ព័ត៌មានថ្មីៗ

ក្រុមហ៊ុនកូកាកូឡាប្ដេជ្ញាចូលរួមអភិវឌ្ឍន៍ការងារបរិស្ថានក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែល្អប្រសើរ

បានផ្សាយនៅ ថ្ងៃទី 19 ខែ កុម្ភៈ ឆ្នាំ2021 03:05 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

តំណាងក្រុមហ៊ុនកូកាកូឡា បានប្រគល់អណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យមួយគ្រឿងដល់អាជ្ញាធរជាតិអប្សរា ដើម្បីស្រោចស្រពថ្នាលបណ្ដុះកូនឈើនៅភូមិលាងដៃ ដែលជាផ្នែកមួយចូលរួមអភិវឌ្ឍន៍ការងារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីកិច្ចការនេះ ក្រុមហ៊ុនកូកាកូឡាក៏មានគម្រោងថ្មីៗទៀតជាមួយអាជ្ញាធរជាតិអប្សរា ក្នុងន័យរួមចំណែកអភិវឌ្ឍន៍ការងារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែល្អប្រសើរ ជាផ្នែកមួយជួយអភិវឌ្ឍន៍សង្គមជាតិ។

លោក រស់ សោភា នាយកផ្នែកច្បាប់និងកិច្ចការសាធារណៈប្រចាំប្រទេសនៃក្រុមហ៊ុនកូកាកូឡា បានឱ្យដឹងថា ក្រុមហ៊ុនពិតជាមានសេចក្ដីរីករាយណាស់ដែលបានធ្វើការជាមួយអាជ្ញាធរជាតិអប្សរា ក្នុងបំណងអភិវឌ្ឍន៍ការងារបរិស្ថានក្នុងតំបន់នេះឱ្យកាន់តែមានភាពបៃតង និងទាក់ទាញភ្ញៀវទេសចរថែមមួយកម្រិតទៀត។ លោកបន្ថែមថា អណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ គឺជាបច្ចេកវិទ្យាចុងក្រោយ ហើយដែលអាចបូមទឹកដោយស្វ័យប្រវត្តិ ងាយស្រួលសម្រាប់ស្រោចស្រពកូនឈើ។

តំណាងក្រុមហ៊ុនកូកាកូឡារូបនេះជឿជាក់ថា អណ្ដូងទឹកនេះនឹងរួមចំណែកធ្វើឱ្យតំបន់អង្គរមានភាពបៃតង ហើយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញភ្ញៀវទេសចរចូលមកកម្សាន្តក្នុងតំបន់បេតិកភណ្ឌ បូកនិងភាពបៃតង។ លោក រស់ សោភា ក៏បង្ហើបពីគម្រោងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទៅថ្ងៃខាងមុខជាមួយអាជ្ញាធរជាតិអប្សរា ដូចជាគម្រោងបែងចែកសំរាម ការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវដើម្បីយកទៅកែច្នៃឡើងវិញ និងគម្រោងពង្រឹងគុណភាពម្ហូបអាហារឱ្យបានស្ដង់ដា ផ្គត់ផ្គង់ដល់ភ្ញៀវទេសចរ ក្នុងន័យឱ្យភ្ញៀវទេសចរមានទំនុកចិត្តលើម្ហូបអាហារទាំងនោះ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្រៅពីកិច្ចការអភិរក្សប្រាសាទ ក្នុងនោះគេដឹងថា ការងារបរិស្ថានគឺជាកិច្ចការស្នូលមួយដ៏សំខាន់របស់អាជ្ញាធរជាតិអប្សរា ដូច្នេះការស្ដារឡើងវិញនូវគម្របព្រៃឈើគឺជាកិច្ចការមួយដ៏ចាំបាច់ផងដែរ។ លោកប្រធាននាយកដ្ឋានបន្ថែមថា អណ្ដូងទឹកដែលផ្តល់ជូនដោយក្រុមហ៊ុនកូកាកូឡានៅពេលនេះ គឺជានិមិត្តរូបមួយនៃកិច្ចសហប្រតិបត្តិការួមគ្នា ធ្វើយ៉ាងណាចូលរួមកាត់បន្ថយការបំពុលបរិស្ថានមួយផ្នែកផងដែរ ព្រោះកន្លងមកតំបន់នេះមិនមានអគ្គិសនីចូលដល់ ហើយត្រូវប្រើម៉ាស៊ីនភ្លើងបូមទឹកសម្រាប់ស្រោចកូនឈើ។ ក្នុងនោះដែរ តំណាងក្រុមហ៊ុនកូកាកូឡា និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក៏បានដាំកូនឈើទុកជាអនុស្សាវរីយ៍នៅបរិវេណថ្នាលបណ្ដុះកូនឈើក្នុងភូមិលាងដៃផងដែរ។

បន្ថែមពីនេះ លោក ឡុង កុសល មានសុទិដ្ឋិនិយមជាមួយកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនកូកាកូឡានាពេលអនាគត ក្នុងន័យរួមចំណែកលើកកម្ពស់សោភ័ណភាព បរិស្ថាន និងអនាម័យក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពស្រស់ស្អាត និងទាក់ទាញ ដើម្បីបម្រើអារម្មណ៍ភ្ញៀវទេសចរឱ្យជក់ចិត្តមកលើតំបន់បេតិកភណ្ឌពិភពលោកថែមមួយកម្រិតទៀត៕

















អត្ថបទនិងរូបភាព៖ នាង សំណាង
ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
13
ថ្ងៃនេះ
:
5653
ម្សិលមិញ
:
28276
សប្តាហ៍នេះ
:
85251
ខែនេះ
:
0388759
សរុប
:
014831600