ព័ត៌មានថ្មីៗ

ពលរដ្ឋបង្ហាញអារម្មណ៍គាំទ្រនិងរីករាយចំពោះការរៀបចំបរិវេណមុខប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 10 ខែ វិច្ឆិកា ឆ្នាំ2020 10:57 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រជាពលរដ្ឋដែលពឹងអាស្រ័យផល ក៏ដូចជាទេសចរមកទស្សនានៅតំបន់អង្គរ បានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៅបរិវេណមុខប្រាសាទអង្គរវត្ត។ ការអភិវឌ្ឍទាំងនោះរួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម។ល។

លោក ស៊ាន សុខៈ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ យល់ថាការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត ជាការល្អ និងមានប្រយោជន៍សម្រាប់វិស័យទេសចរណ៍។ លោក សុខៈ បានធៀបនឹងពេលមុន ថាមានភាពខុសគ្នាឆ្ងាយ ដ្បិតបច្ចុប្បន្នមានរៀបចំជាសួនបៃតង ដាំដើមឈើកម្រៗដូចជាធ្នង់ បេង ជាដើម ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាឱ្យពួកគេស្គាល់ពូជឈើទាំងនោះ។

ចំណែកលោក អ៊ួច សុវណ្ណ វិញក៏សប្បាយរីករាយជាមួយទិដ្ឋភាពថ្មីនៃបរិវេណមុខអង្គរវត្តនេះដែរ។ ក្នុងនាមជាពលរដ្ឋខេត្តសៀមរាបមួយរូប លោកសូមចូលរួមអបអរសាទរជាមួយសមិទ្ធផលមួយនេះ និងរំពឹងថា ក្រោយវិបត្តិកូវីដ នឹងមានភ្ញៀវទេសចរកាន់តែច្រើនចូលមកទស្សនារមណីយដ្ឋានអង្គរ។ ជាជាងថតមួយរូប លោក អ៊ួច សុវណ្ណ សង្កេតឃើញថា មានទេសចរមួយចំនួនចាប់អារម្មណ៍ជាមួយសម្រស់សួនច្បារបៃតងនៅមុខអង្គរវត្តនេះ និងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។ ក្រៅពីគាំទ្រចំពោះការអភិវឌ្ឍនេះហើយ លោក អ៊ួច សុវណ្ណ ក៏លើកទឹកចិត្តដល់អាជ្ញាធរជាតិអប្សរា បន្តរៀបចំ និងដាំដើមឈើឱ្យបានកាន់តែច្រើន។

គួរបញ្ជាក់ថា ក្នុងបំណងដើម្បីកែប្រែសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្តឱ្យស័ក្ដសមជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមគម្រោងកែលម្អនេះចាប់ពីចុងឆ្នាំ២០១៩មក ដោយក្នុងនោះមានការរៀបចំសួនច្បារ ទីលានបដិសណ្ឋារកិច្ចថ្មី ដោយរើសំណង់តូបលក់ដូរទាំងអស់ចេញពីបរិវេណខាងមុខអង្គរវត្ត ការបញ្ឈប់មិនឱ្យមានការលក់រញ៉េរញ៉ៃ និងចំណតយានយន្តគ្មានសណ្ដាប់ធ្នាប់ជាដើម។ល៕
















អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំប្រព័ន្ធទឹក ដោយបង្កប់ទុយោដាក់តាមបណ្តោយផ្លូវចូលពីខ្លោងទ្វារចូលទៅកសិណនៃប្រាសាទបន្ទាយស្រី។ ការរៀបចំប្រព័ន្ធទឹកនេះ គឺដើម្បីបញ្ជូនទឹកកុំឲ្យដក់នៅយូរពេលភ្លៀងធ្លាក់ម្តងៗ និងដើម្បីលើកតម្លៃទេសភាពវប្បធម៌នៃប្រាសាទ ជាពិសេស គឺសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងរដូវភ្លៀង។
កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សឹង គង់ ទីប្រឹក្សាអាជា្ញធរជាតិអប្សរា និងមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានចូលរួមពិធីរំឭកវិញ្ញាណក្ខន្ធជនរួមជាតិដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាមួយព្រះសង្ឃ អាជា្ញធរខេត្ត មន្រ្តីជុំវិញខេត្តសិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅវត្តទេពពោធិវង្សក្រុង-ខេត្តសៀមរាប។
ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយបន្ទាន់មួយនៅលើទំនប់ត្រពាំងខ្មោច ដែលស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប មុននឹងអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាននៃសង្កាត់នគរធំ ធ្វើការស្តារឡើងវិញ។ ការធ្វើកំណាយនៅពេលនេះ ដើម្បីស្តារត្រពាំងបុរាណឡើងវិញនៅពេលនេះ គឺ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត ដើម្បីឲ្យស្ថាប័នគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ស្តារត្រពាំង និងស្រះបុរាណឡើងវិញសម្រាប់ទប់ទឹកប្រើប្រាស់កុំឲ្យខ្វះខាតនាឆ្នាំខាងមុខៗ។
ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាមួយក្រុមដែលមានគ្នាប្រមាណ៣ទៅ៤នាក់ កំពុងតែប្រឹតប្រៀងផ្ចិតផ្ចង់ជួសជុលចម្លាក់ផ្តែរនៅលើប្រាសាទប្រែរូប ដែលកំពុងរងភាពពុកផុយខ្លាំង។ ផ្តែរមួយផ្ទាំងនេះធ្លាប់បានជួសជុលម្តងរួចមកហើយ ដោយក្រុម GACP ដែលកាលណោះជាការជួសជុលបែបសង្គ្រោះបឋម។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
17
ថ្ងៃនេះ
:
35437
ម្សិលមិញ
:
98152
សប្តាហ៍នេះ
:
35437
ខែនេះ
:
0035437
សរុប
:
015105240