NEWS

អាជ្ញាធរជាតិអប្សរាសូមជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានខ្លឹមសារដូចខាងក្រោម

Published on 15 November 2020 11:32 AM Post By ៖ Apsara National Authority
១ អាជ្ញាធរជាតិអប្សរាចូលរួមគោរពទិវាឯករាជ្យជាតិលើកទី៦៧
នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានរំឭកគុណអតីតវីរយុទ្ធជនខេត្តសៀមរាប ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដឹកនាំមន្ត្រីបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន រំឭកខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាឯករាជ្យជាតិខ្មែរ និងការបង្កើតកងយុទ្ធពលខេមរភូមិន្ទកាលពីថ្ងៃទី០៩ វិច្ឆិកា ១៩៥៣។
សុខសន្តិភាព សេរីភាព និងការទទួលបានឯករាជ្យជាតិពីអាណានិគមនិយមបារាំង គឺកូនចៅគ្រប់គ្នាចងចាំមិនភ្លេចឡើយ នូវស្នាព្រះហស្តដ៏ធំធេង របស់អតីតព្រះមហា-ក្សត្រ ព្រះបរមរតនកោដ្ឋ រួមនឹងអតីតវីរយុទ្ធជន ដែលបានបូជាព្រះកាយពល កម្លាំងប្រាជ្ញា សាច់ឈាមស្រស់ ដើម្បីស្វែងរកសេចក្តីសុខជូនប្រជាជននិងរំដោះប្រទេស។ អាជ្ញា-ធរជាតិអប្សរា សូមថ្វាយព្រះរាជកុសល ថ្វាយអង្គព្រះមហា-ក្សត្រគ្រប់ព្រះអង្គ និងជូនបុណ្យកុសល អតីតវីរយុទ្ធជនគ្រប់រូប សូមបានសោយបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ កូនចៅគ្រប់រូបនឹងចូលរួមថែរក្សាទឹកដី មរតកវប្បធម៌របស់ដូនតាខ្មែរ ឱ្យបានគង់វង្សតរៀងទៅ។

២ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះប្រជាពលរដ្ឋបានចំនួន១៤សំណើ
ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គោលដៅទី១ ក្រុមការងារប្រចាំស្រុកពួកដឹកនាំដោយ លោក អឿន សំអុន បានពិនិត្យ និងដោះស្រាយនៅភូមិបឹងខ្នារ ភូមិព្រៃក្មេង ភូមិខ្នាត ភូមិជ្រលង ភូមិព្រៃធ្លក និងភូមិស្វាយ ឃុំខ្នាត។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាត៩សំណើ។ គោលដៅទី២ ក្រុមការងារប្រចាំក្រុងសៀមរាប ដឹកនាំដោយ លោក ឡុង កុសល បានពិនិត្យ និងដោះស្រាយនៅភូមិបឹងដូនប៉ា ភូមិទ្រាំង និងភូមិមណ្ឌលបី សង្កាត់ ស្លក្រាម។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៥សំណើ។

៣ សិក្ខាកាមចំនួន២៥រូបនៃវគ្គបណ្តុះបណ្តាល “ការអភិរក្សនិងគ្រប់គ្រងបេតិកភណ្ឌ” ចុះសិក្សាដោយផ្ទាល់ពីប្រវត្តិសាស្ត្រក្រុងអង្គរធំ
នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ សិក្ខាកាម២៥នាក់ ជាមន្ត្រី-បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ គ្រឹះស្ថានអប់រំកម្រិតបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា នៃវគ្គបណ្តុះបណ្តាល «ការអភិរក្សនិងគ្រប់គ្រងបេតិកភណ្ឌ» បានចុះសិក្សាដោយផ្ទាល់ និងស្តាប់បទបង្ហាញរបស់លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអំពី «ប្រវត្តិសាស្ត្រក្រុងអង្គរធំ»។
លោក អ៊ឹម សុខរិទ្ធី បានលើកឡើងពីប្រវត្តិសាស្ត្រក្រុងអង្គរធំ ការពន្យល់ពីពាក្យថាអង្គរ ការកកើតរាជធានីនៅអង្គរ ប្រវត្តិមនុស្សរស់នៅ និងស្លាកស្នាមបុរាណវិទ្យានៃសំណង់អាគារ ដែលបានបន្សល់ទុកពីសម័យបុរាណ នៅក្រុងអង្គរធំនេះផ្ទាល់ ហើយចាត់ទុកថា នេះជាសញ្ញាណល្អសម្រាប់យុវជនជំនាន់ក្រោយ ដែលត្រូវបន្តវេនពីចាស់ៗ ក្នុងការស្វែងយល់ពីប្រវត្តិ សាស្ត្រខ្មែរ ដើម្បីរួមគ្នាការពារមរតកវប្បធម៌ ឱ្យបានគង់វង្ស។ ពិសេសវគ្គ បណ្តុះបណ្តាលនេះ គឺចំគោលដៅបំផុត ព្រោះគ្រូបង្រៀនគឺជាអ្នកចែកចាយចំណេះដឹងដ៏មានប្រសិទ្ធភាពទៅកាន់ក្មេងៗ។

៤ ព្រះសង្ឃគង់នៅវត្តព្រះឥន្ទកោសា ប្រគល់ថ្មបុរាណចំនួន៣ដុំជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិជាតិ
នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ព្រះសទ្ធម្មប្បកាសនី តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទ្រកោសា បានស្ម័គ្រព្រះទ័យប្រគល់ថ្មបុរាណចំនួន៣ដុំ ជូនអាជ្ញាធរជាតិអប្សរារក្សាទុកជាសម្បត្តិជាតិ ដោយមានការចូលរួមពីពុទ្ធបរិស័ទ និងនគរបាលបេតិកភណ្ឌ។
លោក ឈូក សុម៉ាឡា បុរាណវិទូនិងជាមន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ថ្មទាំង៣ដុំ ជាប្រភេទថ្មភក់ គឺថ្ម២ដុំ ជាចម្លាក់ព្រះពុទ្ធរូបដែលឆ្លាក់មិនទាន់ហើយ និងមួយដុំទៀត ជាចម្លាក់ខឿនប្រាសាទ។ ចំពោះការប្រគល់វត្ថុបុរាណនេះ ព្រះតេជគុណ តាត មហាទី មានសង្ឃដីកាថា នេះជាការរួមចំណែកជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរក្សាវត្ថុបុរាណទុកជាសម្បត្តិជាតិ ការពារសុវត្ថិភាព និងការស្រាវជ្រាវចំពោះវត្ថុបុរាណដែលនៅរ៉ាយប៉ាយឱ្យមានសណ្តាប់ធ្នាប់ ចៀសផុតពីការជួញដូរ ឬការធ្វើឱ្យខូចខាតដោយប្រការផ្សេងៗព្រោះការពុំយល់ដឹង។ ថ្មទាំង៣នេះ ចំពោះថ្ម២ដុំដែលពុំមានរូបរាងច្បាស់លាស់ ស្រង់បានពេលស្តារស្ទឹងសៀមរាប ចំណែកចម្លាក់ខឿនប្រាសាទ យកមកពីវត្តពោធិ៍លង្កា។

៥ អ្នករៀបចំសួនមុខប្រាសាទអង្គរវត្តបង្ហាញពីចំណាប់អារម្មណ៍ដែលបានបំពេញការងារសម្រាប់អង្គរ
បច្ចុប្បន្នបរិវេណខាងលិចប្រាសាទអង្គរវត្ត បានប្រែមុខមាត់ជាខ្លាំង លម្អដោយផ្កា សួនស្មៅពណ៌បៃតង និងដើមឈើជាច្រើនដើម។ ចំណែកទីលានបដិសណ្ឋារកិច្ច អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកសាងសង់អគារផ្តល់ព័ត៌មាន អគារសង្គ្រោះបឋម និងអគារផ្សេងៗទៀត ដើម្បីផ្តល់ភាពងាយស្រួល ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិកម្រិតស្តង់ដារអន្តរជាតិ ដែលគ្រោងនឹងបញ្ចប់ការជួសជុលទាំងស្រុង នាពាក់កណ្តាលឆ្នាំ២០២១ខាងមុខ។
លោកស្រី ហូ សិលា ជាបុគ្គលិកបម្រើការងារផ្នែករៀបចំសួន បានឱ្យដឹងថា មិនដល់១ឆ្នាំផង មុខប្រាសាទអង្គរបានប្រែជាស្រស់បំព្រងដោយព្រៃឈើផ្កា និងស្មៅខៀវស្រងាត់ ឃើញហើយស្រស់ថ្លាចិត្ត បាត់អស់ភាពនឿយហត់ក្នុងការបំពេញការងារ។ ដូចគ្នានេះដែរ លោកស្រី ជួន ស្រីមុំ បានរៀបរាប់ថា ភ្ញៀវទេសចរដែលមកទស្សនាអង្គររយៈពេលចុងក្រោយ នឹងលាន់មាត់សរសើរពីសោភណភាពដ៏ស្រស់ស្អាត និងមានសណ្តាប់ធ្នាប់ល្អនៅអង្គរ។ រីឯលោក ពៅ ស៊ីណិត បុគ្គលិបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបញ្ជាក់ថា នៅផ្លូវចូលមុខបរិវេណប្រាសាទអង្គរវត្តនេះមានដាំប្រភេទដើមផ្កាឆ្អឹងមាន់ខ្មៅ ផ្កាស្លឹកក្រហម និងស្មៅជើងទា ស្មៅជើងក្រាស់ ដើមធ្នង់ ដើមក្ងោក ដើមនាងនួន ដើមបេង ដើមគគីជាដើម។

៦ អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញ បច្ចេកទេសសង្គ្រោះបឋមបន្ទាប់ពីបានបណ្តុះបណ្តាលរយៈពេលមួយខែរួចមក
នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញ សង្គ្រោះបឋម និងចែកវិញ្ញាបនបត្រជូនសិក្ខាកាមចំនួន១២០នាក់ មកពីនាយកដ្ឋានគ្រប់គ្រងទឹក នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយក-ដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នាយកដ្ឋានអភិរក្សក្រៅឧទ្យានអង្គរ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ នាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាន។
វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើង ដើម្បីបញ្ជ្រាបការយល់ដឹង និងកសាងសមត្ថភាពបុគ្គលិក ភ្នាក់ងារ និងពលករ នៃអាជ្ញាធរជាតិអប្សរា ដែលកំពុងបំពេញការងារនៅតាមការដ្ឋាន តំបន់ប្រាសាទ និងក្នុងព្រៃ ដើម្បីបង្ការ និងសង្គ្រោះភ្ញៀវទេសចរ មនុស្សជុំវិញខ្លួនពីគ្រោះថ្នាក់ ជាយថាហេតុណាមួយដែលអាចនឹងកើតមានឡើងនៅពេលបំពេញការងារ។

៧ ពលរដ្ឋបង្ហាញអារម្មណ៍គាំទ្រនិងរីករាយចំពោះការរៀបចំបរិវេណមុខប្រាសាទអង្គរវត្ត
ប្រជាពលរដ្ឋដែលពឹងអាស្រ័យផល ក៏ដូចជាទេសចរមកទស្សនានៅតំបន់អង្គរ បានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់ នៅបរិវេណមុខប្រាសាទអង្គរវត្ត។ ការអភិវឌ្ឍទាំងនោះរួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម។
លោក ស៊ាន សុខៈ មគ្គុទ្ទេសក៍ទេសចរណ៍យល់ថា ការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត ជាការល្អ និងមានប្រយោជន៍សម្រាប់វិស័យទេសចរណ៍។ ចំណែកលោក អ៊ួច សុវណ្ណ វិញក៏សប្បាយរីករាយជាមួយទិដ្ឋភាពថ្មី នៃបរិវេណមុខអង្គរវត្តនេះដែរ។ លោក សង្កេតឃើញថា មានទេសចរមួយចំនួនចាប់អារម្មណ៍ នឹងសម្រស់សួនច្បារបៃតងនៅមុខអង្គរវត្តនេះនិងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។

៨ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា៣គោលដៅ ពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះប្រជាពលរដ្ឋបាន១៥សំណើ
ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣ក្រុម ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរ បានចំនួន១៥សំណើ។
គោលដៅទី១ ក្រុមការងារប្រចាំស្រុកអង្គរធំ ដឹកនាំដោយ លោក ព្រហ្ម សំអ៊ាន បានចុះពិនិត្យនិងនិងដោះស្រាយស្ថិតក្នុងភូមិសំរោង និងភូមិលាងដៃ ឃុំលាងដៃ។ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន ៣សំណើ។ គោលដៅទី២ ក្រុមការងារប្រចាំស្រុកពួក ដឹកនាំដោយ លោក អឿន សំអុន បានចុះពិនិត្យនិងនិងដោះស្រាយស្ថិតក្នុងភូមិគោកស្នួល ភូមិគោកត្រាច ភូមិប្រឡាយ ឃុំខ្នាត។ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន ៧សំណើ។ គោលដៅទី៣ ក្រុមការងារប្រចាំក្រុងសៀមរាប ដឹកនាំដោយឯកឧត្តម ខូយ គឹមទួ បានពិនិត្យនិងដោះស្រាយនៅក្នុងភូមិវាល សង្កាត់គោកចក ។ក្រោយពីពិនិត្យទីតាំងនិងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៥សំណើ។

៩ អាជ្ញាធរជាតិអប្សរាសម្អាតប្រព័ន្ធលូនៅក្នុងរមណីយដ្ឋានអង្គរ
ការលើកកម្ពស់ហេដ្ឋារចនាសម្ពន្ធប្រព័ន្ធបង្ហូរទឹកនៅ ក្នុងរមណីយដ្ឋានអង្គរ ជាភារកិច្ចប្រចាំថ្ងៃរបស់ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា ដើម្បីសម្អាតប្រព័ន្ធលូ កុំឱ្យមានការកកស្ទះដោយសំរាម ស្តារកំណកដីដែលហូរចូលតាមទឹក និងជួសជុលលូដែលបាក់បែកខូចខាត។ ពេលនេះក្រុមការងារនាយកដ្ឋានទឹក កំពុងមមាញឹកនឹងការជួសជុលលូដែលខូចខាត កាយសំរាម និងស្តារកំណកដីនៅតាមប្រព័ន្ធលូនៅក្នុងបរិវេណប្រាសាទអង្គរវត្តនិងក្រុងអង្គរធំ។
Besides working on conservation, management and sustainable development of Angkor site, Apsara has community teams that often visit the communities in the region to listen to the suggestions and resolve problems faced by the local people.
Department of Forestry, Cultural landscapes, and Environmental Management of Apsara plans to plant a lot of Kuy trees in the region of Angkor. This project was created by observing the benefits of a sample of local Kuy plantation, which is located in Thnal Bandoy village, Bradak commune, Banteay Srei district, Siem Reap province.
Community teams of Apsara led by H.E. Mr.Sok Leakhena, Advisor to Apsara, brought baby supplies and some money as gifts for new mothers of 19 families, who live in the following three villages: Steung village,Ta Phouk village and Lolei village in Bakong commune, Prasat Bakong district, Siem Reap province on Tuesday morning, 2 August 2016.
The heritage educational program ‘’ Heritage for all, All for heritage”, offered by Apsara Authority, received a very favourable response from students of Cambodian Mekong University in late July 2016. The purpose of this educational program is to increase the knowledge of students about heritage and encourage them to actively participate in the protection and preservation of inheritance from our ancestors.
រមណីយដ្ឋានអង្គរគ្របដណ្តប់លើផ្ទៃដី៤០១គីឡូម៉ែត្រការ៉េដែលមាន១១២ភូមិ ២១ឃុំ/សង្កាត់ និង៥ស្រុក/ក្រុង ហើយជាតំបន់មានទេសភាពវប្បធម៌ វាលស្រែធំល្វឹងល្វើយ ប្រាង្គប្រាសាទលាយឡំជាមួយភូមិដ្ឋានអ្នកស្រុករស់នៅ។ស្ថានភាពភូមិសាស្រ្ត និងសក្តានុពលសេដ្ឋកិច្ចក្នុងតំបន់មានអំណោយផលទើបនាំឲ្យអាជ្ញាធរជាតិអប្សរាចាប់យកវិស័យកសិកម្មសម្រាប់ អភិវឌ្ឍន៍សហគមន៍ដោយផ្សារភ្ជាប់ជាមួយកិច្ចថែរក្សាការពាររមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដោយយកចិត្តទុកដាក់ផ្តល់បច្ចេកទេសកសិកម្មធម្មជាតិដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរដើម្បីជួយលើកស្ទួយជីវភាពរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរឡើង ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
13
Today
:
22426
Yesterday
:
40162
This Week
:
206694
This Month
:
0206694
Total
:
015276497