពីចម្លាក់លើប្រាសាទឥដ្ឋ» ដែលភ្ញៀវទេសចរអាចទទួលបានព័ត៌មានលម្អិតពីចម្លាក់ «ប្រាសាទអណ្តែត» និងចម្លាក់ «មេដៃយ៉ុង» ដែលទាំងនេះជាតម្លៃលេចធ្លោរជាសកល (outstanding universal value) របស់រមណីយដ្ឋានសំបូរព្រៃគុកបេតិកភណ្ឌពិភពលោក។
៦. សិក្សារៀបចំខ្សែសៀគ្វីសម្រាប់ទេសចរបែបសមាធិ ដោយក្នុងនោះអាចកំណត់យកប្រាសាទត្រពាំងរពាក់ឬប្រាសាទគក់ទ្រូងជាទីតាំងបញ្ចប់ខ្សែទស្សនា និងស្នើឱ្យទេសចរអាចធ្វើសមាធិបែបពុទ្ធសាសនា នៅទីនោះបាន។

៥ចាប់ពីថ្ងៃស្អែកទៅ ទោចក្រយានយន្តនឹងត្រូវបានហាមឃាត់មិនឱ្យជិះលើកំពែងក្រុងអង្គរធំក្នុងរមណីយដ្ឋានអង្គរ
ក្នុងគោលបំណងថែរក្សា ការពារអភិរក្ស និងលើកតម្លៃជាសកលនៃកំពែងក្រុងអង្គរធំ ក៏ដូចជាដើម្បីចៀសវាងការប៉ះពាល់ជាយថាហេតុដល់រចនាសម្ពន្ធសំណង់បុរាណ ពិសេសគឺជួយសម្រួលដល់ការងារជួសជុលកំពែងខ្លោងទ្វារតាកាវដែលកំពុងអនុវត្តការងារដោយអ្នកជំនាញខ្មែរ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ថា៖ ១. ហាមបើកម៉ូតូឡើងលើកំពែងក្រុងអង្គរធំ លើកលែងតែក្នុងករណីមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។ ២. អនុញ្ញាតការធ្វើដំណើរលើកំពែងក្រុងអង្គរធំសម្រាប់តែអ្នកថ្មើរជើងនិងធ្វើដំណើរដោយកង់តែប៉ុណ្ណោះ។ កិច្ចការនេះចាប់អនុវត្តពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ។

៦សាលាបារាំងខេត្តសៀមរាបបណ្តុះគំនិតកុមារស្វែងយល់ពីសមុច្ច័យនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
ការអប់រំដល់កុមារជាគោលបំណងមួយក្នុងចំណោមគោលបំណងសំខាន់ៗរបស់សារមន្ទីរ។ ជាក់ស្តែងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ លោកគ្រូ-អ្នកគ្រូនៃសាលាភាសាបារាំងប្រចាំខេត្តសៀមរាប (École Française de Siem Reap) បានដឹកនាំសិស្សានុសិស្សចំនួន១៩នាក់មកធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ គោលបំណងនៃទស្សនកិច្ចសិក្សានេះ គឺដើម្បីឱ្យកុមារស្វែងយល់អំពីអតីតកាលនៃមនុស្សជំនាន់មុន ក៏ដូចជាសមុច្ច័យដែលកំណាយបានពីស្ថានីយកប់សពកោះតាមាសនិងស្ថានីយព្រៃក្មេង។ ក្រៅអំពីការទស្សនាស្ថានីយខាងលើ កុមារបានទទួលចំណេះដឹងថ្មីៗនិងល្អៗក្នុងការប្រើប្រាស់ពាក្យបច្ចេកទេសក្នុងវិស័យបុរាណវិទ្យាជាភាសាបារាំង ព្រមទាំងការអនុវត្តនូវការគូររូបគំនូរជាដើម។

៧មន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរាចំនួន៧៥រូប ទទួលការបណ្ដុះបណ្ដាលលើការរៀបចំរបាយការណ៍តាមទម្រង់ថ្មី
នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្ដីពី ការរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ តាមទម្រង់របាយការណ៍ថ្មីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី រួមនិងបុគ្គលិកមកពីតាមនាយកដ្ឋានជំនាញសរុបចំនួន ៧៥រូប ក្រោមបទបង្ហាញពីវាគ្មិនចំនួន២រូប រួមមានលោក អឿន មករា ជាប្រធាន និងលោក ឡុង សំណាង អនុប្រធាននៃនាយកដ្ឋានផែនការ ស្ថិតិ និងសរុប នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ជាកិច្ចចាប់ផ្តើមនៃសិក្ខាសាលា កញ្ញា ហ៊រ រិទ្ធារី ប្រធានស្ដីទីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ បានរៀបរាប់ពីគោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺធ្វើឡើងក្នុងបំណងដើម្បីពង្រឹងចំណេះដឹងបន្ថែមលើការងាររៀបចំរបាយការណ៍ ពិសេសការរៀបចំនិងសរសេររបាយការណ៍ឱ្យស្របតាមកំណែទម្រង់ថ្មីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

៨អាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់នៅក្នុងបរិវេណវត្តព្រះឥន្ទទេព វត្តគោកធ្លក ប្រាសាទសួព័្រត្រ និងប្រាសាទបាយ័ន
ក្រុមការងារព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា កំពុងអនុវត្តន៍ការងារចុះកាត់ក្រី និងដកហូតដើមឈើហានិភ័យមួយចំនួនក្នុងបរិវេណវត្តព្រះឥន្ទទេព វត្តគោកធ្លក ប្រាសាទសួព្រ័ត្រ និងប្រាសាទបាយ័ន ក្រោយពិនិត្យឃើញថា ដើមឈើទាំងនោះ អាចបង្កហានិភ័យទៅលើមនុស្ស និងសំណង់ប្រាសាទ។ ដើមឈើទាំងនោះ មានសភាពពុកគល់ខ្លាំង មែកងាប់ ទ្រេតជាប់ផ្លូវចូលប្រាសាទ ក្បែរកុដិព្រះសង្ឃ និងខ្លះដុះជាប់ការដ្ឋានជួសជុលជាដើម។
ដើម្បីបង្ការ និងបញ្ជៀសគ្រោះថ្នាក់ទុកជាមុន កុំឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ភ្ញៀវទេសចរ ព្រះសង្ឃគង់នៅទីនោះ ព្រមទាំងប្រជាពលរដ្ឋ និងយានយន្តគ្រប់ប្រភេទដែលឆ្លងកាត់ ក្រុមជំនាញនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដោយសហការជាមួយផ្នែកពាក់ព័ន្ធ កំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើទាំងនោះ ដោយកាត់ក្រីមែកឈើចំនួន១៦ដើមដែលមាន៤៦មែករួមមាន ដើមយាង ដើម បង្កែវដំរី ដើមស្លែង និងដើមម្កាក់ព្រៃ។ ចំណែកឯដើមឈើងាប់ដែលដកហូតចំនួន៥ដើមរួមមាន ដើមដូង ដើមស្លែង ដើមបង្កឺ និងដើមអង្កាញ់។

៩ប្រជាពលរដ្ឋនៅសង្កាត់ក្របីរៀលអញ្ជើញមកទស្សនាប្រាសាទអង្គរវត្តនិងស្វែងយល់ពីសមិទ្ធផលដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន
ប្រជាជនចំនួន៣០នាក់ មកពីភូមិតារស់និងភូមិរកានៃសង្កាត់ក្របីរៀល ក្រុងសៀមរាប នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញមកទស្សនាប្រាសាទអង្គរវត្ត ដើម្បីស្វែងយល់ពីប្រវត្តិខ្លះៗនៃអង្គរវត្ត ពិសេសគឺស្វែងយល់ពីសមិទ្ធផលនៃការអភិវឌ្ឍ និងការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាសម្រេចបានកន្លងមក។
តាមការបញ្ជាក់របស់លោក គា រក្សា មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានជួយសម្របសម្រួលប្រជាពលរដ្ឋចំនួន១២ភូមិ នៃសង្កាត់ក្របីរៀលមក ទស្សនាប្រាសាទអង្គរវត្ត ដើម្បីឱ្យពួកគាត់បានឃើញ និងបានដឹងពីការអភិវឌ្ឍ ការរៀបចំសួនច្បារដ៏ស្រស់ស្អាត ការរៀបចំហេដ្ឋារចនាសម្ពន្ធ ការរៀបចំប្រព័ន្ធទឹកនៅក្នុងបរិវេណប្រាសាទអង្គរវត្ត និងការអភិរក្សជាច្រើនដែលអាជ្ញាធរជាតិអប្សរាសម្រេចបានក្នុងការជួសជុលថែទាំប្រាសាទមួយនេះ។

១០ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ
ក្នុងសប្ដាហ៍ទី៣ ខែកុម្ភៈនេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៤១សំណើ។
ការអនុញ្ញាតទាំងនោះរួមមាន ក្រុមការងារប្រចាំស្រុកពួក បានចុះពិនិត្យ និងដោះស្រាយស្ថិតក្នុងឃុំខ្នាត អនុញ្ញាតចំនួន៨សំណើ។ រីឯក្រុមការងារប្រចាំក្រុងសៀមរាប បានចុះពិនិត្យ និងដោះស្រាយស្ថិតនៅសង្កាត់នគរធំ និងសង្កាត់ស្លក្រាម បានអនុញ្ញាតចំនួន១២សំណើ។ ទន្ទឹមនឹងនោះ ក្រុមការងារប្រចាំស្រុកប្រាសាទបាគង បានចុះពិនិត្យ និងដោះស្រាយស្ថិតនៅ ឃុំអំពិល អនុញ្ញាតចំនួន៥សំណើ។ ចំណែកឯ ក្រុមការងារប្រចាំស្រុកអង្គរធំ បានចុះពិនិត្យ និងដោះស្រាយនៅឃុំលាងដៃ អនុញ្ញាតចំនួន៩ សំណើ។ បន្ថែមពីនោះ ក្រុមការងារប្រចាំស្រុកបន្ទាយស្រី បានពិនិត្យ និងដោះស្រាយនៅឃុំខ្នារសណ្តាយ អនុញ្ញាតចំនួន៨សំណើ។

១១អាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់លើសំណើសុំសាងសង់របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ
រយៈពេលពីរសប្តាហ៍នៃខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែន ដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋចំនួន ៦១គ្រួសារ រួមមាន ក្រុងសៀមរាប ២០គ្រួសារ ស្រុកបន្ទាយស្រី ១៣គ្រួសារ ស្រុកអង្គរធំ ១១គ្រួសារ ស្រុកប្រាសាទបាគង ០៨គ្រួសារ ស្រុកពួក ០៧គ្រួសារ និងស្រុកសូទ្រនិគម ០២ គ្រួសារ។
ដោយឡែកក្នុងរយៈពេលដូចគ្នានេះ ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាត ក្រុមការងារផ្នែកស្ថាបត្យកម្មបានជួយរៀបចំគំនូសប្លង់ចំនួន ២៦គ្រួសារ រួមមាន៖ ស្រុកអង្គរធំ ០៤ គ្រួសារ ក្រុងសៀមរាប ០៤គ្រួសារ ស្រុកប្រាសាទបាគង ០៥គ្រួសារ ស្រុកពួក ០៤ គ្រួសារនិងស្រុកបន្ទាយស្រី ០៩គ្រួសារ។

១២ភ្នាក់ងារទេសចរណ៍ចូលរួមសកម្មភាពថែទាំប្រាង្គប្រាសាទក្នុងរមណីយដ្ឋានអង្គរ
ប្រាង្គប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ គ្រប់គោលដៅទាំងអស់សុទ្ធតែមានភ្នាក់ទេសចរណ៍ប្រចាំការ ដើម្បីចាំសម្រួលហេតុការណ៍ផ្សេងៗរបស់ភ្ញៀវទេសចរដែលមានបញ្ហាពេលមកទស្សនានៅអង្គរ។ ទោះបីស្ថានភាពភ្ញៀវទេសចរមានភាពស្ងប់ស្ងាត់ ដោយសារជំងឺកូវីដ១៩យ៉ាងណាក៏ដោយ តែភ្នាក់ងារទេសចរណ៍ប្រចាំការតាមប្រាសាទនីមួយៗ ពុំបានឈប់សម្រាកពីការងារប្រចាំថ្ងៃនិងភ្លេចរួមចំណែកថែទាំប្រាសាទនោះឡើយ។
ជាក់ស្តែង កាលពីថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២១ ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទសួរព្រ័ត្របានចូលរួមរើសសំរាម ដកកូនរុក្ខជាតិតូចៗដែលដុះលើថ្មប្រាសាទ និងជួយសម្អាតទំនល់ឈើទល់ទ្រថ្មប្រាសាទ ដែលមានសភាពទ្រុឌទ្រោមអាចបង្កជាហានីភ័យដល់រចនាសម្ពន្ធប្រាសាទទាំងមូល។ នេះជាការចូលរួមចំណែកក្នុងកិច្ចការការពារនិងអភិរក្សមរតកដូនតាឱ្យគង់វង្ស ហើយកិច្ចការងារថែរក្សាការពារនេះ មិនមែនមានសម្រាប់តែភ្នាក់ងារប្រចាំការតាមប្រាសាទទេ យើងទាំងអស់គ្នាក៏មានចំណែកនិងកាតព្វកិច្ចថែរក្សាដែរ។

១៣អាជ្ញាធរជាតិអប្សរាជួសជុល ថែទាំស្លាកសញ្ញាចរាចរណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ
ក្រុមការងារជួសជុល និងថែទាំផ្លូវ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរា តែងតែចុះអនុវត្តការងារថែទាំ និងជួសជុលបង្គោលស្លាកសញ្ញាតាមដងផ្លូវនានាក្នុងតំបន់រមណីយដ្ឋានអង្គរ ជាប្រចាំ ដើម្បីពង្រឹងគុណភាព និងលើកសោភ័ណភាពនៃហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ សម្រួលដល់ការធ្វើចរាចរណ៍ និងសុវត្ថិភាពដល់ប្រជាជន ភ្ញៀវទេសចរណ៍ជាតិ -អន្តរជាតិ។ ក្រៅពីកិច្ចការងារអភិរក្ស អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ស្តាឡើងវិញ ជួសជុល ថែទាំ និងកែលម្អផ្លូវជាប្រចាំដើម្បីឱ្យមានភាពប្រសើរជានិរន្តរ៍ ដែលជាសសៃឈាមដ៏សំខាន់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាបេតិកភណ្ឌពិភពលោក។

ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
12
ថ្ងៃនេះ
:
4526
ម្សិលមិញ
:
28276
សប្តាហ៍នេះ
:
84124
ខែនេះ
:
0387632
សរុប
:
014830473