ព័ត៌មានថ្មីៗ

ស្ពានតាអោងមានអាយុកាលជិត៩០០ឆ្នាំត្រូវបានជួសជុលជាលើកដំបូងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 20 ខែ មករា ឆ្នាំ2021 02:32 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្ពានតាអោងឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណចំនួន២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ)។ សព្វថ្ងៃស្ពានបុរាណនេះមានសភាពទ្រុឌទ្រោមខ្លាំងដែលបង្កឡើងពីកត្តាមនុស្សនិងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណបានប្រេះញែកចេញពីគ្នា ហើយនៅផ្នែកកណ្តាលតួស្ពានសងខាង ថ្មមួយចំនួនបានរលុះធ្លាក់ និងផ្នែកផ្សេងទៀតកំពុងប្រឈមនឹងការរលុះធ្លាក់ដែរ។

តាមការបញ្ជាក់របស់លោក ពុទ្ធ សុទ្ធ មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនិងជាប្រធានគម្រោងជួសជុលស្ពានតាអោងឱ្យដឹងថា៖ អាជ្ញាធរជាតិអប្សរាផ្តើមគម្រោងជួសជុលដំណាក់កាលទី១នេះចំនួន២ចំណុចសំខាន់ៗ គឺនៅជញ្ជាំងស្ពានផ្នែកខាងជើងដែលបានរលុះធ្លាក់និងមានរហែកធំចេញក្រៅប្រឈមនឹងការរលុះធ្លាក់។ ក្រុមការងារនឹងធ្វើសម្រង់ប្លង់ ចុះបញ្ជីថ្ម ការជួសជុលថ្ម ការរៀបចំពង្រឹងជើងសសរថ្មដែលរលុះធ្លាក់ឡើងវិញ ការបង្ហាប់ដីកន្លែងច្រោះនៅគល់ស្ពានខាងលិចនិងការរៀបចំបង្កាន់ដៃនាគដាក់ចូលតាមទីតាំងដើមឡើងវិញ។

ចំពោះប្រវត្តិនិងចំណុចសំខាន់នៃស្ពានបុរាណមួយនេះ លោក ពុទ្ធ សុទ្ធ បានប្រាប់ថា៖ ស្ពានតោអោងឬតាអុង មានបណ្តោយប្រវែង៧០ម៉ែត្រ ទទឹង១៣ម៉ែត្រ និងមានរន្ធត្រដេវចំនួន១៤។ រន្ធត្រដេវនីមួយៗមានទទឹងប្រវែង២ម៉ែត្រនិងកម្ពស់៦ម៉ែត្រ។ ស្ពាននេះធ្វើអំពីថ្មបាយក្រៀម លម្អដោយបង្កាន់ដៃនាគក្បាល៩និងមានព្រះពុទ្ធសមាធិនៅចំកណ្តាលក្បាលនាគធ្វើអំពីថ្មភក់។ ចំពោះកាលបរិច្ឆេទនៃស្ពាននេះ គេពុំដឹងច្បាស់ថាវាចាប់ផ្តើមកសាងឡើងក្នុងរាជ្យណាទេ គឺគ្រាន់តែដឹងជាទូទៅថាស្ពាននេះសាងឡើងនាសម័យអង្គរ។ ប៉ុន្តែបើមើលលើចម្លាក់បង្កាន់ដៃនាគ គេអាចដឹងថា វាស្ថិតក្នុងរចនាបថបាយ័ន្ត (ឆ្នាំ១១៨១-១២២០នៃគ្រិស្តសករាជ)។

សូមបញ្ជាក់ថា ស្ពានបុរាណដែលមានអាយុកាលជិត៩០០ឆ្នាំនេះ បានប្រារព្ធពិធីប្រុងពលីសែនបួងសួងសុំសេចក្តីសុខចម្រើននិងជោគជ័យក្នុងការជួសជុលលើកដំបូងក្នុងប្រវត្តិសាស្ត្រ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដែលមានឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរានិងសហការី រួមនឹងលោកអភិបាលស្រុក មន្ត្រីសាលាស្រុក មេឃុំ មេភូមិ កងរាជអាវុធហត្ថ និងប្រជាជនដែលរស់នៅក្នុងភូមិជាច្រើននាក់បានចូលរួមឱ្យពរជ័យ។ គម្រោងជួសជុលស្ពានបុរាណនេះ បានប្រើថវិកាមូលនិធិរបស់អាជ្ញាធរជាតិអប្សរា ហើយនឹងបញ្ចប់គម្រោងនៅខែមិថុនា ឆ្នាំ២០២១៕

















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ
ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
13
ថ្ងៃនេះ
:
5065
ម្សិលមិញ
:
28276
សប្តាហ៍នេះ
:
84663
ខែនេះ
:
0388171
សរុប
:
014831012